ភ្នំពេញៈ ថ្ងៃនេះ​ជា​ថ្ងៃ​កំណត់​ជោគវាសនា​នៃ​អតីត​មេដឹកនាំ​ខ្មែរក្រហម​គឺ​ជន​ជាប់ចោទ​ ខៀវ សំផន និង​ នួន ជា នៅ​ចំពោះ​មុខ​ក្នុង​បទចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​តាមរយៈ​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ.វ.ត.ក​) ក្រោយពី​ដំណើរការ​ក្តី​លើ​សំណុំ​រឿង​ ០០២/០២ ​អស់​រយៈពេល​ ២៨៣ ​ថ្ងៃ​រួច​មក​។

លោក​ នេត្រ ភក្ត្រា អ្នក​នាំពាក្យ​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ម្សិលមិញ​ថា​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​កំណត់​យក​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា​នេះ​ពី​ម៉ោង​ ៩:៣០ ​ព្រឹក​នឹង​ធ្វើការ​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ ០០២/០២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ នួន ជា និង​ ខៀវ សំផន ដែល​មាន​ការចូលរួម​ពី​តំណាង​អង្គការ​សហប្រជាជាតិ​តំណាង​រដ្ឋាភិបាល​កម្ពុជា តំណាង​ស្ថានទូត​នានា និង​ប្រជាពលរដ្ឋ​ប្រមាណ​ ៥០០ ​នាក់​។

លោក នេត្រ ភក្ត្រា ថ្លែង​ថា​៖ «​ការជំនុំជម្រះ​ក្តី​គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ផ្តល់​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​អ្នក​ដែល​រស់រាន​មាន​ជីវិត​ក្រោយ​របប​ខ្មែរក្រហម ហើយ​ការប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា​ខាង​មុខ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​សាលាក្តី​ខ្មែរក្រហម​សម្រាប់​ប្រទេស​កម្ពុជា និង​សម្រាប់​ពិភពលោក និង​សម្រាប់​យុត្តិធម៌​អន្តរជាតិ​ផង​ដែរ​»​។

លោក​បន្ថែម​ថា​៖ «​ប្រសិន​បើ​ (​ភាគី​ណាមួយ​) ​មិន​ប្តឹង​សារទុក្ខ​ទេ​គឺ​សាលក្រម​នឹង​ចូល​ជា​ធរមាន​ ក៏​ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ប្តឹង​ជំទាស់​ថា ខ្លួន​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​ណា​មួយ​គឺ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​សារទុក្ខ​ទៅកាន់​អង្គជំនុំជម្រះ​តុលាការ​កំពូល​ដើម្បី​ឲ្យ​ដោះស្រាយ​ផ្នែក​ច្បាប់​»​។

លោក​បន្ត​ថា​ការ​ស្តាប់​សេចក្តី​សន្និដ្ឋាន និង​បិទ​បញ្ចប់​កិច្ចពិភាក្សា​សួរដេញដោល​ទៅ​លើ​សំណុំរឿង​ ០០២/០២ ទៅ​លើ​ជនជាប់ចោទ​ ខៀវ សំផន ដែល​ជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​លោក​ នួន ជា ដែល​ជា​អតីត​អនុលេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន​សភា​តំណាង​ប្រជាជន​នៅក្នុង​របប​ខ្មែរក្រហម​បាន​ចំណាយពេល​រហូត​ទៅ​ដល់​ ២៨៣ ​ថ្ងៃ​។

លោក នេត្រ ភក្ត្រា ថ្លែង​ក្នុង​សន្និសីទ​កាសែត​ពី​ម្សិលមិញ​នៅ អវតក​។ផា លីណា

ក្នុង​ការ​សួរដេញដោល​នោះ​បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​ទៅ​លើ​បុគ្គល​ចំនួន​ ១៨៥ ​រូប​ក្នុង​នោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន​​ ១១៤ ​រូប​ដើម​ បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ ៦៣ ​រូប និង​អ្នក​ជំនាញ​ ៨ ​រូប​ហើយ​មាន​សាធារណជន​ដែល​បាន​ចូល​មក​ស្តាប់​សវនាការ​លើ​សំណុំ​រឿង ០០២/០២ គឺ​មាន​ចំនួន​ប្រមាណ​ ៨៣០០០ ​នាក់​នៅក្នុង​ដំណើរការ​សវនាការ​រយៈពេល​ ២៨៣ ​ថ្ងៃ​ដែល​អង្គជំនុំជម្រះ​បាន​ចាប់ផ្តើម​សវនាការ​របស់​ខ្លួន​ទៅ​លើ​ភ័ស្តុតាង​លើ​សំណុំ​រឿង​ ០០២/០២ ​នៅ​ថ្ងៃទី​ ១៧ ខែ​តុលា​ ២០១៤ ដោយ​មាន​សវនាការ​ជា​បន្តបន្ទាប់​រហូត​ដល់​ថ្ងៃ​ ១១ ខែ​មករា ឆ្នាំ​ ២០១៧ ​ត្រូវ​បាន​បិទ​បញ្ចប់​។

លោក​បញ្ជាក់​ថា​៖ «​ជនជាប់ចោទ​ទាំង​ ២ ​នេះ​គឺ​គាត់​ត្រៀម​ខ្លួន​នៅក្នុង​ការចូល​រួម​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ខាង​មុខ​។ ជន​ជាប់ចោទ​ ខៀវ សំផន និង​ នួន ជា នេះ​គឺ​ត្រូវ​បាន​ចោទប្រកាន់​សំណុំ​រឿង​ ០០២/០២ ​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម​»​។

លោក​បន្ថែម​ថា ​នៅក្នុង​អង្គហេតុ​ដែល​បាន​លើក​យក​មក​ជំនុំជម្រះ​គឺ​មាន​ពាក់ព័ន្ធ​នឹង​ការដ្ឋាន​ការងារ សហករណ៍ ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ការដ្ឋាន​ទំនប់​១​មករា ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង មន្ទីរ​សន្តិសុខ​ស​ ២១ មន្ទីរ​សន្តិសុខ​ក្រាំងតាចាន់ មន្ទីរ​សន្តិសុខ​អូរកន្សែង មន្ទីរ​សន្តិសុខ​ភ្នំក្រោល​។ ពាក់ព័ន្ធ​អំពើ​ប្រល័យ​ពូជសាសន៍​គឺ​អង្គ​ជំនុំជម្រះ​បាន​ចោទប្រកាន់​ដោយ​ផ្តោត​ទៅ​លើ​ការ​ប្រល័យ​ពូជសាសន៍​សម្លាប់​ជនជាតិ​ចាម និង​វៀតណាម និង​ការប្រព្រឹត្ត​ចំពោះ​ពុទ្ធ​សាសនិកជន និង​អតីតមន្ត្រី​រដ្ឋការ​នៅក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ព្រម​ទាំង​ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ផង​ដែរ​។

លោក​ថា​អង្គជំនុំជម្រះ​បាន​ចំណាយ​ពេល​យូរ​ទៅ​លើ​សំណុំ​រឿង​ ០០២ ​វគ្គ ​២ ដោយសារ​ភាព​ស្មុគស្មាញ ជនជាប់ចោទ​មាន​ចំនួន​ច្រើន ជនរងគ្រោះ​នៃ​ដើមបណ្តឹង​រដ្ឋប្បវេណី​មាន​ចំនួន​ច្រើន ឯកសារ​ភ័ស្តុតាង​មាន​ចំនួន​ច្រើន​ដែល​អង្គជំនុំ​ជម្រះ​ត្រូវ​ធ្វើ​ការបកប្រែ​ជា​ ៣ ​ភាសា និង​ការ​ស្តាប់​ឡើង​វិញ​នូវ​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី​មួយ​ចំនួន​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​អំពី​ព្រឹត្តិការណ៍​ទាំងអស់​នេះ​រួម​ទាំង​ការដោះស្រាយ​ផ្នែក​ច្បាប់​ផ្សេងៗ និង​ការ​ខ្វែង​យោបល់​គ្នា​ផ្សេងៗ​នៅក្នុង​ដំណើរការ​នីតិវិធី​។

លោក ង្វៀង ថាន ជនជាតិ​វៀតណាម​ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ ៧ ​នាក់​បាន​ស្វាគមន៍​ចំពោះ​ការប្រកាស​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​យើង​មាន​ការ​សប្បាយចិត្ត​នៅពេល​ដែល​ឮ​ថា​មាន​ការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មេដឹកនាំ​ខ្មែរក្រហម​តែ​យើង​ចង់​ឲ្យ​មាន​ការ​ស្វះ​ស្វែងរក​អ្នក​ដែល​ជា​មេដឹកនាំ​ថា្នក់​តំបន់​ដែល​បាន​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​ក្រុម​គ្រួសារ​របស់ខ្ញុំ​។ ​តើ​នរណា​មិន​សប្បាយ​ចិត្ត​នៅពេល​គេ​យក​អ្នក​ដែល​បាន​សម្លាប់​ក្រុមគ្រួសារ​មក​កាត់ទោស​នោះ?»​។

លោក ឆាំង យុ នាយក​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថ្លែង​ថា​៖ «​សំណុំ​រឿង​ស្អែក​នេះ​ (​ថ្ងៃ​នេះ​) ​វា​នឹង​បញ្ចប់​នូវ​រឿង​សោកសៅ​នៅ​ក្នុង​ប្រទេស​យើង ទោះបី​របួស​នោះ​វា​មុត​ជ្រៅ​យ៉ាង​ណា​ក៏ដោយ តែ​វា​បាន​បញ្ចប់​សាច់រឿង​ហ្នឹង​»៕