មណ្ឌគិរីៈ មូលនិធិ​អភិរក្ស​និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ​(WW​F​​-Cambodia)​ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​​បាន​ដំ​ឡើង​ឧបករណ៍​​បច្ចេក​វិទ្យា​ថ្មី​មួយ ដែលមាន​ឈ្មោះ​ថា «Zero Mass Water» នៅក្នុងតំបន់​ដែន​ជម្រក​សត្វ​ព្រៃស្រែ​ពក ​ដើម្បី​​ទាញ​យក​ប្រភព​ទឹក​ពី​បរិយាកាស ​មក​ប្រើប្រាស់​ក្នុង​គ្រាមាន​ភាព​រាំង​ស្ងួត​។ នេះ​បើ​តាម​មន្ត្រី​ឧទ្យានុរក្ស​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។​

Zero Mass Water គឺ​ជា ​«ប្រព័ន្ធ​ផលិត​ទឹក ដែល​ប្រើប្រាស់​ដោយ​ពន្លឺ​ព្រះអាទិត្យ»។

ក្រុម​ជំនាញ​ការ​បច្ចេក​ទេស​​របស់​​ក្រុម​ហ៊ុន​អា​រីហ្សូណា ដែលបាន​បង្កើត​នូវ​ឧបករណ៍​បច្ចេក​វិទ្យា​នេះ​ឡើង​ កាលពី​ដើម​ឆ្នាំ​ ២០១៦ បាន​ឲ្យ​ដឹង​ថា​៖ «ទឹក​ដែល​​ផលិត​ចេញ​ពី​ប្រព័​ន្ធ​នេះ គឺជា​ទឹក​ស្អាតដែល​អាច​យក​មក​ប្រើប្រាស់ និង បរិភោគ​បាន​ប្រកប​ដោយ​សុវត្ថិភាព»។

លោក ប៉ែន ភត្រា នាយក​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក បាន​​ឲ្យ​ដឹង​​ថា ឧបករណ៍​​បច្ចេក​វិទ្យា​ថ្មី​នេះ ទើប​ត្រូវបាន​នាំយក​មក​ដំឡើង​សាក​ល្បង ​​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែពកនៃ​ប្រទេស កម្ពុជា​ ជាលើក​ដំបូង​ លើផ្ទៃដី​ប្រមាណ​ជាង ​១០ ម៉ែត្រ​ការ៉េ។

លោក​បានបញ្ជាក់​ថា​៖ «ក្រុម​ជំនាញ​ការ​បច្ចេក​ទេសពី​អង្គ​ការ​​ដៃគូរ​បស់​យើង គឺ WWF-Cambodia បាន​ដំឡើង​ឧបករណ៍​នេះ ​ចំនួន​ ៤ ​ផ្ទាំង​ ដែល​មាន​សមត្ថភាព​អាច​ស្រូប​យក​សំណើម​បរិយាកាស​ឬជាតិ​ទឹ​ក​​ពី​ក្នុង​ខ្យល់​ បានពី​ ២០ ទៅ​ ៣០ ​លីត្រ ក្នុង​​ ១ ថ្ងៃ​ សម្រាប់​ជួយ​ផ្គត់​ផ្គង់​ដល់​ក្រុមមន្ត្រី​ឧទ្យានុរក្ស​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ​ពិសេស​​នៅ​ក្នុង​រដូវ​ក្ដៅ​ដ៏ស្ងួត​ហួត​ហែង​នេះ»។

លោក​បានបន្ត​ថា នៅ​ពេល​នេះ​ទឹក​ដែលបាន​ផលិត​ចេញ​ពី​ឧបករណ៍​បច្ចេក​វិទ្យា​ថ្មី​នេះ មិន​ទាន់​​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ប្រើ​ប្រាស់​​នៅ​ឡើយ​ទេ​ដោយ​​​​ក្រុមមន្ត្រី​ជំនាញបាន​នាំយក​ទៅ​​ពិសោធ នៅ​ឯរាជធានី​ភ្នំពេ​ញ​ ដើម្បី​ឲ្យប្រាកដថា​ វាពិត​ជាទឹក​ស្អាត​ និងប្រកប​ដោយ​សុវត្ថិភាព​ ឬមួយ​យ៉ាង​ណា​ជាមុន​សិន។

​ទោះ​ជាបែប​ណាក្ដីលោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​ នៃ​មូល​និធិ​អភិរក្ស​ និង​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា WWF Cambodia ដែល​បាន​នាំ​យក​ឧបករណ៍​បច្ចេក​វិទ្យា​ចុង​ក្រោ​យ​​សម្រាប់​វិស័យ​ធនធាន​ទឹក​ មក​កម្ពុជា​ជាលើកដំ​​បូង​នេះ ​បាន​​ថ្លែង​​ប្រាប់​​​ភ្នំពេញ​​​​ប៉ុស្តិ៍​​កាល​ពី​ម្សិល​មិញ​ថា៖ «វា​មិន​ចាំបាច់​មានការ​ពិសោធអ្វី​បន្ថែម​ទៀត​នោះ​ទេ ព្រោះទឹក​ដែល​បាន​ផលិត​ចេញ​ពី​ឧបករណ៍​បច្ចេកវិទ្យាថ្មី​ចុង​ក្រោយ​នេះ វាមាន​សុវត្ថិភាព​មួយ​រយ​ភាគ​រយ។ ​វា​មាន​គុណភាព​ល្អ​ជាង​ទឹក​បរិសុទ្ធ ដែល​ផលិត​ចេញ​ពី​សិប្ប​កម្ម និង​រោងចក្រ​មួយ​ចំនួន»។

បើតាម​លោក ​ទៀក​ ឧបករណ៍នេះ​ មិនគ្រាន់​តែអាច​ផលិត​ទឹក​ស្អាត​ប៉ុណ្ណោះ​ទេ ​តែ ថែមទាំង​អាច​ទាញ​យក​ថាមពល​អគ្គិសនីសម្រាប់​ប្រើ​ប្រាស់​បាន​ផង​ដែរ ព្រោះ​វាបង្កើត​ឡើង​ដោ​យ​មាន​ដង្គុំ​នៃបន្ទះ​សូឡា ​សម្រាប់​ទាញ​យកថាម​ពល​ពីពន្លឺ​ព្រះអា​​ទិត្យ សម្រាប់​ដំណើ​រការ​ម៉ាស៊ីន​បំប្លែង​ចំហាយ​ទឹក​ពី​ធម្មជាតិ​ឲ្យទៅ​ជា​ទឹក​ស្អាត​ដោយ​ស្វ័យ​ប្រវត្តិ។

លោក​បាន​បន្ថែម​ថា នៅ​ពេល​អនាគតនៅ​តាម​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ និង ព្រៃ​ការពារ​និង​អភិរក្សមួយ​ចំនួ​ន​ទៀត អាច​នឹង​មាន​ការ​ដំឡើង​នូវ​ឧប​ករណ៍ Zero Mass Water នេះ​ឡើង​ជា​បន្តប​ន្ទាប់ ដើម្បី​ជួយ​ដល់​មន្ត្រី​ឧទ្យា​នុរក្ស​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ប្រកប​ដោយ​ផាសុកភាព៕