ក្រចេះ: ក្រុមអ្នកស្រាវជ្រាវ​ប្រវត្តិសាស្ដ្រ​ បាន​រកឃើញ​លិង្គ​ព្រះឥសូរ​អត់​ក្បាល​ និង​ចាត់ទុកថា​ គឺជា​លិង្គ​ចម្លែក​ស្ថិត​​នៅលើ​គ្រឹះ​ប្រាសាទ​បុរាណ​​បាក់បែក​មួយ ​ក្នុងភូមិ​អូរ​ក្រសាំង​ ឃុំ​បឹង​ចារ ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ ​ដែលជា​អតីត​ដែនដី​របស់​ទីក្រុង​សម្ភុបុរៈ នា​សម័យ​ចេនឡា។

លោក ធុ​យ ចាន់​ធួន​ អនុប្រធាន​សមាគម​អ្នកប្រវត្តិសាស្ដ្រ​កម្ពុជា​ និង​ជា​អនុប្រធាន​វិទ្យា​ស្ថាន​សិល្បៈ​ និង​វប្បធម៌​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ១៧​ ខែ ឧសភា​ ថា​ កាលពី​ថ្ងៃទី ១០​ ខែ ឧសភា​ ​លោក​បាន​ដឹកនាំ​សិក្ខាកាម​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ចុះទៅ​សិក្សា​នៅ​ទីក្រុង​បុរាណ​សម្ភុបុរៈ ​និង​បាន​រក​វត្ថុ​បុរាណ​ថ្មី​បន្ថែមទៀត​ ដែល​ពុំទាន់​មាន​អ្នក​រកឃើញ​នៅ​ឡើយ​ ក្នុងនោះ​ដូចជា​ រណ្ដៅ​ផ្ទាំង​ដាប់ថ្មបង្ហូរ​ទឹកមន្ត​ចេញពី​ប្រាសាទ​ចំនួន ២ ​បំណែក​មេ​ទ្វារ ​ទម្រ​ព្រះ​បែកបាក់​ជាច្រើន​ដុំ​ និង​លិង្គ​ព្រះឥសូរ​ចម្លែក​មួយ​ដែល​មាន​ប្រវែង​ ១ ម៉ែត្រ។

លោក ចាន់​ធួន បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី ១៩ ​ឧសភា​ ថា ​មូលហេតុ​ដែល​លោក​​សន្ម​តថា​ ជា​លិង្គ​ចម្លែក​ ដោយសារ​ជា​លិង្គ​គ្មាន​ក្បាល​និង​មិន​ធ្លាប់​បានឃើញ​កន្លង​មក​ឡើយ ​ព្រោះលិង្គ​នេះ​អាច​ត្រូវបាន​គេ​ធ្វើឡើង​ស្រោប​អំពី​មាស​ជាវ​ត្ថុ​ដ៏​មាន​តម្លៃ​នៅ​ក្បាល​លិង្គ ​និង​ត្រូវបាន​គេ​លួច​កាត់​យក​ ទើប​ធ្វើឱ្យ​លិង្គ​នោះ​ខុសពី​លិង្គ​ដទៃ​ដែលមាន​នៅ​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ នៅ​មណ្ឌល​អភិរក្ស​អង្គរ និង​តាម​សារមន្ទីរ​បុរាណ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថា​៖ «លិង្គ​ដែល​អត់​ក្បាល​ហ្នឹង​ណា៎ ​អ្នកជំនាញ​នៅ​តំបន់​អង្គរ​មួយចំនួន​ដែលជា​មិត្តភក្ដិ​បានផ្ដល់​ជា​យោបល់​មក​ខ្ញុំ​ថា ​អាហ្នឹង​ប្រាកដជា​ចម្លែក​ព្រោះ​ស្អី ​លិង្គ​ហ្នឹង​វា​អត់​មាន​ក្បាល ​ក្បាល​វា​អាច​គេ​ដាក់​លោហៈ ធាតុ​គ្រប​ពីលើ ​យើង​ឃើញ​លិង្គ​ពី​ដើម​គ្រប​មាស ប្រាក់ ​ឬក៏​សំរឹទ្ធ​ អ៊ីចឹង​ក្បាល​លិង្គ​ហ្នឹង​ប្រហែល​គ្រប​វត្ថុ​មានតម្លៃ​ទាំងអស់​ហ្នឹង ​ហើយ​ត្រូវ​ឈ្មួ​ញ​ជីក​យក​ទៅ។ គ្រប់​កន្លែង ​១០០%​ នៃ​ប្រា​សាទ​​ទាំងអស់ ​អ្វីដែល​ខ្ញុំ​រក​ឃើញ​ គឺ​សុទ្ធតែជា​ការ​បំផ្លាញ​របស់​មនុស្ស​ជីក​យក​គ្រឹះ​ទាំង​អស់ ​គឺ​ជីក​គ្រឹះ​ក្រោម​រក​មើល​កំណប់»។

លោក ចាន់​ធួន ​បន្ថែមថា ​កាលពី​ខែមីនា​កន្លង​ទៅ ​លោក​ក៏បាន​រកឃើញ​ប្រភេទ​លិង្គ​ចម្លែក​ចំនួន ​៣ ដុំ​ដែរ ​ដែល​ត្រូវ​បាន​គេ​ធ្វើឡើង​រាង​ប៉ុនៗ​គ្នា​នៅ​ក្បែរ​គ្នា​ដូច​ទៅ​នឹង​ជើង​ចង្ក្រាន។

អ្នកស្រាវជ្រាវ​វត្ថុ​បុរាណ​ប្រវត្តិសាស្ដ្រ​ ​ចាត់ទុក​លិង្គ​ចម្លែក​ទាំងនេះ ​ថា​ជាវ​ត្ថុ​មានតម្លៃ​សម្រាប់​ធ្វើជា​តឹកតាង​សម្រាប់​ប្រវត្តិសាស្ដ្រ​ជាតិ​ និង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស ​មន្ត្រី​វប្បធម៌ ​គួរ​ទៅយក​វត្ថុ​ទាំងនេះ​ ទៅ​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ។

លោក​បន្ថែម​ថា​៖ «ព្រោះ​ខ្ញុំ​អត់​មាន​លុយ​ទៅ​ដឹក​ទេ​ បើ​ខ្ញុំ​មាន​លុយ ខ្ញុំ​នឹង​ដឹក​មក​ជូន​ដល់​សារមន្ទីរ​ទៀត​ប្រសិនបើ​មាន។ ខ្ញុំ​សូម​អំពាវនាវ​អាជ្ញាធរ​ ជា​ពិសេស​មន្ទីរ​វប្បធម៌​ខេត្ត​ក្រចេះ ​ឃើញ​របាយការណ៍​រប​ស់​ខ្ញុំ​ហើយ ​ដឹង​ព័ត៌មាន​ពី​ខ្ញុំ​ហើយ ​សួរ​ខ្ញុំ​ឱ្យ​ច្បាស់​ថែមទៀត​ទៅ ហើយ​ទៅយក​របស់​ទាំង​ហ្នឹង​មក​តម្កល់​ទុក​ក្នុង​សារមន្ទីរ​ទៅ ដើម្បី​កុំឱ្យ​គេ​លួច ​ព្រោះ​បុរាណ​វត្ថុ​នេះ​គឺ​ថ្លៃ​ណាស់»។

លោក​ស្រី​ ហុក ផល្លីនី ​អនុ​​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ក្រចេះ​ ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ ម្សិលមិញថា​ នៅពេលចូល​ធ្វើ​ការងារ​វិញ​នៅ​ថ្ងៃនេះ​ លោក​ស្រី​នឹង​ប្រាប់​ដំណឹង​អំពី​ការរក​ឃើញ​លិង្គ​បុរាណ​ទាំងនេះ​ទៅ​ប្រធាន​មន្ទីរ​និង​មន្រ្តី​ជំនាញ​ ចុះទៅ​ដល់​ទីតាំង​ដើម្បី​នាំយក​វត្ថុ​បុរាណ​ទាំង​នោះ​មក​រក្សា​ទុក។

លោក​ស្រីបាន​ថ្លែង​ថា​៖ «ឱ្យតែ​ដឹង​ប្រ​ធាន​មន្ទីរ​គាត់​នឹងឱ្យ​មន្រ្តី​ជំនាញ​គាត់​ខាង​បេតិកភណ្ឌ​គេ​ចុះ​ទៅ»។

លោក​ ធុយ ចាន់​ធួន ​បាន​ដឹកនាំ​អ្នកប្រវត្តិសាស្ដ្រ​ចុះ​សិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ ២០១៥ ​នៅទីក្រុង​បុរាណ​ ប្រាសាទ​បុរាណ​ រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ដ្រ​ និង​ទីតាំង​បុរាណ​ស្ថាន​ដែលមាន​ទំនាក់ទំនង​ជាមួយ​អរិយធម៌​ចេនឡា។ កាលពី​ថ្ងៃ​ទី​ ៧ ​ខែ ឧសភា ​កន្លង​ទៅនេះ​ លោក​​អះអាង​ថា ​មាន​គ្រឹះ​ប្រាសាទ​បុរាណ​ជាង ១០០ ត្រូវបាន​គេ​សាង​សង់ឡើង​ក្នុង​ដែនដី​ទីក្រុង​សម្ភុ​បុរៈ​នា​សតវត្សរ៍​ទី ៦-៧ ​ហើយ​ពុំ​ធ្លាប់មាន​អ្នករកឃើញ​ពីមុន​មកឡើយ ​និង​ទើប​ត្រូវបាន​រកឃើញ​ជា​បន្តប​ន្ទាប់​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ។

លោក​ ចាន់​ធួន ​បញ្ជាក់ថា​ ការ​ចុះ​សិក្សា​រយៈពេល​កន្លងមក​នេះ ​គឺ​លោក​បាន​ប្រើប្រាស់​ថវិកា​ជា​ប្រាក់ខែ​ផ្ទាល់​ខ្លួន ​ដើម្បី​ចំណាយ​លើ​មធ្យោបាយ​ធ្វើ​ដំណើរការ​ស្នាក់នៅ ​និង​ការហូបចុក​ជាដើម ​ស្របពេល​បច្ចុប្បន្ននេះ ​លោក​បាន​អំពាវនាវ ដល់​​រដ្ឋាភិបាល​គួរ​មាន​មូលនិធិ​សម្រាប់​ជួយ​ដ​ល់​​ការងារ​ស្រាវជ្រាវ​ប្រវត្តិសាស្ដ្រ​នាពេល​ខាងមុខ៕