ភ្នំពេញៈ អ្នក​វិភាគ​និយាយ​ថា ចិន​អាច​ជួយ​កម្ពុជា​បាន ​ក្នុង​ករណី​មានការ​ព្យួរ​​ប្រ​ព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ដោយ​សហភាព​អឺរ៉ុប ប៉ុន្តែ​​អាច​ជួយ​បាន​ក្នុង​កម្រិត​ណា​នោះ​ នៅ​តែ​ជា​សំណួរ​នៅ​ឡើយ។

លោក វ៉ាន់ ហ៊ូនីង សមា​ជិក​គណៈ​អចិន្រៃ្តយ៍នៃ​ការិយា​​​ល័​យ​​នយោ​បាយនិងជា​លេ​ខាធិការ នៃ​លេខា​ធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​ បាន​ថ្លែង​ប្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពីថ្ងៃ​សៅរ៍​ថា ចិន​នឹង​ជួយ​ដល់​កម្ពុជា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា​ រួម​ទាំង​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ដក​​ប្រព័​ន្ធ​​​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន​ថ្លែង​ប្រាប់ទីភ្នាក់​ងារ​ AKP កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ឯក​ឧត្តម ​បាន​គូស​បញ្ជាក់​បន្ថែម​ថា ភាគី​ចិន​បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ដក ​EBA​ របស់​សហភាព​អឺរ៉ុប​ពី​ប្រទេស កម្ពុជា ​តែ​មិន​មាន​ការ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទេ ហើយ​ចិន​នឹង​រិះ​រក​វិធី​ផ្សេងៗ​​​ជួយ​ដល់​កម្ពុជា»។

ការ​ប្ដេជ្ញា​ជួយ​ដល់​កម្ពុជា​ពី​ភាគី​ចិន ធ្វើ​ឡើង​ក្នុង​ពេល​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ចូល​រួម​វេទិកា​ «ខ្សែ​ក្រវាត់ ​និង​ផ្លូវ» លើក​ទី​២ នៅទីក្រុង​ប៉េកាំង​ ប្រទេស​ ចិន រយៈពេល ៥ ថ្ងៃ។

កាល​ពី​ខែ​កុម្ភៈ សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​បាន​ចាប់​ផ្ដើមជា​ផ្លូវ​ការ​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​លើក​ឡើង​ពី​ហេតុ​ផលថា​ មានការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

សហភាព​អឺរ៉ុប​បញ្ជាក់​ថា ការ​នាំ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​អឺ​រ៉ុប លើ​ផលិត​ផល​ស្បែក​ជើង អាហារ​ត្រៀម និង​អង្ករ កង់មាន​ទំហំ​ ៩៧ ​ភាគ​រយ ​នៃ​ការ​នាំ​ចេញ​ទាំង​អស់​ទៅ​កា​ន់​ទីផ្សារ​អឺរ៉ុប​នៅឆ្នាំ​ ២០១​៨។ ក្នុង​ចំនួន​នេះទឹក​ប្រាក់​ប្រមា​ណ​ ៥,៤៧ ​ពាន់​លាន​ដុល្លារ ឬ​ស្មើ​នឹង​ ៩៩ ​ភាគ​រយ​ នៃ​ការ​នាំ​ចេញ​ខាង​លើ ស្ថិត​នៅក្នុង​​ក្រប​ខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

ក្នុង​ពេល​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ចិន លី កេឈាង កាល​ពី​​ថ្ងៃ​សៅរ៍ លោក ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​ជួយ​ដល់​កម្ពុជា​ពាក់​ព័ន្ធ​នឹង​ការ​ដក​ EBA។

លោក​បាន​ស្នើ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ចិន​ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​ មក​ធ្វើ​វិនិយោគ​ទុន​​នៅកម្ពុជា និង​បើក​ទីផ្សារ​ចិន​ ដើម្បី​ទទួល​យក​ផលិត​​ផល​ពី​កម្ពុជា​កាន់តែ​ច្រើន។ សំណើសុំ​នេះ​ត្រូវ​បាន​នាយក​រដ្ឋ​មន្ត្រី​ចិន​ថា លោក​នឹង​ពិនិត្យ​​លើ​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​សរសេរ​កាល​ពីថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា៖ «សម្ដេច​ ហ៊ុន សែន នឹង​បន្ត​ធ្វើ​កំណែ​ទម្រង់​ខាង​ក្នុង​កាន់​តែស៊ី​ជម្រៅ​ ដើម្បី​ពន្លឿន​សេដ្ឋកិច្ច​កម្ពុជា»។

លោក ហ៊ុន សែន ក៏​បាន​ស្នើ​ដល់​ភាគី​ចិន​ ឲ្យ​ជួយ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ជាពិសេស​លើ​វិស័យ​ទឹក​ស្អាត និង​ការ​អភិវឌ្ឍ​ជនបទ ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​នេះ​ក្លាយ​ជា​ «គំរូ​នៃ​គំនិ​ត​ផ្ដួច​ផ្ដើម​ខ្សែក្រវាត់ ​និង​ផ្លូវ»។

ហ្វេសប៊ុក​របស់​លោក​នាយ​ករដ្ឋ​មន្ត្រី​ បាន​សរសេរបន្ថែម​ថា៖ «ឯកឧត្តម (លី កេឈាង) បន្តថា ចិន​មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការ​ជួយ​ដល់​ប្រទេ​ស ​កម្ពុជា ពិសេស​ពាក់​ព័ន្ធ​ទៅ​នឹង​ក្រុម​ហ៊ុន​ចិន​ ដែល​កំពុង​ធ្វើ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​នៅ​កម្ពុជា។ រដ្ឋាភិ​​បាល​ចិន នឹង​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​​ហ៊ុន​ទាំង​នោះ​បង្កើន​ខ្សែ​ចង្វា​ក់​​​​ផលិត​បន្ថែម​ទៀត​នៅ​កម្ពុជា​។ ឯក​ឧត្តម​មាន​ប្រសាសន៍​សង្ក​ត់​​​ធ្ងន់​ថា បើ​ទោះ​បី​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ​ គឺ​មិន​អាច​បំបែក​ចំណង​មិត្ត​ភាព​ដ៏​រឹង​មាំ​ រវាង​ចិន​និង​កម្ពុជា​បាន​ឡើយ​ហើ​យ​​ចិន​ បន្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​ផ្នែក​ទាំង​អស់»។

លោក មាស នី អ្នក​វិភាគ​នយោបាយ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ជា​ទូទៅទំនាក់​ទំង​រវាង​រដ្ឋាភិបាល​ចិន-កម្ពុជា លើក​នេះ​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​ស្អិត​រមួត ហើយ​មានការ​ប្តេជ្ញាចិត្ត​រឹង​មាំ​ជាង​ពេល​មុនៗ​។ ​ទាំង​កម្ពុជា​ និង​ចិន​ហាក់​ដូច​ជា​បាន​ទទួល​យក​គ្នា​ធ្វើ​ជាដៃគូ​សម្រាប់​ពេល​ខាង​មុខ​ច្បាស់​លាស់​ជាង​ពេល​មុនៗ​ទៅ​លើ​ទាំង ផ្នែក​នយោ​បាយ​ និង​សេដ្ឋកិច្ច។

ជំនួប​រវាង​មេដឹកនាំ​កម្ពុជា និង​មេ​ដឹក​នាំ​ចិន នៅ​ប្រទេស​ចិន​។ SPM

លោកស្រី Kohe Hasan អ្នក​ជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ ​នៃ​ក្រុមហ៊ុន Reed Smith ក្នុង​ប្រទេស​ សិង្ហ​បុរី​ ដែល​មាន​បទពិសោធលើ​ទីផ្សារ​ថ្មី​ ដូច​ជា​ប្រទេស​ កម្ពុជា​ និង​ស្រីលង្កា បាន​​ថ្លែង​ថា ទីផ្សារ​អឺរ៉ុប​ជា​ទីផ្សា​រ​​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់​ ៥,៨​ ពាន់​លាន​ដុល្លារ​ ក្នុង ១ ឆ្នាំ។​

លោក​ស្រី​ថ្លែង​ថា ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ឲ្យ​នៅតូច​បំផុតកើត​ចេញ​ពី​ការដក​ EBA​ កម្ពុជា​ត្រូវ​កំណត់​ទីផ្សារ​ថ្មី ឬ​ត្រូវ​ពង្រីក​ទីផ្សារ​ដែល​មាន​ស្រាប់​នោះ​ឲ្យ​កាន់​តែ​ធំ​សម្រា​ប់​​ទំនិញ​នាំ​ចេញ​របស់​ខ្លួន។

លោក​​ស្រី​ថ្លែង​ថា៖ «អាស៊ាន​ និង​ចិន​ជា​ឧទាហរណ៍​នៃ​ទីផ្សារ​​ទាំង​នោះ ដែល​ផលិត​ផល​កម្ពុ​ជា​ដូច​ជា​ផលិត​ផល​​កសិក​ម្ម​អាច​នាំ​ចេញ​ទៅ​ទី​នោះ។ ខ្ញុំ​កត់​សម្គាល់​ឃើញ​ផង​ដែរ​ថា ការ​ជំរុញ​ដែល​កើត​ចេញ​ពី​ការគំរាម​ដក EBA ធ្វើ​ឲ្យ​មាន​ការប្រកាស​អំពី​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ជា​ច្រើន​​។ កំណែ​ទម្រង់​នេះ ​ប្រ​សិន​ធ្វើ​ដោយ​ពេញ​លេញ ហើយ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ល្អ​ប្រសើ​រនោះ នឹង​មាន​អត្ថប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​កម្ពុជាក្នុង​រយៈពេល​វែង»។

ទោះ​យ៉ាង​ណា​លោកស្រី​បន្ត​ថា ក្នុង​ចរន្ត​ដូច​គ្នា​នេះ ប្រទេស​ កម្ពុជា ​គួរ​តែ​ស្វែង​រក​ធុរកិច្ច​ចិន​ ដូច​ជា ​ក្រុម​ហ៊ុន​​ផលិត​កង់​ ឬ​ម៉ូតូ ហើយ​ផ្ទេរ​ក្រុមហ៊ុន​​បង្គំ​ទាំង​នោះ​ មក​ប្រទេស​ កម្ពុជា ដែល​មាន​តម្លៃ​ផលិតកម្ម​ទាបជា​ង​ប្រទេស ​ចិន​ឆ្ងាយ។

លោក​ស្រី​ថ្លែង​ថា៖ «ធ្វើ​ដូច្នេះ កម្មករ​កម្ពុជា​ មាន​លទ្ធភាព​ពង្រីក​ជំនាញ​របស់​ខ្លួន​ ហើយ​​ចាក​ចេញ​ពី​ឧស្សាហកម្ម​ដែល​ចង្អៀត​និង​ទាមទារ​ជំនាញ​ទាប ដូច​ជា​វិស័យ​កាត់​ដេរ និង​ផលិតកម្ម​ស្បែកជើង»។

លោក កាំង ម៉ូនីកា អគ្គលេ​ខា​​​ធិការ​រង នៃ​សមាគមរោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា GMAC បាន​ថ្លែង​ថា ប្រទេស ចិន​ អាច​ជួយ​កម្ពុជា​បាន​ នៅ​ក្រោយ​ ការ​ដក​ EBA​ ប៉ុន្តែ​ជួយ​បាន​ក្នុង​កម្រិត​ណា​នោះ វា​នៅ​តែ​ជា​សំណួរ​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ខ្លាច​ថា សមត្ថភាព​ជួយ​នោះ​ មាន​កម្រិត​​ខ្លាំង បើ​យើង​និយា​យ​អំពី​ទីផ្សារ​ជំនួស។សហភាព​អឺរ៉ុប​ដែល​ជា​ប្លុក​មួយ​នោះ​ នៅ​តែ​ជា​ទីផ្សារ​ធំ​សម្រាប់​យើង ដូច្នេះ​អ្វី​ដែល​សំខាន់​បំផុត​នោះ ​គឺ​ត្រូវ​រក្សា​វា​ឲ្យ​បាន ហើយ​ GMAC កំពុង​ដើរ​តួនាទី​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​ឲ្យប្រធាន​គណៈ​កម្មការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ ពិចារណា​ករណី​នេះ​ឲ្យ​បាន​ដិតដល់ ដោយផ្អែក​លើ​​ភាពប្រសើ​រឡើង ​នៃ​សិទ្ធិ​ការងារ និង​លក្ខខណ្ឌ​ការងារ»។

លោក​ថ្លែង​បន្ត​ថា អ្វី​ដែល​សំខាន់​ដូច​គ្នា​នោះ​ គឺ​ស្ថិតនៅ​លើ​គោល​នយោបាយ​កំណែ​​ទម្រង់​ដែល​ត្រូវ​​ធ្វើ​ឲ្យ​ចេញ​ជា​រូប​រាង​ឡើង​ឲ្យ​បាន​ឆាប់​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កម្រិត​ខ្ពស់​នៃ​សេដ្ឋកិច្ច​កម្ពុជា ទោះ​បី​ជា​មាន​ ឬ​គ្មាន​ EBA។

អ្នក​វិភាគ​នយោបាយ​ លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា ចិន​មាន​សមត្ថភាព​ជួយ​ដោះ​ស្រា​យ​​បញ្ហា​កម្ពុជា​បាន។ «ប៉ុន្តែ​ឧស្សា​​ហកម្ម​ដែល​ពឹង​ផ្អែក​លើ​ EBA និង​ពលរដ្ឋ​ដែល​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​នេះ​ប្រហែល​មិន​ងាយ​ស្រួល​​នឹង​ទទួល​បាន​ការ​គាំទ្រ​ (របស់​ចិន​ទេ​)​​ យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល​ខ្លី ប្រ​សិនបើ​ EBA ត្រូវ​បាន​ដក»៕