ភ្នំពេញៈ ក្រោយពីបានចូលគាល់ព្រះមហាក្សត្រកម្ពុជា លោក Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកកំពុងរង់ចាំជួបមន្ត្រីកម្ពុជាដើម្បីជជែកពីការពង្រឹងមិត្តភាពរវាងប្រទេសទាំង ២ ខណៈមន្ត្រីជាន់ខ្ពស់កម្ពុជារំពឹងថា ជំនួបនេះនឹងជួយបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឲ្យប្រសើរជាងមុនដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។
កាលពីថ្ងៃសៅរ៍ទី ១៩ ខែតុលាឆ្នាំនេះ លោក Patrick Murphy បានចូលបង្គំគាល់ថ្វាយសារតាំងព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ១ ខែបន្ទាប់ពីលោកបានមកដល់កម្ពុជានៅថ្ងៃទី ១៩ ខែកញ្ញា ហើយបានចុះទៅដល់កន្លែងផ្សេងៗដូចជា រត់ហាត់ប្រាណតាមមាត់ទន្លេ ចូលផ្សារកាត់សម្លៀកបំពាក់ និងស្វែងរកកន្លែងពិសាម្ហូបអាហារខ្មែរជាដើម ប៉ុន្តែលោកពុំទាន់បានជួបមន្ត្រីរដ្ឋាភិបាលកម្ពុជាណាម្នាក់ជាផ្លូវការនៅឡើយទេ។
តាមសារលើបណ្តាញសង្គម Twitter លោក Murphy បានសរសេរថា៖ «បន្ទាប់ពីចូលបង្ហាញខ្លួនក្នុងនាមជាទូតអាមេរិកថ្មីចំពោះព្រះភក្ត្រព្រះមហាក្សត្ររួចខ្ញុំកំពុងរង់ចាំជួបសមាជិកនានារបស់រដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង ២»។
ជាមួយគ្នានេះលោកក៏បានបង្ហោះសារស្វាគមន៍ផងដែរដោយបានបញ្ជាក់ថា លោកបានធ្វើដំណើរមកកម្ពុជាច្រើនដងរួចមកហើយ។ ក្នុងដំណើរលើកនេះលោកប្ដេជ្ញាពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការនៃប្រទេសទាំង ២ លើការអភិវឌ្ឍពាណិជ្ជកម្មសុខភាពសាធារណៈ ការអនុវត្តច្បាប់ ការថែរក្សាវប្បធម៌ និងការផ្លាស់ប្ដូររវាងមនុស្ស និងមនុស្ស។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានការប្តេជ្ញាចិត្តក្នុងការជួយប្រទេសទាំង ២ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទាំងនេះ និងចំណងទាក់ទងដទៃទៀតព្រមទាំងផ្តល់ការគាំទ្រដើម្បីឲ្យប្រទេសកម្ពុជាមានភាពរឹងមាំ រុងរឿង មានលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ»។
ជាការឆ្លើយតប លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានបង្ហាញការស្វាគមន៍លោក Partrick Murphy ដោយលោករំពឹងថានឹងជួយពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិដោយគោរពគ្នាទៅវិញទៅមក។
លោកបានបញ្ជាក់ថា៖ «ផលនៃសន្តិភាពស្ថិរភាព និងវឌ្ឍនភាពបានស្វាគមន៍ឯកឧត្តមគ្រប់ទិសទី មិនថាជនបទ ឬទីក្រុងនោះឡើយ។ ប្រជាពលរដ្ឋកម្ពុជាស្វាគមន៍ឯកឧត្តមយ៉ាងកក់ក្តៅជាមួយនឹងភាពញញឹមរាក់ទាក់ ស្មោះស្ម័គ្រ ឥតលាក់លៀម និងបំណងជូនដល់ឯកឧត្តមជួយបន្ថែម បន្តពង្រឹងស្ថានភាពបវរនេះតទៅមុខទៀត អ្វីៗដែលមានសព្វថ្ងៃក៏មានចំណែកចូលរួមរបស់សហរដ្ឋអាមេរិកផងដែរ។ កម្ពុជាជាប្អូនស្រីរបស់ប្រជាជាតិអ្នក»។
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកសារលោក Patrick Murphy ថា ជាកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិ និងទំនាក់ទំនងរវាងប្រទេសទាំង ២។
លោកថា៖ «នេះគឺជាកាយវិការល្អ និងវិជ្ជមាន ពីព្រោះតួនាទីរបស់ឯកអគ្គរដ្ឋទូតគឺដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ការលើកឡើងរបស់លោក Murphy ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិគឺបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងបង្ហាញភាពស្មោះត្រង់ដែលអាចធ្វើឲ្យទំនាក់ទំនងនឹងល្អប្រសើរ។ ប៉ុន្តែបើម្នាក់បង្ហាញកាយវិការជាចៅហ្វាយនាយហើយម្នាក់ជាកូនចៅ ឬម្នាក់ជាអ្នកដាក់សម្ពាធម្នាក់ទៀតជាអ្នករងសម្ពាធ នោះទំនាក់ទំនងនឹងមិនអាចរលូនបានទេ»។
យ៉ាងណាក្ដីលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងកាលពីម្សិលមិញថា បើពិចារណាអំពីមិត្តភាពដែកថែបរវាងប្រទេសចិន និងនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការលំបាកសម្រាប់ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកដើម្បីឲ្យលោកអង្កេតមើលនយោបាយការបរទេសអព្យាក្រឹតភាពរបស់កម្ពុជា បើរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនត្រៀមលក្ខណៈដើម្បីប្រើការទូតបែបបង្ខិតបង្ខំ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការចូលបង្គំគាល់ថ្វាយសារតាំងព្រះមហាក្សត្រកម្ពុជាពីសំណាក់ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកថា ជាការបង្ហាញពីការទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ហើយលោកសង្ឃឹមថាលោក Patrick Murphy នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិកបានប្រសើរជាងមុន។
លោកថា៖ «នេះហើយគ្មានការសង្ស័យអ្វីទៀតទេ គឺសហរដ្ឋអាមេរិកសម្រេចចិត្តដាក់ឯកអគ្គរដ្ឋទូតជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតក្នុងឆ្នាំ ២០១៨ កន្លងទៅដែរ។ ដូច្នេះពួកក្រុមឧទ្ទាមក្រៅច្បាប់កាន់តែអស់សង្ឃឹមឡើងពីព្រោះទូតអាមេរិកមិនបានដាក់ជាមួយក្រុមឧទ្ទាមក្រៅច្បាប់នោះទេ»។
កាលពីខែធ្នូឆ្នាំមុន លោក Murhy បានចេញសេចក្ដីថ្លែងការណ៍ ២ ទំព័រទៅកាន់គណៈកម្មការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិកដោយលោកថា៖ «ប្រសិនបើត្រូវបានទទួលស្គាល់ ខ្ញុំនឹងធ្វើការជិតដិតជាមួយសភាអាមេរិកដើម្បីធ្វើឲ្យរីកចម្រើនផលប្រយោជន៍អាមេរិកនៅកម្ពុជា លើកកម្ពស់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកមិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញការលើកឡើងខាងលើនេះទេកាលពីម្សិលមិញ ។
ទំនាក់ទំនងកម្ពុជា-អាមេរិក បានល្អក់កករតិចតួច ជាពិសេសនៅពេលសមាជិករដ្ឋសភា និងព្រឹទ្ធសភាអាមេរិកព្រមានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាដោយសារមិនពេញចិត្តពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយមានសមាជិករដ្ឋសភា និងព្រឹទ្ធសភាអាមេរិកមួយក្រុមបានធ្វើច្បាប់ជំរុញឲ្យរដ្ឋបាលលោក ត្រាំ ព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ចំពោះកម្ពុជាតែមកទល់នេះច្បាប់នោះមិនទាន់ចូលជាធរមានទេ ៕