កំពង់ធំៈ បុរស​ជា​ឪពុក​បង្កើត​ដែល​ចាប់រំលោភ​កូនស្រី​កាលពី​ថ្ងៃទី​ ៦ កុម្ភៈ នៅ​ភូមិ​កំព្រាល ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​នា​ថ្ងៃទី​ ៨ កុម្ភៈ បន្ទាប់ពី​សមត្ថកិច្ច​បញ្ជូន​ដល់​តុលាការ​បាន​ ១ ​ថ្ងៃ​។

ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទៅ​លោក​ វ៉ាន់ សេង អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ធំ ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម ប៉ុន្តែ​លោក​មិនបាន​លើក​ទូរស័ព្ទ​ទេ​។ ទោះយ៉ាងណា​លោក​ ខ្លូត ណុយ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ប្រាប់​ពី​ម្សិលមិញ​ថា ជន​ឈ្មោះ បៀន ខូយ អាយុ​ ៥០ ​ឆ្នាំ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ធំ​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ហើយ​។

លោក​ថ្លែងថា​៖ «​គាត់​សារភាព​ប្រាប់​ខ្ញុំ​ថា គាត់​ពិតជា​បាន​ចាប់​កូន​គាត់​រំលោភ​មែន​។ ចំពោះ​គាត់​ត្រូវ​ចៅក្រម​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​តាម​បញ្ញតិ្ត​មាត្រា​ ២៤០ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោង​តាម​មាត្រា​ ២៤០ ​នេះ​ប្រសិនបើ​តុលាការ​រកឃើញ​ថា ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​គាត់​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧ ​ទៅ​ ១៥ ​ឆ្នាំ​។

ដោយឡែក​លោក​ វ៉ន សុភ័ណ្ណ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ប្រាប់​ម្សិលមិញ​ថា​អំពើ​រំលោភ​សេពសន្ថវៈ​នេះ​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ពី​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ប.ណ.រ អាយុ​ ៣១ ​ឆ្នាំ​ដែល​ការដាក់​ពាក្យបណ្តឹង​នេះ បន្ទាប់ពី​កើតហេតុ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។ ​

ស្ត្រី​រងគ្រោះ​ គឺជា​កូនបង្កើត​របស់​ជនសង្ស័យ​ហើយ​បាន​រៀបការ​ប្តី និង​មាន​កូន​ប្រុស​បង​អាយុ​ ១១ ​ឆ្នាំ និង​កូនស្រី​ ២ ​នាក់​ទៀត​។ រីឯ​ប្តី​របស់​ស្ត្រី​រងគ្រោះ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ស្រុក​ឆ្ងាយ​យូរៗ​ទើប​មក​ផ្ទះ​ម្តង​។ ស្ត្រី​រងគ្រោះ​រស់នៅ​ជាមួយ​ឪពុក​ [​ជនសង្ស័យ​] ​ម្តាយ​នៅ​កន្លែង​កើតហេតុ​ខាងលើ​។ ជនសង្ស័យ​ក៏​ជា​មនុស្ស​ស្រវឹងខួប​ដែរ​។

លោក​រៀបរាប់​ថា​នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​ ៦ ​យប់​ស្ត្រី​រងគ្រោះ​ និង​កូនៗ​ព្រមទាំង​ម្តាយ​របស់​គាត់​បាននាំគ្នា​ហូបបាយ​នៅលើ​ផ្ទះ​ទាំងអស់​គ្នា​។ ក្រោយមក​ម្តាយ​របស់គាត់​បាន​ចុះមក​ក្រោមផ្ទះ​ដោយ​ទុក​ឲ្យ​គាត់ និង​កូនៗ​ដេក​នៅលើ​ផ្ទះ​។ រហូតដល់​ម៉ោង​ជិត​ ៨ ​យប់​ឪពុក​របស់​ស្ត្រី​រងគ្រោះ​បាន​មកពី​ផឹកស្រា​ហើយ​ឡើង​ទៅ​លើផ្ទះ​ទាំង​ស្រវឹង​ជោគជាំ​ផង​។ ប៉ុន្តែ​ស្ត្រី​រងគ្រោះ​មិនបាន​ចាប់​អារម្មណ៍​ថា នឹង​អាច​កើតមាន​ករណី​បែប​នេះ​ទេ ព្រោះ​យល់ថា​អ្នក​ឡើង​លើ​ផ្ទះ​ជា​ឪពុក​ទើប​នាង​គ្មាន​ការប្រុងប្រយ័ត្ន​។

លោក​បន្តថា លុះ​ពេល​ស្ត្រី​រងគ្រោះ​ដេកលក់​មួយភាំង​ស្រាប់តែ​នាង​មាន​អារម្មណ៍​ថា មាន​មនុស្ស​នៅ​ពី​លើ​នាង​ទៅហើយ​។ ពេលនោះ​ស្ត្រី​រងគ្រោះ​ដឹងខ្លួន ហើយ​ក៏​ដឹងថា អ្នក​ដែល​ទ្រោប​ពី​លើ​ខ្លួន​គឺជា​ឪពុក​។ ដោយ​ដឹងថា​ជា​ឪពុក​នាង​បាន​ប្រាប់​ឪពុក​កុំឲ្យ​ធ្វើ​ផ្តេសផ្តាស​។ ប៉ុន្តែ​ជនសង្ស័យ​នៅតែ​មិន​ព្រម​ដើរចេញ​ ខណៈ​កូនៗ​របស់​នាង​បាន​ដេកលក់​ទៅ​ហើយ​។

លោក​ប្រាប់​តាម​សម្តី​ស្ត្រី​រងគ្រោះ​ថា​៖ «​ពេលនោះ​គាត់​បាន​គំរាម​សម្លាប់ បើ​ខ្ញុំ​ហ៊ាន​ស្រែក​ប្រាប់​ម្តាយ​ខ្ញុំ ហើយ​ខ្ញុំ​សំងំ​ឲ្យ​គាត់​រំលោភ​ខ្ញុំ​រហូត​បាន​សម្រេច​»​។

លោក​ សុភ័ណ្ណ បន្តថា​ក្រោយពី​យប់​កើតហេតុ​ដល់​ព្រឹក​ថ្ងៃទី​ ៧ ​កុម្ភៈ ស្ត្រី​រងគ្រោះ​បាន​មក​ប៉ុស្តិ៍នគរបាល​ដើម្បី​ដាក់ពាក្យ​បណ្តឹង​។ បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ និង​សាកសួរ​ដឹង​ហេតុផល​មក សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ និង​ហៅ​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​នគរបាល​សួរ​ពី​ដំណើររឿង​ហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

នៅ​ប៉ុស្តិ៍នគរបាល ជនសង្ស័យ​បាន​សារភាព​ថា គាត់​ពិតជា​បាន​ចាប់​កូនស្រី​របស់គាត់​រំលោភ​មែន​ និង​បានសម្រេច​តែ​ ១ ​ដង​ទេ​។ ពេល​គាត់​ធ្វើ​សកម្មភាព​គាត់​ក៏​បាន​គំរាម​កូនស្រី​កុំ​ស្រែក​បើ​ស្រែក​គាត់​សម្លាប់ចោល​។ ឯ​ស្ត្រី​រងគ្រោះ​ក៏​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​នាង​បាន​រំលោភ​គាត់​បាន​សម្រេច​តែ​ ១ ​ដង​ដែរ​។

លោក​ថ្លែងថា​៖ «​ទាំង​ចម្លើយ​ស្ត្រី​រងគ្រោះ និង​ចម្លើយ​ជនសង្ស័យ​មាន​ភាពស៊ីចង្វាក់​គ្នា​ដែល​សមត្ថកិច្ច​ខ្ញុំ​អាច​សន្និដ្ឋាន​ថា​រឿងនេះ​ពិតជា​កើតមាន​មែន ទើប​សមត្ថកិច្ច​ខ្ញុំ​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​»៕