ភ្នំពេញៈ អ្នក​វិភាគ​មិន​ជឿ​ថា សេចក្តីព្រាង «ច្បាប់​ប្រជា​ធិបតេយ្យ​កម្ពុជា​ ២០១៩» នឹង​អាច​ឆ្លង​ផុត​ព្រឹទ្ធសភា​ ហើយ​ត្រូវ​បាន​អនុម័ត​ដោយ​ប្រធានា​​ធិបតី​អាមេរិក​នោះ​​ទេ ខណៈ​ដែល​កម្ពុជា​បាន​ចាត់​ទុក​​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា ដើរ​ផ្ទុយ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដែល​ប្រទេស​ទាំង ២ កំពុង​ប្រកាន់​យក ក្នុង​ការ​លើ​កកម្ពស់​ភាព​ជា​ដៃ​គូ​គ្រប់​វិស័យ ដោយ​ផ្អែក​លើ​ប្រយោ​ជន៍​រួម និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក។

សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​​អនុ​​ម័ត​សេចក្តី​ព្រាង ​«ច្បាប់​​ប្រ​ជា​​ធិបតេយ្យ​កម្ពុជា​ ២០១៩» ដែល​ត្រូវ​បាន​ស្នើ​ដោយ​សមា​​ជិក​សភា​លោក Ted Yoho និង​គាំទ្រ​ដោយ​សមាជិក​សភា​មួយ​ចំនួន​ទៀត។ ច្បាប់​នេះ​ មា​ន​​គោល​បំណង​ដាក់​ទណ្ឌក​ម្ម​ក្នុ​ង​រូបភាព​បង្កក​ទ្រព្យ​សម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការចំពោះ​មន្ត្រី​កម្ពុ​ជា ដែល​អាមេរិក​មើល​ឃើញ​ថា​ បា​ន​ធ្វើ​ឬ​ចូល​រួម​ធ្វើ​ឲ្យ​ខូច​យ៉ា​ង​​ធ្ងន់​ធ្ងរ​​លទ្ធិ​ប្រជាធិបតេយ្យ និង​​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក Bradley Jensen Murg សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​​សាស្ត្រ​នយោបាយ ​និង​ការ​សិក្សា​​អាស៊ី នៅ​សាកល​វិទ្យាល័យ​ Seattle Pacific បាន​ចោទ​ជា​សំណួរ​ថា តើ​សេចក្តី​ព្រាង​ច្បា​ប់​នេះ​ អាច​ឈាន​ដល់​ការិយាល័យ​ប្រធានា​ធិបតី​អាមេរិក​យ៉ាងណា។

លោក​ថ្លែង​តាម​រយៈ​អីុមែល​ កាល​ពី​ម្សិល​មិញ​ថា៖ «ខ្ញុំ​គិត​ថា សំណួរ​ដែល​ធំ​ជាង​នេះ​គឺ​ថា តើ​សេចក្តី​ព្រាង​ច្បាប់​នេះ​​ ទី​បញ្ចប់​នឹង​ត្រូវបាន​អនុ​ម័​ត​ឬ​អត់ បើ​គិត​លើ​ច្បាប់​ប្រហាក់​ប្រហែល​គ្នា​ដែល​ត្រូវ​បាន​អនុ​ម័​ត​ ដោយ​សភា​កាល​ពី​មុន ហើយ​ច្បាប់​ទាំង​នោះ​​ក្រោយ​មក​ បា​ន​ស្លាប់​នៅ​ដំណាក់​កាល​ព្រឹទ្ធសភា»។

លោក​និយាយ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ ព្រឹទ្ធ​ស​​ភា​អាមេរិក​ កំពុង​ស្ថិត​នៅ​ក្នុង​វិស្សមកាល​រដូវ​ក្ដៅ ដែល​មាន​ន័យ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ ​នឹង​មិន​មាន​ការ​វិវឌ្ឍទៅ​មុខ​លឿន​ទេ។ លោក​បន្ត​​ថា ​សេច​​ក្តី​​​ព្រាង​ច្បាប់​នេះ ​នឹង​ត្រូវ​ឆ្លង​កាត់​គណៈ​កម្មការ​ព្រឹទ្ធសភា ដែល​ពាក់​ព័ន្ធហើយ​ក៏​មិន​ធានា​ថា ​វា​​​នឹង​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដា​ក់ ឬ​បោះ​ឆ្នោត​គាំទ្រ​ នៅ​ដំណាក់​កាល​គណៈកម្មការ​នោះ​ដែរ កុំ​ថា​ឡើយ​នៅ​ដំណាក់​កាល​សភា​ទាំងមូល។

លោក​បានថ្លែង​ថា៖ «បន្ទាប់​មក​ បើ​សិន​ជា​ព្រឹទ្ធ​​សភា​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​នេះ​វា​ត្រូវ​ឆ្លង​កាត់​គណៈក​ម្ម​ការ​ចំពោះ​កិច្ច​ ហើយ​ត្រូវ​បោះ​ឆ្នោត​ម្ដង​ទៀតនៅ​សភា​តំណាង​រា​ស្ត្រ និង​នៅ​ព្រឹទ្ធសភា។ ទី​បញ្ចប់​ថា​ តើ​វា​បាន​ទៅ​ដល់​ប្រធានា​​ធិបតី​ឬ​អត់ ដែល​គាត់​បដិសេធ​ច្បាប់​នេះ​ចោល»។

លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជានិយាយ​ថា ​លោក​មិន​រំពឹង​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះនឹង​ត្រូវ​បាន​អនុ​​ម័ត​ដោយ​ស្រួលៗ​នោះទេ។ លោ​ក​យល់​ថា​ព្រឹត្តិការណ៍​នៃ​ការ​​អនុម័ត​ នៅសភា​តំណាង​រា​ស្ត្រ​ ដោយ​សារ​​តែ​សហរដ្ឋ​អាមេរិក ​ខិតជិត​ដល់​ពេល​បោះ​ឆ្នោត ជា​ពេល​ដែល​ត្រូវ​ធ្វើការ​ទាក់ទាញ​ការ​គាំទ្រ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា អ៊ីចឹង ព្រោះ​ពេល​បោះ​ឆ្នោត​ជិត​មក​ដល់ ពួ​កគាត់​ត្រូវ​មាន​សកម្មភាព​ប្លែកៗ។ នៅ​ទី​បញ្ចប់ខ្ញុំ​មិន​ជឿ​ថា​ ច្បាប់​នេះ​នឹ​ង​ត្រូវ​អនុម័ត​ទេ សូម្បី​តែ​ជញ្ជាំង​ការពារ​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ក៏​សាង​សង់​មិន​បាន​ផងក្រោ​យ​​ពេល​មិន​អាច​សុំ​ការ​គាំទ្រ​បាន​»​។

លោក​ សុខ​ ទូច ក៏​បាន​ចោទ​ជា​​សំណួរ​ថា ប្រ​សិន​បើ​ច្បាប់​នេះ​ ចូលជា​ធរមានហើយ​ត្រូវ​អនុវ​ត្ត​​នៅ​អាមេរិក​នោះ តើ​មន្ត្រី​កម្ពុជា​ណា​ខ្លះ​ ដែល​មាន​ទ្រព្យសម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក?។

កាល​ពី​ថ្ងៃ​អង្គារ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះដោយ​បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ហើយ​បា​ន​ហៅ​ការ​សំអាង​នានា​​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា គ្មាន​មូល​ដ្ឋា​ន ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា និង​​ផ្អែក​លើ​ព័ត៌មាន​ចាស់​ហួស​សម័យ។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​នៅ​អាស៊ីក្រសួង​ការបរទេ​ស​កម្ពុជា​​បាន​វាយ​បក​ថា ការ​កាន់​អំណាច​យូរ​នោះ​ពុំ​មែន​មាន​ន័​យ​ថា ​គ្មាន​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​​បទ​ល្មើស​នោះ​ដែរ ពីព្រោះ​លោក​ ហ៊ុន សែន បាន​កាន់​អំណាច​ដោយ​ការ​បោះឆ្នោត។

ទោះ​យ៉ាង​ណា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ បាន​ចាត់​ទុក​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បា​ប់​នេះ​ថា ដើរ​ផ្ទុយ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដែល​ប្រទេស​ទាំង​ ២ កំពុ​ង​​ប្រកាន់​យក ក្នុង​ការ​លើ​កកម្ពស់​ភាព​ជា​ដៃ​គូ​គ្រប់​វិស័យ ដោយ​ផ្អែក​លើ​ប្រយោជន៍​រួម និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក។

ក្រ​សួ​ង​​​ការ​បរទេស​បញ្ជាក់​ថា៖ «ថ្វី​បើ​មាន​សម្ពាធ​ដ៏​អយុត្តិធម៌​ និង​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភា​គី​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ក្ដី ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជ្រើស​រើស​យក​អភិក្រម​វិជ្ជមាន​ ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់ និង​ការ​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​កា​រ​ ជាមួយ​សហរដ្ឋ​អាមេរិក ​លើ​វិស័​យ​ជា​ច្រើន ដូច​ជា​បេសក​ក​ម្ម​មនុស្ស​ធម៌ «ស្ដង់​ដាមាស» MIA/POW កម្មវិធី​មាតុភូមិ​និវត្តន៍​យ៉ាង​សកម្ម ការ​ចាប់​ផ្ដើ​ម​ឡើង​វិញ​ នូវ​កិច្ច​សន្ទនាយោធា ការ​គាំទ្រ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ Pea​​ce Corps និង​ការ​ប្រយុទ្ធ​រួម​គ្នា​យ៉ាង​សកម្ម​ប្រឆាំង​នឹង​ការ​ប្រឈម​ផ្នែក​សន្តិសុខ​មិន​ប្រពៃណី»។

ទោះ​យ៉ាង​ណា​ លោក Bradley Jensen Murg ថ្លែង​ថា ប្រ​សិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ នៅទី​បញ្ចប់​ត្រូវបាន​អនុម័ត​ជា​ផ្លូវ​ការវា​នឹង​មាន​ផល​អវិជ្ជ​​មាន​ខ្លាំង​​សម្រាប់​អនាគត​ទំនា​ក់​​​ទំនង​អាមេរិក​ និង​កម្ពុជា គឺ​អាច​នាំ​ដល់​ការ​ធ្លុះ​ធ្លាយ​ ជា​អាចិ​​​ន្រៃយ៍។ លោក​ថ្លែង​ថា សំណួរ​អំពី​ទំនាក់​ទំនង​អាមេរិក ​នឹង​កម្ពុជា​ ត្រូ​វបាន​មើល​ឃើញ​កាន់​តែ​ច្រើន​ក្នុង​រង្វង់​នៃ​គោល​នយោបាយ​របស់​ទីក្រុង​វ៉ាស៊ីន​​តោន នៅ​ក្រោម​រូបភាព​ទំនាក់​ទំនង​អាមេរិក​ និង​ចិន។

សេចក្តីព្រាង​ច្បាប់​នេះ​ទទួ​ល​​​បាន​ការ​គាំទ្រពី​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​មើល​ឃើញ​កម្ពុ​ជា​​ថា​ជា​​អាណានិគមចិន។ លោ​ក​ថា​ ហេតុ​ដូច្នេះ​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​សាបនៅ​ត្រឹម​ព្រឹទ្ធសភា​ប្រសិន​បើ​កម្ពុជា​អាច​បង្ហាញ​ឯករាជ្យ​របស់​ខ្លួន​ពី​ចិន៕