ភ្នំពេញៈ អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ ចំពោះ​ព័ត៌មាន​ភូតកុហក និង​ព័ត៌មាន​ក្លែងក្លាយ​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​ចែករំលែក​បន្ត​គ្នា​លឿន​ជាង​ព័ត៌មាន​ពិត​ទ្វេដង​តាម​បណ្តាញ​សង្គម ហើយ ៨០ ភាគរយ​នៃ​បញ្ហា​គឺ​បង្ក​ឡើង​ដោយ​ការចែកចាយ​ជា​ជាង​ការ​ប្រឌិត​រឿង​ក្លែងក្លាយ​។

ក្រុម​អ្នក​ជំនាញ​បាន​លើកឡើង​ស្រដៀង​គ្នា​ថា ព័ត៌មាន​ក្លែងក្លាយ​ (FakeNews) ​គឺជា​រឿង​ប្រឌិត ឬ​ពាក្យ​ចចាម​អារ៉ាម​មួយ​ដែល​ត្រូវ​បាន​គេ​បង្កើតឡើង និង​ចែករំលែក​ (share) ​ដោយ​ចេតនា​ដើម្បី​បោកប្រាស់​សាធារណជន​ក្នុង​បំណង​ទាញ​យក​ផលប្រយោជន៍​សេដ្ឋកិច្ច នយោបាយ ឬ​មនោគមន៍វិជ្ជា​ដែល​នេះ​វា​មិនមែន​ជា​ព័ត៌មាន​នោះ​ទេ​។

ពាក្យ​ថា​ព័ត៌មាន​ក្លែងក្លាយ​នេះ​មាន​វត្តមាន​ក្នុង​កំណត់ត្រា​ជា​លើក​ដំបូង​ប្រហែល​ជា​ឆ្នាំ ១៨៩៨ ខណៈ​ដែល​ព័ត៌មាន​ភូតកុហក​វិញ​ក៏​មាន​វត្តមាន​រាប់​ទសវត្សរ៍​មក​ហើយ​ដែរ​ដែល​វា​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ចេតនា​ដោយ​អ្នក​សារព័ត៌មាន ឬ​អ្នកនយោបាយ​។ ការទទួល​ព័ត៌មាន​ភូតកុហក និង​ព័ត៌មាន​ក្លែងក្លាយ​អាច​ធ្វើ​ឲ្យ​មាន​ការសម្រេចចិត្ត​ខុស បណ្តាល​ឲ្យ​មាន​អំពើ​មនុស្ស​ឃាត ភេរវកម្ម និង​បង្ក​គ្រោះ​ភ័យ​ដល់​សង្គម​។

អ្នក​សារព័ត៌មាន​ជើងចាស់ និង​ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន​លោក មឿន ឈានណារិទ្ធិ បាន​កត់សម្គាល់​ថា​អ្វី​ដែល​ជា​កង្វល់​នោះ​គឺ​ចរន្ត​នៃ​ការ​លេចឡើង​នូវ​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ផលិតផល​ព័ត៌មាន​ពាក់កណ្តាល​វិជ្ជាជីវៈ​។ ហេតុ​នេះ​វា​អាច​មាន​កំហុស​ឆ្គង​ច្រើន​ព្រោះ​អ្នក​ចែកចាយ​អត់​មាន​ចំណេះដឹង​ផ្នែក​សារព័ត៌មាន ហើយ​បញ្ហា​នេះ​បាន​កំពុង​តែ​កើត​មាន​នៅ​កម្ពុជា​ប្រមាណ​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​ថា​៖ «​អ៊ីចឹង​យើង​ឃើញ​ថា ការចែកចាយ​ព័ត៌មាន​ភូតកុហក​ និង​ក្លែងក្លាយ​ច្រើន​កើត​មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឬ Twitter ក្តី​ដែល​យើង​ព្រួយបារម្ភ​។ អ៊ីចឹង​បើ​យើង​និយាយ​ពី​ព័ត៌មាន​ក្លែងក្លាយ​គឺ​យើង​ស្តីបន្ទោស​លើ​បណ្តាញ​សង្គម​»​។

លោក​លើក​ឡើង​ថា ព័ត៌មាន​ត្រឹមត្រូវ​ជួយ​ដល់​សង្គម សន្តិសុខ​ជាតិ និង​ការអភិវឌ្ឍ តែ​ព័ត៌មាន​ក្លែងក្លាយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សង្គម និង​អ្នក​ចែករំលែក​ទៅវិញ​។

លោក​បន្ត​ថា សូម្បីតែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ជា​ជនរងគ្រោះ ដោយសារ​តែ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ដែរ​នៅពេល​ដែល​ហ្វេសប៊ុក​គាត់​ត្រូវ​បាន​គេ​លួច​ចូល​យក​ទៅ​ប្រើប្រាស់ និង​បង្ហោះ​ព័ត៌មាន​មិន​ពិត​។ លោក​ផ្តល់​យោបល់​ថា អ្នក​លេង​បណ្តាញ​សង្គម និង​អ្នក​សារព័ត៌មាន​អនឡាញ​ខ្លះ​គួរ​តែ​ញែក​ ឬ​ចម្រោះ​ដំណឹង​ដែល​ពួកគេ​ឃើញ​ហើយ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ប្រភព​មុន​នឹង​ចែកចាយ​បន្ត​ ឬ​ចុះ​ផ្សាយ​។ បើ​តាម​ក្រុមហ៊ុន We Are Social LTD មនុស្ស​ជាង ៣ ​ពាន់​លាន​នាក់​នៅលើ​ពិភពលោក​កំពុង​តែ​ប្រើ​បណ្តាញ​សង្គម​ក្នុង​ឆ្នាំ ២០១៨ ហើយ​នៅ​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ប្រមាណ​ ៧ ​លាន​នាក់​។

អ្នក​សារព័ត៌មាន ២៤ នាក់​មកពី​ប្រទេស​ផ្សេងៗ​គ្នា​ដែល​រួមមាន​ទាំង​កម្ពុជា​ផង​បាន​ចូលរួម​ទស្សនកិច្ច​រាយការណ៍​រយៈពេល​ជាង​ ១០ ថ្ងៃ​នៅ​អាមេរិក​ក្រោម​ប្រធានបទ​ «​ចំណេះដឹង​ព័ត៌មាន​ការប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ភូតកុហក និង​ព័ត៌មាន​ក្លែងក្លាយ​» ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​បរទេស​វ៉ាស៊ីនតោន (FPC)​។

កម្មវិធី​ដែល​ត្រូវ​បាន​បញ្ចាប់​កាលពី​សប្តាហ៍​មុន និង​បាន​បញ្ជាក់​ពី​ការគំរាម​កំហែង​ដ៏ធ្ងន់ធ្ងរ​នៃ​ព័ត៌មាន​ភូតកុហក និង​ក្លែងក្លាយ​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​នោះ​បាន​ផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន ស្វែងយល់​ពី​ប្រធានបទ​ខាង​លើ និង​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​តាមរយៈ​មន្ត្រី FPC និង​អ្នក​ជំនាញ​សារព័ត៌មាន​ជាង ២០ នាក់​។ ពួកគេ​ក៏​បាន​លើក​ឡើង​ពី​ឥទ្ធិពល​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​បំផ្លាញ​ជំនឿ​របស់​ពលរដ្ឋ​អាមេរិក​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ ដែល​ជ័យជម្នះ​បាន​ទៅ​លើ​លោក​ ត្រាំ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​។

លោក Alan C. Miller ស្ថាបនិក​គម្រោង​ចំណេះដឹង​ព័ត៌មាន (NLP) បាន​ធ្វើ​បទបង្ហាញ​ដល់​អ្នក​សារព័ត៌មាន​ថា ដំណឹង វីដេអូ និង​រូបភាព​ដ៏ច្រើន​លើសលប់​កំពុង​តែ​ត្រូវ​បាន​បង្កើតឡើង​គ្រប់​ពេល​ហើយ​គ្រប់​នាទី​វីដេអូ ៤,៣ លាន​ត្រូវ​បាន​មើល​នៅ​តាម YouTube សារ ១៨ លាន​ត្រូវ​បាន​ចែករំលែក និង​កម្មវិធី apps ជាង ៣០ ម៉ឺន​ត្រូវ​បាន​ទាញ​យក​ទៅ​ប្រើ​។ ក្នុង​កាលៈទេសៈ​បែបនេះ​គឺ​គ្មាន​ឧបសគ្គ​ណា​ក្នុង​ការ​ជ្រៀត​ចូល​របស់​អ្នក​ដែល​ព្យាយាម​បោកបញ្ឆោត ឬ​កេងចំណេញ​តាម​អនឡាញ​នោះ​ទេ​។

ការកើនឡើង​នៃ​បណ្តាញ​សង្គម​បាន​កំពុង​តែ​បង្កើនល្បឿន និង​បរិមាណ​នៃ​លំហូរ​ដំណឹង និង​ទស្សនៈ​ទាំងអស់​ប្រឆាំង​នឹង​ព័ត៌មាន​ពិត​។ ប៉ុន្តែ​ខណៈ​ពេល​ដែល​ចំនួន​អ្នកបង្កើត​ដំណឹង​មិន​ពិត​បាន​កើនឡើង​ចំនួន​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​បែរ​ជា​ «​កំពុង​ធ្លាក់​ចុះ​ទៅ​វិញ​»​។

លោក​បាន​ធ្វើ​បទបង្ហាញ​ថា​ព័ត៌មាន​ក្លែងក្លាយ​គឺ ៧០% ទំនង​ជា​ត្រូវ​បាន​បង្ហោះ​ច្រើន​ជាង​ព័ត៌មាន​ពិត​ហើយ​ព័ត៌មាន​ពិត​ត្រូវការ​ពេល​រហូត​ដល់​ទៅ​ ៦ ដង​នៃ​ព័ត៌មាន​ក្លែងក្លាយ​ម្តង​ដើម្បី​បាន​ទៅ​ដល់​មនុស្ស ១៥០០ នាក់​។

លោក​បន្ត​ថា​៖ «​ទីបំផុត ខ្ញុំ​ជឿ​ថា​នេះ​គឺជា​មូលហេតុ​ដែល​ការអប់រំ​ចំណេះដឹង​ផ្នែក​សារព័ត៌មាន​សំខាន់​ណាស់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដើម្បី​ជា​អនាគត​នៃ​សារព័ត៌មាន​ល្អ និង​ការរស់រាន​នៃ​លទ្ធិប្រជាធិបតេយ្យ​»​។

លោក​បន្ថែម​ថា​មនុស្ស​រាប់លាន​នាក់​កំពុង​តែ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ និង​រឿងរ៉ាវ​ទាំងឡាយ​ដោយសារ​តែ​គេ​ជឿ​គេ​ចូលចិត្ត​វា​យ៉ាង​ខ្លាំង​ទោះបី​ជា​គេ​មិន​ដឹង​ពី​ប្រភព​ដំណឹង​ទាំងនោះ​យ៉ាងណា​ក៏ដោយ​។

លោក Alan បញ្ជាក់​ថា​៖ «​មនុស្ស​ចែកចាយ​វា​ [​ព័ត៌មាន​ក្លែងក្លាយ​] ​មុន​ពេល​ដែល​ពួកគេ​អាន​វា​...​រឿង​មួយ​គឺ​ថា​ខ្វះ​ចំណេះដឹង​ផ្នែក​សារព័ត៌មាន​និង​ [​ខ្វះ​] ​ផ្នត់​គំនិត​ដើម្បី​បញ្ឈប់​វា​។ មុន​ពេល​ចែកចាយ​បន្ត​ចូរ​សួរ​ខ្លួនឯង​ថា នេះ​គឺជា​អ្វី​មួយ​ដែល​អ្នក​គួរតែ​ចែកចាយ​? វា​គួរតែ​ត្រូវ​ទទួល​ខុសត្រូវ​ពីព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដោយ​ការចែករំលែក​បន្ត​នេះ​»​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​យើង​ត្រូវការ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​ដ៏សំខាន់​មួយ​។ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​គឺថា ៨០% នៃ​បញ្ហា​គឺ​បណ្តាល​មកពី​ការចែក​រំលែក​មិនមែន​ដោយសារ​ការប្រឌិត​វា​ [​រឿង​ក្លែងក្លាយ​] ​ទេ​»​។

នៅក្នុង​យុគសម័យ​ព័ត៌មាន​ដ៏គ្រោះថ្នាក់​នេះ​គម្រោង NLP តាមរយៈ​កម្មវិធី​ឈ្មោះ Check-ology បាន​កំពុង​តែ​បង្រៀន​សិស្ស​ឲ្យ​មាន​គំនិត​សង្ស័យ​និយម ដែល​ពួកគេ​គួរ​ពិនិត្យ​នូវ​ព័ត៌មាន​ដែល​បាន​ឃើញ ថា​តើ​ពួកគេ​គួរ​ជឿ​ឬ​អត់​។ ចាប់​តាំងពី​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៨ មក គម្រោង​នេះ​មាន​ប្រទេស​ចំនួន ៩៧ បាន​ចូលរួម​ចុះ​ឈ្មោះ​។

លោក Jonathan Henick អនុប្រធាន​អ្នកសម្រប​សម្រួល​ស្តីទី​នៃ​មជ្ឈមណ្ឌល​ចូលរួម​សកល​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែងថា ព័ត៌មាន​ភូតកុហក​កើត​មាន​ឡើង​នៅពេល​វា​ត្រូវ​បាន​ផ្សាយ​ដោយ​ចេតនា​ដោយ​អ្នក​សារព័ត៌មាន ឬ​រដ្ឋាភិបាល​ក្នុង​បំណង​បោកប្រាស់​សាធារណជន​។ លោក​បន្ត​ថា ដំណោះស្រាយ​រយៈពេល​វែង​គឺថា​គេ​ត្រូវ​ព្យាយាម​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការបង្កើន​ការយល់​ដឹង​ដល់​សាធារណជន​ពី​បញ្ហា​ដែល​កំពុង​កើតមាន ដើម្បី​ឲ្យ​ពួកគេ​កាន់​តែ​ជំទាស់​មិន​ទទួល​យក​ព័ត៌មាន​បែប​នេះ​។

លោក​ថ្លែង​ថា​៖ «​យើង​ត្រូវការ​សារព័ត៌មាន​ឯករាជ្យ និង​ភាព​សកម្ម​របស់​សារព័ត៌មាន​បែប​ស៊ើបអង្កេត​...​យើង​ក៏​ត្រូវការ​ឲ្យ​សង្គម​សកម្ម​ឡើង​ក្នុង​ការ​ត្រួតពិនិត្យ និង​ឲ្យ​អ្នក​នយោបាយ​ទទួល​ខុសត្រូវ​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ និង​មើល​រឿងរ៉ាវ​ទាំងនេះ​»​។

លោក​ជឿជាក់​ថា​បញ្ហា​នឹង​ផ្លាស់ប្តូរ​ពេល​ដែល​មនុស្ស​កាន់តែ​យល់ដឹង​ពី​ការពិត​កាន់តែ​ច្រើន​ថា ព័ត៌មាន​ភូតកុហក​គឺជា​ព័ត៌មាន​ក្លែងក្លាយ ហើយ​សារព័ត៌មាន​ត្រឹមត្រូវ​មាន​គុណភាព និង​អាច​ជឿ​ទុកចិត្ត​បាន គឺ​កាន់តែ​ត្រូវការ​ឥឡូវ​នេះ​៕