ភ្នំពេញៈ ស្ថានទូត​អូស្ត្រាលីបាន​បើក​សម្ពោធ​គម្រោង​កែលម្អ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​កម្ពុជា-អូស្ត្រាលី (WUIP) ដែល​នឹង​ជួយ​ចែករំលែក​ចំណេះដឹង​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​នៅ​កម្ពុជា​ដើម្បី​ផ្តល់​សេវា​ទឹកស្អាត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​រឹតតែ​ប្រសើរ​ជាង​មុន ខណៈ​សេវា​នេះ មាន​ភាពខុស​គ្នា​ខ្លាំង​រវាង​ប្រទេស​ទាំង ២។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​កាលពី ១៦ កក្កដា បាន​ឱ្យដឹង​ថា WUIP ដែល​បាន​សម្ពោធ​កាលពី​ថ្ងៃ ៨ កក្កដា ​នោះ​នឹង​ផ្សារភ្ជាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកធំ​មួយ​គឺ​ឈ្មោះ South East Water នៅ​ទីក្រុង​មែលប៊ន​ប្រទេស ​អូស្ត្រាលី​ ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ចំនួន ៣ នៅ​កម្ពុជា​តាមរយៈកម្មវិធី​ចែករំលែក​ចំណេះដឹង​រយៈពេល ២ ឆ្នាំ​ ដើម្បី​បង្កើន​លទ្ធភាព​ប្រើប្រាស់​ទឹកស្អាត​មាន​សុវត្ថិភាព ​និង​ទៀងទាត់​របស់​ប្រជាជន​កម្ពុជា។

ភាពជា​ដៃគូ​នេះ​នឹង​ផ្តល់នូវ​បទពិសោធ និង​បច្ចេកទេស​គ្រប់គ្រង​ទឹក​ប្រកប​ដោយ​បច្ចេកវិទ្យា​ដែលមាន​គុណភាព​ខ្ពស់​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​អូស្ត្រាលី​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​កម្ពុជា។

លោកស្រី Angella Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «កម្មវិធី​នេះ​នឹង​បង្កើត​ទំនាក់​ទំនង​យូរអង្វែង និង​ផ្លាស់ប្តូរ​ចំណេះដឹង​រវាង​ស្ថាប័ន​កម្ពុជា និង​អូស្ត្រាលី។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​គាំទ្រ​ប្រទេស ​កម្ពុជា ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវាកម្ម ប្រកប​ដោយ​គុណភាព​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​មាន​ការ​រីក​ចម្រើន​រឹងមាំ និង​ប្រកប​ដោយ​បរិយាប័ន្ន»។

WUIP កំពុង​ត្រូវបាន​សម្របសម្រួល​ដោយ​សមាគម​ទឹកអូស្ត្រាលី (AWA) ជាមួយ​ដៃគូ​របស់​ខ្លួន គឺ​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា (CWA)។

លោកស្រី សង់ ប៊ែ​រណា​ឌី​ន ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា (CWA) បានប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា នេះ​ជា​គម្រោង​ដំបូង​ក្នុង​ភាព​ជា​ដៃគូ​​រវាង CWA និង​សមា​គម​ទឹក​អូស្រ្តាលី ​(AWA) ​ក្រោម​ជំនួយ​រដ្ឋាភិ​បាល​អូស្ត្រា​លី។ គម្រោង​នេះ​ជ្រើស​រើស​បាន​អា​ជីវ​ករ​ទឹក​ស្អាត​ចំនួន​ ៣ ដែល​មាន​អាជី​វករ​ទឹក​ស្អាត​បែក​ចាន អាជី​វករ​ទឹក​ក្រូច​ឆ្មា​រ និង​អាជីវ​ករ​ទឹ​ក​ស្អាត​នៅ​កំពង់​ចម្លង។

លោក​ស្រីបញ្ជាក់ថា​៖ «សំខាន់​បំផុត​ហ្នឹង​គឺ (គម្រោង) ជួយ​ឱ្យ​អាជីវក​រ​ស្រុក​ខ្មែរ​ផលិត​ទឹក​ឱ្យមាន​គុណភា​ពល្អ​ជាងមុន​ឬ​ក៏​គាត់​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​អាច​ជួយ​សន្សំ​សំចៃ ​និងឲ្យគាត់​​បង្កើន​ការ​ពង្រីក​បណ្តាញ​របស់​គាត់​នៅ​ក្នុងតំបន់​សេវាកម្ម​របស់​គាត់»។​

លោក​ស្រី សង់ ​ប៊ែរណា​ឌីន បន្ថែម​ថា កាល​ពី​សប្តាហ៍​មុន​ក្រុម​ហ៊ុន South East Water បាន​មក​ប្រទេស​ កម្ពុជា ​ដើម្បី​ពិនិត្យ​ស្ថានីយ​ទឹក​ស្អាត​កម្ពុជា​ដែល​ស្ថិត​ក្នុង​គម្រោង​ដើម្បី​ស្វែង​យល់​ពីភាព​ខុស​គ្នា​លើការ​ផលិត​ទឹក​ស្អាត ​ខណៈ​បច្ចេកទេស​វិទ្យា​ផលិត​ទឹក​ស្អាត​នៅ​អូ​ស្ត្រាលី​ល្អ​ជាង​កម្ពុជា​ឆ្ងាយ​ខ្លាំង។

ទន្ទឹម​នឹង​នេះ ​ក្រុមហ៊ុន​ក៏បាន​ជួប​ជាមួយអាជីវករ​ទឹកស្អាត​ទាំង​ ៣ ​ស្ថា​នីយ​នេះ​ផងដែរ ដោយ​ពួក​គេ​បាន​ប្រាប់​ពី​ការលំ​បាក​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិ​ទ្យា​ផលិត​ទឹក​ស្អាត​ដូច​ជា​ មិន​ត្រូវតាម​ស្តង់ដា​ និង​មាន​ការ​ប្រើប្រាស់​អគ្គិសនី​ច្រើន​ពេក​ធ្វើ​ឲ្យ​បាត់​បង់ចំ​ណេញ​ និង​បាត់​បង់​ទឹក​ រក​មិន​ឃើញ​មូលហេតុដូចជា​ការ​លេច ​និង​ធ្លាយ​ទុយោ​ជាដើម។

លោក​ស្រីបានបញ្ជាក់ថា៖​ «ដល់​ពេល​គាត់​ (ក្រុម​ហ៊ុន​អូស្ត្រាលី) មើល​ឃើញ​ស្ថាន​ភាព​ហ្នឹង​ហើយ ​អាជីវករ​ទឹកស្អាត​ទាំង ៣ ក្រុមហ៊ុន​ហ្នឹង​ ក៏ត្រូវបាន​អញ្ជើញ​ទៅ​អូ​ស្ត្រាលី​រៀបចំ​ផែន​ការ​ជាមួ​យគ្នា ​មាន​វគ្គ​បណ្តុះ​បណ្តាល​ មាន​ទស្សន​កិច្ច​សិក្សា​នៅ​ក្រុម​ហ៊ុន ​South East ​Water ហ្នឹង»។

លោកស្រី ​សង់ ប៊ែរ​ណា​ឌីន បានបន្ថែ​មថា នៅ​ខែ​តុលា​ ខាង​មុខ​នេះ AWA និង CWA នឹង​អញ្ជើ​ញ​គណៈ​ប្រតិភូ​ដូច​ជា​ ក្រុម​ហ៊ុន​ដែល​រកស៊ី​លើ​វិស័យ​ទឹក​ស្អាត​នៅអូស្ត្រាលីឲ្យមក​តាំង​ពិព័រ​ណ៍​​នៅ​ប្រទេស​កម្ពុជា​ដែលនឹង​មាន​ការ​ពិ​ភាក្សា​​អំពី​ច្បាប់​ និង​គោល​នយោបាយ​ទាក់​ទង​នឹង​ទឹក​ស្អាតដែល​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​រវាង​កម្ពុជា​ និង​អូស្ត្រាលី។ វេទិ​កា​នេះ​ក៏​នឹង​ជួយ​អា​ជីវករ​ទឹក​ស្អាត​កម្ពុជា​ក្នុងការ​ពង្រីក​បណ្តាញ​ទៅ​តាម​អាជ្ញា​ប័ណ្ណ​ដែល​ពួក​គាត់មា​ន ហើយ​និង​ពិភា​ក្សា​អំពី​ថាតើក្នុង​​នាម​ជា​​ដៃ​គូអ​ភិ​វឌ្ឍ​ន៍​ទឹក​ស្អាត​អូស្រ្តាលី​អាច​ជួយ​អ្វី​ខ្លះ​ដល់​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​បាន​?