ភ្នំពេញៈ សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភចំពោះអ្វីដែលអាមេរិកលើកឡើងថា រដ្ឋាភិបាលកម្ពុជាបន្តប្រើការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ហើយមានលក្ខណៈនយោបាយដើម្បីយាយីពលរដ្ឋរបស់ខ្លួន ដែលរួមមានការចាប់ខ្លួនមនុស្សមួយចំនួននាពេលថ្មីៗនេះ ដែលធ្វើការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក កែម ឡី ដោយសន្តិវិធី។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលផ្ញើទៅកាន់ស្ថាប័នសារព័ត៌មានកាលពីម្សិលមិញស្ថានទូតអាមេរិកបានថ្លែងថា៖ «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរតែអាចអនុវត្តសិទ្ធិរបស់គេក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ ដោយសេរី និងក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី»។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «យើងតែងតែបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដកចេញនូវការរឹតត្បិតនយោបាយដ៏ហួសហេតុ ទៅលើមនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជាដោះលែងអ្នកជាប់ពន្ធនាគារទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ឬទាំងខុសច្បាប់ ហើយប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។
ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវាយបកដោយលើកឡើងថា នៅកម្ពុជា មិនមានការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិទេ។
លោកថ្លែងថា៖ «វាគ្រាន់តែជាការយល់ឃើញរបស់គាត់ គំនិតរបស់គាត់បង្ហាញពីការលម្អៀងផ្នែកនយោបាយ អ៊ីចឹងហើយបានជាគាត់និយាយដូច្នេះ។ មិនមានការរឹតត្បិតសិទ្ធិសេរីភាពអីទេ បើសិនពួកគេមិនរំលោភច្បាប់»។
កាលពីសប្ដាហ៍មុនមនុស្ស ៧ នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រារព្ធខួប ៣ ឆ្នាំ នៃការបាញ់សម្លាប់អ្នកវិភាគ លោក កែម ឡី។ ប៉ុន្តែក្រោយមកមនុស្ស ៥ នាក់ ត្រូវបានដោះលែងវិញ ចំណែក ២ នាក់ រួមមានលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ហើយត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន។
លោក សុខ ឥសាន បានថ្លែងថា ការលក់អាវយឺតរបស់ គង់ រ៉ៃយ៉ា មានជាប់ពាក់ព័ន្ធនឹងនយោបាយ និងជាការយកសាកសពលោក កែម ឡី ធ្វើជាជំនួញ។ ជាមួយគ្នានេះ លោកក៏បានរិះគន់លើការបញ្ជូនជនជាតិខ្មែរអាមេរិកាំងមកកម្ពុជាវិញរបស់អាមេរិកកាលពីពេលថ្មីៗនេះផងដែរ។
លោកថ្លែងថា៖ «យើងមិនបានធ្វើអ្វីតាមអំពើចិត្ត ឬខុសច្បាប់អ្វីទេ គឺយើងធ្វើតាមប្រព័ន្ធតុលាការរបស់យើង។ មិនដែលអ្នកណាម្នាក់ ដើរតាមផ្លូវសុខៗ ហើយគេទៅចាប់ដាក់គុកដោយគ្មានហេតុ និងផលទេ»។
លោក សុខ ឥសាន ថ្លែងថា អាមេរិកមិនគួរធ្វើការវាយតម្លៃ ដោយឈរលើរបៀបវារៈនយោបាយទេ គេគួរផ្អែកលើការពិតជាក់ស្ដែង។ សេចក្តីថ្លែងការណ៍របស់អាមេរិកគឺបង្ហាញពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយគ្មានមូលដ្ឋានច្បាស់លាស់។
ប៉ុន្តែ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានការពារសេចក្តីថ្លែងការណ៍របស់អាមេរិកថា ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានគាំទ្រដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ អាមេរិកគ្រាន់តែធ្វើតាមកាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្នុងកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនោះចែងថា៖ «ត្រូវលើកកម្ពស់ និងជំរុញការគោរព និងឃ្លាំមើលសិទ្ធិមនុស្ស និងសេរីភាពសំខាន់ៗនៅកម្ពុជា»។
លោកថ្លែងថា៖ «អ្នកដែលមានហេតុផល នឹងមិនចាត់ទុកសេចក្តីថ្លែងការណ៍នេះថា ជាការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងកម្ពុជាទាល់តែសោះ»៕