ភ្នំពេញៈ មនុស្ស​យ៉ាង​តិច​ ៩ ​នាក់​បាន​ស្លាប់​ និង​ ៤ ​នាក់​ទៀត​បាន​រងរបួស​ក្នុង​ករណី​រន្ទះបាញ់​ក្នុង​ត្រីមាស​ទី​ ១ ដើម​ឆ្នាំ​នេះ ប៉ុន្តែ​ករណី​នេះ​មិន​ទាន់​រាប់បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នោះ​ទេ​។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក កែវ វី កាលពី​ម្សិលមិញ​។

លោក​ថ្លែង​ថា​យោង​តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​បណ្ដា​ខេត្ត​ចំនួន ​៧ រួមមាន ព្រៃវែង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កោះកុង និង ក្រចេះ ករណី​រន្ទះបាញ់​ដែល​ចាប់ផ្ដើម​តាំងពី​ដើម​ខែ​មករា​មក​ដល់​ថ្ងៃ​ម្សិលមិញ​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៩ ​នាក់​ស្លាប់ និង​ ៤ ​នាក់​ទៀត​រងរបួស​ព្រម​ទាំង​បាន​សម្លាប់​សត្វ​ពាហនៈ​ ៣ ​ក្បាល​ផង​ដែរ​។

លោក កែវ វី បាន​បញ្ជាក់​ថា​៖ «​ករណី​នេះ​គឺ​ភាគច្រើន​កើតឡើង​នៅពេល​រសៀល ឬ​ព្រលប់ ខណៈ​ប្រជាកសិករ​កំពុង​មមាញឹក​ក្នុង​ការងារ​ភ្ជួរ​រាស់ ដក​ស្ទូង និង​មើលថែទាំ កៀងគោ ក្របី ពី​ស្រែ​ត្រឡប់​មក​ផ្ទះ​វិញ ដែល​កិច្ចការ​ទាំងនេះ​មិន​អាច​ឲ្យ​ពួកគាត់​ស្ដាប់​តាម​ការ​ណែនាំ​ដើម្បី​បន្ថយ​នូវ​ហានិភ័យ​ពី​បាតុភូត​រន្ទះបាញ់​នេះ​បាន​»​។

កាលពី​ម្សិលមិញ​លោក ជា ហេង អធិការ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង​ក៏​បាន​ថ្លែង​ស្រដៀង​គ្នា​នេះ​ផង​ដែរ ជុំវិញ​វិធានការ​ការពារ និង​កាត់បន្ថយ​គ្រោះថ្នាក់​​ពី​ករណី​រន្ទះបាញ់​។ លោក​ថ្លែង​ថា​ការផ្សព្វផ្សាយ​អប់រំ​ពី​របៀប​ការពារ​គ្រោះថ្នាក់​ក្នុង​ករណី​នេះ​អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​អ្នកភូមិ​មាន​ការ​ប្រុងប្រយ័ត្ន​នៅពេល មេឃ​រកកល់ភ្លៀង​ដែល​នាំ​ឲ្យ​មាន​ខ្យល់​ និង​រន្ទះ​កើតឡើង​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង ហាម​ពលរដ្ឋ​កុំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ និង​កុំ​ប្រើប្រាស់​ទូរស័ព្ទដៃ​ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ពេល​មេឃ​រកកល់ភ្លៀង​ ឬ​កំពុង​ភ្លៀងខ្យល់​ខ្លាំង​ព្រោះ​ធ្វើឲ្យ​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​បាតុភូត​រន្ទះបាញ់ ប៉ុន្តែ​វា​ពិបាក​នឹង​ឲ្យ​ពលរដ្ឋ​យើង​អនុវត្ត​តាម​ខ្លាំង​ណាស់​ដោយសារ​ភាគច្រើន​វា​បាន​កើតឡើង​នៅពេល​រសៀល និង​ព្រលប់​ពេល​ប្រជាកសិករ​កំពុង​មមាញឹក​លើ​ការងារ​បង្កបង្កើនផល​»​។

លោក​បាន​បន្ត​ថា​កាលពី​ថ្ងៃ​ពុធ វេលា​ម៉ោង​ ៥ ​និង​ ៤៥ ​នាទី​ល្ងាច បុរស​ម្នាក់​ឈ្មោះ​ ដូង សារ៉ាត់ អាយុ​ ៥០ ​ឆ្នាំ​ត្រូវ​រន្ទះបាញ់​ស្លាប់​ ខណៈ​គាត់​កំពុង​កៀងគោ​នៅ​វាលស្រែ​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៨០០ ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​នៅ​ភូមិ​បង្អែក ឃុំ​ស្វាយភ្លោះ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀងខ្យល់​។

ចំណែក​លោក ប៉ាវ គឹមហួត អធិការរង​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​បាន​ថ្លែង​ថា ពេល​ខ្លះ​អ្នកភូមិ​នៅ​យល់​ដឹង​តិចតួច​ពី​បាតុភូត​រន្ទះបាញ់​នេះ ដោយ​ពួកគាត់​យល់​ថា ការ​ស្នាក់​ក្នុង​ផ្ទះ​ ឬ​បន្ទប់​ក្រោម​ផ្ទះ​ពេល​មាន​ភ្លៀងខ្យល់ និង​ផ្គរ​រន្ទះ គឺ​មិនមាន​បញ្ហា បើ​ទោះ​ជា​គាត់​ស្ដាប់​វិទ្យុ ឬ​ទស្សនា​ទូរទស្សន៍​ក្ដី​។

លោក​បាន​ពន្យល់​ថា៖ «​ការពិត​ទោះ​ជា​យើង​នៅ​កន្លែង​ណា​ក្ដី ឲ្យ​តែ​យើង​ប្រើប្រាស់​វត្ថុ​ចម្លង​វិទ្យុសកម្ម​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀងខ្យល់​គឺ​យើង​នឹង​ត្រូវ​ប្រឈម​គ្រោះថ្នាក់​ពី​រន្ទះបាញ់​គ្រប់​ពេល​។ ជាក់ស្ដែង​ករណី​រន្ទះបាញ់ នៅ​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​បាន​បង្ក​ឲ្យ​កុមារី​អាយុ​ ៤ ​ឆ្នាំ​ម្នាក់​ស្លាប់​ និង​ម្ដាយ​របស់​នាង​រងរបួស​ដោយសារ​បើក​ទូរទស្សន៍​មើល​ក្នុង​ពេល​កំពុង​មាន​ភ្លៀង​ខ្យល់​ខ្លាំង​»​។

បើ​តាម​លោក​ គឹម ហួត កុមារី​ដែល​ស្លាប់​ក្នុង​យប់​នោះ​ឈ្មោះ ស្រួច ស្រីពេជ្រ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​។ ​ចំណែក​ម្ដាយ​របស់​នាង​ឈ្មោះ ជឿន សៃ អាយុ​ ២៩ ​ឆ្នាំ​ត្រូវ​របួស​ឆេះ​រោល​ជើង​ម្ខាង​៕