សៀមរាបៈ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ចាត់វិធានការ​រដ្ឋបាល​រួមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បើ​បុគ្គល​ដែល​សាងសង់​សំណង់​បេតុង​រំលោភ​លើ​ខ្នង​ទំនប់​ត្រពាំង​ហែផ្កា ផ្នែក​ខាងត្បូង​ទំហំ​ជាង​ ៣ ​ពាន់​ម៉ែត្រការ៉េ ​ស្ថិត​ក្នុង​ភូមិ​បុស្សក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង-ខេត្ត​សៀមរាប​នៅ​តែ​មិន​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​អាជ្ញាធរ និង​រុះរើ​សំណង់​ដែល​បាន​សង់​រំលោភ​នេះ​ចេញ​។

កាលពី​ដើម​ខែ​តុលា​លោក ហង់ ពៅ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទៅកាន់​លោក​ យន់ សុខន ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីតាំង​ខាងលើ​។ ក្នុង​លិខិត​ចង់​ឲ្យ​ពលរដ្ឋ​រូបនេះ រុះរើ​របង និង​សំណង់​បេតុង​ដែល​បាន​សាងសង់​របង​បេតុង​ប្រវែង​ ៨៧ ​ម៉ែត្រ​ទទឹង​ ៣៨ ​ម៉ែត្រ និង កម្ពស់​ ២,៥០ ​ម៉ែត្រ ឬ​ស្មើ​ជាង ៣ ​ពាន់​ម៉ែត្រការ៉េ និង​សំណង់​សសរ​បេតុង​ដំបូល ប្រក់​ក្បឿង​ (​រោង​លម្ហែ​) រំលោភ​លើ​ខ្នង​ទំនប់​ត្រពាំង​ហែ​ផ្កា​ផ្នែក​ខាង​ត្បូង​។

អាជ្ញាធរ​អប្សរា​ចាត់ទុក​ការសាងសង់​នេះ​ជា​ការលួច​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការអនុញ្ញាត​គឺ​ល្មើស​ទៅនឹង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ដែល​បាន​កំណត់ ថា​ត្រពាំង​ហែ​ផ្កា​នៅ​ភូមិ​បុស្ស​ក្រឡាញ់​គឺជា​បុរាណដ្ឋាន​មួយ​ក្នុង​ចំណោម​បុរាណដ្ឋាន​ជាច្រើន​ក្នុង​ខេត្ត​។

អាជ្ញាធរ​ជាតិ​អប្សរា​មាន​កាតព្វកិច្ច​ថែរក្សា​ការពារ និង​អភិរក្ស​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​។ ដូច្នេះ​រាល់​សកម្មភាព​រុករាន សាងសង់​សំណង់​ថ្មី ជីក​គាស់កកាយ បំផ្លិចបំផ្លាញ កែប្រែ​រូបរាង​នៅ​តាម​បុរាណដ្ឋាន​ទាំងនោះ​ដោយ​គ្មាន​ការអនុញ្ញាត​គឺជា​បទល្មើស​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។

អាជ្ញាធរ​អប្សរា​សង្កត់ធ្ងន់​ថា​៖ «​ដូច្នេះ​ដើម្បី​ស្រោចស្រង់ និង​ស្តារ​បុរាណដ្ឋាន​ខាងលើ​ឡើង​វិញ​លោក​ត្រូវ​រុះរើ​របង និង​សំណង់​បេតុង​នេះ​ចេញ​វិញ​ដោយ​ខ្លួនឯង​ឲ្យ​បាន​មុន​ថ្ងៃទី​ ១៥ ខែ​តុលា​ឆ្នាំ​ ២០១៩ ។

ម្យ៉ាងវិញទៀត​លោក​ត្រូវ​ជូនដំណឹង​មក​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​បាន​មុន​ ១ ​សប្តាហ៍​មុន​ចាប់ផ្តើម​អនុវត្ត​ការងារ​តាម​ការណែនាំ​ខាងលើ​»​។

អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា​៖ «​ក្នុងករណី​លោក​មិន​អនុវត្ត​តាម​ទេ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​រដ្ឋបាល និង​កសាង​សំណុំរឿង​ទៅ​តុលាការ​»​។

លោក​ ឈាន រដ្ឋា ​ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទោះ​ជា​អាជ្ញាធរ​អប្សរា​កំណត់​កាលបរិច្ឆេទ​បែប​នេះ​ក្តី​ក៏​ពលរដ្ឋ​រូបនេះ​មិន​បាន​ចូលខ្លួន​មក​ដោះស្រាយ​សំណង់​ខុសច្បាប់​ទាំងនោះ​ទេ​។

លោក​បន្តថា ​ករណី​នេះ​មន្ត្រី​ជំនាញ​នឹង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ពិចារណា​មុន​នឹង​ចាត់វិធានការ​រដ្ឋបាល និង​កសាង​សំណុំរឿង​ទៅ​តុលាការ​។ លោក​បន្តថា​៖ «​យើង​អាចដាក់​ពាក្យ​ទៅ​តុលាការ​អី​អ៊ីចឹង​ណា បើ​គាត់​មិន​សហការ​។ យ៉ាងណា​យើង​មិនទាន់​ធ្វើ​ភ្លាមៗ​ទេ​គឺ​យើង​រង់ចាំ​គាត់ និង​ចង់​ទុកពេល​ឲ្យ​គាត់ បើ​ទោះបី​លើស​ ១ ​ថ្ងៃ​ ២ ​ថ្ងៃ​ក៏​មិន​អី​ដែរ ឲ្យ​គាត់​មាន​ឆន្ទៈ​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា​។ យើង​មាន​គោលការណ៍​ទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​មិន​ធ្វើ​អ្វី​រម៉ិងរម៉ាំង​»​។

លោក យន់ សុខន ជា​ម្ចាស់​ដី និង​សំណង់​ដែល​តម្រូវ​ឲ្យ​រុះរើ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការសាងសង់​របង​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​ ២ ​ឆ្នាំ​មកហើយ ដើម្បី​ការពារ​ព្រំដី​ដូនតា និង​ដំណាំ​ដាំដុះ​របស់​លោក​។

លោក សុខន បន្ត​ថា​ អាជ្ញាធរ​អប្សរា រារាំង​បែប​នេះ​គឺជា​រឿង​អយុត្តិធម៌​ណាស់ សម្រាប់​លោក​ស្រប​ពេល​ប្រជាពលរដ្ឋ​ដទៃ​ទៀត​បាន​សាងសង់​ទាំង​ផ្ទះថ្ម និង​វីឡា​ធំៗ​ផង​នោះ ប៉ុន្តែ​មិន​ត្រូវ​បាន​រារាំង​ដូច​លោក​នោះទេ​។ ដូច្នេះ លោក​សុំ​ឲ្យ​អាជ្ញាធរ​អប្សរា​ពិចារណា​ឡើងវិញ និង​គួរ​មានការ​ដោះដូរ ឬ​វិធានការ​ណាមួយ​ឲ្យ​បាន​ស្មើភាព​គ្នា​ចំពោះ​អ្នក​រស់ក្នុង​តំបន់​នេះ​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​ឲ្យ​យើង​ធ្វើការ​បំផ្លិចបំផ្លាញ​របស់​យើង​ដែល​បាន​សាងសង់​រួចហើយ យើង​មាន​ការខាតបង់​ធំធេង​ណាស់​ក្នុង​នាម​យើង​ជា​ម្ចាស់​ដី​ដើម​។ បើ​ចង់​មាន​ការបំផ្លិចបំផ្លាញ​កើតឡើង​ទាល់​តែ​មាន​នីតិវិធី​ពី​តុលាការ ហើយ​ប្រសិន​បើ​តុលាការ គេ​ចេញ​សាលក្រម​ថា ឥឡូវ​យើង​ជា​ម្ចាស់​ដី​ដើម​ខុស ត្រូវ​រុះរើ នោះ​យើង​នឹង​ធ្វើ​តាមច្បាប់​។ ប៉ុន្តែ​លិខិត​របស់​អាជ្ញាធរ​អប្សរា​ចេញមក​នេះ​មិន​មាន​ភាពស្មើភាព​គ្នា​ទេ សម្រាប់​បងប្អូន​យើង​ដែល​ជា​ម្ចាស់​ដី​ដើម​»​។

លោក ភាច ផង់ មេភូមិ​បុស្សក្រឡាញ់​បាន​និយាយថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ក្នុង​ចំណោម​ជាង ២០ ​គ្រួសារ​រួមទាំង​គ្រួសារ​លោក​ យន់ សុខន បានរស់នៅ​ទីនេះ​យូរ​ហើយ​តាំងពី​ឆ្នាំ​ ១៩៧៩ ​ម្ល៉េះ​ដែលជា​ដី​ដូនតា​របស់​ពួកគាត់​។ លោក​បញ្ជាក់ថា​៖ «​ក្នុង​ដំណាក់កាល​នេះ បើ​យើង​ធ្វើ​តែ​អ្នកក្រ ហើយ​ម្នាក់​អ៊ីចឹង​គឺ​គ្មាន​តម្លាភាព​ក្នុង​ការអនុវត្ត​ច្បាប់​នោះ​ទេ​»៕