ស្ទឹងត្រែងៈ ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ធ្វើការ​ដោះស្រាយ​សំណង​ទៅ​តាម​ដំណាក់កាល​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ដោយ​អាជ្ញាធរ​បាន​ឯកភាព​ទាំងស្រុង​ទៅ​លើ​សំណើ​ និង​លក្ខខណ្ឌ​របស់​សហគមន៍​ភូមិ​ក្បាលរមាស ខណៈ​លក្ខខណ្ឌ​ និង​សំណើ​មួយ​ចំនួន​របស់​សហគមន៍​ភូមិ​ស្រែគ​ស្ថិត​ក្នុង​ការចរចា​នៅ​ឡើយ​។

អ្នក​នាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​លោក ម៉ែន គង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លក្ខខណ្ឌ​ ៥ ​ចំណុច​របស់​ជនជាតិ​ភាគតិច​ព្នង​ចំនួន​ ៥២ គ្រួសារ​ក្នុង​សហគមន៍​ភូមិ​ក្បាលរមាស​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​​ ២ ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមហ៊ុន​ទទួល​យកតាម​សំណើ​ហើយ និង​កំពុង​អនុវត្ត​ទៅ​តាម​ដំណាក់កាល​នីមួយៗ ដើម្បី​ឈាន​ទៅ​រក​ការបញ្ចប់​ទាំង​ស្រុង​នូវ​វិវាទ​ដីធ្លី​នៅក្នុង​សហគមន៍​នេះ​។

លោក​បន្ត​ថា​លក្ខខណ្ឌ​ទាំង​ ៥ ​ចំណុច​ដែល​សហគមន៍​នេះ​បាន​ស្នើសុំ​រួមមាន ការសុំ​ដាក់​បញ្ចូល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ក្បាលរមាស នៅក្នុង​បញ្ជី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​ផ្លូវការ និង​មាន​សិទ្ធិ​សាងសង់​លំនៅឋាន​នៅលើ​ទីតាំង​ថ្មី​ដែល​ពួកគាត់​បាន​ជ្រើសរើស​សាងសង់​ផ្លូវ​សាលារៀន មណ្ឌល​សុខភាព ស្រះ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍​ចំនួន​ ២​។ ក្រៅពី​លក្ខខណ្ឌ​ទាំង​នេះ​ពួកគាត់​មិន​ទាមទារ​សំណង​អ្វី​ផ្សេង​ទៀត​ទេ​។

លោក​ថា​៖ «​ដោយ​ពិនិត្យ​ឃើញ​ថា សំណើ​ ឬ​លក្ខខណ្ឌ​ទាំងនោះ​មាន​លក្ខណៈ​សមស្រប​អាជ្ញាធរ​យើង​រួមទាំង​ភាគី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសានក្រោម​ ២ ​ក៏​បាន​សម្រេច​ឯកភាព​តាម​សំណើ​នោះ​ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​អនុវត្ត​ធ្វើការ​ឈូសឆាយ​ធ្វើ​ផ្លូវ​ចូល​ទៅ​ទីតាំង​ថ្មី​ដែល​ពួកគាត់​កំពុង​ប្រមូលផ្តុំ​គ្នា​រស់នៅ ជីក​ស្រះ​ទឹក និង​រៀបចំ​ដឹកជញ្ជូន​សម្ភារ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការសាងសង់​សាលារៀន​ និង​មណ្ឌល​សុខភាព​ជូន​ដល់​ពួកគាត់​»​។

ទន្ទឹម​នឹង​នេះ​លោក​ គង់ ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​រៀបចំ​កសាង​ឯកសារ និង​ផែនទី​បឋម​មួយ​ស្ដីពី​ទីតាំង​ភូមិសាស្ត្រ​ដែល​ពួកគាត់​កំពុង​ប្រមូល​ផ្ដុំ​គ្នា​រស់នៅ​ថ្មី​នេះ ដើម្បី​ចុះបញ្ជី​ដីធ្លី​ជា​សមូហភាព​ដល់​ពួកគាត់​។

ដោយ​ឡែក​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​ស្រែគចាស់​ប្រមាណ ៧៣ គ្រួសារ​ដែល​បដិសេធ​ទទួល​យក​សំណង​ពី​រដ្ឋ​នាពេល​កន្លង​មក​ក៏​បាន​ដាក់​សំណើ​ ឬ​លក្ខខណ្ឌ​ស្រដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​លក្ខខណ្ឌ​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​ការឯកភាព​ពី​អាជ្ញាធរ និង​ខាង​ភាគី​ក្រុមហ៊ុន​វារីអគ្គិសនី​នៅ​ឡើយ​ទេ​។

បើ​តាម​លោក​ គង់ លក្ខខណ្ឌ​របស់​អ្នកភូមិ​ស្រែគ​ដែល​នៅ​មិនទាន់​ទទួល​បាន​ការឯកភាព​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​នោះ​គឺ​ការសុំ​ដាក់​បញ្ចូល​សហគមន៍​ពួកគាត់​ចូល​ទៅ​ក្នុង​បញ្ជី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​ផ្លូវការ​ ខណៈ​អាជ្ញាធរ​រកឃើញ​ថា​ពួកគាត់​មិនមែន​ជា​ជនជាតិ​ដើម​ភាគតិច​ពិតប្រាកដ​នោះ​ទេ​តែ​ជា​ជនជាតិ​ខ្មែរ​កាត់​ឡាវ​។ ម្យ៉ាង​ទៀត​ពួកគាត់​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​រុះរើ​ផ្ទះ​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​សាងសង់​សម្រាប់​ការផ្លាស់​ទីលំនៅ​របស់​ពួកគាត់​ពី​ភូមិ​ស្រែគចាស់​ទៅ​កាន់​ទីតាំង​ថ្មី​ (​ស្រែគ​ថ្មី​) ដែល​មាន​ចម្ងាយ​ប្រមាណ ៤ ​គីឡូម៉ែត្រ​ពី​ភូមិចាស់​នោះ​មក​សង់​ឲ្យ​ពួកគាត់​នៅលើ​ទីតាំង​ថ្មី​ដែល​ពួកគាត់​បាន​ជ្រើសរើស​ដោយ​ខ្លួនឯង​ក្នុង​តំបន់​ទួល​ស្រែ​ត្បែង​វិញ​ និង​សុំ​ឲ្យ​អាជ្ញាធរ​បង់​សំណង​ខូចខាត​លំនៅឋាន​ និង​ផលដំណាំ​​របស់​ពួកគាត់​នៅក្នុង​ភូមិ​ចាស់​ដែល​បាន​លិចលង់ ដោយសារ​ការបិទទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ ២ កន្លង​ទៅ​នេះ​ដែល​ក្នុង​ ១ ​ខ្នង​ផ្ទះ មិន​ក្រោម​ពី​ ៥ ​ម៉ឺន​ដុល្លារ​នោះ​ទេ​។

លោក គង់ បញ្ជាក់​ទៀត​ថា​៖ «​ទោះ​ជា​បែប​ណា​អាជ្ញាធរ​យើង​នៅ​តែ​បន្ត​ធ្វើ​ការសម្របសម្រួល​រក​ដំណោះស្រាយ​ជូន​ពួកគាត់​មួយ​ជំហាន​ម្ដងៗ​។ ក្នុង​ករណី​ពួកគាត់​មិន​ទាមទារ​សំណង​ច្រើន​ហួសហេតុ​ពេក​ទេ​នោះ​»​។

ពាក់ព័ន្ធ​ករណី​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​ ២ ​ខាង​លើ​នេះ​ត្អូញត្អែរ​ពី​កង្វះខាត​ទឹកស្អាត​ប្រើប្រាស់ លោក ម៉ែន គង់ បាន​ថ្លែង​ថា​អាជ្ញាធរ​ខេត្ត​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​ពិនិត្យ និង​ជួយ​អន្តរាគមន៍​ផ្ដល់​ទឹកស្អាត​ជូន​ពួកគាត់​តាម​ភាព​ជាក់ស្តែង​ហើយ​៕