ភ្នំពេញៈ ​យ៉ាង​ហោច​ណាស់​មនុស្ស ១៦ ​នាក់​បាន​ស្លាប់ និង​ ៦០ ​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុងពេល​ ៣ ​ថ្ងៃ​នៃ​ព្រះរាជពិធីបុណ្យ​អុំទូក (​ថ្ងៃទី ២១-២៣) ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ គឺ​មាន​ការធ្លាក់​ចុះ ៩ ភាគរយ បើ​ធៀប​ទៅ​នឹង​ពិធីបុណ្យ​អុំទូក​កាលពី​ឆ្នាំ​ ២០១៧ ដែល​មាន​មនុស្ស​ស្លាប់​រហូត​ដល់ ២៥ ​នាក់​។

នេះ​បើ​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​អាទិត្យ​។ របាយការណ៍​បន្ត​ថា​រាជធានី​ភ្នំពេញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន​ជាង​គេ​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ ៤ ​នាក់ និង​របួស​ ១៤ ​នាក់ ខណៈ​នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​អ្នក​ស្លាប់​ ៣ នាក់​របួស​ ១ ​នាក់​ខេត្ត​បាត់ដំបង​ស្លាប់​ ២ ​នាក់ របួស​​ ១ ​នាក់ ខេត្ត​កំពង់ធំ​ស្លាប់​ ២ ​នាក់​របួស​ ៧ ​នាក់ ខេត្ត​ស្វាយរៀង​ស្លាប់​ ២ ​នាក់​របួស​ ១ ​នាក់ ខេត្ត​ព្រះសីហនុ ស្លាប់​ ២ ​នាក់ របួស ៤ ​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​ស្លាប់​ ១ ​នាក់​របួស​ ១ ​នាក់​។

មូលហេតុ​នៃ​ការកើត​មាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្ដាល​មកពី​ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​ស្លាក​សញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ប្រជែង​គ្នា​ដោយ​មិន​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ផ្លូវ និង​សិទ្ធិ​ជា​អាទិភាព​។

ទោះ​យ៉ាង​ណា​ក្នុង​របាយការណ៍​នោះ​បញ្ជាក់​ថា​៖ «​អត្រា​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​ ២០១៨ មាន​ការ​ថយ​ចុះ​ ៩ ​នាក់​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​​ ២០១៧ ដែល​មាន​អ្នកស្លាប់​ដល់​ ២៥ នាក់​»​។

ក្រៅពី​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មាន​ករណី​លិច​ទូក​របស់​កីឡាករ​ដែល​ចូលរួម​ការប្រកួត​ទូកង ទូកចែវ ក្នុង​ពិធីបុណ្យ​អុំទូក​នេះ​ចំនួន​ ១១ ទូក​ផង​ដែរ ប៉ុន្តែ​មិន​បង្ក​ឲ្យ​កីឡាករ​ណា​ម្នាក់​មាន​គ្រោះថ្នាក់ ឬ​បាត់​បង់ជីវិត​នោះ​ទេ ដោយសារ​មាន​ការ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ពី​កម្លាំង​នគរបាល និង​ទាហាន​ជើង​ទឹក ដែល​ប្រចាំការ​នៅ​តាម​ដង​ទន្លេសាប​ក្នុង​តំបន់​ដែល​មាន​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​មុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធី​បុណ្យជាតិ និង​អន្តរជាតិ​។

លោក​ ឆាយ គឹមខឿន ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ការពារ​ក្នុង​ពិធី​បុណ្យជាតិ និង​អន្តរជាតិ​បាន​គូសបញ្ជាក់​ក្នុង​របាយការណ៍​នោះ​ថា ក្នុង​អំឡុង​ពេល​ ៣ ​ថ្ងៃ​នៃ​ពិធី​បុណ្យអុំទូក​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​អាវ​ដែល​មាន​សរសេរ​អក្សរ​ Police និង Army ពី​ពលរដ្ឋ ៣៣ ​នាក់ និង​ធ្វើការ​អប់រំ​ពួកគេ​ឲ្យ​បញ្ឈប់​ការ​ពាក់អាវ​ដែល​មាន​សរសេរ​អក្សរ​ទាំង​ ២ ​នេះ​ព្រោះ​ពួកគេ​មិនមែន​ជា​កងកម្លាំង​។

ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប​ការ​លួច​បង្ហោះ Drone ក្នុង​តំបន់​ហាមឃាត់​ដោយ​គ្មាន​ការអនុញ្ញាត​ដោយ​ឃាត់ខ្លួន​មនុស្ស ៣ នាក់​ធ្វើ​ការអប់រំ​។ «​សមត្ថកិច្ច​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជន​វង្វេង​ក្រុម​គ្រួសារ​ដែល​មក​ចូលរួម​ទស្សនា​ពិធី​បុណ្យ​អុំទូក​សរុប ១៨២ ​នាក់​ក្នុង​នោះ​មាន​ក្មេង​តូចៗ​ក្រោម​អាយុ ១០ ឆ្នាំ​ ១៧៣ ​នាក់​ (​ស្រី​ ៥៧ ​នាក់​) ​មនុស្ស​ចាស់ ៨ ​នាក់ និង​ស្ត្រី​ទេសចរ​ជា​ជនជាតិ​វៀតណាម​ម្នាក់​»​។

លោក​អះអាង​ថា​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​មាន​អ្នក​មក​ចូលរួម​ទស្សនា​សរុប ៤,៥ លាន​នាក់​៕