កំពង់ឆ្នាំងៈ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​លោក​ ស៊ុន សុវណ្ណារិទ្ធ បញ្ជាក់​ជាថ្មី​ថា ដី​ ៤០ ​ហិកតា ​ដែល​អាជ្ញាធរខេត្ត​នេះ​រៀបចំ​ឲ្យ​ជនជាតិ​វៀតណាម រុះរើ​ពី​ផ្ទះទឹក​ឡើងមក​រស់នៅ​លើគោក​គឺជា​ដី​របស់​ជនជាតិ​ខ្មែរ​ឯកជន មិនមែន​ជា​ការកាត់​ដី​ឲ្យ​ពួកគេ​នោះទេ​ ប៉ុន្តែ​អន្តោប្រវេសន៍​វៀតណាម​អាច​ជួល​ស្នាក់នៅ តែ​មិន​មាន​សិទ្ធិ​កាន់កាប់​ដី​ទាំងនោះ​ជា​កម្មសិទ្ធិ​ឡើយ​។

លោក​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ផែនការ​បំផ្លាស់ទី​ប្រជាពលរដ្ឋ​វៀតណាម ខ្មែរ និង​ខ្មែរ-អ៊ិស្លាម​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ឲ្យ​ឡើង​រស់​នៅ​លើ​ផ្ទៃដី​​ ៤០ ​ហិកតា​ពី​ម្សិលមិញ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ ​សន្និសីទ​នេះ​មាន​គោលបំណង​ពន្យល់​បកស្រាយ​អំពី​ចម្ងល់​របស់​សាធារណជន​ពាក់ព័ន្ធ​នឹង​ការបំផ្លាស់ទី​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ភូមិសាស្ត្រ​ឃុំ-សង្កាត់​ចំនួន ​៩ ដែល​បានរស់នៅ​លើ​ផ្ទៃ​ទឹក​ទន្លេសាប​ឲ្យ​ឡើង​មក​រស់នៅ​លើគោក​វិញ​តាម​ការរៀបចំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តកំពង់ឆ្នាំង​។

អភិបាលរង​ខេត្ត​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា ដី​ ៤០ ​ហិកតា​ ដែល​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​បាន​រៀបចំ​ឲ្យ​ជនជាតិ​វៀតណាម​រុះរើ​ផ្ទះទឹក​ឡើង​មក​រស់នៅ​លើគោក គឺជា​ដី​អនុប្បយោគ​។ ជា​ដី​របស់​ឯកជន​ដែល​មាន​ម្ចាស់​ឈ្មោះ​ រស់ ចំរើន ហើយ​ជនជាតិ​វៀតណាម​ដែលជា​ជនអន្តោប្រវេសន៍​ស្របច្បាប់​ទាំងនោះ​ជួល​ស្នាក់នៅ​។ ប៉ុន្តែ​មិន​មាន​សិទ្ធិ​កាន់កាប់​ដី​ទាំងនោះ​ជា​កម្មសិទ្ធិ​ឡើយ​។

លោក​បន្ថែមថា ប្រជាជន​ខ្មែរ និង​ខ្មែរ-អ៊ិស្លាម​ដែល​ស្ម័គ្រចិត្ត​រើ​ផ្ទះ​បណ្តែត​ទឹក ទៅ​រស់នៅ​លើគោក​នោះ​គឺ​មាន​សិទ្ធិ​ទទួល​បាន​ដី​នោះ​ក្នុង​ ១ ​គ្រួសារ​ ៥ ​ម៉ែត្រ គុណ ២០ ​ម៉ែត្រ​។ រីឯ​ជនជាតិ​វៀតណាម​មិនមាន​សិទ្ធិ​ទទួល​បាន​ដី​ជា​កម្មសិទ្ធិ​នោះទេ​។ គឺ​ជនជាតិ​វៀតណាម​ត្រូវ​ជួល​ដី​នោះ​ស្នាក់នៅ​ពី​ម្ចាស់​ដី​ឈ្មោះ​ រស់ ចំរើន​។

លោក​បញ្ជាក់ថា​៖ «​ម្ចាស់​ដី​ ៤០ ​ហិកតា​ឈ្មោះ​ គាត់ រស់ ចំរើន គាត់​គឺជា​ជនជាតិខ្មែរ​។ វា​គឺជា​ការព្រមព្រៀង​គ្នា​រវាង​ម្ចាស់​ដី និង អ្នក​ជួល ហើយ​តម្លៃ​ប៉ុន្មាន វា​អាស្រ័យ​ទៅលើ​ផ្ទះ​តូច ផ្ទះ​ធំ​។ រស់ ចំរើន គាត់​ជា​ជនជាតិខ្មែរ​មាន​អត្តសញ្ញាណប័ណ្ណ​ជា​ខ្មែរ​ត្រឹមត្រូវ​ពិតប្រាកដ​។ គ្មាន​អាជ្ញាធរ​ណា​ចេញ​លុយ​ឲ្យ​ (​ជនជាតិ​វៀតណា​ទេ​)​។ សម្រាប់​បងប្អូន​វៀតណាម​ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​គឺ​អត់​មាន​ទេ​ (​សិទ្ធិ​កាន់កាប់​) ​ដោយសារ​ពួកគាត់​ជា​ជនអន្តោប្រវេសន៍​។ នៅពេល​គាត់​រស់នៅ​លើ​ទឹក គាត់​ជា​អន្តោប្រវេសន៍ ពេល​នៅលើ​គោក គាត់​ក៏​នៅតែ​អន្តោប្រវេសន៍​ដែរ​»​។

លោក​ សុវណ្ណារិទ្ធ បន្ថែមថា ក្រោយពេល​បំផ្លាស់​ទីតាំង​ជនជាតិ​វៀតណាម ខ្មែរ និង​ខ្មែរ-អ៊ិស្លាម​ចេញពី​ក្នុង​ទឹក ឡើង​មក​ដល់​គោក​រួចហើយ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​នឹង​ប្រែក្លាយ​តំបន់​នោះ​ជា​តំបន់​ទេសចរណ៍​ដោយ​រៀបចំ​ឲ្យ​មាន​បែ​ចិញ្ចឹម​ត្រី និង​បង្កង​តាម​បច្ចេកទេស​អឺរ៉ុប​។

របាយការណ៍​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​កាសែត​ឲ្យ​ដឹងថា ដី​នៅ​តំបន់​នោះ​ជា​ដី​របស់​ពលរដ្ឋ ហើយ​ពលរដ្ឋ​បានលក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។ របាយការណ៍​បន្តថា​រដ្ឋបាល​ខេត្ត​ទទួល​បាន​ផ្លូវ​សាធារណៈ ដី​សម្រាប់​សាងសង់​សាលារៀន និង​ដី​សម្រាប់​សាងសង់​មណ្ឌល​សុខភាព​ជាដើម​។ ឯ​ក្រុមហ៊ុន​ឯកជន​ទទួល​បាន​ប្រាក់ចំណេញ​ស្រប​ច្បាប់ ចំណែក​ពលរដ្ឋ​ដែល​ត្រូវ​បំផ្លាស់ទី​ពី​ដង​ទន្លេ​ទៅ​រស់នៅក្នុង​តំបន់​នោះ អាច​ទិញ​ ឬ​ជួល​ដី​ក្នុង​តម្លៃ​សមរម្យ​។

របាយការណ៍​បញ្ជាក់ថា​៖ «​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ-អ៊ិស្លាម អាជ្ញាធរ​ខេត្ត​បានរៀបចំ​ឲ្យ​ពួកគាត់​ទាំងអស់​ឡើង​ទៅ​ទីតាំង​ទីលំនៅ​តាម​ភូមិ និង​ឃុំ​របស់​ពួកគាត់​ដោយ​គ្រាន់តែ​ចល័ត​ពី​ក្នុង​ទន្លេ​ឡើង​ទៅ​លើគោក​។ អាជ្ញាធរ​រៀបចំ​ផ្លូវ ភ្លើង ទឹកស្អាត សាលារៀន មណ្ឌល​សុខភាព​ជូន​ពួកគាត់​តាម​ការជាក់ស្តែង​។ ដោយឡែក​អន្តោប្រវេសន៍​វៀតណាម​វិញ បើ​ពួកគាត់​ជា​អន្តោប្រវេសន៍​ស្របច្បាប់​អាច​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ជា​ជនអន្តោប្រវេសន៍ រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្ត​ត្រូវតែ​គិតគូរ​ផ្តល់​លទ្ធភាព​ដល់​ការរស់នៅ​គ្រប់​បែបយ៉ាង​ស្របតាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​ និង​ច្បាប់​អន្តជាតិ​»​។

តាម​របាយការណ៍ ខេត្ត​កំពង់ឆ្នាំង អ្នករស់នៅ​ផ្ទះ​បណ្តែត​ទឹក​លើ​ដង​ទន្លេសាប សរុប​ទាំងអស់​មាន​ ៤៥៦៣ ​គ្រួសារ ​ក្នុង​នោះ​មាន​ទាំង​ខ្មែរ ខ្មែរ-អ៊ិស្លាម និង វៀតណាម​។ របាយការណ៍​បង្ហាញ​ថា​ពលរដ្ឋ​ខ្មែរ​មាន​ ២ ០១០ ​គ្រួសារ​ស្មើនឹង​ ៩ ១៦៨ ​នាក់ ខ្មែរ-អ៊ិស្លាម​មាន ៧៣ ​គ្រួសារ​ ស្មើនឹង​ ២៤២ ​នាក់​។ ឯ​វៀតណាម​មាន​ដល់​ទៅ​ ២ ៤៨០ ​គ្រួសារ​ស្មើនឹង​ ១០៣១១ ​នាក់​។

ជាមួយ​គ្នា​នេះ​លោក​ សុវណ្ណារិទ្ធ ថ្លែងថា ទោះបី​ជនអន្តោប្រវេសន៍​វៀតណាម​ទាំងនោះ​មិនមែន​ជា​ជនជាតិ​ខ្មែរ តែ​ពួកគេ​ក៏ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​។ កម្ពុជា​ជា​ប្រទេស​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ត្រូវ​តែ​ចូលរួម​អនុវត្ត​ច្បាប់​នានា​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ​ផងដែរ​។

របាយការណ៍​ខេត្ត​កំពង់ឆ្នាំង​លើក​ហេតុផល​ថា ការបំផ្លាស់ទី​ដើម្បី​រៀបចំ​ការរស់នៅ​របស់​ពលរដ្ឋ​ឲ្យ​មាន​និរន្តរ​ភាពស្រប​តាម​ច្បាប់​ភូមិបាល​ដើម្បី​ថែរក្សា​បរិស្ថាន​ទន្លេសាប ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ដើម្បី​ពង្រឹង​ការថែរក្សា​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ និង​ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ ជាពិសេស​ធនធាន​ជលផល​។

លោក សំ ច័ន្ទគា ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ខេត្ត​កំពង់ឆ្នាំង​ស្វាគមន៍​ការបំផ្លាស់ទី​នេះ​។

លោក​ថា​៖ «​យើង​អត់​ដែល​ដឹងថា​ដី​នេះ​ជា​របស់​អ្នកណា​ឲ្យ​ច្បាស់​ទេ​។ យើង​មិនបាន​តាមដាន ច្បាស់លាស់​ពី​ករណី​ដី​ខាងលើ​។ យើង​មិន​ដឹងថា តើ​រឿង​ជួល​ហ្នឹង វា​របៀប​ណា​ផង​ដែរ​»៕