ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះជនជាប់ចោទម្នាក់ពាក់ព័ន្ធករណីកាប់ក្មេងប្រុសអាយុ ៩ ឆ្នាំ ម្នាក់ស្លាប់ នៅភូមិព្រែកស្មាច់ ឃុំ កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ប្រព្រឹត្តក្នុងឆ្នាំ ២០០៩ ខណៈសំណុំរឿងនេះត្រូវបានសាលាដំបូងខេត្តកោះកុងផ្តន្ទាទោសដាក់ពន្ធនាគារអស់ ១ ជីវិត។
លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានអានអង្គហេតុចំពោះមុខជនជាប់ចោទ ឈ្មោះ សុខ ផាន អាយុ ៥១ ឆ្នាំ ក្នុងបន្ទប់សវនាការថា សំណុំរឿងនេះ ជនជាប់ចោទបានបង្កជម្លោះជាមួយឪពុកក្មេងរងគ្រោះឈ្មោះ យឿន ពៅរតនៈ រឿងរកស៊ីឈើគ្រញូង ដោយសារខឹងឪពុកក្មេងរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនជាប់ចោទ។
លុះដល់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០០៩ ជនជាប់ចោទបានផឹកស្រាស្រវឹង ហើយបានលីកាំបិតផ្គាក់ ១ ដើរទៅរកឪពុកក្មេងរងគ្រោះ។ លុះដើរដល់សាលាបឋមសិក្សាភូមិព្រែកស្តេច ក៏បានជួបក្មេងរងគ្រោះ ឈ្មោះ យឿន ពៅរតនៈ អាយុ ៩ ឆ្នាំ ជាកូនរបស់ឈ្មោះ កូយ ដេត (ឪពុកក្មេងរងគ្រោះ) កំពុងលេងជាមួយក្មេងៗដទៃ ហើយជនជាប់ចោទបានចាប់ទាញកអាវក្មេងរងគ្រោះសួររកឪពុក។
លោកចៅក្រមបានបន្តថា ពេលនោះក្មេងរងគ្រោះបានឆ្លើយថាមិនដឹងទេ។ក្រោយឮក្មេងរងគ្រោះប្រាប់ដូច្នេះ ស្រាប់តែជនជាប់ចោទ ច្រានក្មេងរងគ្រោះដួលហើយកាប់នឹងកាំបិតផ្គាក់ចំបំពង់កនិងត្រូវចង្កេះ ១ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងរីឯជនជាប់ចោទបានរត់គេចខ្លួនបាត់។
លោកចៅក្រម បន្តថា ជនជាប់ចោទត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅខេត្តរតនគិរីកាលពីថ្ងៃ ២៨ វិច្ឆិកា ឆ្នាំ ២០១៨ ហើយបញ្ជូនទៅឲ្យអាជ្ញាធរខេត្តកោះកុងវិញ។
សំណុំរឿងនេះ ត្រូវបានសាលាដំបូងខេត្តកោះកុងផ្តន្ទាទោសដាក់ពន្ធនាគារអស់ ១ ជីវិត កាលពីថ្ងៃ ២៧ ធ្នូ ឆ្នាំ ២០១៨ ដោយចោទពីបទឃាតកម្មគិតទុកជាមុនតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ សុខ ផាន ប្រាប់ចៅក្រមពីម្សិលមិញថា គាត់ប្រើអំពើហិង្សាកាប់ក្មេងប្រុសឈ្មោះ យឿន ពៅរតនៈ នេះដោយសារតែមានគំនុំជាមួយនឹងឪពុកក្មេងរងគ្រោះក្នុងរឿងទំនាស់អារឈើគ្រញូង ហើយឪពុកក្មេងរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនគាត់២ដងហើយ។
ជនជាប់ចោទថា៖ «រឿងនេះ ដោយសារខ្ញុំខឹងឪពុកក្មេងនោះពេក ហើយគាប់ជួនខ្ញុំស្រវឹងស្រាទប់អារម្មណ៍មិនបានផងទើបកាប់ក្មេងរងគ្រោះទៅ។ខ្ញុំដឹងកំហុសហើយ ខ្ញុំសុំតុលាការបន្ថយទោសខ្ញុំផង»។
លោក ជុំ សែនសទ្ធា តំណាងមហាអយ្យការសន្និដ្ឋានថា ជនជាប់ចោទ បានសារភាពចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា គាត់ដឹងពីកំហុសរបស់គាត់។ប៉ុន្តែក្នុងអំពើមនុស្សឃាតនេះ ជនជាប់ចោទមានបំណងគិតទុកជាមុនរួចស្រេចទៅហើយ ដោយគាត់បានលីកាំបិតប៉ងកាប់សម្លាប់ជនជាឪពុករបស់ក្មេងរងគ្រោះ។
លោកថា៖ «ដូច្នេះ ការដែលតុលាការខេត្តកោះកុងផ្តន្ទាទោស ១ ជីវិតនេះមានលក្ខណៈត្រឹមត្រូវតាមច្បាប់ហើយ ហើយខ្ញុំសូមក្រុមប្រឹក្សាជំនុំជម្រះ តម្កល់សាលក្រមទុកជាបានការ»។
លោក នូ ចន្ថា មេធាវីការពារសិទ្ធិឲ្យជនចាប់ចោទសន្និដ្ឋានដែរថា កូនក្តីរបស់លោកបានសារភាពជូនតុលាការអស់ហើយ ហើយមូលហេតុដែលគាត់ប្តឹងទាស់ចូលសាលាឧទ្ធរណ៍នេះ ក៏ដោយសារគាត់ចង់ស្នើដល់សាលាឧទ្ធរណ៍សម្រាលទោសដល់គាត់។
លោកបន្តថា៖ «ដោយសារតែកូនក្តីខ្ញុំសារភាព ខ្ញុំសូមឲ្យតុលាការផ្តល់ស្ថានសម្រាលទោសដល់កូនក្តីខ្ញុំផង»។
ក្រោយពីជំនុំជម្រះចប់ លោក ចៅក្រម យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកាសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ៕