កំពង់ធំៈ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ​មន្ត្រី​ប៉ូលិស​និង​កង​រាជ​អាវុធ​ខេត្ត​កំពង់​ធំ​ដែល​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ជិត​ ១០០ ​នាក់ ​បាន​បោះ​ជំរំដើម្បី​ពង្រាយ​ប្រចាំ​ការ​តាំង​ពី​ថ្ងៃ​ទី ២៧ ​ខែ ​មេសា ​ស្ថិត​ក្នុង​ឃុំ​ដូង​ ស្រុក​ប្រាសាទ​បល្ល័​ង្ក ខេត្ត​កំពង់​ធំ​ ស្រប​ពេល​ក្នុង​ឃុំ​នេះ​ កំពុង​មាន​ព​ល​រដ្ឋ​​តវ៉ា​រឿង​ដីធ្លី។ ​ប៉ុន្តែ​អភិបាល​ខេត្ត​បញ្ជា​ក់​ថា ការ​ដាក់​ពង្រាយ​កងក​ម្លាំ​ង​នេះ ​គឺ​ដើម្បី​ការពារ​សុវត្ថិ​ភាព​របស់​មន្ត្រី​ដែល​ចុះ​ទៅ​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ។​

​លោក ​សុខ​ ​រដ្ឋា​ ​មន្ត្រី​សម្រប​សម្រួល​សមា​គម​អាដ​ហុក​ខេត្ត​កំពង់​ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា ​តាម​ការ​ប៉ាន់​ស្មាន​ ​មាន​កង​កម្លាំង​ចាប់​ពី ​៨០ ​ទៅ​ ៩០​ នាក់​ ​និង​រថយន្ត​សម្រាប់​ចេញ​ធ្វើ​អន្ត​រាគមន៍​ជា​ច្រើន​គ្រឿង ​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​គោល​ដៅ​ជា​ច្រើន​កន្លែង​ចាប់​ពី​សាលា​ឃុំ​ដូង ​រហូត​ដល់​ក្នុង​ភូមិ​មួយ​ចំនួន​ និង​កំពុង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មាន​ភាព​ភ័យ​ខ្លាច​អំពី​សុវត្ថិ​ភាព​ ដោយ​អ្នក​ខ្លះ​ពួន​សម្ងំ​ក្នុង​ផ្ទះ ​និង​ខ្លះ​ទៀត​រត់​គេច​ទៅ​នៅ​ជាមួយ​បងប្អូន​នៅ​ខេត្ត​ផ្សេង។​

​លោក​បន្ត​ថា​ ​ការ​ដាក់​ពង្រាយ​កម្លាំង​នេះ ​គឺ​ដោយ​សារ​នៅ​ក្នុ​ង​ឃុំ​ដូង​កំពុង​មាន​ពល​រដ្ឋ​ធ្វើ​ការ​តវ៉ា​រឿង​បញ្ហា​ដីធ្លី​ ​ស្រប​ពេល​ពួក​គាត់​ចោទ​ប្រកាន់​អាជ្ញា​ធរ​ខេត្ត​ថា​ បាន​ចុះ​ទៅ​បង្ខំ​រឹប​អូស​យក​ដីស្រែ​ពួក​គាត់​ដែល​ធ្លាប់​បង្ក​បង្កើត​ផល​តាំង​ពី​បុរាណ​កាល​មក​ ​ដែល​លោក​ ​រដ្ឋា​ ​បាន​ចាត់​ទុក​ការ​ដាក់​ពង្រាយ​កម្លាំង​ដែល​មាន​ប្រដាប់​អាវុធ​នេះ​ ​ថា​​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​និង​ខុស​ពី​តួនា​ទី​ជា​កង​កម្លាំង​ដែល​មាន​កាតព្វ​កិច្ច​ការ​ពារ​សេច​ក្ដី​សុខ​ជូន​ប្រជាពលរដ្ឋ។​

លោក​ ​សុខ​ ​លូ ​អភិ​បា​ល​ខេត្ត​កំព​ង់​ធំ​​បាន​ឲ្យ​ដឹង​ដែរ​​ថា ​ការ​ដាក់​ពង្រាយ​កងក​ម្លាំ​ង​នេះ ​មិន​មែន​ដើម្បី​គំរាមកំហែង​ប្រជា​ពល​រដ្ឋ​ឡើយ ​ផ្ទុយ​ទៅ​វិញ​គឺ​ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​ស្រប​ច្បាប់​របស់​ប្រជា​ពល​រដ្ឋ​ ​និង​ដើម្បី​ការ​ពារ​ក្រុម​មន្ត្រី​ដែល​ចុះ​ទៅ​បែង​ចែក​ដី​សម្ប​ទាន​សង្គម​កិច្ច​ទៅ​ដល់​សម្បទា​និក​ ដែល​គម្រោង​នេះ​ចាប់​ផ្ដើម​តាំង​ពី​ ២០០៩​ មក។

ពលរដ្ឋ​នៅក្នុង​ឃុំ​ដូង​បាន​អះ​អាង​ថា​ ​អាជ្ញា​ធរ​ខេត្ត​បាន​ចុះ​ទៅ​រារាំង​ពួក​គាត់​ដែល​មាន​ចំនួន​ ៤៧០ ​គ្រួសា​រ មិន​ឱ្យ​ចូល​ទៅ​កាន់​កាប់​ដី​ស្រែ​អស់​រយៈពេល​ជាង​ ២ ​សប្ដាហ៍​​មក​ហើយ​ ប៉ុន្តែ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការ​បំភ្លឺ​ទៅ​អ្នក​តំណាង​ប្រជា​ពលរដ្ឋ​បាន​ទេ​ កាល​ពី​ថ្ងៃ​ម្សិលមិញ ​ដោយ​សារ​ទូរ​ស័ព្ទ​ពួក​គាត់​មិន​អាច​ទាក់ទង​បាន។​

ទោះ​យ៉ាង​ណា​ក៏ដោយ ​លោក​ ​សុខ​ លូ​ អះ​អាង​ថា ​ក្រុម​ប្រជា​ពលរដ្ឋ​ទាំងនោះ គឺ​អ្នក​ចូល​ទៅ​កាន់​កាប់​ខុស​ច្បាប់​លើដី​រដ្ឋ​ជា​ដី​ស្ថិត​ក្នុង​គម្រោង​សម្រាប់​ធ្វើ​ជា​សម្ប​ទាន​សង្គម​កិច្ច​របស់​ក្រសួង​ដែន​ដី​ និង​ក្រសួង​មហា​ផ្ទៃ ​ហើយ​គម្រោង​កំពុង​ត្រូវ​បាន​អនុ​វត្ត​ដោយ​សាលា​ខេត្ត​ ប៉ុន្តែ​លោក​ស្នើ​សុំឱ្យ​ពលរដ្ឋ​ទាំង​នោះ ​ត្រូវ​ចូល​រួម​ដោះស្រា​យ ប្រសិន​បើ​ពិត​ជា​មាន​ដី​ត្រឹម​ត្រូវ​តាម​ច្បាប់​មែន​នោះ។​

​លោក​​ថា មាន​អ្នក​ខ្លះ​ចាប់​ផ្ដើម​អុជ​អាល​ប្រជា​ពល​រដ្ឋ ​ប្រមូល​ផ្ដុំគ្នា​ធ្វើ​អំពើ​ផ្ដេស​ផ្ដាស​ ​ទៅ​បោះប​ង្គោល​ ​ឬ​បំផ្លាញ​សាលា​រៀន​ដែល​សាង​សង់​ជិត​ហើយ​ ដើម្បី​ផ្ដល់​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​សម្បទា​និក​ អ៊ីចឹង​ត្រូវ​ប្រើ​កម្លាំង​ការពារ​មិន​អាច​ឱ្យ​គាត់​​ជ្រុល​ធ្វើ​អី​ដែល​ខុស​ច្បាប់​បាន​ទេ។

ប៉ុន្តែ​​លោក​ ​សុខ​ រដ្ឋា​ ​បាន​បញ្ជាក់​ថា ​លោក​ពុំ​ទាន់​អាច​សន្និ​ដ្ឋាន​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ឡើយ ​ព្រោះ​ត្រូវ​ចុះ​ស៊ើប​អង្កេត​ពី​ករណី​នេះ​បន្ថែម​ទៀត​ ​ប៉ុន្តែ​លោក​ថា​តាម​ការ​ចុះ​សម្ភាសផ្ទាល់​ជា​មួយ​ពល​រដ្ឋ​មួយ​ចំនួន​ គឺ​ពួក​គាត់​បាន​ឆ្លើយ​ថា ​ដី​នោះ​គឺ​ត្រូវ​បាន​កាន់​កាប់​តាំង​ពី​ដូនតា​មក​ដើម្បី​ធ្វើ​ស្រែចម្ការ៕​