សៀមរាបៈ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ​ (ICC-ANGKOR) ក្រុម​អ្នកស្រាវជ្រាវ​បង្ហាញ​ពី​ទម្រង់​កាយវិការ​ពិត​របស់​បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ​ជា​ផ្លូវការ​ថា​កាយវិការ​ពិត​របស់​ព្រះអង្គ​ស្ថិត​ក្នុង​ទម្រង់​លើក​ព្រះហស្ដ​ប្រណម​ត្រឹម​ដើមទ្រូង ខណៈ​មិនទាន់​មាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​ច្បាស់​នៅឡើយ ក្រោយ​មានការ​សន្និដ្ឋាន​ខុសគ្នា​ពី​ទម្រង់​កាយវិការ​នៃ​បដិមា​ ១ ​នេះ បន្ទាប់ពី​បាន​រកឃើញ​ដោយ​អ្នកស្រាវជ្រាវ​បារាំង​ដែល​មាន​តែ​ដងខ្លួន និង​ព្រះហត្ថ​ទាំងសងខាង​កំបុត​នោះ​។

គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​កិច្ចគាំពារ​ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា អាយស៊ីស៊ី-អង្គរ​បានរៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​ ៣៣ ​និង​ពេញ​អង្គ​លើក​ទី​ ២៦ រយៈពេល​ ២ ​ថ្ងៃ​នា​ថ្ងៃទី​ ១០-១១ ខែ​ធ្នូ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ខេត្តសៀមរាប ដែល​មាន​អ្នកចូលរួម​ជាង​ ៣០០ ​នាក់​។

ក្នុង​កិច្ចពិភាក្សា​ និង​ការធ្វើ​បទបង្ហាញ​កាលពី​រសៀល​ថ្ងៃ​អង្គារ ក្រុម​ការងារ​ចម្រុះ​មកពី​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា លោក​ ជាវ ប៊ុនថង និង​លោក Eric Bourdonneau បាន​បង្ហាញ​ថា កាយវិការ​ពិត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ គឺ​ស្ថិត​ក្នុង​ទម្រង់​លើកដៃ​ប្រណម​ត្រឹម​ដើមទ្រូង​។

ការប្រកាស​ពី​ការរកឃើញ​នេះ ព្រោះ​កន្លង​ទៅ​មាន​ចម្ងល់​ជា​យូរមក​ហើយ​ទាក់ទង​នឹង​ទម្រង់​កាយវិការ​ពិត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ដោយ​អ្នក​ស្រាវជ្រាវ​ខ្លះ​យល់​ថា ព្រះអង្គ​មាន​កាយវិការ​សមាធិ ឯ​ខ្លះ​ទៀតថា​ព្រះអង្គ លើក​ព្រះហស្ត​ប្រណម ប៉ុន្តែ​ពុំទាន់​មាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​ច្បាស់​តាមរយៈ​ការសន្និដ្ឋាន​របស់​មតិ​នីមួយៗ​នៅឡើយ​ទេ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ថា​៖ «​ចំពោះ​ការអះអាង​បែប​នេះ​ក្រុម​ការងារ​ចម្រុះ​បាន​បង្ហាញ​ភ័ស្តុតាង​ជាច្រើន​ទាក់ទង​នឹង​ការសិក្សា​ស្រាវជ្រាវ​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថត​ស្គែន​វិភាគ​បែប​វិទ្យាសាស្ត្រ​ទៅលើ​ទំហំ និង​ការ​ផ្គុំ​បំណែក​ព្រះហត្ថ​ដែល​រក្សាទុក​នៅ​អភិរក្សដ្ឋាន​អង្គរ​ទៅនឹង​ដងខ្លួន​នៃ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​​ ៧ ​ពិតជា​ត្រូវ​គ្នា​គ្រប់​ជ្រុងជ្រោយ​ត្រង់​ចំណុច​ដែល​តភ្ជាប់​គ្នា​»​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា ការរកឃើញ​នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​កើតចេញ​ពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​អ្នកជំនាញ​បារាំង​ និង​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ស្រាយ​បំភ្លឺ​នូវ​ចម្ងល់​ និង​ភាព​ប្រទាំង​ប្រទើស​គ្នា​លើ​ការយល់​ឃើញ​ផ្សេងគ្នា​ឱ្យ​ងាក​មក​ស្របគ្នា​បាន​។

លោក សុខ កែវសុវណ្ណារ៉ា បុរាណ​វិទូ​នៃ​វិទ្យាស្ថាន​ណារ៉ា និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១១ ខែ​ធ្នូ ថា​វា​ជា​ការល្អ​ដែល​មាន​ការបង្ហាញ​យ៉ាងច្បាស់​ចំពោះ​បដិមា​នេះ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ដល់​ក្មេង​ជំនាន់ក្រោយ​។

លោក​បន្តថា ជាយូរ​ឆ្នាំ​មកហើយ​បដិមា​ដែល​រកឃើញ និង​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​ដែល​មានតែ​ដងខ្លួន និង​មាន​ព្រះភ្នែន មិនទាន់​មានការ​បញ្ជាក់​ពី​ទម្រង់​ជាក់លាក់ ព្រោះ​តែ​ដៃ​ទាំង​សងខាង​បាន​បាក់ និង​បាត់​។ បន្ទាប់ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការរកឃើញ​ដៃ​ទាំងនេះ ទើប​មាន​ការស្រាវជ្រាវ​។

លោក​បញ្ជាក់ថា​៖ «​ដំបូង​ហ្នឹង យើង​មិន​បាន​ដឹងថា ដៃ​ហ្នឹង​ជា​របស់​បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​ ៧ ​ទេ​។ ប៉ុន្តែ​នៅពេល​ដែល​យើង​យកមក​រក្សាទុក​នៅ​អភិរក្ស​អង្គរ​ទៅ​គឺ​យើង​បានដឹងថា នេះ​គឺជា​ដៃ​ពិត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧​។ ការរកឃើញ​ដៃ​នេះ​ពីដំបូង​គឺ​យើង​មិនបាន​ធ្វើការ​ផ្សព្វផ្សាយ​ទេ ដោយសារ​តែ​មិនទាន់​មាន​គម្រោង​ជួសជុល និង​ផ្គុំដៃ​នេះ​ឡើងវិញ​»​។

លោក​លើកឡើង​ទៀត​ថា​ការបញ្ជាក់​កាន់តែ​ច្បាស់ ចំពោះ​កាយវិការ​ពិត​នេះ​ក៏​ព្រោះ​តែ​រូប​ព្រះអង្គ​លើកដៃ​ប្រណម​មិន​មាន​ឃើញ​ស្នាម​ដៃ​នៅលើ​ភ្នែន ហើយ​ដៃ​ដែល​រកឃើញ​ត្រូវ​បាន​ធ្វើការ​ប្រៀបធៀប​ត្រឹមត្រូវ ដោយ​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​យ៉ាងច្បាស់​ថា បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ មាន​កាយវិការ​ពិតជា​ការ​ប្រណម​បែបនេះ​។

លោក​បន្ថែមថា​៖ «​នឹង​ធ្វើឲ្យ​យើង​បានដឹង​យ៉ាងច្បាស់​ពី​ទម្រង់​ដើម​នៃ​បដិមា ដែល​តែងតែ​មាន​ការសង្ស័យ និង​ការសន្និដ្ឋាន​ផ្ទុយគ្នា​។ ម្យ៉ាង​ការមិន​ស្គាល់​ទម្រង់​ដើម​នេះ​ក៏​នាំ​ឲ្យ​ការសាងសង់​តាម​គំរូ​ដើម​នេះ មិន​ហ៊ាន​បន្ថែម​ចំណុច​បាត់បង់​នៃ​បដិមា​ទាល់តែ​សោះ​ព្រោះ​អាច​ខុស​នឹង​ច្បាប់​ស្តីពី​បេតិកភណ្ឌ​ជាតិ​។ តែ​នៅពេល​រកឃើញ​បែប​នេះ​គឺ​បើកឱកាស​ឲ្យ​ការសាងសង់​ក្រោយ​យក​គំរូ​តាម​បដិមា​ជា​កាយវិការ​ប្រណម​ និង​ត្រឹមត្រូវ​»​។

យ៉ាងណា​ក៏ដោយ​បុរាណ​វិទូ​រូបនេះ​អះអាង​បន្ថែមថា បើទោះ​ជា​មាន​ការរកឃើញ​ច្បាស់​ពី​កាយវិការ​ពិត​នៃ​បដិមា​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ដែល​មានតែ​ដងខ្លួន ព្រះសិរ ឆែប​បន្តិច និង​ព្រះហត្ថ​ទាំងសងខាង​កំបុត​នេះ​ក៏ដោយ សម្រាប់​លោក​ក៏បាន​ប្រទះឃើញ​រូប​បដិមា​ប្រភេទ​នេះដែល​អាច​នឹង​មាន​ទម្រង់​ជា​កាយវិការ​សមាធិ ដែល​រំពឹង​ថា​នឹង​មាន​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​។

លោក​អះអាងថា​៖ «​ខ្ញុំ​មាន​រូប​មួយទៀត​សម្រាប់​បង្ហាញ​ដែល​គាត់​មាន​កាយវិការ​មួយ​ទៀត​ក្នុង​ទម្រង់​សមាធិ​។ បដិមា​នេះ​ប្រហែល​គ្មាន​អ្នក​ណាមួយ​យកចិត្ត​ទុកដាក់​នោះ​ទេ ដោយ​រាល់ថ្ងៃ​នេះ​គឺ​មានតែ​ដងខ្លួន​ទេ ហើយ​នៅក្នុង​ប្រាសាទ​អង្គរវត្ត​តែម្តង​។ បើ​ខ្ញុំ​សិក្សា​ពី​លក្ខណៈ​ព្រះភ្នែន ពី​សម្លៀកបំពាក់​របស់​គាត់ ខោខ្លី ឬ​សំពត់​ខ្លី​របស់​គាត់​គឺ​រូប​ជ័យវរ្ម័ន​ទី​ ៧ ហ្នឹង​គឺជា​បដិមា​មាន​ទម្រង់​សមាធិ​»​។

ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ ២ ​ថ្ងៃនេះ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ក៏បាន​បង្កោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ដែរ​ថា សារមន្ទីរ​ជាតិ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សារមន្ទីរ​សិល្បៈ អាស៊ីហ្គីម៉េត៍​ (Arts asiatiquis Guimet) ​បារាំង មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ជួសជុល​សារមន្ទីរ​បារាំង និង​សាលា​បារាំង​ចុង​បូព៌ា ដើម្បី​រៀបចំ ពិព័រណ៍​ដ៏ធំ​មួយ​ផ្តោតលើ​បដិមា​សំរឹទ្ធ​នានា​របស់​ខ្មែរ​ដោយ​មាន​ការដាក់តាំង​បដិមា​ព្រះវិស្ណុ​ផ្ទុំ​ដ៏ធំ​នៃ​សារមន្ទីរជាតិ​កម្ពុជា​ផងដែរ​។

ស្ថានទូត​បារាំង​អះអាង​ថា​៖ «​កិច្ចសហប្រតិបត្តិការ​រវាង​បារាំង​ និង​កម្ពុជា​ដែល​ត្រូវ​បាន​លើក​ឡើង ជាពិសេស​ក្នុង​អំឡុង​កិច្ចប្រជុំ​ទាំង​ ២ ​ខាងលើ​បាន​ជួយ​បកស្រាយ​ចម្ងល់​ទាក់ទង​នឹង​ព្រះហត្ថ​បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ​ដ៏ល្បីល្បាញ​។ តាមរយៈ​ការងារ​របស់​អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុងបូព៌ា នៅពេល​នេះ​គេ​អាច​ដឹង​បាន​ថា បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ​មាន​ព្រះហស្ដ​ប្រណម​ត្រឹម​ដើមទ្រូង​»៕