ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានប្រកាសសាលដីកាបន្ថយទោសដល់អតីតសកម្មជននៃអតីតបក្សសង្គ្រោះជាតិម្នាក់ពី ១ ឆ្នាំកន្លះមកអនុវត្តទោសត្រឹម ៨ ខែវិញ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៣ មករាពាក់ព័ន្ធបទញុះញង់ឲ្យមានអំពើឧក្រិដ្ឋជាអាទិ៍។
លោកស្រី ចៅក្រម ចាន់ ម៉ាឌីណា ថ្លែងពេលអានសាលដីកាកំបាំងមុខជនជាប់ចោទ ឈ្មោះ ម៉ៃ ហុងស្រៀង តែចំពោះមុខមេធាវីការពារសិទ្ធិថា ការបន្ថយទោសនេះ មកក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថា ជនជាប់ចោទបានទទួលកំហុស និងសុំបន្ថយទោស ហើយដោយសារគាត់មានជំងឺ។
លោកស្រីចៅក្រមបញ្ជាក់ថា៖ «អាស្រ័យដោយជនជាប់ចោទមានជំងឺ និងសន្យាថាពេលចេញពីពន្ធនាគារមិនធ្វើអ្វីឲ្យប៉ះពាល់ដល់សង្គមជាតិ។ ដូច្នេះតុលាការសម្រេចបន្ថយទោស ១០ ខែដល់ជនជាប់ចោទ»។
លោក កែត ឃី មេធាវី ការពារសិទ្ធិឲ្យលោក ម៉ៃ ហុង ស្រៀង ប្រាប់តាមទូរស័ព្ទថា ការដែលសាលាឧទ្ធរណ៍បន្ថយទោសពី ១៨ ខែមករា នៅត្រឹម ៨ ខែដល់កូនក្ដីលោកនេះគឺធ្វើឲ្យលោក និងកូនក្តីសប្បាយចិត្ត។ លោកថា កូនក្តីរបស់លោកទទួលស្គាល់កំហុស និងមានការសន្យាឈប់ធ្វើអ្វីឲ្យប៉ះពាល់ដល់សង្គមជាតិ។
លោកថ្លែងថា៖ «ខ្ញុំត្រេកអរចំពោះ ការបន្ថយទោសនេះ»។
លោក ម៉ៃ ហុងស្រៀង អាយុ ៣៨ ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធការបង្ហោះសាររិះគន់រាជរដ្ឋាភិបាលក្នុងខែឧសភាឆ្នាំមុន ប្រព្រឹត្តនៅខេត្តព្រះសីហនុ ហើយត្រូវបានចាប់ខ្លួននៅភ្នំពេញ បន្ទាប់ពីគាត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចខេត្តព្រះសីហនុ។ ប៉ុន្តែលោកថា គ្រាន់តែចែកចាយបន្ដទេ។
លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំមុនឲ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះតាមមាត្រា ៤៩៤ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដោយចោទពីបទញុះញង់ឲ្យមានអំពើឧក្រិដ្ឋជាអាទិ៍៕