កំពង់ចាមៈ អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​ហាមឃាត់​ការធ្វើ​ដំណើរ​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន​ក្នុង​តំបន់​ច្រាំងទន្លេ​នៅក្នុង​ក្រុង​កំពង់ចាម​ដែល​កំពុង​រង​ការគំរាមកំហែង​បាក់​ច្រាំង​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ ខណៈ​អាជ្ញាធរ​កំពុង​សិក្សា​លើ​បញ្ហា​ដែល​កំពុង​បាក់ស្រុត​នោះ​។

ច្រាំងទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់ចាម​ប្រវែង​ ៧៩ ​ម៉ែត្រ​បាន​បាក់ស្រុត​មុខ​កាត់​ ៣ ​ទៅ​ ៤ ​ម៉ែត្រ​នៅ​ចំណុច​ខាង​ជើង​ស្ពាន​ទន្លេ​បិទ​នៅ​ពី​មុខ​សណ្ឋាគារ​ចំនួន​ ៣ ​គឺ​សណ្ឋាគារ​មនោរម្យ សណ្ឋាគារ​អិលស៊ីអិន និង​សណ្ឋាគារ​មេគង្គ​។ ប៉ុន្តែ​កន្លែង​ដែល​បាក់​ខ្លាំង​នៅ​ចន្លោះ​ពី​សណ្ឋាគារ​មនោរម្យ​ទៅ​សណ្ឋាគារ អិលស៊ីអិន​។

លោក កែវ នាឫទ្ធិ អភិបាលរង​ខេត្ត​កំពង់ចាម​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការបាក់​នេះ​គឺជា​ករណី​ធម្មជាតិ​។

លោក​បន្ត​ថា​៖ «​យើង​រង់ចាំ​ការ​វាយតម្លៃ​ចុង​ក្រោយ​នៅពេល​ទឹក​ស្រក ព្រោះ​ឲ្យ​តែ​ដល់​ពេល​ទឹក​ស្រក​គឺ​វា​បាក់​ហើយ​។ អ៊ីចឹង​យើង​រក​មូលហេតុ​វា ថា​តើ​ដោយសារ​តែ​ទឹក​ហូរ​ពី​ក្រោម​ដី ឬ​មកពី​អ្វី​?»​។

លោក​បាន​អះអាង​បន្ត​ថា​ដំបូង​វា​បាក់​តិច ឥឡូវ​កាន់​តែ​ខ្លាំង​គឺ​មាន​ប្រវែង​ ៧៩ ​ម៉ែត្រ​គឺ​វា​ស្រុត​។ ការបាក់​ច្រាំង​នេះ​គឺជា​រឿង​ធម្មជាតិ​។ ខណៈ​ទំហំ​ច្បាស់លាស់​មិន​បាន​វាស់​ទេ​ដោយសារ​តែ​វា​បាក់​បន្តិច​ម្ដងៗ​។ បាក់​កន្លែង​ដែល​ខូច​ស្រាប់​ ៥០ ​ម៉ែត្រ​។

លោក​បាន​បញ្ជាក់​ថា​កាលពី​មុន​ក៏​មាន​ការបាក់​ដែរ​នៅ​ចំណុច​ផ្សេង​ហើយ​ក្រសួង​ធនធាន​ទឹក​បាន​ជួសជុល​រួច​ហើយ​កាលពី​ឆ្នាំ​ ២០១៦​។ លោក​បាន​ឲ្យ​ដឹងថា​កន្លែង​បាក់​ច្រាំង​ក្នុង​ក្រុង​កំពង់ចាម​មាន​តែ​ ១ ​កន្លែង​ទេ ប៉ុន្តែ​ការបាក់​ច្រាំង​ក៏​កើត​មាន​នៅ​តាម​ដង​ទន្លេ​នៅ​ស្រុក​កងមាស កោះសូទិន និង​កំពង់សៀម​ផង​ដែរ​។

លោក នាឫទ្ធិ បាន​ឲ្យ​ដឹង​ថា​នៅ​ខណៈ​នេះ​មិន​ទាន់​មាន​វិធានការ​ភ្លាមៗ​ទេ​ដោយសារ​តែ​អាជ្ញាធរ​កំពុង​សិក្សា​ និង​រង់ចាំ​រហូត​ដល់​ទឹក​ស្រក​។ លោក​ថា ការបាក់​នេះ​តែង​កើតឡើង​នៅ​រដូវ​ទឹក​ស្រក ប៉ុន្តែ​មូលហេតុ​ជាក់ស្ដែង​គឺ​អាជ្ញាធរ​មិន​ទាន់​ដឹង​នៅ​ឡើយ​។

លោក នាឫទ្ធិ និយាយ​ថា​នៅ​ខណៈ​នេះ​វិធានការ​ដោះស្រាយ​មាន​ ២ ​គឺ ទី​ ១ ​ត្រូវ ឃាំង​ហ៊ុមព័ទ្ធ​កន្លែង​នោះ កុំ​ឲ្យ​ពលរដ្ឋ​ និង​ទេសចរ​ឆ្លងកាត់​។ បន្ទាប់មក​អ្នក​ជំនាញ​នឹង​ទៅ​សិក្សា​កន្លែង​នោះ​ដើម្បី​រក​មូលហេតុ​ជាក់ស្ដែង​ថា​តើ​វា​អាច​នឹង​បាក់​បន្ត​ទៀត​ទេ​? ក្នុង​ករណី​វា​មិន​បាក់​តទៅ​ទៀត​ទេ អាជ្ញាធរ​ខេត្ត​នឹង​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ធនធាន​ទឹក​ និង​ខាង​គ្រោះមហន្តរាយ​ដើម្បី​រក​ថវិកា​មក​ជួសជុល​នៅពេល​ទឹក​ស្រក​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា​ការបាក់​ច្រាំង​នេះ​មិនមែន​កើតឡើង​ដោយ​ករណី​បូម​ខ្សាច់​ទេ ព្រោះ​មិន​មាន​ការ​បូម​ខ្សាច់​នៅក្នុង​តំបន់​ដែល​បាក់​នោះទេ​។ ប៉ុន្តែ​លោក​ថា​អ្នក​ជំនាញ​ធ្លាប់​រកឃើញ​មូលហេតុ​ថា​ការបាក់​ច្រាំង​នៅក្នុង​ក្រុង​កំពង់ចាម​គឺ​ដោយសារ​តែ​ចរន្ត​ទឹក​បុក​ទៅ​លើ​កោះ​ឈ្មោះ​ថា កោះដាច់​។

លោក នាឫទ្ធិ ថ្លែង​ថា​៖ «​តាម​ការសិក្សា​របស់​អ្នកជំនាញ​គេ​ថា​មកពី​កោះ​នៅ​ខាង​មុខ​ដែល​គេ​ហៅថា កោះដាច់ គឺ​វា​រារាំង​មុខ​ទឹក​ធ្វើឲ្យ​ទឹក​បុក​មក​កំពង់ចាម​។ កាលនោះ​យើង​មាន​ការ​លើក​ជា​គំនិត​មួយ​ថា​ទាល់តែ​រំលាយ​កោះ​នោះ​ចេញ​ដែល​គំនិត​នេះ​ផ្ដួចផ្ដើម​ដោយ​ក្រសួង​ធនធានទឹក តែ​គំនិត​នេះ​មិន​ទាន់​ទទួល​បាន​ការគាំទ្រ​ពី​ឥស្សរជន​ជាន់ខ្ពស់​ជា​អ្នក​សម្រេច បន្ទាប់មក​គំនិត​នេះ​ក៏​ទុក​សិន​។ អ៊ីចឹង​រឿង​នេះ​​មិនមែន​រឿង​បូម​ខ្សាច់​ទេ ព្រោះ​នៅ​កន្លែង​នេះ​អត់​មាន​កន្លែង​ត្រូវ​បូម​ទេ​នៅក្នុង​ក្រុង​នេះ​»​។

លោក ម៉ៅ ហាក់ អគ្គនាយករង​កិច្ចការ​បច្ចេកទេស​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា នៅពេល​នេះ​ច្រាំងទន្លេ​នៅ​ក្រុង​កំពង់ចាម​បាន​បាក់​ជាង​ ១០០ ​ម៉ែត្រ​ហើយ​។ លោក​បញ្ជាក់​ថា​ក្រសួង​ និង​អាជ្ញាធរ​កំពុង​សិក្សា​មូលហេតុ និង​ចាត់វិធានការ​ទៅ​តាម​អ្វីដែល​រកឃើញ​។ លោក​ថា​មូលហេតុ​ជា​លក្ខណៈ​ធម្មជាតិ​គឺ​ការប្រែប្រួល​ចរន្ត​ទឹក​ទន្លេ​។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក ម៉ៅ ហាក់ ថ្លែង​ថា​៖ «​កម្រិត​នៃ​គ្រោះថ្នាក់​មិនទាន់​ខ្លាំង​ណាស់ណា​ទេ អាច​ថា​ធ្ងន់ធ្ងរ​ក៏​ថា​បាន​មិន​ទាន់​ធ្ងន់ធ្ងរ​ក៏​ថា​បាន តែ​យើង​អាច​និយាយ​ថា វា​មាន​ការ​គំរាម​កំហែង​មួយ​កម្រិត​ហើយ​»៕