ក្រចេះ: លោក គជ់ សុខហេង សិប្បករ​ផលិត​ស្រាស​ម្នាក់​ដែល​បាន​ធ្វើឲ្យ​ពុល​ស្លាប់​មនុស្ស​ ៥ ​នាក់​នៅក្នុង​ស្រុក​សំបូរ​កាលពី​សប្ដាហ៍​មុន​ត្រូវ​បាន​តុលាការ​ខេត្ត​សម្រេច​ឃុំខ្លួន​កាលពី​ម្សិលមិញ​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​ជាប់​ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​។

លោក ជា សុភ័ក្រ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា​លោក អេង ចំណាប់ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​លោក សុខហេង ក្នុង​ពន្ធនាគារ​ខេត្ត​ពី​បទ​ «​មនុស្សឃាត​ដោយ​ចេតនា​តាម​មាត្រា​ ២០៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ​បទល្មើស​ដែល​ត្រូវ​ផ្ដន្ទាទោស​អាច​នឹង​ជាប់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល​ទៅ​ ៦ ​លាន​រៀល បើ​សិន​ជា​តុលាការ​រកឃើញ​កំហុស​តាម​ការចោទប្រកាន់​។

លោក សុភ័ក្រ បាន​អះអាង​ថា​៖ «​នៅពេល​នេះ​ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ ដើម្បី​រង់ចាំ​ការជំនុំជម្រះ​នៅពេល​ក្រោយ​»​។

ករណី​ពុល​ស្រា​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ១៨ ក្រោយពី​អ្នកភូមិ​បាន​នាំ​គ្នា​ទៅ​ចូលរួម​ពិធី​បុណ្យសព​ ៧ ​ថ្ងៃ របស់​បុរស​ម្នាក់​ក្នុង​ឃុំ​កោះខ្ញែរ ហើយ​បាន​ផឹក​ស្រាស ដែល​ម្ចាស់​គ្រួសារ​នៃ​សព​បាន​ទិញ​ពី​រោង​សិប្បកម្ម​ផលិត​ស្រាស​របស់​លោក គជ់ សុខហេង​។ ជនរងគ្រោះ​ ៥ ​នាក់​ក្នុង​ចំណោម​ ៧៥ ​នាក់​ដែល​បាន​បរិភោគ​ស្រាស​នោះ​បាន​ពុល​ស្លាប់ ក្រោយពី​បញ្ជូន​ទៅ​ពិនិត្យ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ​បាន​ប្រមាណ​ ២ ​ទៅ​ ៣ ​ថ្ងៃ​។ ក្រុម​វេជ្ជបណ្ឌិត​បាន​អះអាង​ដោយ​ផ្អែក​លើ​រោគវិនិច្ឆ័យ​របស់​ជនរងគ្រោះ​ថា បង្កឡើង​ដោយ​ការទទួល​ទាន​ស្រាស ច្រើន​ហួសប្រមាណ និង ក្នុង​ស្រាស​នោះ មាន​សារធាតុ​មេតាណុល​កម្រិត​ខ្ពស់​។ កាលពី​ដើម​ខែ​ឧសភា​មាន​មនុស្ស​ ១៤ ​នាក់​ស្លាប់​ដោយ​ពុល​ស្រាស​ និង​ទឹក​មាន​ជាតិ​គីមី​៕