កំពង់ចាម/ភ្នំពេញៈ សមត្ថកិច្ច​ខេត្តកំពង់ចាម​បាននិង​កំពុង​សាកសួរ​ជនសង្ស័យ​ចំនួន​ ១៩ ​នាក់​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្រុង​កំពង់ចាម និង​ស្រុក​ជើងព្រៃ ក្រោយពី​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​ ១១-១៣ ខែមករា ខណៈ​ជនសង្ស័យ​ ២ ​នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ជុំវិញ​ការជួញដូរ​គ្រឿងញៀន​ជិត​ ១០ ​គីឡូក្រាម នៅ​សង្កាត់​សំរោង ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក​ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ពី​ម្សិលមិញ​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ដោយ​លោក​អះអាង​ថា កំពុង​ជាប់រវល់​ប្រជុំ​បញ្ហា​សន្ដិសុខ មិនអាច​និយាយ​បានទេ​។

ប៉ុន្ដែ​លោក ឯម កុសល ត្រូវបាន Fresh News ដកស្រង់​សម្ដី​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ១៩ ​នាក់​ សមត្ថកិច្ច​ជំនាញ​បាន និង​កំពុង​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​។ ប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១១ ខែមករា ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ជាមួយ​ជំនាញ​ក្រុង​កំពង់ចាម និង​ស្រុក​ជើងព្រៃ ដឹកនាំ​ដោយ​លោក​ ជីវ សេងរស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​។

លោក​បន្តថា ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​វត្ថុតាង រួមមាន​ម្សៅក្រាម​ពណ៌​ស​ជា​ថ្នាំញៀន​ចំនួន ៧ ​កញ្ចប់ និង​ទូរស័ព្ទដៃ​ចំនួន​ ១៦ ​គ្រឿង ម៉ូតូ​ចំនួន​ ១០ ​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

លោក ប្រាក់ សុគុណ អធិការនគរបាល​ស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ខេត្ត​កំពង់ចាម​បាន​សហការគ្នា​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ១៩ ​នាក់​។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ទីកន្លែង និង​ពេលវេលា​ខុសគ្នា​ដោយ​ចាប់ខ្លួន​ពីថ្ងៃ​ទី​ ១១ ដល់​ថ្ងៃទី ១៣ ខែ​មករា ជា​បន្តបន្ទាប់​។

លោក​បន្តថា ក្រោយពេល​ឃាត់ខ្លួន​លោក​បាន​បញ្ជូន​ជនសង្ស័យ​ទាំងអស់នោះ និង​វត្ថុតាង​នានា​ដែល​រឹបអូស​បាន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​ដើម្បី​សាកសួរ និង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។

លោក សុគុណ បញ្ជាក់ថា​៖ «​ពេលនេះ ខ្ញុំ​អត់​ទាន់​ដឹងថា នគរបាល​ជំនាញ​យើង​គាត់​បញ្ជូន​ទៅ​តុលាការ​ហើយ ឬ​នៅទេ ព្រោះ​ខ្ញុំ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​អស់ហើយ​»​។

ករណី​ស្រដៀង​គ្នា​នេះដែរ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ១ ​ករណី​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២ ​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​សរុប​ជិត ១០ ​គីឡូក្រាម​។

លោក​ ឡឹក វណ្ណៈ នាយកមន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូនទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​ ១២ ខែ​មករា ដើម្បី​ឲ្យ​តុលាការ​ចាត់ចែង​តាម​នីតិវិច្បាប់ ។

លោក​បញ្ជាក់ថា​៖ «​ក្រៅពី​នេះ​តុលាការ​ជា​អ្នកសម្រេច ឥឡូវ​វា​ហួស​ពី​ដែន​សមត្ថកិច្ច​ខ្ញុំ​ហើយ​»​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ និង​ជា​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ពី​ម្សិលមិញ​មិនទាន់​ឆ្លើយតប​ជុំវិញ​ករណីនេះ​នៅឡើយ​ទេ​។

តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ល្ងាច​ថ្ងៃទី​ ១០ ខែ​មករា ដោយ​ឃាត់ខ្លួន​មនុស្ស​​ម្នាក់​នៅ​ភូមិ​សំរោងក្រោម សង្កាត់​​សំរោង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ឃាត់​នៅ​ភូមិ​ជ្រាវ ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។

របាយការណ៍​បន្តថា ការបង្ក្រាប​នេះ​ធ្វើឡើង​ក្រោយ​ទទួល​បញ្ជា​ពី​លោក​ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ លោក ម៉ក់ ជីតូ អគ្គស្នងការរង និង​លោក ឡឹក វណ្ណៈ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ខាំ សុផារី និង​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ​លោក ឃឹង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។

របាយការណ៍​បន្ថែមថា ជា​លទ្ធផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ២ ​នាក់​ឈ្មោះ​ គឹម វ៉ា និង​ឈ្មោះ​ កែវ សុធា ព្រមទាំង​ដកហូត​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ICE) ​ទម្ងន់​ ៩,៦ ​គីឡូក្រាម រថយន្ត​ ២ ​គ្រឿង ជញ្ជីង​ថ្លឹង​ ២ ​គ្រឿង និង​ទូរស័ព្ទ ២ ​គ្រឿង​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​មក​មន្ទីរប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា​ជំរុញ​ឲ្យ​សមត្ថកិច្ច​បន្ត​អនុវត្ត​ច្បាប់​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន និង​អាច​ឈានទៅ​លុបបំបាត់​ការជួញដូរ​គ្រឿងញៀន​តែម្ដង​។

លោក​ថា គ្រឿងញៀន​ពិតជា​បំផ្លាញ​អនាគត​ខ្លួនឯង គ្រួសារ​ និង​សង្គមជាតិ ជាពិសេស​បង្ក​ឲ្យ​មាន​អសន្ដិសុខ​សង្គម​។ ដូច្នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាណាព្យាបាល​ត្រូវតែ​សហការគ្នា​ផ្សព្វផ្សាយ អប់រំ ក៏ដូចជា បង្ក្រាប​បទល្មើស​ជួញដូរ​ឲ្យ​ខាងតែបាន​។

លោក​បញ្ជាក់ថា​៖ «​ហើយ​កិច្ចការងារ​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​កន្លង​មកនេះ​គឺ​យើង​សាទរ និង​លើកទឹកចិត្ត​មន្ត្រី យើង​បន្ថែម​ទៀត​។ កិច្ចការងារ​នេះ​ត្រូវតែ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​គ្មាន​គ្រឿងញៀន​»៕