ការផ្តល់​មូលនិធិ​សម្រាប់​ក្រុមហ៊ុន​ចាប់ផ្តើម​ថ្មីៗ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​បាន​កើនឡើង​ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅតែ​មាន​សម្រាប់​សហគ្រិន​វ័យ​ក្មេង​ដែល​ពួកគេ​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញ​ការវិនិយោគ​សម្រាប់​អាជីវកម្ម​ថ្មីថ្មោង​របស់​ពួកគេ​។

ការវិនិយោគ​ក្នុង​ពិភព​ក្រុមហ៊ុន​ចាប់​កំណើត​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គ្របដណ្តប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​ការផ្តល់​មូលនិធិ​គ្រាប់ពូជ​តិចតួច​ដែល​ជា​ទូទៅ​មាន​ចំនួន​ប្រាក់​តែ​ពី​ ២ ​ទៅ​ ៣ ​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ​ត្រូវ​បាន​ផ្តល់​ជូន​តាមរយៈ​ការប្រកួត​ខ្នាត​តូច​។ ​

ថ្មីៗ​នេះ​មូលនិធិ​ធំៗ​បាន​ចាប់ផ្តើម​ការផ្តោត​លើ​ការ​លើក​កម្ពស់​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​របស់​កម្ពុជា​ជាមួយ​នឹង​ការ​រួមចំណែក​ខាង​ហិរញ្ញវត្ថុ​ច្រើន​ជាង​មុន​។ យ៉ាង​ណា​មិញ​អ្នកបង្កើត​ក្រុមហ៊ុន​ថ្មីៗ​នៅក្នុង​ស្រុក​ជាច្រើន​នៅ​តែ​និយាយ​ថា ពួកគេ​មាន​ភាព​ពិបាក​ក្នុង​ការ​ទាក់ទាញ​ការវិនិយោគ​ដដែល​។

លោកស្រី Melanie Mossard ​ប្រធាន​សហគមន៍​នៅ​ក្រុមហ៊ុន​សហការិយាល័យ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​ហៅថា​ ImpactHub ​បាន​ថ្លែង​ថា កង្វះ​ការ​ផ្តល់​មូលនិធិ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត​ដែល​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​កំពុង​ប្រឈម​នៅ​កម្ពុជា​។

លោកស្រី​បន្ត​ថា​៖ «​យើង​ឃើញ​មាន​បញ្ហា​ប្រឈម​ចម្បង​ចំនួន​ ៣ ​សម្រាប់​ការចាប់ផ្ដើម​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​នោះ​មាន​លទ្ធភាព​ក្នុង​ការ​ស្វែងរក​ខ្សែបណ្តាញ​ទំនាក់ទំនង​ជំនាញ​បច្ចេកទេស​អាជីវកម្ម​ និង​លទ្ធភាព​ទទួល​បាន​មូលនិធិ​។ ​មាន​ជម្រើស​តិចតួច​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​»​។

លោកស្រី​បាន​បន្ថែម​ថា​ការបង្កើត​នៃ​មូលនិធិ​ច្នៃប្រឌិត​ឌីជីថល Smart Axiata (SADIF) កាលពី​ឆ្នាំ​មុន​ដែល​ជា​មូលនិធិ​វិនិយោគ​ចំនួន​ ៥ ​លាន​ដុល្លារ​អាមេរិក​ដែល​ផ្តោត​លើ​ការ​លើក​កម្ពស់​ការផ្តល់​ហិរញ្ញប្បទាន​ទៅ​កាន់​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដោយ​ការឧបត្ថម្ភ​ទឹកប្រាក់​រវាង​ ២៥០០០ ​ដុល្លារ​ទៅ​ ៥០០០០០ ​ដុល្លារ​ទៅ​ក្នុង​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​ណា​ដែល​មើល​ទៅ​ស័ក្តិសម​នឹង​ទទួល​បាន​ហើយ​មូលនិធិ​នេះ​បាន​បើក​ទ្វារ​ពិភព​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​ទៅ​កាន់​ឱកាស​ជាច្រើន​។

លោក​អ្នកស្រី​បាន​និយាយ​ថា៖ «​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​ភាគច្រើន​ជ្រើសរើស​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ពួកគេ​ដោយ​ប្រើប្រាស់​ប្រាក់​សន្សំ​ផ្ទាល់​ខ្លួន​ប្រាក់​របស់​មិត្តភក្តិ​ ឬ​ក្រុម​គ្រួសារ ឬ​ក៏​ប្រាក់រង្វាន់​ដែល​ពួកគេ​បាន​ឈ្នះ​នៅក្នុង​ការប្រកួត​។ ​ប៉ុន្តែ​ការបើក​ដំណើរការ​ថ្មី​នៃ SADIF និង​បណ្តាញ​វិនិយោគិន​ថ្មីៗ​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ពី​ក្តីសង្ឃឹម​មួយ​ថា​នឹង​មាន​មូលនិធិ​ច្រើន​ជម្រើស​ជាង​ពេល​បច្ចុប្បន្ន​នេះ​»​។

លោក Kem Bora (​កឹម បូរ៉ា​) ​អ្នក​គ្រប់គ្រង​វិនិយោគ​នៅ​ក្រុមហ៊ុន​ Mekong Strategic Partners បាន​ពន្យល់​ថា​ SADIF បាន​វិនិយោគ​រួច​ទៅ​ហើយ​ក្នុង​ក្រុមហ៊ុន​អាជីវកម្ម​ថ្មីៗ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ហើយ​ក្នុង​អំឡុង​ពេល​ដែល​កម្មវិធី​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​កម្មវិធី​បាន​ទទួល​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ជាង​គេ​បំផុត​គឺ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​អតិថិជន​ដែល​មាន​ភាព​ស្មោះស្ម័គ្រ​។

លោក​បាន​បន្ត​ទៀត​ថា៖ «​មាន​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​ចូល​ប្រឡូក​ក្នុង​វិស័យ​ច្រើន​ណាស់​នៅ​កម្ពុជា​ ប៉ុន្តែ​មិន​មាន​អ្នក​ដែល​ខ្លាំង​លេចធ្លោ​ជាង​គេ​នោះ​ទេ​។ ​យើង​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​យើង​អាច​បន្ថែម​គុណភាព​តាម​របៀប​ណា​បើ​ក្រុមហ៊ុន​អាជីវកម្ម​ថ្មីៗ​រមែងតែ​ជួប​បញ្ហា​ជាច្រើន​មិន​ចេះ​ចប់ និង​រារាំង​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​»​។

យោង​តាម​លោក Roman di Geronimo ​សហស្ថាបនិក​នៃ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ដែល​ផ្តោត​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា​បញ្ហា​ប្រឈម​មួយ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​គឺ​កង្វះ​លទ្ធភាព​ក្នុង​ការភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​កាន់​ភាគហ៊ុន​។

លោក diGeronimo បាន​ថ្លែង​ថា៖ «​ភាគច្រើន​នៃ​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​នៅ​កម្ពុជា​គឺ​មាន​មូលដ្ឋាន​លើ​បច្ចេកវិទ្យា​ហើយ​វិស័យ​ឌីជីថល​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​មួយ​ចំនួន​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែងរក​មូលនិធិ​។ ​ដូច្នេះ​យើង​កំពុង​បង្កើត​វេទិកា​មួយ​ដែល​មាន​ឈ្មោះ​ថា​ Startup Cambodia ដែល​នឹង​ជួយ​ឲ្យ​អ្នក​វិនិយោគ​ចាប់​គ្នា​ជា​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី និង​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​»​។

កង្វះ​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី និង​អ្នក​ផ្តល់​មូលនិធិ​ដែល​មាន​សក្តានុពល​មិនមែន​ជា​បញ្ហា​តែ​មួយ​គត់​ដែល​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា​ជួប​ប្រទះ​នោះ​ទេ​។ ​យោង​តាម​អ្នក​តំណាង​នៃ​ក្រុមហ៊ុន​វិនិយោគទុន​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​ភាគច្រើន​មិន​បាន​បង្ហាញ​ពី​គុណសម្បត្តិ​ដែល​វិនិយោគិន​កំពុង​ស្វែងរក​នោះ​ទេ​។

លោក Witt Gatchell អ្នក​គ្រប់គ្រង​ការវិនិយោគ​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ Belt Road Capital Management បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​របស់​លោក​មាន​បំណង​វិនិយោគ​ក្នុង​ចន្លោះ​ ២ ​លាន​ដុល្លារ​ទៅ​ ៧ ​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​បង្កើត​ថ្មី​ដែល​មាន​មូលដ្ឋាន​នៅក្នុង​តំបន់​ហើយ​មាន​សមត្ថភាព​ក្នុង​ការ​រក​ប្រាក់​ចំណេញ​។

លោក​បាន​បន្ត​ទៀត​ថា៖ «​អ្នក​ត្រូវ​តែ​ផ្តោត​សំខាន់​ទៅ​លើ​ប្រាក់​ចំណូល​។ ​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​ជាច្រើន​ផ្តោត​លើ​ការពង្រីក​មូលដ្ឋាន​អ្នក​ប្រើប្រាស់​របស់​ពួកគេ​តែ​ពួកគេ​ត្រូវ​ផ្តោត​លើ​ប្រាក់​ចំណូល​នៅ​ដំណាក់កាល​ដើម​ដំបូង​បំផុត​ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​បង្កើន​ដើមទុន និង​បន្ត​អាជីវកម្ម​ទៅ​មុខ​ទៀត​»​។

បើសិន​ជា​មិន​មាន​ប្រាក់​ចំណេញ​លោក Gatchell បាន​ថ្លែង​ថា​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​នឹង​ត្រូវ​ទទួល​បាន​ការលំបាក​ជាច្រើន​ដើម្បី​ទាក់ទាញ​វិនិយោគិន​ណា​មួយ​។

លោក​ ShivamTripathi ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគ​ Obor Capital បាន​ថ្លែង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​កំពុង​ស្វែងរក​ឱកាស​ដើម្បី​ផ្តល់​មូលនិធិ​ដល់​អាជីវកម្ម​បច្ចេកវិទ្យា​បង្កើត​ថ្មី​នៅ​កម្ពុជា ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ជា​ញឹកញាប់​វា​មាន​ភាព​លំបាក​ក្នុង​ការ​ស្វែងរក​បេក្ខជន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​ការ​វិនិយោគ​ថវិកា​ច្រើន​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​មិន​ទាន់​មាន​ចំនួន​អាជីវកម្ម​បង្កើត​ថ្មី​ច្រើន​នៅ​ទី​នេះ​ដែល​អាច​វិវឌ្ឍ​ទៅ​ជា​ក្រុមហ៊ុន​ធំៗ​បាន​ទេ​ដោយសារ​តែ​ពួកគេ​មាន​បញ្ហា​ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការ​កាន់កាប់​ការងារ​មាន​បន្ទុក​ធ្ងន់ ឬ​មាន​បញ្ហា​ជាមួយ​ក្រុម​ការងារ​របស់​ពួកគេ​។ មាន​មនុស្ស​ជាច្រើន​មាន​ឆន្ទៈ​ក្នុង​ការ​វិនិយោគ​ ១០០០០ ​ដុល្លារ​ទៅ​ ៣០០០០ ​ដុល្លារ​ហើយ​ថវិកា​ប៉ុណ្ណេះ​គឺ​ស្រួល​រក​ជា​ទីបំផុត​ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​នាក់​ដែល​ហ៊ាន​វិនិយោគ​ដល់​ទៅ​ខ្ទង់សែន​នោះ​ទេ​»​។

ខណៈ​ពេល​ដែល​មិន​មាន​អ្នក​វិនិយោគ​ជាច្រើន​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការបញ្ចូល​មូលនិធិ​ទៅ​ក្នុង​ការចាប់ផ្តើម​អាជីវកម្ម​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​នោះ​វា​អាច​មាន​ភាគរយ​ច្រើន​ណាស់​ដែល​វិនិយោគិន​នៅ​កម្ពុជា​ស្រាប់​អាច​នឹង​ចាប់ផ្តើម​ផ្តល់​មូលនិធិ​ទៅ​ដល់​វិស័យ​បច្ចេកវិទ្យា នៅពេល​ដែល​ពួកគេ​ឃើញ​មាន​បេក្ខជន​ជើង​ខ្លាំង​ដែល​សម​នឹង​ទទួល​បាន​ការផ្គត់ផ្គង់​។

លោក​ Tripathi បាន​ថ្លែង​ថា​៖ «​មាន​ក្រុមហ៊ុន​តិចតួច​ណាស់​ដែល​កំពុង​តែ​មាន​ចំណាប់​អារម្មណ៍​ដ៏ខ្លាំងក្លា​ក្នុងការ​វិនិយោគ​យ៉ាង​សកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​មិន​មាន​មូលនិធិ​ជាច្រើន​ទេ​ដែល​ប្តេជ្ញាចិត្ត​មុតមាំ​គាំទ្រ​។ ប៉ុន្តែ​វិនិយោគិន​នឹង​ចូល​មក​កាន់តែ​ច្រើន​នៅពេល​ដែល​អ្នក​បង្ហាញ​ពួកគេ​ថា​ប្រទេស​កម្ពុជា​ពោរពេញ​ដោយ​ឱកាស​ក្នុង​ការ​រីកចម្រើន​»៕