ភ្នំពេញៈ យ៉ាងហោច​ណាស់​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ជាង​ ៣០០ ​នាក់ ដោយសារ​បាតុភូត​ខ្យល់​កន្ត្រាក់ រន្ទះបាញ់​ និង​ទឹកជំនន់​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ផ្ដល់​ឲ្យ​​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ម្សិលមិញ​។

លោក កែវ វី ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៩ ​នេះ​ (​ពី​ដើមខែ​មករា​ដល់​ដំណាច់​ខែ​កញ្ញា​) មាន​មនុស្ស​យ៉ាង​ហោចណាស់​ ១១៤ ​នាក់​បាន​ស្លាប់ និង​ ២០៤ ​នាក់​ទៀត ​បាន​រងរបួស​ដោយសារ​គ្រោះមហន្តរាយ​ខ្យល់​កន្ត្រាក់ រន្ទះបាញ់​ និង​ទឹកជំនន់​។ តួលេខ​នេះ​បាន​ថយចុះ​ប្រមាណ​ ២០ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ជាមួយ​នឹង​​ឆ្នាំ​មុន​ដែល​មាន​អ្នកស្លាប់​រហូត​ដល់​ ១៦៣ ​នាក់​ និង​អ្នករបួស​​ ២២៤ ​នាក់​។

លោក​ វី បាន​ថ្លែងថា​ក្នុង​រយៈពេល​នេះ​ដោយសារ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​ធ្វើឲ្យ​មនុស្ស​ ៩ ​នាក់​ស្លាប់​ និង​ ១១៧ ​នាក់​រងរបួស ខណៈ​ផ្ទះ​របស់​ពលរដ្ឋ ១ ៥៩៥ ​ខ្នង​ បាន​រង​ការខូចខាត​ទាំងស្រុង និង ១៣ ០៦៧ ​ខ្នង​ទៀត​បាន​រង​ការខូចខាត​ជា​មធ្យម​។ ​ក្រៅ​​ពីនេះ​បាតុភូត​ខ្យល់​កន្ត្រាក់​ក៏បាន​បំផ្លិចបំផ្លាញ​តូប​លក់ដូរ​របស់​អាជីវ​ករ​នៅ​តំបន់ឆ្នេរ​សរុប​អស់​ ៦៨ ​តូប និង​បង្ក​ការ​ខូចខាត​អគារ​សាធារណៈ​រួមមាន សាលារៀន​សាលាឃុំ មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​នគរបាល​សរុប ១២៩ ​ខ្នង​ផងដែរ​។

ចំណែក​បាតុភូត​រន្ទះបាញ់​វិញ​បាន​ធ្វើឲ្យ​មនុស្ស​ ៨៥ ​នាក់​ស្លាប់ និង​ ៧៥ ​នាក់​ទៀត​រងរបួស​ធ្ងន់​ និង​ស្រាល ព្រមទាំង​បង្ក​ឲ្យ​សត្វពាហនៈ​សរុប​ចំនួន​ ៨៦ ​ក្បាល​បាន​ងាប់​ និង​បង្ក​ការខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន​ ១០ ​ខ្នង ខណៈ​គ្រោះ​ទឹកជំនន់​ទន្លេ​មេគង្គ និង​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាងតិច​ ២០ ​នាក់​ស្លាប់​ និង​ ១១ ​នាក់​ទៀត​រងរបួស​។

លោក​ កែវ វី បាន​ថ្លែង​ដោយ​ផ្ដោតលើ​គ្រោះមហន្តរាយ​ពី​ទឹកជំនន់​ថា​៖ «​នៅ​ឆ្នាំនេះ​ទឹកជំនន់​បាន​ចាប់ផ្ដើម​ជន់​ឡើង​នៅ​ដើមខែ​កញ្ញា​គឺ​យឺត​ជាង​កាលពី​ឆ្នាំ​​មុន​ប្រមាណ​ជាង​មួយខែ​។ រីឯ​ផល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស និង​ដំណាំ​កសិផល​របស់​ពលរដ្ឋ​ក៏មាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​បើ​ធៀប​ទៅនឹង​ឆ្នាំ​មុន​ក្នុង​រយៈពេល​ដូចគ្នា​»​។

បើតាម​លោក កែវ វី កាលពី​ឆ្នាំ​មុន​ក្នុង​រយៈពេល​ដូចគ្នា​នេះ គ្រោះទឹកជំនន់ បាន​ធ្វើឲ្យ​មនុស្ស ៦១​ នាក់​ស្លាប់ និង​ ១២៣ ​នាក់​រងរបួស​ ព្រម​ទាំង​បង្ក​ការខូចខាត​ដំណាំ​ស្រូវ​អស់ ៥៤ ៤៩៥ ហិកតា​ និង​ដំណាំ​រួមផ្សំ​ចំនួន​ ១១ ៣៨៥ ហិកតា​។

យ៉ាងណា​ក៏ដោយ​សម្រាប់​ឆ្នាំនេះ​ជំនន់​ទឹកភ្លៀង​នៅតែ​បន្ត​ការជន់​លិច​ជា​បន្តបន្ទាប់​នៅតាម​បណ្ដា​ខេត្ត​វាលទំនាប​មួយ​ចំនួន​ដោយសារ​តែ​បញ្ហា​អាកាសធាតុ​។

ជុំវិញ​ករណីនេះ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា​ កម្ពុជា​នៅតែ​បន្ត​រង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​ប្រព័ន្ធ​សម្ពាធ​ទាប​រួម​ទាំង​ខ្យល់​ពី​សមុទ្រ​ចិន​ខាង​ត្បូង​បាន​បង្ក​ឲ្យ​មាន​​ភ្លៀង​ធ្លាក់​រហូត​ដល់​ថ្ងៃទី​ ៥ ខែ​តុលា ខាងមុខ​នេះ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម និង​រាជធានី​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​ស្ថិតនៅក្នុង​តំបន់​វាលទំនាប​។

កាលពី​ម្សិលមិញ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​បិទ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​ដោយសារ​តែ​មានទឹក​ជន់​លិច​។

លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​ថា ផ្លូវជាតិ​ ២៦៨A ចាប់ពី​ចំណុច​ព្រៃមាន់​ដល់​ផ្លូវ​លេខ​ ៦ (​ផ្លូវ​ទៅ​អាង​ត្រពាំងថ្ម​នៃ​ស្រុក​ភ្នំស្រុក​) ​ត្រូវបាន​ទឹក​ជន់​លិច និង​ហូរ​ឆ្លងកាត់​ចំនួន​ ៤ ​កន្លែង​ដែល​មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទៅ​មក​បាន​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ​ជាង​នេះ អាជ្ញាធរ​យើង​បាន​សម្រេច​បិទ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ខាងលើ​នេះ​ជា​បណ្ដោះអាសន្ន​រហូត​ដល់​ទឹក​ស្រក​អស់​វិញ​»៕