ភ្នំពេញៈ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងក្រុង​ភ្នំពេញ​ទាំង​អស់​ថា​ នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ ​សូម​កុំ​បញ្ចេញ​សំរាម​ដាក់​ខាង​ក្រៅ​ផ្ទះ ​ដោយសារ ​កម្មករ-​កម្មការិនី​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​ត្រូវ​​ឈប់​សម្រាក​ ដូច្នេះ​រយៈពេល​នោះ​នឹង​មិន​មាន​អ្នក​ប្រមូល​សំរាម​រយៈ​ពេល​ ៤ ថ្ងៃ​ចាប់​ពីថ្ងៃ​ទី ១៤​ ដល់ ​១៧ ​ខែ​ មេសា។

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​​រាជ​ធានី​ភ្នំពេញ ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពីថ្ងៃពុធ​បាន​សរសេរ​​ថា ​បង​ប្អូន​កម្មករ​-កម្មការិនី​ របស់​​ក្រុម​ហ៊ុន​ស៊ីន​ទ្រី ​ត្រូវ​បាន​ឈប់​សម្រាក​ និង​ធ្វើ​ដំណើរ​ទៅកាន់​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ។ ដូច្នេះ​ នាអំឡុង​ពេល​ឈប់​សម្រាក​ខាង​មុខ​នេះ ​ការ​ផ្ដល់​សេវា​សម្អាត​ ប្រមូល ​និង​ដឹក​ជញ្ជូន​សំរាម​ក្នុង​រាជ​ធានី​ភ្នំពេញ​នឹង​ត្រូវ​បាន​អនុវត្ដ​មិន​បាន​ពេញ​លេញ​ទេ។

សេចក្ដី​ជូនដំណឹង​​បញ្ជាក់ថា​ ដើម្បី​ថែ​រក្សា​សោភណភាព​ អនាម័យ​បរិស្ថាន​រាជ​ធានី​ភ្នំពេញ​ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ជាម្ចាស់​លំនៅ​ឋាន​ក្នុង​រាជ​ធានី​ភ្នំពេញ​ទាំង​អស់ ​មេត្តា​យោគ​យល់ និង​អធ្យា​ស្រ័យ ​កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នៅ​ក្នុង​អំឡុងពេល​ដែល​ការ​ផ្ដល់​សេវា​មិន​បាន​ពេញ​លេញ​នេះ​ ដោយ​សូម​រក្សា​ទុក​ដាក់​សំរាម​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​ទីតាំង​រៀង​ៗខ្លួន​ជា​បណ្ដោះ​អាសន្ន​សិន។

លោក ម៉េ​ត មាស​ភក្តី ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញបាន​បញ្ជាក់​ថា​៖ «បងប្អូន​កម្មករ-កម្ម​ការិ​នី ​ត្រូវ​ឈប់សម្រាក​ ធ្វើ​ដំណើរ​ទៅ​ស្រុក ​ធ្វើឲ្យ​ការ​​ប្រមូល​សំរាម​មិន​អាច​បាន​គ្រប់​មិន​មែន​អាក់​ខាន​ទាំង​ស្រុង​ទេ ទើប​យើង​ស្នើ​ឱ្យ​បង​ប្អូន​ធ្វើ​ការ​វេច​ខ្ចប់​ទុកដាក់​សំរាម​នៅ​ក្នុង​ផ្ទះ​សិន​រយៈ​ពេល​៤​ថ្ងៃ​ដូច​សេច​ក្ដី​ជូន​ដំណឹង​នេះ។ កុំ​បញ្ចេញ​សំរាម​មក​ក្រៅ​ចាំ​ចប់​[បុណ្យ]​ចាំ​បញ្ចេញ​មក​ក្រៅ​កម្លាំ​ង​​ការងារ​យើង​ពេញ​លេញ​​ធម្មតា​វិញនឹង​មក​ប្រមូល​យក​ទៅ​ចោល​នៅ​ទីលាន​សំរាម»។

លោក​​បន្ថែមថា ​ក្នុង​រយៈ​ពេល​ចូលឆ្នាំ​ខ្មែរ​ ដែល​កម្មករ​ប្រមូល​សំរាម​ក្រុម​ហ៊ុន​ស៊ីន​​ទ្រី​ត្រូវ​ឈប់សម្រាក​ ក៏​មិន​អាច​បង្កឱ្យ​សំរាម​កក​ស្ទះ​ច្រើន​ដែរ ព្រោះ​ប្រជាជន​មួយ​ភាគធំ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តាខេត្ដ​រៀងៗ​ខ្លួន។

ទាក់​ទង​នឹង​ចំនួន​សំរាម​ដែល​អាច​នឹង​មាន​ក្នុង​ថ្ងៃ​កម្មករ​ឈប់​សម្រាក ៤ ថ្ងៃ​នេះ ​លោក ​មាសភក្ដី​ មិន​អាច​បញ្ជាក់ពី​ចំនួន​ជាក់​លាក់​បាន​ទេ ​ដោយ​ថ្លែង​ថា​៖ «​បើ​សិន​បង​ប្អូន​យើង​ចូលរួម​ក្នុង​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​ផ្ទះ​រៀងៗ​ខ្លួន​ សំរាម​នឹង​មិន​មាន​ច្រើន​ណាស់​ណា​ទេ។ ការមិន​មាន​សំរាម​នៅតាម​ដង​ផ្លូវ​សាធារណៈ​នេះ​ហើយ ​ដែល​ជា​គោល​ដៅ​ដែល​យើង​ចង់​បាន​ ទើប​យើង​ស្នើ​សុំ​ដោយ​សេច​ក្ដី​ជូន​​​ដំណឹង​របស់​យើង​នេះ»៕