ភ្នំពេញៈ អ្នកជំនាញការបោះឆ្នោត និងអ្នកឃ្លាំមើលសង្គមព្យាករថា អវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតប្រជែងដ៏ស្រួចស្រាល់ជាមួយគណបក្សប្រជាជនអាចនឹងធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតជាតិនាខែកក្កដាខាងមុខធ្លាក់ចុះ បើទោះបីជាបច្ចុប្បន្នមេដឹកនាំគណបក្សកាន់អំណាច បានប្រឹងប្រែងចុះមូលដ្ឋាន និងធ្វើការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ឬទៅបោះឆ្នោតឲ្យគណបក្សខ្លួនយ៉ាងណាក៏ដោយ។
បើទោះបីជាយុទ្ធនាការឃោសនាបោះឆ្នោតមិនទាន់ចាប់ផ្តើមក៏ដោយ ក៏ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងលោក ហេង សំរិន ប្រធានរដ្ឋសភាព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្សប្រជាជនជាញឹកញាប់បានអំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សរបស់ខ្លួននៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។
ក្នុងពិធីសម្ពោធឧបដ្ឋានសាលារួមនឹងសមិទ្ធផលនានានៅក្នុងវត្តមង្គលនិវេសន៍ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកាលថ្ងៃទី ១៨ ខែមីនា លោក ហេង សំរិន បានអំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោតហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមគេហទំព័រព័ត៌មាន Fresh News កាលពីម្សិលមិញ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភាកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ក៏បានសរសេរផងដែរថាលោក ហេង សំរិនដែលក៏ជាប្រធានកិត្តិយសគណប្រជាជនផងនោះ «បានអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍដោយមិនត្រូវជឿតាមការញុះញង់របស់ពួកអគតិ និងជនជ្រុលនិយមទាំងឡាយដែលចូលចិត្តញុះញង់ បំភ័ន្តបំភ្លៃការពិត និងតែងតែរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះឱ្យបានល្អប្រសើរ និងស្ថិតស្ថេរគង់វង្សយូរអង្វែង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសជួបជាមួយពលរដ្ឋអូស្ត្រាលី ដើមកំណើតខ្មែរក្នុងប្រទេសអូស្ត្រាលីកាលពីចុងសប្ដាហ៍មុន ខណៈលោកអញ្ចើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីបានព្រមានចំពោះអ្នកដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត។
លោកថ្លែងថា៖ «អ្នកដែលឃោសនាកុំឲ្យប្រជាជនទៅបោះឆ្នោត ខ្ញុំគួរតែប្រាប់បន្ថែមថា អ្នកកំពុងដើរលើផ្លូវខុសហើយ! បើនិយាយពីនយោបាយក៏ខុស យុទ្ធសាស្ត្រក៏ខុសហើយផ្លូវច្បាប់ក៏កាន់តែខុសទៀតព្រោះអ្នកឯងរារាំងសិទ្ធិបោះឆ្នោត»។
លោកបន្ថែមថា៖ «ខ្ញុំចង់ឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ ៥ ឆ្នាំម្តង...នេះជាដំណើរការធម្មតានៃលទ្ធិប្រជាធិបតេយ្យ។ បើអ្នកហ្នឹងទៅបោះឆ្នោត ក៏គង់តែមិនបោះឲ្យខ្ញុំដែរ គួរតែកុំទៅបោះ។ ប៉ុន្តែខ្ញុំមិនចង់អ៊ីចឹងទេក្នុងឋានៈយើងជាមេដឹកនាំប្រទេស យើងចង់ឲ្យប្រជាពលរដ្ឋចេះប្រើប្រាស់សិទ្ធិ បើគាត់មិនបោះឲ្យយើង គាត់បោះឲ្យបក្សដទៃណាដែលគាត់ពេញចិត្ត។ គាត់បោះទៅ យើងចង់ទៅអ៊ីចឹង។ ប៉ុន្តែបែរជា (ប្រាប់) គាត់ពហិការកុំបោះ! សួរទៅអូស្ត្រាលីមានពេលខ្លះប្រជាជនប៉ុន្មានភាគរយទៅបោះ? បោះទាំងអស់? បើមិនទៅ គេផាក? ...»។
យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០១៧ របស់ គ.ជ.ប បង្ហាញថាមានពលរដ្ឋ ៨៩,៥ % ក្នុងចំណោមពលរដ្ឋជាង ៧,៨៦ លាននាក់ដែលបានចុះឈ្មោះបោះឆ្នោតបានទៅបោះឆ្នោត។
អ្នកជំនាញការបោះឆ្នោត លោក យឿង សុធារ៉ា ដែលធ្លាប់ជាទីប្រឹក្សាផ្នែកច្បាប់ នៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ថ្លែងថា ការអំពាវនាវជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំបក្សកាន់អំណាចគឺដើម្បីផ្ដល់ភាពស្របច្បាប់ដល់បក្សរបស់ខ្លួន បើមានអត្រាអ្នកទៅបោះឆ្នោតកាន់តែច្រើន។ «ខ្ញុំគិតថា គណបក្សកាន់អំណាចគាត់នៅតែចង់បានទម្ងន់នៃភាពស្របច្បាប់នៃការបោះឆ្នោតទោះបីជាភាពស្របច្បាប់វាមិនមានចែងនៅក្នុងច្បាប់ថា អត្រាអ្នកទៅបោះឆ្នោតប៉ុន្មានភាគរយ ក្រោមប៉ុន្មានភាគរយ អាចកំណត់ពីភាពស្របច្បាប់នៅក្នុងច្បាប់បោះឆ្នោតយើងក៏ដោយ ប៉ុន្តែបើមានអត្រាអ្នកចេញទៅបោះឆ្នោតច្រើន វាបង្ហាញថាអ្វីដែលគណបក្សកាន់អំណាចធ្វើកន្លងមកនេះមិនជាកំហុសទេ ហើយក៏ជាសក្ខីកម្មមួយបង្ហាញទៅអន្តរជាតិ ជាពិសេសលោកខាងលិច និងសហរដ្ឋអាមេរិកឲ្យឃើញថាអ្វីដែលអ្នកនយោបាយកាន់អំណាចគាត់ធ្វើគឺស្របទៅតាមឆន្ទៈប្រជាពលរដ្ឋ»។
លោក សុធារ៉ា ព្យាករថា ចំនួនអ្នកទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនឹងថយចុះដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិពីព្រោះអ្នកគាំទ្រគណបក្សប្រឆាំងមួយនេះ «គាត់អាចមិនចេញទៅបោះឆ្នោតដោយសារតែគណបក្សដែលគាត់គាំទ្រមិនបានចូលរួមការបោះឆ្នោត»។
ចំណែកលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងថាគណបក្សប្រជាជនគួរដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាជាងដើរប្រាប់ឲ្យពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យគណបក្សខ្លួនខណៈការឃោសនាបោះឆ្នោតមិនទាន់ខិតចូលមកដល់នៅឡើយ។
លោក ជ័យ ថ្លែងថា បើសិនជានៅក្នុងការបោះឆ្នោតនាពេលខាងមុខមានភាគរយខ្ពស់នៃពលរដ្ឋមិនទៅបោះឆ្នោត វាអាចធ្វើឲ្យតម្លៃនៃការបោះឆ្នោត «មានបញ្ហាដែរ ជាពិសេសការយល់ឃើញរបស់ប្រទេសជាមិត្តដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនថ្លែងថាការទៅបោះឆ្នោត គឺជាកាតព្វកិច្ចរបស់ពលរដ្ឋដោយលោកទទូចឲ្យពលរដ្ឋត្រូវបង្ហាញពីការសម្រេចចិត្តលើជោគវាសនាប្រទេសជាតិ។ «វាមានការយល់ឃើញខុសគ្នា បងប្អូនខ្លះគាត់ទៅបោះទៅបងប្អូនខ្លះគាត់មិនយល់ក៏មិនទៅ អ៊ីចឹងបានជាយើងខិតខំពន្យល់ប្រជាជនឲ្យយល់អំពីកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋ...ពីព្រោះការដែលគណបក្សប្រជាជនពន្យល់បងប្អូន មិនមែនសំដៅតែលើការបោះឆ្នោតឲ្យគណបក្សប្រជាជនតែមួយមុខទេបញ្ហាសំខាន់លោកបំពេញកាតព្វកិច្ចជាពលរដ្ឋរបស់លោកស្របទៅតាមរដ្ឋធម្មនុញ្ញ ...»។
នៅពេលសួរពីការខិតខំរបស់បក្សកាន់អំណាច ខណៈអតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតដ៏ស្រួចស្រាល់របស់ខ្លួនត្រូវបានរំលាយទៅហើយនោះលោក ឥសាន ឆ្លើយថា៖ «ធ្វើការងារមិនបាច់មានបក្សប្រឆាំងក៏យើងធ្វើការងារដែរ អ៊ីចឹងទេ មិនមែនអត់គណបក្សប្រឆាំងយើងឈប់ហូបបាយឯណាយើងហូបបាយគ្រប់ពេល...»។
លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងថា គណបក្សប្រជាជនកម្ពុជាកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចប្រជាពលរដ្ឋមិនទៅបោះឆ្នោតនៅពេលដែលមិនមានវត្តមានរបស់គណបក្សប្រឆាំង។ «កាលពីឆ្នាំ ២០១៧ មានអ្នកបោះឆ្នោតប្រមាណ ៨៤ ភាគរយបានទៅបោះឆ្នោត ប៉ុន្តែឆ្នាំនេះគ្មានផ្លូវទេ ពួកគេអាចមកជិត ៤០ ភាគរយដោយសារអ្នកបោះឆ្នោតបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិបានបោះឆ្នោតឲ្យមានការផ្លាស់ប្តូរ»។ «សាររបស់យើងទៅអ្នកបោះឆ្នោត និងសហគមន៍អន្តរជាតិគឺថាវានឹងមិនមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេប្រសិនបើគ្មានគណបក្សសង្គ្រោះជាតិ»។
រាយការណ៍បន្ថែមដោយ Ananth Baliga