កម្មវិធី​ហៅ​យានយន្ត​ឈ្នួល​សម្រាប់​ធ្វើ​ដំណើរ​កាន់តែ​មាន​ភាព​ពេញ​និយម​ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ​កម្រៃ​សេវា​កាន់តែ​ទាប​ក្រោយ​ពេល​ក្រុមហ៊ុន​យក្ស Uber ​និង Grab បាន​មក​ដល់​កម្ពុជា​។

នៅពេល​ដែល​លោក ហោ ដាលុច ​បាន​បញ្ចេញ​នូវ​កម្មវិធី​ហៅ​តាក់ស៊ី​ជា​លើក​ដំបូង​សម្រាប់​ឲ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​កាលពី​ពេល​ ២ ​ឆ្នាំ​កន្លង​ទៅ​ម្ចាស់​រថយន្ត​តាក់ស៊ី​មាន​ភាព​ភ្ញាក់ផ្អើល​ជាមួយ​នឹង​បច្ចេកវិទ្យា​ព្រម​ទាំង​ឱកាស​នៃ​ការ​រក​ប្រាក់​បន្ថែម​សម្រាប់​ពួកគាត់​យ៉ាង​ខ្លាំង​។

ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន Uber ជា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​ដែល​ផ្តល់​នូវ​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី និង​មាន​លក្ខណៈ​ប្រភេទ​មុខ​ជំនួញ​ ដូច្នេះ​ដែរ​កម្មវិធី ExNet របស់​លោក​ ដាលុច ​ប្រើ​ប្រព័ន្ធ​បណ្តាញ GPS លើ​ស្មាតហ្វូន​ដើម្បី​ស្វែងរក​ទាំង​អតិថិជន និង​អ្នក​បើក​រថយន្ត​តាក់ស៊ី និង​ភ្ជាប់​គ្នា​ហើយ​ធ្វើការ​គណនា​តម្លៃ​ធ្វើ​ដំណើរ​ផ្ទាល់​តែ​ម្តង​។ ​ខណៈ​ដែល​ភ្ញៀវ​បរទេស​ជាច្រើន​បាន​ដឹង​អំពី​កម្មវិធី​ប្រភេទ​នេះ​រួច​ទៅ​ហើយ​នោះ​មាន​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី​ខ្មែរ​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ដឹង​អំពី​កម្មវិធី​ប្រភេទ​នេះ​។

លោក​ ដាលុច ​បន្ថែម​ថា៖ «​ពី​ដំបូង​ឡើយ​វា​ជា​រឿង​មួយ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែងរក​ម្ចាស់​រថយន្ត​តាក់ស៊ី​មក​ដោយសារ​តែ​ពួកគាត់​មិន​ទាន់​យល់​អំពី​កម្មវិធី​ប្រភេទ​នេះ​។ ដូច្នេះ​ហើយ​យើង​បញ្ជូន​បុគ្គលិក​របស់​យើង​ឲ្យ​ចុះ​ទៅ​ជួប​ពួកគាត់​ដោយ​ផ្តល់​ជា​វគ្គ​បង្រៀន និង​រង់ចាំ​ឲ្យ​ម្ចាស់​រថយន្ត​តាក់ស៊ី​និយាយ​តៗ​គ្នា​អំពី​អ្វី​ដែល​ពួកយើង​កំពុង​ធ្វើ​នាពេល​នោះ​»​។

លោក ដាលុច បាន​បញ្ចេញ​កម្មវិធី​ ExNet របស់​ខ្លួន​កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៦ ដោយ​មាន​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី​ធ្វើការ​ជាមួយ​ក្រៅ​ម៉ោង​តែ​ ២ ​នាក់​ប៉ុណ្ណោះ​ បើ​ទោះបី​ជា​ក្នុង​រយៈពេល​​ ២ ​ខែ​ក្រោយ​មក​មាន​ម្ចាស់​រថយន្ត​តាក់ស៊ី​ ៦០ ​នាក់​បន្ថែម​ទៀត​បាន​មក​ចុះ​ឈ្មោះ​ធ្វើការ​ជាមួយ​ខ្លួន​។ គិត​ត្រឹម​ពេល​នោះ​ដៃគូ​ប្រកួត​ប្រជែង​របស់ ExNet បាន​មក​ដល់​ដែរ​ទៅ​ហើយ​។ បន្ទាប់មក​ក៏​មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​។

«​ខ្ញុំ​សម្រេច​ចិត្ត​បញ្ចេញ​នូវ​កម្មវិធី​នេះ​ឲ្យ​គេ​ប្រើប្រាស់​នៅពេល​ដែល​ខ្ញុំ​មើល​ឃើញ​នូវ​ប្រជាប្រិយភាព​របស់​ស្មាតហ្វូន iPhone ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ទាក់ទង​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ឲ្យ​បង្កើត​កម្មវិធី​នេះ​សម្រាប់​ខ្ញុំ​ហើយ​បាន​ផ្តល់​នូវ​សេវាកម្ម​ហៅ​តាក់ស៊ី​លើ​ស្មាតហ្វូន​ផ្ទាល់​តែ​ម្តង​»​។ នេះ​បើ​តាម​ការ​រំឭក​របស់​លោក ដាលុច​។ «​ខ្ញុំ​ជា​ម្ចាស់​កម្មវិធី​ប្រភេទ​នេះ​ដំបូង​គេ​ហើយ​មាន​ក្រុមហ៊ុន​ផ្សេងៗ​ប្រភេទ​នេះ​ជាច្រើន​ទៀត​បាន​មក​ដល់​ឆាប់ៗ​បន្ទាប់ពី​នោះ​»​។

ដោយសារ​តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​ និង​ការរិះគន់​លើ​ការ​យក​តម្លៃ​សេវា​ធ្វើដំណើ​របស់​រ៉ឺម៉ក​កង់​ ៣ ​ដ៏ខ្ពស់​ផង​នោះ​វា​ជា​រឿង​មួយ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ​ដែល​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី​នេះ​បាន​ទទួល​ការពេញនិយម​ក្នុង​រយៈពេល​ដ៏ខ្លី​។ ​គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៧ មាន​ក្រុមហ៊ុន​ហៅ​រថយន្ត​តាក់ស៊ី​ច្រើន​ជាង​ ៦ ​ឯណោះ​ដែល​បាន​ចូល​ខ្លួន​មក​ប្រកួត​ក្នុង​ទីផ្សារ​នេះ​ ខណៈ​ដែល​ក្រុមហ៊ុន Grab របស់​សិង្ហបុរី និង Uber របស់​សហរដ្ឋអាមេរិក​បាន​មក​ដល់​ដែរ​ហើយ​បាន​បន្សាយ​សេវា​របស់​ខ្លួន​ទៅក្នុង​រាជធានី​របស់​ព្រះរាជាណាចក្រ​មួយ​នេះ​។

ផែនទី​ទីក្រុង​ភ្នំពេញ​ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង App របស់​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដោយ​តាក់ស៊ី​។ ​ផា លីណា

លោក ដា លុយ ថ្លែង​ថា​ដោយសារ​តែ​មាន​ដៃគូ​ប្រជែង​ច្រើន​ហើយ​កំពុង​តែ​វាយលុក​តម្លៃ​ផង​ដែរ​នោះ​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី​ដែល​ជោគជ័យ​នឹង​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​នូវ​កម្មវិធី​ដែល​ងាយស្រួល​ចុះ​ឈ្មោះ និង​ងាយ​ប្រើប្រាស់​ជាង​គេ​។

លោក​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា​រឿង​ដំបូង​ដែល​សំខាន់​សម្រាប់​ភាព​ជោគជ័យ​របស់​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី​មួយ​គឺ​កម្មវិធី​ប្រើប្រាស់​ផ្ទាល់​តែ​ម្តង​។ ​ព្រោះ​ថា​ប្រសិន​បើ​កម្មវិធី​នោះ​ពិបាក​ក្នុង​ការ​ប្រើ​វា​នឹង​មិន​ជោគជ័យ​នោះ​ទេ​»​។

ខណៈ​ដែល​កម្មវិធី​ហៅ​យានយន្ត​តាក់ស៊ី​ទាំងអស់​ផ្តល់​នូវ​ផែនទី​ដែល​អាច​ពង្រីក និង​បង្រួម​បាន​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​កំណត់​នូវ​ចំណុច​ឲ្យ​ម្ចាស់​រថយន្ត​តាក់ស៊ី​ទៅ​ទទួល និង​កំណត់​ចំណុច​គោលដៅ​ឲ្យ​ហើយ​បាន​ជា​មុន និង​បង្ហាញ​ទីតាំង​របស់​រថយន្ត​តាក់ស៊ី​ផង​ដែរ​នោះ​មាន​ក្រុមហ៊ុន​ហៅ​រថយន្ត​តាក់ស៊ី​ក្នុង​ស្រុក​យ៉ាងហោច​ ៣ ​នៅ​កម្ពុជា​ដែល​ផ្តល់​នូវ​កម្មវិធី​មួយ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង​ដោយ​មើល​តែ​មួយ​ភ្លែត​គឺ​សឹង​តែ​ដូចគ្នា​សុទ្ធ​តែ​ម្តង​។

នេះ​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ដោយសារ​តែ ExNet, PassApp និង Ugo 711 គឺ​សុទ្ធតែ​ជួល​ឲ្យ​ក្រុមហ៊ុន​តែ​មួយ​នៅ​សហរដ្ឋអាមេរិក​បង្កើត​កម្មវីធី​នេះ​ឡើង​ដែល​តែងតែ​បន្ត​ផ្តល់​នូវ​ជំនាន់​ថ្មី​កែលម្អ​ថ្មី​ដើម្បី​ធ្វើឲ្យ​កម្មវិធី​នេះ​កាន់តែ​ល្អ​ប្រសើរ និង​យក​កម្រៃ​សេវា​ប្រចាំ​ខែ​ផង​ដែរ​។

«​កម្មវិធី [​ហៅ​រថយន្ត​តាក់ស៊ី​ក្នុង​ស្រុក​] របស់​យើង​មួយ​ចំនួន​គឺ​សុទ្ធតែ​ដូច​គ្នា សូម្បីតែ​តម្លៃ​ដែល​យើង​គិត​ពី​អតិថិជន​ក៏ដូច​គ្នា​ដែរ​» ​នេះ​បើ​យោង​តាម​សម្តី​របស់​លោក​ តុបនិមល ​ស្ថាបនិក​កម្មវិធី​ PassApp​។ «​អ្វី​ដែល​ធ្វើឲ្យ​យើង​ខុស​ពី​គេ​គឺ​វិធី​ដែល​យើង​បញ្ចុះបញ្ចូល​អតិថិជន​ឲ្យ​ប្រើ​សេវាកម្ម​របស់​យើង​»​។

ខណៈ​ដែល ExNet ជា​កម្មវិធី​ផ្តល់​សេវា​ហៅ​យានយន្ត​តាក់ស៊ី​ដំបូង​គេ​នៅ​កម្ពុជា​ បើ​ទោះ​ជា​កម្មវិធី​នេះ​បាន​ពង្រីក​សេវាកម្ម​ដោយ​រួម​បញ្ចូល​ប្រភេទ​រថយន្ត​តាក់ស៊ី​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​ក្តី​កម្មវិធី PassApp គឺជា​កម្មវិធី​ដំបូង​គេ​ដែល​ផ្តល់​សេវាកម្ម​ហៅ​រ៉ឺម៉ក​ឡំប្រឺតា​តាក់ស៊ី​សម្រាប់​ធ្វើ​ដំណើរ​។

លោក និមល បន្ត​ថា៖ «​នៅពេល​នោះ​មាន​ក្រុមហ៊ុន​ ៣ ឬ​ ៤ ផ្សេង​ទៀត​ដែល​ព្យាយាម​បញ្ចេញ​នូវ​កម្មវិធី​របស់​ខ្លួន​ស្រប​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦ ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ​ទាំងអស់​»​។

លោក​​ និមល ​បាន​ថ្លែង​ថា​ជោគជ័យ​របស់ PassApp គឺ​ដោយសារ​តែ​បណ្តាញ​អតិថិជន​ដែល​លោក​មាន​ស្រាប់​ទៅ​ហើយ​តាមរយៈ​មុខ​ជំនួញ​ដំបូង​ដែល​មាន​ឈ្មោះ​ថា EZGo ដែល​ជា​ក្រុមហ៊ុន​ទទួល​ទូរស័ព្ទ​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ហៅ​រ៉ឺម៉ក​ឡំប្រឺតា​យក​កម្រៃ​តាម​ចម្ងាយ​ម៉ែត្រ​ដើម្បី​ធ្វើ​ដំណើរ​ដែល​ជា​រ៉ឺម៉ក​កង់​ ៣ ​ម៉ាក Bajaj​។

« EZGo គឺជា​មុខ​ជំនួញ​ដំបូង​របស់​ខ្ញុំ​ដោយ​គ្រាន់តែ​ជា​កន្លែង​សម្រាប់​ទទួល​ទូរស័ព្ទ​ខល​ចូល​មួយ​ប៉ុណ្ណោះ​ដែល​ខ្ញុំ​បាន​បង្កើត​ឡើង​ក្នុង​ខែ​មីនា​ឆ្នាំ​ ២០១៦ ​សម្រាប់​អតិថិជន​ទាំងឡាយ​ណា​ដែល​ចាប់​អារម្មណ៍​ចង់ [​កុម្ម៉ង់​] ហៅ​រ៉ឺម៉ក​កង់​ ៣ ​ឥណ្ឌា​»​។

លោក​ថ្លែង​បន្ត​ថា៖ «​ប៉ុន្តែ​វា​ជា​រឿង​មួយ​លំបាក​ក្នុង​ការ​ចុះ​ឈ្មោះ​ម្ចាស់​រ៉ឺម៉ក​តាមរយៈ​ទូរស័ព្ទដៃ​ហើយ​រឹត​តែ​ពិបាក​សម្រាប់​អតិថិជន​ក្នុង​ការ​ពន្យល់​ប្រាប់​ពី​ទីតាំង​ទៅ​ទទួល​ពួកគាត់ ឬ​កន្លែង​ដែល​ដាក់​ពួកគាត់​ចុះ​។ ខ្ញុំ​ដឹងថា​ខ្ញុំ​មិន​អាច​ពង្រីក​សេវាកម្ម​របស់​ខ្ញុំ​ដោយ​គ្មាន​ការកែប្រែ​ធំ​មួយ​បាន​ទេ​»​។

ការផ្លាស់ប្តូរ​ពី​ការប្រើ EZGo ទៅ​ PassApp វិញ​បាន​ផ្តល់​នូវ​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​កម្មវិធី​មួយ​នេះ​ ខណៈ​ដែល​មធ្យោបាយ​កុម្ម៉ង់​រ៉ឺម៉ក​កង់​បី​ដោយ​ហៅ​តាម​ទូរស័ព្ទដៃ​នៅ​តែ​មាន​បើក​ ២៤ ​ម៉ោង​ដើម្បី​ជួយ​អតិថិជន​ឲ្យ​ពួកគាត់​អាច​ហៅ​យក​របស់​ពួកគាត់​ភ្លេច​លើ​រ៉ឺម៉ក​មក​វិញ​បាន​ហើយ​បាន​ជួយ​ឲ្យ​កម្មវិធី​មួយ​នេះ​លូតលាស់​ទៅ​មុខ​បាន​ផង​ដែរ​។

«​គ្រាន់តែ​ក្នុង​ទីក្រុង​ភ្នំពេញ​យើង​មាន​ម្ចាស់​រថយន្ត​តាក់ស៊ី​ប្រហែល​ ១ ​ពាន់​នាក់​ទៅ​ហើយ​» ​លោក​ថ្លែង​ដោយ​បន្ថែម​ទៀត​ថា អតិថិជន​ភាគច្រើន​បាន​ប្រើ​កម្មវិធី​នេះ​ដើម្បី​ហៅ​រ៉ឺម៉ក​កង់​ ៣ ​ខណៈ​ម្ចាស់​យានយន្ត​ត្រឹម​តែ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ម្ចាស់​រថយន្ត​តាក់ស៊ី​សរុប​ដែល​បាន​ទទួល​ការ​កុម្ម៉ង់​របស់​អតិថិជន​។

លោក​បន្ត​ថា៖ «​បច្ចុប្បន្ន​យើង​ជា​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី​ដំបូង​គេ​ដែល​បាន​ពង្រីក​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​ក្រៅ​ពី​ទីក្រុង​ភ្នំពេញ​ដោយ​យើង​បាន​ទៅ​ដល់​សៀមរាប​កាលពី​ ១ ​ខែ​មុន​ និង​ខេត្ត​ព្រះសីហនុ​ប្រហែល​ ២ ​សប្តាហ៍​មុន​»​។

Mom Cleomora ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក iTsumo បាន​ថ្លែង​ថា​ចំណុច​ខុស​ពី​គេ​របស់​កម្មវិធី​ហៅ​រថយន្ត​តាកស៊ី​របស់​ក្រុមហ៊ុន លោក​គឺ​ដោយសារ​តែ​វា​ជា​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី​តែ​មួយ​គត់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ការងារ​ខ្មែរ​សុទ្ធ​តែ​ម្តង​។

«​បើ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ក្រុមហ៊ុន​ហៅ​រថយន្ត​តាក់ស៊ី​ផ្សេងៗ​ទៀត​សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រទេស​ផ្សេង​ទៀត​លើកលែង​តែ​ iTusmo ប៉ុណ្ណោះ​ហើយ​យើង​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​» ​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Cleomora​។ ​«​វា​ជា​ក្តី​មោទនៈ​មួយ​ក្នុង​ការ​បង្ហាញ​ទៅ​កាន់​តែ​មហាជន​នូវ​អ្វី​ដែល​វិស្វករ​ជំនាញ​ក្នុង​ស្រុក​អាច​ធ្វើ​បាន​ហើយ​យើង​ពិតជា​មាន​ក្តីរំភើប​អំពី​រឿង​នេះ​ជាខ្លាំង​។

ដោយ​ទើប​តែ​ដាក់​បញ្ចេញ​ឲ្យ​អតិថិជន​ប្រើប្រាស់​កាលពី​ខែ​មករា​ឆ្នាំ​ ២០១៧ ​នេះ iTsumo មាន​ចំនួន​ម្ចាស់​រថយន្ត​តាក់ស៊ី​ចុះ​ឈ្មោះ​ដល់​ទៅ​ ១៥០០ ​នាក់​ខណៈ​ដែល​ពាក់កណ្តាល​ជា​ម្ចាស់​រថយន្ត​តាក់ស៊ី​ និង​ពាក់​កណ្តាល​ទៀត​មាន​ទាំង​រ៉ឺម៉ក​កង់​ ៣ និង​ម៉ូតូឌុប​។ ​បន្ទាប់ពី​ដាក់​បញ្ចេញ​ឲ្យ​ប្រើ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ក្រុមហ៊ុន​នេះ​ក៏​កំពុង​តែ​ពង្រីក​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ផង​ដែរ​ដោយ​កាលពី​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​បាន​ពង្រីក​សេវា​មាន​កំណត់​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​កំពត​ផង​ដែរ​។

លោក Cleomaro ដែល​ជា​អ្នក​គ្រប់គ្រង​ក្រុម​ការងារ​ដែល​មាន​សមាជិក​ទើប​នឹង​បញ្ចប់​ការសិក្សា​ផ្នែក​បច្ចេកវិទ្យា​ចំនួន​ ៥ ​នាក់​ដែល​បាន​រួម​គ្នា​បង្កើត iTsumo ​នេះ​ឡើង​បាន​ថ្លែង​ថា កម្មវិធី​របស់​លោក​ក៏​មាន​ចំណុច​លេចធ្លោ​មួយ​ទៀត​លើ​គូ​ប្រកួត​របស់​ខ្លួន​ផង​ដែរ​ហើយ​នោះ​គឺជា​តម្លៃ​។ iTsumo យក​កម្រៃ​សេវា​តែ​ ៩ ​ភាគរយ​ប៉ុណ្ណោះ​ពី​អ្នក​បើក​រថយន្ត​តាក់ស៊ី​របស់​ខ្លួន​ដែល​គិត​ជា​កម្រៃ​សម្រាប់​ការ​កុម្ម៉ង់​ហៅ​ដែល​អាច​ថា ជា​កម្រៃ​ទាប​ជាង​គេ​បំផុត​មួយ​ក្នុង​ចំណោម​កម្មវិធី​ដែល​ជា​គូប្រកួត​របស់​ខ្លួន​លើ​ទីផ្សារ​បច្ចុប្បន្ន​នេះ​។

លោក​ថ្លែង​ថា៖ «​ចាប់​តាំងពី​យើង​បង្កើត iTsumo ដោយ​ខ្លួនឯង​មក​យើង​មិន​ចាំបាច់​បង់ថ្លៃ​បង្កើត​ ឬ​ថ្លៃ​កែលម្អ​អ្វី​ផ្សេងៗ​ដូច​កម្មវិធី​ផ្សេង​ឡើយ​ ដូច្នេះ​ហើយ​យើង​អាច​យក​កម្រៃ​ទាប​ជាង​គេ​បាន​»៕