កំពតៈ ប្រធានការិយាល័យគយនៅច្រកព្រែកចាក ខេត្តកំពតម្នាក់កាលពីម្សិលមិញបានដាក់ពាក្យបណ្តឹងប្តឹងអ្នកកាសែតជិត ១០ នាក់ ទៅតុលាការពីបទជេរប្រមាថ និងជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងាររបស់ខ្លួន បន្ទាប់ពីវីដេអូមួយដែលបង្ហាញពីសកម្មភាពទំនាស់ពាក្យសម្តីរវាងមន្ត្រីគយរូបនេះ និងក្រុមអ្នកកាសែតបង្កឲ្យមានការរិះគន់។
តាមរយៈវីដេអូរយៈពេលជាង ២ នាទី ដែលត្រូវបានបង្ហោះ និងចែកចាយជាបន្តបន្ទាប់នៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីចុងខែឧសភា បានបង្ហាញពីសកម្មភាពមន្ត្រីគយម្នាក់បានប៉ះទង្គិចជាមួយអ្នកកាសែតមួយក្រុមហើយមានអ្នកកាសែតម្នាក់បានរុញច្រានលោក ដោយសារលោកបានដកហូតទូរស័ព្ទពីអ្នកកាសែត ដែលកំពុងតែថតសកម្មភាពនៃការដឹកទំនិញឆ្លងដែនពីប្រទេស វៀតណាម។
ក្រោយមានការប៉ះទង្គិចគ្នា ១ ប្រាវរួចមក ភាគីទាំង ២ មានលោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករព្រែកចាកខេត្តកំពត និងលោក ហ៊ុន សុខា ប្រធានសារព័ត៌មាននៃក្លិបអ្នកកាសែតឯករាជ្យបានយល់ព្រមទទួលកំហុសរៀងខ្លួន និងបានសុំទោសគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ជម្លោះនេះផងដែរ។
ទោះជាយ៉ាងណា ក្រោយមានការបង្ហោះ និងការរិះគន់ជាហូរហែ នៅថ្ងៃទី៣ ខែមិថុនាម្សិលមិញ លោក យី ថុល អាយុ ៤១ ឆ្នាំ តំណាងឲ្យការិយាល័យគយ និងរដ្ឋាករ ព្រែកចាក នៃសាខាគយ និងរដ្ឋាករខេត្តកំពត បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពត ដោយប្តឹងអ្នកយកព័ត៌មានប្រមាណជិត ១០ នាក់។
អ្នកយកព័ត៌មានទាំងនេះ ទី១ លោក ហ៊ុន សុខា ជាប្រធានសារព័ត៌មាននៃក្លិបអ្នកកាសែតឯករាជ្យ និងជានាយកការផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV) ទី២ លោក ចន យូដេត ទី៣ លោក ស៊ាង ប៊ុនសុង ទី៤ លោក ទុំ ឆោម ទី៥ លោក ប៉ែន រ៉ា ទី៦ លោក កែវ សុផាត ទី៧ លោក ជី ពេជ្រ ទី៨ លោក អ៊ុត ប៊ុនធឿន និងបក្ខពួកដែលមិនស្គាល់ឈ្មោះ ដែលសុទ្ធតែជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ។ នេះបើតាមពាក្យបណ្តឹងរបស់ លោក យី ថុល ដែលបានដាក់ទៅតុលាការ។
លោក យី ថុល បានបញ្ជាក់ថា៖ «ប្តឹងពីបទជេរប្រមាថចំពោះអ្នករាជការសាធារណៈ, បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។ ទាមទារសំណងពីក្រុមអ្នកយកព័ត៌មានទាំងនោះ ១០ ម៉ឺនដុល្លារ»។
ជាមួយនឹងការទាមទារនេះ លោក យី ថុល បានអះអាងថា ក្រុមអ្នកសារព័ត៌មានខាងលើបានចូលមកលួចថតជាវីដេអូពាសពេញបរិវេណទីតាំងត្រួតពិនិត្យទំនិញដែនសមត្ថកិច្ចគយ និងរដ្ឋាករព្រែកចាកដោយបានថត និងចូលឆែកឆេរទំនិញដែលស្តុកទុកនៅក្នុងទីលានត្រួតពិនិត្យទំនិញដែនសមត្ថកិច្ចគយ ហើយនិយាយមួលបង្កាច់ថា មន្ត្រីគយពុករលួយ មិនបានត្រួតពិនិត្យទំនិញ, ឃុបឃិតជាមួយឈ្មួញ និងនាំទំនិញគ្មានគុណភាពចូលមកប្រទេសកម្ពុជាដោយឥតច្បាប់ទម្លាប់។ លុះប្រហែលម៉ោង ១២ៈ០០ នាទី មានបុគ្គលិកគយមកប្រាប់លោក រួចលោកក៏បានចេញទៅមើលហេតុការណ៍នោះ។ប៉ុន្តែក្រុមអ្នកសារព័ត៌មានទាំងនោះបាននាំគ្នាចេញបាត់អស់។
យ៉ាងណាក្ដី លោក ចន យូដេត សមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ និងជាអ្នកកាសែតម្នាក់ ក្នុងចំណោមអ្នកកាសែត ដែលជាប់បណ្តឹង បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការអះអាងរបស់ប្រធានគយរូបនេះ មិនត្រឹមត្រូវនោះទេ ហើយរូបគេក៏មិនខ្លាចនឹងតតាំងតាមផ្លូវតុលាការដែរ។ លោកបន្តថា តាមខ្សែវីដេអូ ដែលបានកាត់ត្រឹមតែជាង ២ នាទី គឺជាចំណុចមួយដែលបង្ហាញពីកំហុសរបស់ពួកខ្លួនប៉ុណ្ណោះ ប៉ុន្តែធាតុពិត ចំពោះវីដេអូពិតមិនដូចនេះទាំងស្រុងទេ។
លោកបន្តថា៖ «សកម្មភាពយើងដែលបានប្រទូសរ៉ាយគ្នាគឺបានកាត់យកតែចំណុចអាក្រក់ដែលធ្វើការឡាយនិងផូស្តតែប៉ុណ្ណោះ។ អ៊ីចឹងហើយបានជាធ្វើឲ្យមានភាពច្របូកច្របល់ឲ្យមានការយល់ច្រឡំគ្នាសាជាថ្មីហ្នឹងឯង ហើយខ្ញុំសុំបញ្ជាក់ថារឿងនេះបានបញ្ចប់ប្រហែលជា ២០ នាទីក្រោយ នៅពេលកើតហេតុបាត់ទៅហើយ »។
ពាក់ព័ន្ធករណីនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់បានថ្លែងថា តាមច្បាប់ អាជ្ញាធរអាចប្តឹងបានពីការប្រមាថមន្ត្រីដែលកំពុងបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ជុំវិញបញ្ហានេះក្រសួងគ្មានយោបល់ថ្មីបន្ថែមនោះទេព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មានធ្លាប់បានលើកឡើងរួចហើយ ដូច្នេះលោក មានតែចាំមើលនីតិវិធីរបស់តុលាការ ក្នុងការកាត់សេចក្តីដើម្បីរកយុត្តិធម៌ឲ្យភាគីទាំងសងខាងតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «វីដេអូនេះ មិនដឹងដើមហេតុដើមចមយ៉ាងម៉េចទេ អ៊ីចឹងឲ្យគេចាត់ការតាមផ្លូវតុលាការទៅ ប្រហែលជាមានឱកាសខាងអ្នកកាសែត បានឆ្លើយបំភ្លឺ និងបង្ហាញភ័ស្តុតាងណាមួយ ក្រែងខ្លួនឯងដំណាក់កាលដំបូងមានអីខុសពីហ្នឹង ដែលអាចយកមួយកំណាត់ចុងក្រោយមកផ្សាយ ហើយខាងភាគីទាំងសងខាងគាត់អាចមានការបំភ្លឺរៀងខ្លួនទៅតុលាការទៅ ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ខ្លួន»។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា តាមរយៈវីដេអូ ១ ជ្រុងដែលយើងបានឃើញ បង្ហាញថា អ្នកកាសែតរបស់យើងបានដើរហួសពីវិជ្ជាជីវៈ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លែថ្នូររបស់អ្នកកាសែតទូទៅ។
ប៉ុន្តែលោកថា បញ្ហានេះ វាមិនមែនជាសម្ពាធឬការគាបសង្កត់ណាមួយ ដែលធ្វើឲ្យអ្នកកាសែតគោរពតាមវិជ្ជាជីវៈ មានការភ័យខ្លាចនោះទេ។ លោក បូណា ស្នើឲ្យកាសែតទាំងអស់ គួរគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនបានត្រឹមត្រូវ ចៀសវាងធ្វើហួស ដែលងាយនឹងប្រឈមមុខចំពោះច្បាប់ ហើយឈានដល់ការប្តឹងប្ដល់នៅតុលាការដូចករណីនេះ។
លោកបានបញ្ជាក់ថា៖ «ក្នុងករណីណាក៏ដោយ ធម្មតា អ្នកកាសែត មានតួនាទី មានដែនកំណត់ មានភារកិច្ចរបស់យើងដើម្បីយកព័ត៌មានដែលយើងមិនមែនជាសមត្ថកិច្ច យើងគ្រាន់តែជាអ្នកទៅផ្ដិតយករូបភាព ព័ត៌មានដែលយើងអាចធ្វើទៅបាន ដើម្បីយកមកផ្សាយ។ ក្នុងករណីនេះ អ្នកកាសែតអត់មានសិទ្ធិទៅចាប់ ទៅទាញ ទៅស្រែកឡូឡាទេ ដូច្នេះយើងហាក់ដូចជាដើរហួសពីក្របខ័ណ្ឌ ដែលនេះហើយជាបញ្ហា»៕