កណ្តាលៈ បុរសជនជាតិវៀតណាមម្នាក់ត្រូវបានចាប់បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃទី ១៤ មករា ក្រោយពីចាប់ខ្លួននៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី ១២ ខែមករា ពាក់ព័ន្ធនឹងការផលិតឧបករណ៍ឆក់ត្រី ហើយបង្ហោះលក់តាមបណ្តាញសង្គមហ្វេសប៊ុក។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៤ ខែមករា ថា ករណីជនសង្ស័យជាជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀន យ៉ាំងតេវ អាយុ ៣១ ឆ្នាំ ដែលច្នៃឧបករណ៍ឆក់ត្រីផ្សាយលក់តាមបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលរួចហើយ។
លោកប្រាប់ថា៖ «បុរសម្នាក់នោះខ្ញុំបានបញ្ជូនទៅតុលាការហើយដើម្បីចាត់ការតាមផ្លូវច្បាប់តែមិនដឹងថា តុលាការចោទ ឬនៅទេ តែព្រឹកមិញ (ថ្ងៃទី ១៣ មករា) គាត់ដល់តុលាការហើយ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីតុលាការយ៉ាងណានោះពីម្សិលមិញភ្នំពេញប៉ុស្តិ៍បានព្យាយាមទូរស័ព្ទទំនាក់ទំនងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូង ខេត្តកណ្តាលជាច្រើនលើកដែរតែលោកមិនលើកទូរស័ព្ទ។
លោកបញ្ជាក់ថា ប្រតិបត្តិការនេះគឺនាយកដ្ឋានរបស់លោកបានទទួលបញ្ជាឲ្យចុះអនុវត្តពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងតាមសំណើស្នើសុំពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រតិបត្តិការនេះក៏មានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលផងដែរ។
ជាលទ្ធផលនៃការស្រាវជ្រាវលើការផលិតឧបករណ៍នេះគឺនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់លោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀន យ៉ាំងតេវ អាយុ ៣១ ឆ្នាំនៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ ១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដោយរឹបអូសបានឧបករណ៍ឆក់ត្រីដែលបានកែច្នៃរួចចំនួន ២ គ្រឿងជាប់នឹងខ្លួន។ បន្ទាប់មកកម្លាំងរបស់នាយកដ្ឋានជលផល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឆែកឆេរផ្ទះជនសង្ស័យ រកឃើញឧបករណ៍ឆក់ត្រីកែច្នៃរួចចំនួន ៩ គ្រឿងទៀត។
លោក ជា ពៅ បានថ្លែងថា៖ «គាត់បង្ហោះមិនខុសច្បាប់ទេ តែគាត់លក់ជាការខុសច្បាប់។ អាហ្នឹងហើយដែលបំផ្លាញមច្ឆជាតិ។ ការប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីនេសាទត្រីជាបទល្មើសព្រហ្មទណ្ឌដែលបានចែងនៅក្នុងច្បាប់ជលផល»។
ជនសង្ស័យ ង្វៀន យ៉ាំងតេវ ក៏បានសារភាពដែរថា គាត់ជាជាងជួសជុលម៉ូទ័រ កង្ហារ ឆ្នាំងដាំបាយ និងធ្វើសោ ក្រោយមកទៀតគាត់បានទៅរៀនធ្វើឧបករណ៍ឆក់ត្រី។
បន្ទាប់មកខ្លួនក៏បានចាប់ផ្ដើមផលិតឧបករណ៍ឆក់ត្រី ហើយក៏បានផ្សព្វផ្សាយលក់ដែលកន្លងមក ក៏ធ្លាប់បានលក់ទៅឲ្យអតិថិជនជាច្រើន រួមមាន ខេត្តកំពង់ចាម រតនគិរី ពោធិ៍សាត់ តាកែវ ជាដើម៕