ភ្នំពេញៈ ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) នៅ​ឆ្នាំ​នេះ​បាន​បង្ហាញថា អ្នក​ជាប់​មាន​ ៦៦,២១ ​ភាគរយ​ស្មើនឹង​ ៧៥០៥៩ ​នាក់​ចាប់ពី​និទ្ទេស​ A ​ដល់​ E ​ជា​ចំនួន​ដែល​កើនឡើង​ជាង​ឆ្នាំ​មុន​ ២,៣៧ ​ភាគរយ​ដែល​មាន​អ្នក​ជាប់​តែ ៦៣,៨៤ ​ភាគរយ ប៉ុន្តែ​អ្នក​បាន​និទ្ទេស​ A,B ​និង​ C​ធ្លាក់​ចុះ ខណៈ​អ្នក​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​មាន​ ១៧ ​នាក់​។ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា កាលពី​ម្សិលមិញ​។

បើ​តាម​សេចក្ដី​ប្រកាស អ្នក​ជាប់​និទ្ទេស​ A ​មាន​ ២៩០ ​នាក់​,​និទ្ទេស​ B ​មាន​ ១៥៣២ ​នាក់​,​និទ្ទេស​ C ​មាន​ ៤៦៣១ ​នាក់​,​និទ្ទេស​ D ​មាន​ ១៣ ៩៩៩ ​នាក់ និង​និទ្ទេស​ E មាន ៥៤ ៦០៧ នាក់​។

យ៉ាងណា​ក្ដី​សម្រាប់​អ្នក​ជាប់​និទ្ទេស​ពី​ A,B ​និង​ C ​សុទ្ធតែ​បាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ដោយ​ក្នុង​ឆ្នាំ​នេះ​អ្នក​បាន​និទ្ទេស​ A ​មាន​ត្រឹមតែ​ ២៩០ ​នាក់ ខណៈ​ឆ្នាំ​មុន​មាន​រហូត​ដល់​ ៤២៤ ​នាក់ រីឯ​អ្នក​ជាប់​និទ្ទេស​ B ​ធ្លាក់​​ចុះ​ពី​ ២៤៦៤ ​នាក់​កាលពី​ឆ្នាំ​មុន​មក​នៅ​ត្រឹម​ ១៥៣២ ​នាក់​ក្នុង​ឆ្នាំ​នេះ ស្រប​ពេល​ដែល​និទ្ទេស​ C​ ក៏​ធ្លាក់​ចុះ​ដូច​គ្នា​គឺ​ពី​ជាប់​ ៥០០០ ​នាក់​ក្នុង​ឆ្នាំ​ ២០១៧ មក​នៅត្រឹម​ ៤៦៣១ ​នាក់​ក្នុង​ឆ្នាំ​នេះ​។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ដដែល​ថា ការធ្លាក់​ចុះ​និទ្ទេស​ A,B ​និង​ C ​នេះ​គឺ​ដោយសារ​ក្រសួង​បាន​បង្កើន​ស្ដង់ដារ​​ប្រធាន​វិញ្ញាសា​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន​ក្នុង​គោលដៅ​ពង្រឹង​គុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ​ឲ្យ​កាន់​តែ​មាន​​ចំណេះដឹង​ជ្រៅជ្រះ​ថែម​ទៀត​។

ក្រៅពី​បង្ហាញ​ពី​តួលេខ​អ្នក​ជាប់ ក្រសួង​អប់រំ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា មាន​អ្នក​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ចំនួន​ ១៧ ​នាក់​ក្នុង​ចំណោម​អ្នកធ្លាក់​ដទៃ​ទៀត​ដោយសារ​បេក្ខជន​ទាំងនោះ​បាន​ប្រព្រឹត្ត​ខុសឆ្គង​ផ្ទុយ​នឹង​បទប្បញ្ញត្តិ និង​កម្រិត​វិន័យ​នៃ​ការប្រឡង​។

បើ​ទោះបី​ជា​លទ្ធផល​ទើប​បាន​ប្រកាស​តែ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​កាលពី​ម្សិលមិញ​ក្ដី ប៉ុន្តែ​ក្រសួង​បាន​បង្ហាញ​​ពី​អ្នក​ជាប់​និទ្ទេស​ A ​គឺ​មាន​មកពី​បណ្ដា​រាជធានី-ខេត្ត ចំនួន​ ១៨ ក្នុង​នោះ​ភ្នំពេញ​មាន​ ១៣៥ ​នាក់​,​សៀមរាប​ ២១ ​នាក់​,​កណ្តាល​ ១៦ ​នាក់​,​បាត់ដំបង​ ១៥ ​នាក់​,​តាកែវ​ ១៥ ​នាក់​, កំពង់ចាម​ ១៣ ​នាក់​,​កំពត​ ១១ ​នាក់​, ត្បូងឃ្មុំ​ ៩ ​នាក់​,​កំពង់ធំ​ ៩ ​នាក់​,​កំពង់ឆ្នាំង​ ៩ ​នាក់​,​បន្ទាយមានជ័យ​ ៩ ​នាក់​,​ព្រៃវែង​ ៨ ​នាក់​,​ក្រចេះ​ ៦ ​នាក់ ពោធិ៍សាត់​ ៤ ​នាក់​,​ស្វាយរៀង​ ៣ ​នាក់​, កំពង់ស្ពឺ​ ៣ ​នាក់​,​ព្រះសីហនុ​ ៣ ​នាក់ និង​ខេត្ត​រតនគិរី​ ១ ​នាក់​។

ក្រុម​យុវតី​សប្បាយ​រីករាយ​ពេល​ពិនិត្យ​ដឹង​លទ្ធផល​ប្រឡង​នៅ​ភ្នំពេញ​ពី​ម្សិល។ផា លីណា

ជាមួយ​គ្នា​នេះ​ក្រសួង​អប់រំ​ក៏បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​បាន​និទ្ទេស A ដែល​ទទួល​បាន​លំដាប់​ពិន្ទុ​ ១០០ ​ភាគរយ​ផង​ដែរ​ក្នុង​ចំណោម​សិស្ស​បាន​និទ្ទេស​ A ​ទាំង​ ២៩០ ​នាក់​គឺ​យុវជន ប៉េង គីមហេង ជា​សិស្ស​មកពី​វិទ្យាល័យ​ប៊ែលធី​អន្តរជាតិ​ទី​ ៧ ​ដែល​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ​នៅ​មណ្ឌល​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី​។

លោក មាស ចំរើន គ្រូ​គណិតវិទ្យា​នៃ​​វិទ្យាល័យ​ជ័យវរ្ម័ន​ទី​ ៧ និង​ជា​គ្រូ​ម្នាក់​ចូលរួម​ក្នុង​ការធ្វើ​កំណែ​ប្រឡង​បាក់ឌុប​ឆ្នាំនេះ​បាន​សម្ដែង​ការយល់​ឃើញ​កាលពី​ម្សិលមិញ​ថា ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ប្រសិន​បើ​ក្រសួង​រឹតបន្តឹង​ការកែ​វិញ្ញាសា​មុខវិជ្ជា​មេរៀន​ដូច​ឆ្នាំ​នេះ​ទៀត ភាគរយ​អ្នក​ជាប់​ A, B និង C គឺ​បែប​ហ្នឹង​។

លោក​បាន​បញ្ជាក់​ថា​៖ «​មុខវិជ្ជា​មេរៀន​​លោកគ្រូ អ្នកគ្រូ ខ្លះ​ឲ្យ​ពិន្ទុ​ធូរ​ពេក​មិន​​សុក្រឹត​ទើប​ភាគរយ​កើន​តែ​ភាគរយ​តែ​​គុណភាព​...»​។

យ៉ាង​ណា​ក្ដី​ក្រោយពី​ពិនិត្យ​ដឹង​លទ្ធផល​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​មាន​អ្នក​ខ្លះ​បាន​សម្ដែង​ការខកចិត្ត​ពេល​ដឹង​ថា​ខ្លួន​ធ្លាក់ ខណៈ​អ្នកខ្លះ​ត្រេកអរ​​ជាមួយ​នឹង​ការបង្ហាញ​ពី​មោទនភាព​ដែល​​ខ្លួន​បាន​ខំប្រឹងប្រែង​រៀនសូត្រ​។

យុវជន យឿន រតនា ជា​បេក្ខជន​ប្រឡង​នៅ​មណ្ឌល វិទ្យាល័យ ជាស៊ីម បឹងកេងកង​ហាក់​មាន​ភាព​ក្ដុកក្ដួល​ចំពោះ​លទ្ធផល​ប្រឡង​មិន​ជាប់​របស់​ខ្លួន ខណៈ​មិត្ដភក្ដិ​គេ​ ៥ ​នាក់​ផ្សេង​ទៀត​ដែល​មក​មើល​លទ្ធផល​ជាមួយ​គ្នា​មាន​អ្នកខ្លះ​ធ្លាក់​ដូច​គាត់​ហើយ​ខ្លះ​ជាប់​ត្រឹម​និទ្ទេស E ប៉ុន្តែ​យុវជន​រូប​នេះ​ថា នឹង​ខំរៀន​នៅ​ឆ្នាំ​ក្រោយ​ទៀត​។

រតនា បាន​ថ្លែង​ទាំង​អួល​ដើម​ក​ថា​៖ «​ខ្ញុំ​នឹង​រៀន​បន្ដ​ទៀត​នៅ​ឆ្នាំក្រោយ និង​ប្រឡង​​ឲ្យ​ជាប់ ខ្ញុំ​អត់​ទៅ​រៀន​ជំនាញ​អ្វី​ទេ ព្រោះ​ខ្ញុំ​ចង់​រៀន​បន្ត​»​។

ដោយឡែក យុវតី លី គឹមឡាំង សិស្ស​​ប្រឡង​នៅ​វិទ្យាល័យ ជា ស៊ីម បឹងកេងកង​ដែរ​នោះ​បាន​សម្ដែង​ក្ដី​រីករាយ​ខណៈ​នាង​ប្រឡង​ជាប់​បាន​និទ្ទេស C ជា​អ្វី​ដែល​នាង​​បាន​រំពឹង​ទុក​តាំងពី​ការប្រឡង​រួច​ភ្លាម​។

យុវតី​រូប​នេះ​ថា​៖ «​ខ្ញុំ​ជឿជាក់​ចំពោះ​លទ្ធផល​នេះ ព្រោះ​ខ្ញុំ​ធ្វើ​តាម​លទ្ធភាព​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​គិត​រួចហើយ​ថា បើ​មិន​ជាប់​និទ្ទេស B ក៏ C ដែរ ហើយ​ពេល​នេះ ខ្ញុំ​ជាប់​និទ្ទេស C»​។

គួរ​បញ្ជាក់​ថា​ការប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​បេក្ខជន​សរុប ១១៥២៦៨ ​នាក់​​ក្នុង​នោះ​ស្រី​មាន ៥៨១៥៨ ​នាក់​។ ប៉ុន្តែ​លទ្ធផល​ប្រកាស​ផ្លូវការ​ធ្វើ​បាន​តែ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ប៉ុណ្ណោះ​កាលពី​ម្សិលមិញ ខណៈ​ខេត្ត​នៅសល់​ត្រូវ​ប្រកាស​បន្ត​នៅ​ថ្ងៃ​នេះ​៕