កំពង់ចាម: លោក​វរ​សេ​នី​យ៍​ឯក ឯក ប៉ា​ន់ដន អធិការ​ស្រុក​កំពង់សៀម ត្រូវ​បាន​ព្យួរ​តួនាទី ពាក់​ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់ ប្រើ​អំពើហិង្សា​ វ៉ៃ​ប្រជា​ពល​រដ្ឋ​ម្នាក់​រហូត​ដល់​សន្លប់ ហើយ​​លោក​វរសេនីយ៍ត្រី ពេជ្រ គឹមស៊ា ដែល​ជា​អធិការរង​​ត្រូវ​បា​ន​តែងតាំង​ឲ្យ​ធ្វើ​ជា​អធិការ​ស្ដីទី​​ ជំនួស​រូប​លោក។

តាម​លិខិត​បង្គាប់ការ​ របស់​លោកឯម កុសលស្នងការ​​ខេ​ត្ត​កំពង់​ចាមចុះ​ថ្ងៃទី​ ២២ មេសា ដែល​​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​សរសេរ​ថា៖​ «ត្រូវ​បង្គា​ប់លោក​វរសេនីយ៍​ត្រី ពេជ្រ គឹម​ស៊ា ឋានៈ​អធិការរង​ ទទួល​ដឹកនាំ​ការងារ​នគរបាល​យុ​ត្តិ​ធ​ម៌ នៃ​អធិការដ្ឋាន​នគរ​បា​ល​​ស្រុក​កំពង់សៀម ឲ្យ​ទទួល​ភារ​កិច្ច​ជា​អធិការ (ស្ដីទី) នៃ​អធិកា​រ​ដ្ឋាន​នគរបាល​ស្រុក​កំពង់​សៀម ជំនួស​លោក​វរសេនី​យ៍​ឯ​​ក​ ឯក ប៉ាន់​ដន ដែល​កំពុង​ជាប់​វិន័យ​នៅ​ការិយាល័យ​បុគ្គ​​លិ​​ក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត កំពង់ចាម»។

លោក ឯម កុសល កាលពី​ម្សិលមិញ​បដិសេធ​ធ្វើ​អធិ​ប្បា​យ​​​ជុំវិញ​ករណីនេះ ដោយ​លោក​​ថ្លែង​ថា កំពុង​ជាប់ រវល់​ប្រជុំ មិនអាច​និយាយ​បាន​ទេ។

ការសម្រេច​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក ហួត វុទ្ធី ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កំព​ង់​ចាមកាលពី​ថ្ងៃទី ១៩ ខែ មេ​សា ឆ្នាំ​ ២០១៩ បាន​បង្គាប់​ទៅ​លោ​​ក ឯម កុសល ស្នងការ​ឲ្យ​ចាត់​កា​រ​ស៊ើបអង្កេត​បទ​ល្មើស​ ដែល​ពា​ក់​ព័ន្ធ​នឹង​លោក ឯក ប៉ា​ន់ដន យោងតាម​ការផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​​ឈ្មោះ «Bun Thern»។

គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​សរសេ​រ​​រៀបរាប់​កាលពី​ថ្ងៃទី ១៨ មេសា​ ថា «ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វា​យ ស្រុក​កំពង់សៀមសូម​លោក គួច ចំរើន អភិបាលខេត្ត​កំពង់​ចា​ម ជួយ​​រក​យុត្តិធម៌​ជូន​បង​ប្រុស​ខ្ញុំ​ផង។ ឲ្យ​ពួក​ខ្ញុំ​រស់នៅ​យ៉ាងណា បើ​គ្រាន់តែ​បងប្រុស​របស់​ខ្ញុំ​ប្រកែ​ក​ពាក្យសម្តីជាមួយគ្នា​បន្តិ​ច គាត់​មក​ផ្ទះ​វិញ ហើយ​មិនទាន់​ដល់ផ្ទះ​ផង ស្រាប់តែ​អធិការ​ស្រុក​កំពង់សៀម លោក ប៉ាន់​ដន មក​ចាប់​បង​ខ្ញុំ​វ៉ៃ​ ហើ​យ​​​បញ្ជូនមក​ស្រុក វ៉ៃចាក់ទឹក​សន្ល​ប់ ២ ដង​ហើម​គ្រប់កន្លែង ឥ​ឡូ​វ​ដេកពេទ្យ​ហើយ​នៅ 7D។ ហេតុ​អ្វី​លោក​អធិការស្រុក​​កំពង់​សៀម​ ធ្វើ​បាប​បងប្រុស​ខ្ញុំ​ដល់​ថ្នាក់​នេះ?»។

មិនអាច​ទាក់ទង​សុំ​ការ​បញ្ជា​ក់​ជុំវិញ​ករណីនេះពី​លោក​​ ប៉ាន់​ដ​ន បានទេកាល​ពី​ម្សិល​មិញដោ​យ​លោក​បាន​ចុច​ផ្ដាច់​​នៅ​ពេល​ដែ​ល​ភ្នំពេញ​ប៉ុស្តិ៍​​ទូរស័ព្ទ​ទៅ​លោក​។ ប៉ុន្ដែ​លោក​បាន​សរសេរ​លិខិត​សារភាព​មួយ​ជូនទៅ​លោក ហួ​ត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូ​​ង​ខេត្តកំពង់ចាម កា​ល​ពី​​ថ្ងៃ​ទី ១៨ មេសា​​ ថា មុន​ពេល​ឈា​ន​​ដល់​ការ ឃាត់​ខ្លួន​ជន​បង្ក​ឈ្មោះ ហាក់ សៀង​ហាន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជា​តិ​ខ្មែរ មុខ​របរ កម្មករសំណង់ មាន​លំនៅ​ ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម​នេះ កាលពី​ម៉ោង ១១ និង​ ៣០​ នា​ទី​​យប់ ថ្ងៃ ទី ១៦ មេសា (អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ) ប្រជា​ការ​ពា​រ​​ភូមិ​ខែល​ជ័យបានធ្វើការ​ឃា​ត់​ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​​ ដែល​ពាក់ព័ន្ធ​ករណី​បង្ក​ការអុកឡុក និង​គំរាមកំហែង​ទៅលើ​អ្នក​ចា​ក់​ធុងបាស់​ឈ្មោះ សេង ណាត ភេទ​ប្រុស អាយុ ២៦ ឆ្នាំ នៅ​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ។

លោក សេង ណាត អ្នក​ចា​ក់​​ធុងបាស់​រាំលេង​កម្សាន្ដ​នៅក្នុង​វត្ត​ខែល​ជ័យ​បាន​រៀបរាប់ថា នៅ​​យប់​ថ្ងៃទី ១៦ មេសា (អំ​ឡុ​ង​​​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ) លោក​ជា​អ្នក​ចាក់ធុងបាស់​ឲ្យ​ពលរដ្ឋ​រាំលេង​កម្សាន្ដ ​លុះដល់​ម៉ោង ១១ យប់​ស្រាប់តែ​ឈ្មោះ ហា​ក់ សៀង​ហាន បានមក​កុម៉្មង់​ឲ្យ​ចាក់​បទ​រាំក្បាច់ ឮដូចនេះលោ​ក​ក៏បាន​ចាក់តាម​សំណូម​ពរ ប៉ុន្ដែ​​ពេល​ចាក់​បទ​រាំក្បាច់ ក្រុម​អ្នករាំ​ធុងបាស់​ទាំងអស់​បាន​ឈប់​រាំ ហើយ​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក​បន្តថា បន្ទាប់ពី​សង្កេតឃើញថា គ្មាន​អ្នករាំ​បន្ត​ទៀតលោក​ក៏បាន​បិទ​ធុងបា​ស់ និង​រើ​​​ធុងបាស់​រៀបចំ​ត្រ​ឡ​ប់​ទៅ​ផ្ទះ​វិញ​ប៉ុន្ដែ​ភ្លាមៗ​នោះ លោ​ក​ សៀង​ហាន បានមក​រករឿង​លោក ហើយ​បាន​ជេរ​ប្រមាថ និង​បបួល​វ៉ៃ​គ្នា​ទៀ​ត​ផង ដោយ​លោក​មិនបាន​តបត​អ្វី​ទេហើ​យ​​បន្ត​រើ​​ធុង​បាស​ទុកជា​ធម្មតា។

ក្រោយមក​បុរស​រូប​នោះ​ស្រែក​ថា «ហេតុអ្វី​បាន​បិទ​បាស់ ខំ​ជួល​មក​អស់​ទាំង​លុយ​?» ហើយ«​ខ្ញុំ​ក៏​តប​វិញ​ថា ឲ្យ​តែ​អ​ស់​មនុ​ស្សរាំ ខ្ញុំ​បិទ​ធុងបាស់​ហើយ​»។

លោក សេង ណាត បន្ត​​ថា បន្ទាប់ពី​ឮ​ខ្លួន​ឆ្លើយតប​ដូច្នេះ បុរស​រូប​នោះ បាន​ស្ទុះ​មក​វាយ​លោក​ពីក្រោយ​ខ្នងតែ​ត្រូវ​ប្រជា​​ការពារ​ជួយ​ចាប់​ទា​ន់​ពេលហើ​យ​លោក​ក៏បាន​រត់​ទៅ​​ប្ដឹង​សមត្ថ​​កិច្ច​ប៉ុស្ដិ៍​នគរ​បា​ល​ដែល​នៅ​ក្បែរ​នោះ។ ក្រោយមក​សមត្ថ​កិច្ច​បា​ន​មក​សួរនាំ និង​បញ្ជូន​ខ្លួនលោក​សៀង​ហាន​​ទៅ​សាក​​សួរ​បន្ត​នៅ​ប៉ុស្ដិ៍នគរបាល​ ប៉ុន្ដែ​បុរស​រូបនោះ​មិន​ព្រម​សហ​ការ ដោយ​រើ​បម្រះ​គេចវេះ​មិន​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​ទេ។

ក្នុង​លិខិត​ដាក់​ទៅ​ព្រះ​រាជ​​អាជ្ញា លោក ប៉ាន់​ដន អះអាង​ថា ក្រោយពី​ជន​សង្ស័​​យ​​​រូបនេះ មិន​ព្រម​សហការ​ជាមួយ​សម​ត្ថ​​​កិច្ច លោក​បាន​បញ្ជា​កម្លាំង​បន្ថែ​មដើម្បី​ឃាត់​ចាប់ខ្លួន​ជន​សង្ស័យ​រូប​នេះ។

បន្ទាប់ពី​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​ធ្វើ​ការ​សួរនាំ និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល ដោយ​លទ្ធផល​បាន​រក​ឃើញ​មាន​ជាតិ​អាល់កុល​រហូត​ដ​ល់ ១,៣៣ ក្នុង ១ លីត្រ​ខ្យល់។

លុះ​​ដល់​​ថ្ងៃទី ១៧ ខែ មេសា មាន​ការ​អង្វរករ​របស់​សាច់​ញា​តិ និង​សំណូមពរ​ពី​អាជ្ញាធរ​មូល​​ដ្ឋា​​ន​ជួយ​សម្រប សម្រួល​បញ្ច​ប់​​​នៅត្រឹម​អធិការដ្ឋាន​នគរ​បា​ល​ស្រុក​កំពង់សៀម។

លោក​បន្ត​ថា ដោយមាន​ការ​អង្វរករ​បែប​នេះ លោក​បាន​សុំ​គោល​ការ​ណ៍​​ពី​សាលាដំបូង​ខេត្តកំពង់ចាម ធ្វើ​ការអប់រំ​ជន​សង្ស័​យ និង​អនុ​ញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ។ លុះ​​ព្រឹក​ឡើង ស្រាប់តែ​ម្ចាស់​ហ្វេ​ស​ប៊ុក​ឈ្មោះ Bun Thern បាន​សរសេរ​​បង្ហោះ​នៅលើ​បណ្ដា​ញ​សង្គម​ហ្វេ​ស​ប៊ុ​កមួលបង្កាច់​មកលើ​រូប​​លោក​តែម្ដង។

លោក​បញ្ជាក់ថា៖​ «​ពាក្យ​សម្តី​​ខាងលើនេះ គឺ​មិន​ពិត​ដែលជា​ចេតនា​មួយ​ចង់​ឲ្យ​សាធា​រណជន​ពុំមាន​ការ ជឿទុកចិត្ត​លើ​សមត្ថកិច្ច។ ម្យ៉ាង​ម្ចាស់​ហ្វេ​ស​​ប៊ុក​ឈ្មោះ Bun Thern ក៏​ធ្លាប់បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងករណី​ហិង្សា​ដោយ​ចេតនា កា​ល​ពី​ថ្ងៃទី ៦ ខែមករា ឆ្នាំ​ ២០​១៨ ហើយ​ត្រូវ​បាន​តុលា​ការ​កាត់ទោស​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ហើយ​មាន​លិខិត​ដោះ​លែង​ពី​ពន្ធនាគារ​ទៀត​ផង»។

តាម​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ បទល្មើស​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​ចែងថា អំពើហិង្សា​ដោយ​​ចេ​ត​នា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២ ឆ្នាំទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល​ទៅ ១០ លាន​រៀល កាល​បើ​​អំ​ពើ​ហិ​ង្សា​នេះ បាន​កើ​ឡើង​ ទី១- ដោយ​មានការ​គិតទុក​ជាមុន ទី២- ដោយមាន​អាវុធ ឬ​គំរាម កំហែង​នឹង​អាវុធ និង​ទី៣- ដោ​យមាន​មនុស្ស​ច្រើន​នាក់ ក្នុងឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត និង​ ជា​អ្នក​សម​គំនិត៕