ភ្នំពេញៈ យ៉ាង​ហោចណាស់​មាន​មនុស្ស​យ៉ាងតិច​ ១៧០ ​នាក់​បាន​ស្លាប់ និង​ ៤២៨ ​នាក់​បាន​រងរបួស​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣១៤ ករណី​ នៅ​ទូទាំង​ប្រទេស​ក្នុង​ខែ​សីហា​ដែល​តួលេខ​នេះ​គឺ​មាន​ការកើនឡើង​ចំនួន ២២ ​លើក ​អ្នកស្លាប់​កើន ២៩ ​នាក់ និង​អ្នករបួស​កើន​ ១៧២ ​នាក់​ បើ​ប្រៀបធៀប​ទៅនឹង​ខែ​កក្កដា​កន្លងមក​។

របាយការណ៍​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៩ ខែ​ កញ្ញា​ ឲ្យ​ដឹងថា ក្នុងចំណោម​អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ខែ​សីហា​គឺ​ភាគច្រើន​នៅ​ភ្នំពេញ​ស្លាប់​ ២៩ ​នាក់ កំពង់ស្ពឺ​ ១៤ ​នាក់ និង​បន្ទាយមានជ័យ​ ១១ ​នាក់​ សល់​ពីនេះ​គឺ​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​។

បើ​តាម​របាយការណ៍​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ​គឺ​មកពី​ការបើកបរ​លើស​ល្បឿន​កំណត់​ ៣៨% មិន​គោរព​សិទ្ធិ ២៨% មិន​ប្រកាន់​ស្ដាំ ១០% វ៉ា​ជែង​ ១០% បត់ ៧% ស្រវឹង ៤% និង​កត្តា​យានយន្ត ៣%​។

លោក ហ៊ឹម យ៉ាន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មិន​អាច​សុំ​អធិប្បាយ​បានទេ​ពីថ្ងៃ​ម្សិលមិញ​។ ប៉ុន្តែ​លោក​បានលើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ដោយ​បាន​ដាក់​ទិសដៅ​អនុវត្ត​មួយ​ចំនួន​សម្រាប់​មន្ត្រីនគរបាល​ចរាចរណ៍​ដើម្បី​ផ្ដោតលើ​បញ្ហា​អាទិភាព​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា​ការមិន​ពាក់មួក​សុវត្ថិភាព ការបើក​លើស​ល្បឿន​កំណត់ ស្រវឹង មិន​គោរព​សិទ្ធិ ការដឹកជញ្ជូន​កម្មករ​ និង​ទំនិញ និង​លក្ខណៈ​យានយន្ត​។

លោក គង់ រតនៈ នាយក​ស្ដីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្លែង​ថា ផែនការ​របស់​រដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ឱ្យ​មក​នៅត្រឹម ៥០% ក្នុង​ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​នឹង​មិន​អាច​អនុវត្ត​បាន​ជោគជ័យ​ឡើយ​ដោយសារ​ការ​ផ្សព្វផ្សាយ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​កន្លង​មក​មិនទាន់​ពេញលេញ​នៅ​ឡើយ​។

លោក​បន្តថា ​ជាមួយ​គ្នា​នេះ​ការកើនឡើង​ចំនួន​ផ្លូវថ្នល់ និង​យានយន្ត​កាន់តែ​ច្រើន​រួមទាំង​ការអនុវត្ត​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ពុំទាន់​ពេញលេញ ដោយសារ​តែ​ខ្វះខាត​កញ្ចប់​ថវិកា​ក៏​ជា​បញ្ហា​រួមចំណែក​ធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ផងដែរ​។

លោក​រតនៈ​បញ្ជាក់​ថា​៖ «​អ៊ីចឹង​!​ជំហាន​បន្ទាប់​ត្រូវធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ផែនការ​ចាស់​របស់​យើង ថា​តើ​យើង​គួរ​កំណត់​គោលដៅ​ណា​មួយ​ជា​សកម្មភាព​មាន​ប្រសិទ្ធភាព​ដែល​យើង​អាច​សម្រេច​បាន​»​។

រដ្ឋាភិបាល​បានដាក់​ផែនការ​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០១១ ​ដល់ ២០២០ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ឱ្យបាន ៥០% ខណៈ​គេ​បាន​ព្យាករ​ថា អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​​ ១ ​ឆ្នាំ​ នៅ​ឆ្នាំ ២០២០ ​នឹង​អាច​កើនឡើង​ដល់ ៣ ២០០ ​នាក់ ហើយ​ត្រូវ​កាត់បន្ថយ​ឱ្យ​មក​នៅត្រឹម ១ ៦០០ ​នាក់​ ខណៈ​ដែល​បច្ចុប្បន្ន​មាន​មនុស្ស​ពី​ ៥ ​ទៅ​ ៦ ​នាក់​បាន​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ​៕