ភ្នំពេញៈ ​អន្ដរ​ក្រសួង ​និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ធ្វើ​ការងារ​លើ​កុមា​រនៅ​កម្ពុជា​ បាន​រួម​គ្នា​បង្កើត​ «គណៈ​កម្មាធិ​ការ​ដឹក​នាំ​ការ​អនុ​វត្ត​ផែន​ការ​សកម្ម​ភាព​ ដើម្បី​ទប់​ស្កាត់ ​និង​ឆ្លើយ​តប​ចំពោះ​ អំពើ​ហិង្សា​លើ​កុមារ​» ​ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​។ ​នេះ​បើ​តាម​លោក ​តូច​ ចាន់​នី ​អ្នក​នាំ​ពាក្យ​ក្រ​សួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ម្សិលមិញ។​

លោក ​តូច ​ចាន់​នី​ បាន​ថ្លែង​ថា​ គណៈ​កម្មាធិ​ការ​នេះ​មាន​ លោក​ វង​ សូត​ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា ​ជា​ប្រធាន​ និង​​មាន​សមា​ជិក​ចំនួន​​ ២២ ​រូប​ ក្នុង​នោះ​ ១៥ ​រូប​ មកពី​ក្រសួង​ស្ថាប័ន ​និង ៧​ រូប​ មក​ពី​តំណាង​អង្គ​ការដែល​ធ្វើ​ការ​ទាក់ទង​ នឹង​កុមារ។​

​លោក​បាន​បន្ដ​ថា​៖ ​«​យើង​បាន​ប្រជុំ​អន្តរ​ក្រសួង​ជា​លើក​ដំបូង​ ដើម្បី​ប្រកាស​សមាស​ភាព​នៃ​គណៈ​កម្មា​ធិការ​នេះ​ សម្រាប់​អនុ​វត្ដ​ ផែន​ការ​សកម្ម​ភាព​ដើម្បី​ទប់​ស្កាត់​និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ»។​

លោក​ ចាន់​នី ​បាន​ឲ្យ​ដឹង​ថា​ គណៈ​កម្មា​ធិការ​នេះ ​មាន​អន្តរ​ក្រសួង​ពាក់​ព័ន្ធ​មួយ​ចំនួន​ចូល​រួម​ជា​ស​មា​ជិក​ រួម​មាន​ ក្រសួង​អប់​រំ​ យុវជន​ និង​កី​ឡា ​ក្រសួង​កិច្ច​ការ​នារី​ ក្រសួង​មហា​ផ្ទៃ​ និង​​ក្រសួង​ព័ត៌​មាន​ជា​ដើម​។ ​ដោយ​ឡែក​សមា​ជិក​គណៈ​កម្មា​ធិការ​មក​ពី​អង្គ​ការ​ដែល​ធ្វើ​ការ​ងារ​លើ​កុមារ​នេះ​ រួម​មាន ​អង្គ​ការ​ Plan International អង្គការ​ Save The Children​ និង​អង្គ​ការ​ ChildFund ជាដើម។

​លោក​បន្ថែម​ថា​៖ «​​ទម្រាំ​យើង​សម្រេច​ប្រ​កាស​សមាស​ភាព​ សមា​ជិក​ គណៈ​កម្មា​ធិការ​នេះ​ យើង​បាន​សិក្សា​ស្រាវ​​ជ្រាវ​ និង​ពិនិត្យ​មើល​ផែន​ការនៃ​ការ​បង្កើត​គណៈ​កម្មាធិ​ការ​នេះ​ នៅ​អំឡុង​ឆ្នាំ ​២០១៦-​​២០១៧​។ ​ប៉ុន្ដែ​ផែន​ការ​នេះ​ កន្លង​មក​វា​មាន​តែ​នៅ​ក្រដាស​ វា​ចេញ​អត់​រួច​ ទើប​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្ប​ទា​ មើល​ឃើញ​ការងារ​នេះ​ជា​ការ​ងារ​សំខាន់​ ដែល​គួរ​តែ​មាន​គណៈ​កម្មាធិការ​អន្តរ​ក្រសួង​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​នេះ»។​

​លោក ​ចាន់​នី​ ​លើក​ឡើង​ថា ការ​អនុ​វត្ត​ផែន​ការ​សកម្ម​ភាព​ ដើម្បី​ទប់​ស្កាត់ ​និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ ​មិន​មែន​ធ្វើ​តែ​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្ប​ទា​ ជា​អ្នក​អនុ​វត្ដ​ទេ​។ ​ប៉ុន្ដែ​ក្រសួង​ពាក់​ព័ន្ធ​ក៏​ត្រូវ​ចូល​រួម​ ​អនុ​វត្ដ​ផង​ដែរ​ ក្នុង​ការ​ទប់​ស្កាត់​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា។​

​លោក​ ចាន់​នី​ បាន​បញ្ជាក់​ថា​ ការ​អនុវត្ដ​ចំពោះ​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​នេះ​ តាម​ក្រសួង​នីមួយ​ៗគាត់​មាន​កា​តព្វ​កិច្ច​ក្នុង​ការ​អនុវត្ដ​រៀង​ៗខ្លួន​ ទៅ​តាម​ជំនាញ​របស់​ក្រសួង។ ​ចំណែក​អង្គការ​សង្គម​ស៊ីវិល ​ពួក​គាត់​ក៏​ធ្វើ​ការងារ​ទៅ​តាម​ផ្នែក​របស់​ខ្លួន​ដែរទៅ​តាម​គម្រោង​នៃការ​ការ​ពារ​ និង​ទប់​ស្កាត់​អំពើ​ហិង្ស​លើ​កុមារ​របស់​ពួក​គេ ​ដូច​ជា​ផ្នែក​សុខ​ភាព​ សង្គម​កិច្ច​ដោយ​គាំ​ទ្រ​ទៅ​ដល់​ក្រសួង​ជំនាញ។ ​

លោក ​តូច​ ចាន់​នី​ បាន​បញ្ជាក់​ថា​៖ «​នៅ​កម្ពុជា​យើង​នៅ​មាន​ការ​រំលោភ​បំពាន​ និង​អំ​ពើ​ហិង្សា​ជា​ច្រើន​លើ​កុមារ​។ ​ដូច្នេះ​បាន​ជា​ក្រសួង​ រួម​ជា​មួយ​នឹង​អង្គ​ការ​ដៃ​គូធំៗ​មួយ​ចំនួន​នេះ​សហ​ការ​គ្នា​រៀប​ចំ​ផែន​ការ​ជាតិ​មួយ​សម្រាប់ទប់​ស្កាត់​ ប្រឆាំង​អំពើ​ហិង្សា​លើ​កុមារ​នេះ»។​

​លោក​ វង ​សូត ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​​​គណៈ​កម្មា​ធិការ​ដឹក​នាំ​ការ​អនុ​វត្ត​ផែន​ការ​សកម្ម​ភាព​ ដើម្បី​ទប់​ស្កាត់​ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​​នេះ​នៅ​ក្រសួង​សង្គម​កិច្ច​ កាល​ពី​ថ្ងៃ​អង្គារ​ ទី ១៦ ​ខែ ​កក្កដា​ ​ថា ​ជា​រឿង​ចាំបាច់​ ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន ​អង្គការ​ជាតិ ​អន្តរ​ជាតិ​ និង​ដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់​ ដើម្បី​ដោះ​ស្រាយ​អំពើ​ហិង្សា ការ​រើស​អើង​ និង​ការ​រំលោភ​បំពាន​កុមារ​គ្រប់​រូប​ភាព​ស្រប​តាម​បទ​ដ្ឋាន​ច្បាប់​ជាតិ​ដែល​មាន ​និង​កំពុង​អនុ​វត្ត​ រួម​ទាំង​អនុ​សញ្ញា​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ​ស្ដីពី​កុមារ​ឲ្យ​កាន់​តែប្រសើរ។​

​លោក​បាន​ថ្លែង​ថា​៖ «​អំពើ​ហិង្សា​លើ​កុមារ​ ជា​សកម្ម​ភាព​ដែល​មិន​អាច​អត់​ឱន​អនុ​គ្រោះ​ឲ្យ​បាន​ទេ ​ទោះ​ក្នុង​រូប​ភាព​ណា​ក៏​ដោយ​ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​អភិ​វឌ្ឍ​របស់​កុមារ ​សីល​ធម៌​សង្គម​ សេច​ក្ដី​ថ្លៃ​ថ្នូរ ​និង​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​នា​ពេល​អនា​គត​របស់​កម្ពុជា»។​

​បើ​តាម​លោក​រដ្ឋ​មន្រ្ដី ​គណៈ​កម្មា​ធិការ​នេះ​ ក៏មាន​ក្រុម​ការងារ​បច្ចេក​ទេស​ចំនួន ៣ ​គឺ​ក្រុម​ការងារ​លើក​កម្ពស់​កា​រ​យល់​ដឹង​ និង​ទប់​ស្កាត់​អំ​ពើ​ហិង្សា​លើ​កុមារ ​ក្រុម​ការងារ​ផ្ដល់​សេវា ​និង​អនុវត្ត​ច្បាប់ ​និង​ ក្រុម​ការងារ​សិក្សា​លើ​បទ​ដ្ឋាន​គតិ​យុ​ត្ត​ ពិនិត្យតាម​ដាន​ និង​ធ្វើ​របាយការណ៍។​

​លោក​ ឈឹម ​ផាន់​ណា​ អ្នក​ឯក​ទេស​កិច្ច​ការពារ​កុមារ​នៃ​អង្គ​ការ​ភ្លែន​អន្តរ​ជាតិ​ ​ជា​អង្គការ​សមា​ជិក​គណៈ​កម្មាធិ​ការ​នេះ ​បាន​ថ្លែង​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា​ ក្នុង​នាម​ជា​សមាជិក​គណៈ​កម្មា​ធិការ​ អង្គ​ការ​ភ្លែន​អន្តរ​ជាតិ​ មាន​តួនា​ទី​សំខាន់ៗ​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​អំពី​ការ​បង្កើត​គណៈ​កម្មាធិ​ការ​នេះ ​រួម​មាន​ការ​ដឹក​នាំ ​សម្រប​សម្រួល ​ជំរុញ​សកម្ម​ ភាព​នៃ​ការ​អនុ​វត្ដ​ផែន​ការ​ទប់​ស្កាត់ ឆ្លើយ​តប​​អំពើហិង្សា​លើ​កុមារ​នេះ។​

​លោក​បាន​ថ្លែង​ថា៖ «​យើង​ក៏​មាន​តួនា​ទី​ប្រមូល​ វិភាគ​ ធ្វើ​របាយ​ការណ៍​ពី​ស្ថាន​ភាព​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា។​ ពិនិត្យ​តាមដាន​ និង​ផ្ដល់​យោបល់​ លើ​របាយ​ការណ៍​ផ្ដល់​យោ​បល់​លើ​ផែន​ការសកម្ម​ភាព​នេះ​ដើម្បី​ទប់​​ស្កាត់​ និង​ឆ្លើយ​តប​អំពើហិង្សា​លើ​កុមារ​ជាដើម»។​ ​

លោក​ ផាន់​ណា ​បាន​លើក​ឡើង​ថា ​ក្នុង​នាម​ជា​សមាជិក​នេះ​ អង្គការ​ភ្លែន​អន្តរ​ជាតិ​ក៏​បាន​ដើ​រតួនាទី​ ដើម្បី​ធ្វើ​​ទំនាក់​ទំនង​ទៅ​សហគមន៍​ជាតិ​ និង​អន្តរ​ជាតិ​ ដើម្បី​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​ ក៏​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ព័ត៌​មាន​ និង​បទ​ពិសោធ ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ផង​ដែរ​។​

​លោក​បាន​បន្ដថា​៖​ «​យន្ដ​ការ​​នេះ​ បាន​ជំរុញ​ក្នុង​ការ​ជួយ​នៃ​ការ​​អនុវត្ដ​ផែន​​ការ​ទប់​ស្កាត់​ និង​ឆ្លើយ​តប​ពី​អំពើ​ហិង្សា​លើ​កុមារ​។ ​ខ្ញុំ​មាន​ជំនឿ​ថា​ បើ​សិន​យើង​អនុវត្ដ​នូវ​ផែន​ការ​នេះ​បាន​ល្អ ​យើង​អាច​ទប់​ស្កាត់​ និង​បង្ការ​ អំពើ​ហិង្សា​លើ​កុមារ​បាន​ច្រើន»។​

​​លោក​ ឈឹម ​ផាន់​ណា​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​អង្គការ​ភ្លែន​អន្តរ​ជាតិ​ដែល​បាន​ធ្វើ​ការ​ងារ​ជា​មួយ​កុមារ​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា​នោះ បានសង្កេត​ឃើញ​ថា ​ករណី​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​ នៅ​មិ​ន​ទាន់​មាន​ការ​ថម​ថយ​ចុះ​នៅ​ឡើយ ​ខណៈ​ករណី​រំលោភ និង​ហិង្សា​លើ​កុមារ​ហាក់​មាន​ភាព​កាច​សាហាវ​នៅ​ឡើយ។

​លោក​ ផាន់​ណា​ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «​យោង​ការ​សិក្សាស្រាវជ្រាវ​ស្តីអំពី​អំពើ​ហិង្សា​លើ​កុមារ​ឆ្នាំ ២០១៣ របស់​​ក្រសួង​​កិច្ចការ​នារី និង​វិទ្យា​ស្ថាន​ស្ថិតិជាតិ​ បានបង្ហាញ​​ថា ​ក្នុង​នោះ​មាន​ ៦០ ​ភាគ​រយ​ នៃ​កុមារ​ យ៉ាង​ហោច​ណាស់ ​៦០​ ភាគ​រយ​ បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ផ្នែក​រាង្គ​កាយ​ ផ្លូវ​ចិត្ដ​ និង​ផ្នែក​ផ្លូវ​ភេទ​ផង​ដែរ​។​ អ៊ីចឹង​បើយើង​​មើល​ទៅ​សម្ទុះ​នៃ​អំពើ​ហិង្សា​លើ​កុមារ​ហាក់​បី​ដូច​ជា​អត់​ទាន់​មាន​ការ​ថម​ថយ​ទេ​ គឺ​នៅ​ថេរ​ ហើយ​ទិន្ន​ន័យ​ ​ក៏​មាន​ការ​កើត​ឡើង​ផ្សេងៗ​គ្នា​ទៅ​តា​ម​តំបន់​ដែរ​ គ្រាន់​តែ​ថា ​ប្រព័ន្ធ​នៃ​ការកត់​ត្រា​ទិន្នន័យ​នេះ​នៅ​មាន​ការ​ខ្វះខាត​ ដែល​នាំ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​រាយការណ៍»៕