មូល​​និធិ The JTI Foundation ដែល​ជា​អង្គការ​សប្បុរសធម៌ ចុះ​បញ្ជី​ក្រោម​ច្បាប់​នៃ​ប្រទេស ​ស្វ៊ីស និង​ផ្តល់​ថវិកា​ហិរញ្ញវត្ថុ​ដោយ​ក្រុមហ៊ុន JT International SA មាន​មោទនភាព​ក្នុង​ការ​រួម​ចំណែក​ដល់​សហគមន៍​​កម្ពុជា តាមរយៈ​កម្មវិធី​ផ្សេងៗ​គ្នា​ជាច្រើន ជាពិសេស​គម្រោង​សហការ​ជា​ដៃគូ​ជាមួយ APOPO (Anti-Persoonsmijnen Ontmijnende Product Ontwik- keling) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៃ​​ប្រទេស​បែលហ្ស៊ិក ជា​អង្គការ​អភិវឌ្ឍន៍​លុប​បំបាត់​ផលិតផល​គ្រាប់មីន​ដោយ​មិន​ប៉ះពាល់​ដល់​មនុស្ស ដោយ​បាន​ប្រើប្រាស់​សត្វ​កណ្តុរ​ដែល​ត្រូវ​បាន​ហ្វឹកហាត់​ជាពិសេស​ឲ្យ​កំណត់​រក​អត្តសញ្ញាណ​មីន​ ឬ​ហៅ​កាត់​ថា​ MDR ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ជា «​វីរជន​កណ្តុរ​» ដើម្បី​លុប​បំបាត់​គ្រាប់មីន​កប់​ក្នុង​ដី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

គម្រោង​នេះ​បាន​រួម​ចំណែក​ដល់​ការ​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​សរុប​ចំនួន ១.២៣០.៤៧៧ ​ម៉ែត្រការ៉េ ដែល​នៅ​ក្នុង​នោះ​មាន​គ្រាប់មីន​សល់​ពី​សម័យ​សង្គ្រាម​ចំនួន ១២៨ ​គ្រាប់ និង​សំណល់​គ្រាប់​ផ្សេងៗ​ចំនួន ៩៥ ​គ្រាប់​ត្រូវ​បាន​គេ​ដក​ចេញ​ដោយ​សុវត្ថិភាព​។

ភាព​ជោគជ័យ​នេះ​បាន​ជួយ​ដល់​កសិករ ចំនួន ៦.២៧៦ ​នាក់​ហើយ​គ្រួសារ​របស់​ពួកគេ អាច​ប្រើប្រាស់​ដី​ទាំង​នោះ​សម្រាប់​ការ​ដាំដុះ​ដំណាំ​កសិកម្ម​បាន​ទៀត​ផង​។

ដី​ដែល​បាន​បោសសម្អាត​គ្រាប់មីន និង គ្រាប់​មិន​​ទាន់​ផ្ទុះ បាន​នាំ​ឲ្យ​មាន​ការ​បង្កបង្កើន​ផលិតកម្ម​ដំណាំ ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​ក៏​ដូចជា​សន្តិសុខ​ស្បៀង​ការបង្កើន​លទ្ធភាព​​ទទួល​បាន​សេវាកម្ម​សាធារណៈ​ និង​ការ​កាត់បន្ថយ​ចំនួន​ប្រជាជន​ធ្វើ​អន្តោប្រវេសន៍​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីកន្លែង​ផ្សេង​។

មូលនិធិ The JTI Foundation បាន​ផ្តល់​ជំនួយ​​ហិរញ្ញប្បទាន​ចាប់​តាំងពី​ឆ្នាំ ២០១៥ ជាង ១ ​លាន​ដុល្លារ អាមេរិក​ដល់​អង្គការ APOPO ដែល​កំពុង​ធ្វើការ​ជា​ដៃគូ ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC)​។

គម្រោង​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​​កម្ពុជា​ថា ជា​គន្លឹះ​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​តំបន់​ជនបទ និង​ជួយ​រួម​ចំណែក​ដល់​គោលដៅ​អភិវឌ្ឍន៍​រួម​ក្នុង​​ប្រទេស​កម្ពុជា​។ វា​ក៏​ស្រប​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​​កម្ពុជា​ក្រោម​សន្ធិសញ្ញា​អូតាវ៉ា​ដើម្បី​លុប​បំបាត់​គ្រាប់មីន​​ទាំងអស់​ចេញ​ពី​ប្រទេស​នេះ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥៕