ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​ ៣ ​ម៉ឺន​គ្រាប់​ត្រូវ​បាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា​​ (CMAC) ​ដោះ​ចេញ​ពី​ផ្ទៃដី​ជាង​ ៧៥ ​គីឡូម៉ែត្រ​ការ៉េ​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំ​នេះ ខណៈ​បង្កាត់​កូន​សុនខ​ហិត​មីន​បាន​ ៦៧ ​ក្បាល​។ នេះ​បើ​តាម​លោក ហេង រតនា ប្រធាន CMAC កាលពី​ម្សិលមិញ​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រតិបត្ដិការ​ឆមាស​ទី​ ២ ឆ្នាំ​ ២០១៨ ​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា​​ពី​ម្សិលមិញ​លោក ហេង រតនា បាន​ថ្លែង​ថា​នៅ​ឆ្នាំ​នេះ CMAC មាន​ផែនការ​ធ្វើឲ្យ​សម្រេច​បាន​ ១១៦ គីឡូម៉ែត្រ​ការ៉េ​លើ​ដី​​មាន​មីន ខណៈ​ ១០ ​ខែ​ឆ្នាំ​នេះ​ធ្វើ​បាន​ជាង​ ៧៥ គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​លោក​រំពឹង​ថា​នឹង​សម្រេច​ផែនការ​ត្រឹម​ ២ ​ខែ​ទៀត​។

លោក រតនា បាន​បន្ដ​ថា​៖ «​យើង​សម្រេច​បាន​ជាង​ ៧៥ ​គីឡូម៉ែត្រការ៉េ ប៉ុន្ដែ​យើង​ជឿ​ថា​​យើង​នឹង​អាច​សម្រេច​ផែនការ​នេះ​បាន​ ១០០ ​ភាគរយ ព្រោះ​បើ​​ប្រៀបធៀប​នឹង​ផែនការ​ ១០ ​ខែ​ឆ្នាំ​មុន​យើង​សម្រេច​បាន​ ៩៧ ​ភាគរយ​នៃ​ផែនការ​រួចហើយ​។ អ៊ីចឹង​ដូចជា​មិន​មាន​បញ្ហា​សម្រាប់​ ២ ​ខែ​ចុង​ក្រោយ​​ឆ្នាំ​ ២០១៨ នេះ​ទេ​»​។

ទោះ​យ៉ាង​ណា​លោក​បាន​ថ្លែង​​ដែរ​ថា ទិន្នផល​ការងារ​ក្នុង​រដូវវស្សា​មាន​ការ​ធ្លាក់​ចុះ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ពិបាក​ធ្វើ​ដំណើរ ប៉ុន្ដែ​ចូល​ដល់​ខែ​ ១០-១២ ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​​ឡើង​វិញ​។

លោក​បាន​បញ្ជាក់​ថា​៖ «​អ៊ីចឹង​យើង​សង្ឃឹម​ថា ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​ផែនការ​យើង​ក្នុង​ការ​កម្ចាត់មីន​ជាង​ ១០០ ​គីឡូម៉ែត្រការ៉េ យើង​អាច​ធ្វើ​បាន​»​។

បើ​តាម​លោក រតនា កិច្ចប្រតិបត្ដិការ​របស់​ CMAC បាន​ពឹង​ផ្អែក​លើ​ជំនួយ​អន្ដរជាតិ​ជាង​ ៨០ ​ភាគរយ​ដែល​ជា​ការគាំទ្រ​ចំពោះ​បេសកកម្ម​នេះ​។

លោក​ថា​៖ «​យើង​ត្រូវការ​គម្រោង​​ថ្មីៗ ម្ចាស់​ជំនួយ​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​ថវិកា​ដល់​កិច្ចសហប្រតិបត្ដិការ​របស់​យើង ហើយ​ខ្ញុំ​មើល​ទំនោរ​នៅ​ក្នុង​ឆ្នាំ ២០១៩ ខាង​មុខ​ស្ថានភាព​ជំនួយ​នឹង​ប្រសើរ​ជាង​ឆ្នាំ​ ២០១៨»​។

ដោយឡែក​នៅ​ឆ្នាំ​ ២០១៩ ខាង​មុខ​លោក រតនា បាន​​បង្ហាញ​ថា CMAC ​នឹង​មាន​គម្រោង​ថ្មីៗ​ប្រហែល​ ៣០ ក្នុង​នោះ​គម្រោង​ថ្មីៗ​ចំនួន​ ៥ ​នឹង​អាច​ចាប់ផ្ដើម​បាន​នៅ​ដើម​ឆ្នាំ​ក្រោយ​ដោយ​មាន​ថវិកា​ប្រមាណ​​ពី​ ១៤ ​ទៅ​ ១៥ ​លាន​ដុល្លារ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​នឹង​ស៊ីញ៉េ​ជាមួយ​ម្ចាស់​ជំនួយ​ក្នុង​សប្ដាហ៍​នេះ ហើយ​ខ្ញុំ​នឹង​ចុះហត្ថលេខា​ទទួល​ជំនួយ​ខ្លះៗ ដែល​មាន​ប្រមាណ​ ១២ ​លាន​ដុល្លារ​ដែល​យើង​នឹង​ទទួល​បាន​នា​ដើម​ឆ្នាំ​ក្រោយ​នេះ​។ គម្រោង​ជំនួយ​បន្ដបន្ទាប់​ទៀត យើង​នឹង​​បន្ដ​ចរចា​ជាមួយ​គ្នា ហើយ​បើ​អ្វីៗ​ទទួល​បាន​តាម​ផែនការ​យើង​គិត​ថា យើង​អាច​ទទួល​បាន​ជំនួយ​ពី ១៦ ​ទៅ​ ១៨ ​លាន​ដុល្លារ​​សម្រាប់​ឆ្នាំ​ ២០១៩»​។

លោក រតនា ឲ្យ​ដឹង​ថា​តាមរយៈ​ជំនួយ​ថ្មីៗ​ក្នុង​ឆ្នាំ​ ២០១៩ នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​ CMAC អាច​បន្ដ​រំដោះ​ផ្ទៃដី​បាន​ចាប់ពី​ ១១០ ​ទៅ​ ១២០ ​គីឡូម៉ែត្រការ៉េ​។

ទន្ទឹម​នឹង​នេះ​លោក រតនា បាន​ប្រៀបធៀប​ការដោះមីន​របស់​កម្ពុជា​ទៅ​នឹង​ពិភពលោក​ថា កម្ពុជា​នៅ​តែ​មាន​ភាពរឹងមាំ និង​ម្ចាស់ការ​ខាង​បច្ចេកទេស​ និង​ប្រភព​ធនធាន​ដែល​រដ្ឋាភិបាល​បាន​ចូលរួម​ជាមួយ​ប្រទេស​ជា​ដៃគូ ហើយ​មាន​ប្រទេស​ខ្លះ​បាន​មក​រៀនសូត្រ​ពី​កម្ពុជា​លើ​បទពិសោធ​នៃ​ការកម្ចាត់មីន​នេះ​ផង​ដែរ​។

លោក រតនា បាន​បំភ្លឺ​ដែរ​ថា កាលពី​មុន​មាន​ការ​យល់ច្រឡំ​ថា នៅ​ឆ្នាំ​ ២០២៥ កម្ពុជា​​នឹង​គ្មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត​ដែល​នេះ​​គឺជា​ការផ្ដល់​ព័ត៌មាន​ខុស​។

ប៉ុន្តែ​លោក​ថា ការពិត​យុទ្ធសាស្ដ្រ​ដល់​ឆ្នាំ​ ២០២៥ គឺ​ធ្វើ​យ៉ាង​ម៉េច​កម្ចាត់មីន​ប្រឆាំង​មនុស្ស​ឲ្យ​អស់ពី​កម្ពុជា ព្រោះ​នេះ​ជា​លក្ខខណ្ឌ​នៃ​អនុសញ្ញា​អន្ដរជាតិ អូតាវ៉ា ហើយ​ក៏​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ភាគី​ដែល​បាន​ឯកភាព​គ្នា​នៅ​ប្រទេស​ម៉ូហ្សំប៊ិក​កន្លង​មក​។

លោក​បញ្ជាក់​ថា​៖ «​នេះ​ជា​គោលដៅ​ដែល​រាជរដ្ឋាភិបាល​ប្រឹងប្រែង ប៉ុន្ដែ​យើង​មិន​អាច​ធ្វើ​អ្វីៗ​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​បាន​ទេ ដូចជា​គ្រាប់បែក​ចង្កោម​​របស់​សហរដ្ឋអាមេរិក​ដែល​​បាន​ទម្លាក់​នៅ​កម្ពុជា​មាន​ទំហំ​ធំធេង​ណាស់​យើង​មិន​អាច​ធ្វើ​ក្នុង​ឆ្នាំ​ ២០២៥ ឲ្យ​ហើយ​ដូច​គ្នា​ជាមួយ​ធនធាន​ដែល​យើង​មាន​នេះ​ទេ​»​។

លោក រតនា ឲ្យ​ដឹង​ថា​បញ្ហា​​គ្រាប់បែក​គីមី​ដែល​ CMAC ទើប​​ជួប​ប្រទះ​គឺ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ​ទេ ព្រោះ​ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​សង្គ្រាមស៊ីវិល​ដែល​បង្ក​ឲ្យ​មាន​សំណល់​អាវុធយុទ្ធភណ្ឌ​គ្រប់​ប្រភេទ​នៅ​គ្រប់កន្លែង​។

លោក​បាន​បន្ដ​ថា​៖ «​ប៉ុន្ដែ​បញ្ហា​នេះ យើង​នឹង​ដោះស្រាយ​នៅ​រយៈពេល​ក្រោយ​ជា​បន្ដបន្ទាប់​អាច​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​។ ដូច្នេះ​ហើយ​បាន​ជា​រាជរដ្ឋាភិបាល​មើល​ឃើញ​បញ្ហា​នេះ គឺជា​បញ្ហា​វែង​សម្រាប់​យើង អ៊ីចឹង​​យើង​កសាង​កម្លាំង សម្រាប់​ធ្វើ​ការងារ​នេះ​»​។

តាម​របាយការណ៍​បច្ចុប្បន្ន CMAC បាន​រំដោះ​ដី​ដែល​មាន​មីន​ឲ្យ​ពលរដ្ឋ​បាន​ប្រមាណ​ជាង​ ១៥០០ គីឡូម៉ែត្រ​ការ៉េ​ស្មើ​នឹង​ប្រមាណ​ជាង​ ១ ​ម៉ឺន​ហិកតា ដែល​ផ្ទៃ​ដី​នេះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​និង​កំពុង​យក​ទៅ​ប្រើប្រាស់ និង​បង្កបង្កើន​ផល​។

ទាក់ទង​នឹង​ការដោះមីន​នេះ​លោក ហេង រតនា ក៏​បាន​ឲ្យ​​ដឹង​ដែរ​ថា CMAC បាន​បង្ហាត់​សត្វ​ឆ្កែ​បាន​ ៦៧ ​ក្បាល​ផង​ដែរ​ដោយ​មាន​ភាព​វៃឆ្លាត​ក្នុង​ការជួយ​ការងារ​ជាមួយ CMAC​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅ​ឆ្នាំ​នេះ​យើង​មាន​មោទនភាព​ខ្លាំង​ផង​ដែរ ដោយ​យើង​បង្កាត់​កូន​សុនខ​បាន​ ៦៧ ​ក្បាល​ហើយ​​សុនខ​យើង គឺ​ឆ្លាត និង​មាន​សមត្ថភាព​ខ្ពស់​ដែល​កំពុង​​ស្ថិត​នៅ​កន្លែង​ហ្វឹកហ្វឺន​។ ចំណែក​កូន​សុនខ​កាលពី​ឆ្នាំ​មុន ពេល​នេះ​បាន​ចេញ​ទៅ​ប្រតិបត្ដិការ​ខ្លះ​ហើយ​»៕