កំពតៈ ​អភិ​បាល​ខេត្ដ​កំពត​ ​លោក​ ជាវ​ តាយ​ ព្រមាន​ចាត់​វិធាន​ការ​ដល់​អ្នក​បោះ​បង្គោល​រំលោភ​យក​ដី​សមុទ្រ​ បើរ​ក​ឃើញស្រប​ពេល​ក្រុម​ការងារ​ដែល​បង្កើត​ឡើង​ដើម្បី​ស្រាវ​ជ្រាវ​លើក​រណី​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​ ដែល​អ្វី​ទាំ​​ង​នេះ ​សង្គម​ស៊ីវិល​ សាទរ​បើ​ពិត​ជា​មាន​ចំណាត់​ការ​លើ​ជន​ប្រ​ព្រឹត្ត​ល្មើស​ ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​មែន។​

​កាល​ពី​ចុង​សប្តាហ៍​មុន​ ​មាន​ក្រុម​ហ៊ុន​ ១ ​ឈ្មោះ ​BLUE STAR REAL ESTATE Co.,Ltd ​បាន​ផ្សព្វ​ផ្សាយ ​និង​បង្ហោះ​លើ​ប​ណ្តាញ​សង្គម​ ​ជុំវិញ​ការ​លក់​អចលន​ទ្រព្យ​និង​លក់​ដី​ដែល​បាន​បោះ​បង្គោល​ចូល​សមុទ្រ ​ទំហំ​ជាង​ ១ ​ហិក​តា​ ស្ថិត​នៅ​សង្កាត់​ត្រើយ​កោះ ​ក្រុង​​-​ខេត្ត​ ​កំពត​ ​ដោយ​អះអា​ង​ថា​ ​ម្ចាស់​ដី​មាន​ប្លង់​ត្រឹមត្រូវ។​

ការ​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក ​ដែល​បង្ហាញ​ពី​បង្គោល​សសរ​ព្រោង​ព្រាត​ ​នៅ​ក្នុង​ទឹក​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ផុត​កន្ទុយ​ភ្នែក​នោះ​​ក៏​ត្រូវ​បាន​អ្នក​លេង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ​និង​មជ្ឈ​ដ្ឋាន​ទូ​ទៅ​ រិះគន់​រ​ហូត​ឈាន​មាន​ការ​បង្កើត​ក្រុមការងារ​ចម្រុះ​ខេត្ត​ ​ដើម្បី​ចុះ​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​នេះ។​

តែ​យ៉ា​ង​ណា ​រហូត​មក​ដល់​ថ្ងៃ​អ​ង្គារ​នេះ​ ក្រុម​ចុះ​​ស្រាវ​ជ្រាវ​ការ​បោះ​បង្គោល​ចូល​សមុទ្រ​ ដែល​ដឹក​នាំ​ដោយ​លោក​ នៃ​ គង់ អភិ​បាល​រង​ខេត្ត​កំពត ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​យ៉ាងណា​នោះ​​ទេ ​ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​បា​ន​ទាក់​ទង​ទៅ​កា​ល​ពី​ម្សិលមិញ​ ​លោក​ ​នៃ​ ​គង់​ អភិបាល​រង ​ខេត្ត​កំពត ​បាន​បដិ​សេធ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ ដោយ​អះអាង​ថា​ កំពុង​បូក​សរុប​ករណី​នេះ។​

​លោក​បាន​ប្រាប់​ភ្នំ​ពេ​ញ​ប៉ុស្តិ៍​ពីម្សិល​មិញ​យ៉ាង​ខ្លី​ថា​ ​៖​ ​«​ចាំ​ខ្ញុំ​រួច​ដៃ ​បាទ​ ​ចាំ​ខ្ញុំ​តេ​ទៅ​វិញ​ ខ្ញុំ​កំពុង​បូក​សរុប​ការងារ​ហ្នឹង»។​

​លោក​ ​ជាវ​ តាយ​ អភិបាល​ខេត្ដ​កំពត​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ដែរ​ថា​ ​ក្រុម​ការងារ​ឆ្នេ​រ​បា​ន​ចុះ​ទៅ​មើល​ហើយ​ដោយកំពុង​ធ្វើ​របាយ​ការណ៍​ឡើង​មក​លើ ​ហើយ​លោក​ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​​ដែរ​។​ ​ប៉ុន្តែ​យ៉ា​ងណា​ លោក ​ជាវ​ ​តាយ ​បាន​បញ្ជាក់​ថា​ ​ជន​ល្មើស​ក្នុង​ការ​រំលោភ​បោះ​បង្គោល​ចូល​សមុទ្រ​នេះ​ ​បើរ​ក​ឃើញ​ថា​ ពិត​ជា​ល្មើស​មែន នោះ​នឹង​មាន​វិធានការ​តាម​ច្បាប់។​

​លោក​បានបញ្ជាក់​ថា​៖​​​ «​យើង​មិន​អនុញ្ញាត​ឲ្យ​នរណា​ធ្វើ​អ្វី​ដែល​ល្មើស​ច្បាប់​ទេ​ ​ព្រោះ​ខេត្ត​យើង​ជា​សេនា​ធិ​កា​រ​របស់​រដ្ឋា​ភិ​បាល​ ​ហើយ​ក៏​ជា​តំណាង​ឲ្យ​រដ្ឋា​ភិ​បាល​។​ ​អ៊ី​ចឹង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តណា​ដែ​ល​មាន​ ឬ​ក៏​ច្បាប់​ទម្លាប់​ដែ​ល​មាន​ហើយ នៅ​ល្មើល​ត្រូវ​តែ​ចាត់​វិធាន​ការ​។​ ​ប៉ុន្តែ​ក្រុម​ការ​ងារ​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ»។

​កាល​ថ្ងៃ​ចន្ទ​ ​លោក ​កែវ​ ​សុជាតិ​ ប្រធាន​ក្រុម​ហ៊ុន​ BLUE STAR REAL ESTATE Co​.,Ltd ដែល​បាន​ផ្សព្វ​ផ្សាយ​បន្តលក់​អចល​ន​ទ្រព្យ​និង​លក់​ដី​ដែល​បាន​បោះ​បង្គោល​ចូល​សមុទ្រ​ពី​ម្ចាស់​ដីនេះ​ បា​ន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ថា ​ទីតាំង​ដី​ខាង​លើ​មាន​ ​ម្ចាស់​ដី​ អះអាង​ថា​ មាន​ប្លង់​ដី​ត្រឹម​ត្រូវ​ ហើយ​ជា​តំបន់​ដីភក់​សមុទ្រ​ទទួល​រង​សម្ពាធ​ទឹក​ជោរ ​និង​នាច​នៅ​ពេល​ទឹក​សមុទ្រ​ជោរ​ឡើង ​មើល​ទៅ​ឃើញ​ផ្ទៃ​ទឹក​សមុទ្រ​ល្វឹង​ល្វើយ។​ ប៉ុន្ដែ​ក្រោយ​មាន​ផ្ទុះ​ព័ត៌​មាន​រិះគន់​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ច្រើន​ពេក​ ​លោក​បាន​សុំ​ឲ្យម្ចាស់​ផ្អាក​ ការ​លក់​ដី​នេះ​ហើយ។​

​លោក​ ណាក់​ ​សុវ​ណ្ណា​រី​ ​អតី​ត​អភិ​បាល​ក្រុង​កំពត​ បា​ន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីម្សិល​មិញ​ដោយ​បង្ហាញ​នូវ​ការ​​ភ្ញាក់​ផ្អើល​លើបញ្ហា​បោះ​បង្គោល​រំលោភសមុទ្រនេះ​ប៉ុន្តែលោក​មិន​ដឹង​ពី​សាច់​រឿង​នោះ​ទេ។

​លោក​ ​ប៊ី​ វ៉ាន់​នី​ បុគ្គ​លិក​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សមា​គម​សិទ្ធិ​មនុស្ស​ អាដ​ហុក​ ប្រចាំ​ខេត្ត​កំពត​ ​បាន​លើក​ឡើង​ថា​ ​យោង​តាម​ច្បាប់​ភូមិ​បាល​ ​និង​ការ​ប្រកាស​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី ​ហ៊ុ​ន​ សែន​ កន្លង​មក បាន​ហាម​​ឃាត់​ការ​បំពាន​ ​និង​រំលោភ​យក​ដី​សមុទ្រ។

លោក ថា៖ «បើក​រណី​ពិត​ស្នើ​ឲ្យ​មាន​វិធាន​ការ និង​ស្វែងរក​ជន​ទាំង​នោះយក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។​ ​យើង​ឃ្លាំមើល​ការ​អនុ​វត្ត​ច្បាប់​ ហើយ​បើ​​ត្រឹម​ត្រូវ​ ​យើង​គាំទ្រ»៕​