ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​ ១៦ លោក អាប្រាហាម លីនខុន (១៨៦១-១៨៦៥) ​បាន​លើក​ពី​គោល​គំនិត​នៃ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថា កើត​ពី​ប្រជាពលរដ្ឋ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ប្រជាពលរដ្ឋ​។ ក្នុង​ន័យ​នេះ ប្រជាពលរដ្ឋ​គឺជា​ធាតុ​ដ៏សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការកសាង​ប្រជាធិបតេយ្យ​។

ប្រជាពលរដ្ឋ​នោះ​ទៀត​សោត មិនមែន​គ្រាន់​តែ​ជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មិន​ចូលរួម​ដឹងឮ​រឿង​នយោបាយ​ឡើយ តែ​ជា​ប្រជាពលរដ្ឋ​យល់​ដឹង​។ ប៉ុន្ដែ​នៅ​ស្រុក​ខ្មែរ ពេល​ដែល​ឮ​ពាក្យ​ថា​ប្រជាពលរដ្ឋ​យល់​ដឹង ​(Informed citizen) ​គេ​ក៏​សួរ​ថា តើ​យល់​ដឹង​អំពី​រឿង​អ្វី​? ដូច​គ្នា​ពេល​ដែល​និយាយ​ដល់​ការចូលរួម​របស់​ប្រជាពលរដ្ឋ (Citizen participation) គេ​ក៏​សួរ​ថា តើ​ចូលរួម​អ្វី​?

ជាធម្មតា​ខ្មែរ​យើង​តែងតែ​ហៅ​មនុស្ស​គ្រប់​គ្នា​ថា​ជា​ប្រជាពលរដ្ឋ​/​ពលរដ្ឋ​/​ប្រជាជន​/​ប្រជារាស្ដ្រ​/​រាស្ដ្រ​/​ប្រជានុរាស្ដ្រ​។ ពាក្យ​ទាំង​នេះ​មាន​អត្ថន័យ​មិន​ជា​ខុស​គ្នា​ទេ​ជា​ភាសារ​ខ្មែរ​គឺ​សំដៅ​គ្របដណ្ដប់​មនុស្ស​ទាំងឡាយ​ណា​ដែល​មាន​ដើម​កំណើត​តែមួយ និង​និយាយ​ភាសា​តែ​មួយ​ជាមួយ​គ្នា​។ ប៉ុន្ដែ​អត្ថន័យ​នៃ​ពាក្យ​ប្រជាពលរដ្ឋ (Citizen) មាន​ន័យ​ខុស​ពី​ពាក្យ​​ប្រជាជន​ (People) ​ក្នុង​គំនិត​លោក​ខាង​លិច​។

កាលណា​និយាយ​ដល់​ប្រជាពលរដ្ឋ គេ​សំដៅ​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​មាន​សិទ្ធិ និង​កាតព្វកិច្ច​ព្រម​ទាំង​ការទទួល​ខុសត្រូវ​ក្នុង​ការ​មាន​ទំនាក់ទំនង​ជាមួយ​តួអង្គ​សង្គម​ដទៃ​ទៀត​ក៏ដូចជា ជាមួយ​រដ្ឋ​នៅពេល​ដែល​ប្រជាជន​សំដៅ​ដល់​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​ការងារ​ និង​រក​ចំណូល​ពី​ប្រទេស​មួយ ប៉ុន្ដែ​ពេល​ខ្លះ​ពួកគេ​មិន​បាន​បំពេញ​នូវ​កាតព្វកិច្ច​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ឡើយ​។ មាន​ន័យ​ថា​​ បុគ្គល​ដែល​ជា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​មួយ​ចំនួន​លើស​ពី​សិទ្ធិ​ដែល​បុគ្គល​ជា​ប្រជាជន​មាន ព្រោះ​ប្រជាពលរដ្ឋ​មាន​កាតព្វកិច្ច​មួយ​ចំនួន​ដែល​ត្រូវ​បំពេញ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ច្រើន​ជាង​បុគ្គល​ដែល​ជា​ប្រជាជន​ត្រូវ​បំពេញ​។ ដូច្នេះ​ដើម្បី​ទទួល​បាន​នូវ​សិទ្ធិ​ពេញលេញ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ដែល​សិទ្ធិ​ទាំង​នោះ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ចំពោះ​ប្រជាពលរដ្ឋ បុគ្គល​នោះ​ចាំបាច់​ត្រូវ​តែ​បំពេញ​នូវ​កាតព្វកិច្ច​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​។

ក្រៅពី​មាន​ប្រជាពលរដ្ឋ​ធម្មតាៗ​ក្នុង​ការកសាង​សង្គម​ប្រជាធិបតេយ្យ គេ​ត្រូវការ​ប្រជាពលរដ្ឋ​ដែល​យល់​ដឹង​ពី​សិទ្ធិ​ និង​ទទួល​ខុសត្រូវ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម​នានា ដើម្បី​ទទួល​បាន​នូវ​អំណាច​ស្រប​ច្បាប់​​ក្នុង​ការ​អនុវត្ដ​សិទ្ធិ​របស់​ខ្លួន​។ យ៉ាង​ណា​ក៏ដោយ​មាន​ការ​លើក​​ជា​រឿយៗ​ថា ប្រទេស​ខុស​គ្នា​មាន​ប្រជាធិបតេយ្យ​ក្នុង​ទម្រង់​​ខុសៗ​ពីគ្នា​។

ពិត​ណាស់​ថា បរិបទ​ប្រទេស​ខុស​គ្នា ទស្សនាទាន​​ចំពោះ​រឿង​នេះ​អាច​ខុស​គ្នា ប៉ុន្ដែ​កាលណា​និយាយ​ដល់​ប្រជាធិបតេយ្យ ទោះបី​ជា​មាន​គំនិត​ខ្វែង​គ្នា​ពី​របៀប​កសាង​ក៏ដោយ ក៏​វា​ត្រូវ​តែ​មាន​គោល​រួម​មួយ​គឺ​ឈរ​លើ​ការ​មាន​ប្រជាពលរដ្ឋ​ជា​អធិបតី​។ កាលណា​បើ​គ្មាន​ប្រព័ន្ធ​ធានា​តុល្យភាព​អំណាច​រវាង​ប្រជាពលរដ្ឋ និង​រដ្ឋ​ជា​អចិន្រៃ្តយ៍​ទេ​នោះ គេ​មិន​គួរ​ហៅ​ខ្លួនឯង​ថា​ជា​រដ្ឋ​ប្រជាធិបតេយ្យ​ឡើយ​។ ​

អំណាច​ប្រជាពលរដ្ឋ​នា​ថ្ងៃ​បោះឆ្នោត​តែ​​មួយ​ថ្ងៃ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​អំណាច​ប្រជាពលរដ្ឋ​ជា​អចិន្រៃ្តយ៍​​ទេ​។ ​មាន​តែ​ប្រជាពលរដ្ឋ​យល់​​ដឹង​ទេ ដែល​ចេះ​ទាមទារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ឲ្យ​រដ្ឋាភិបាល​មាន​តុល្យភាព​អំណាច មាន​គណនេយ្យភាព និង​តម្លាភាព​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ជា​អចិន្រៃ្តយ៍​។ នោះ​ហើយ​គឺ​ភាព​ជា​ធំ​នៃ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ និង​អំណាច​ស្រប​ច្បាប់​ទៅ​តាម​ដាន​ការដឹកនាំ​ប្រទេស​។

លើស​ពី​នេះ ​ប្រជាពលរដ្ឋ​យល់​ដឹង​តែងតែ​ទទួល​ខុសត្រូវ​ចូលរួម​សកម្មភាព​សង្គម​នានា​ដែល​ឈាន​ទៅ​រក​ដំណោះស្រាយ​បញ្ហា​ជាតិ​ថែម​ទៀត មិនមែន​ដេក​ចាំ​ឲ្យ​គេ​ធ្វើ​ឲ្យ​ខ្លួន​ឡើយ ព្រោះ​វា​ជា​កាតព្វកិច្ច​។ ដូច្នេះ​កាល​ណា​និយាយ​ដល់​ការចូលរួម​គឺ​សំដៅ​ដល់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចការ​សង្គម ពិសេស​ការចូលរួម​ដឹង​ឮ​រឿង​នយោបាយ​។

ដោយសារ​តែ​ទស្សនាទាន​នៃ​ប្រជាពលរដ្ឋ​យល់​ដឹង​ជា​រឿង​ថ្មី និយាយ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ វា​ពិតជា​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ទាញ​ភ្ជាប់​ឲ្យ​យល់​ពី​ទំនាក់​ទំនង​នៃ​ប្រជាពលរដ្ឋ​យល់​ដឹង និង​ដំណើរការ​នៃ​ការកសាង​ប្រជាធិបតេយ្យ​។ ប្រជាពលរដ្ឋ​យល់​ដឹង​ត្រូវតែ​មាន​ទាំង​ជំនាញ​រឹង​ (​ជំនាញ​​ផ្នែក​បច្ចេកទេស​) ​ទាំង​ជំនាញ​ទន់ ពិសេស​គឺ​ជំនាញ​គិត​ត្រិះរិះ​ពិចារណា​។ ដើម្បី​បណ្ដុះ​នូវ​ជំនាញ​គិតពិចារណា ប្រជាពលរដ្ឋ​គួរ​តែ​ចាប់ផ្ដើម​ចេញ​ពី៖

ក) ​ចូលរួម​ក្នុង​ទំនាក់ទំនង​សង្គម​នានា​តាមរយៈ​ការ​ក្លាយ​ជា​សមាជិក​នៃ​អង្គការ​ចាត់តាំង​ ឬ​ក្រុម​ស្រប​ច្បាប់​ណា​មួយ​ដែល​បង្កើតឡើង​ដោយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​។ តាមរយៈ​ទំនាក់​ទំនង​សង្គម​ទាំង​នោះ សមាជិក​នៃ​ក្រុម​ទាំង​នោះ​អាច​ទទួល​បាន​ព័ត៌មាន អាច​ផ្លាស់ប្ដូរ​គំនិត​ទស្សនៈ​រវាង​គ្នា​នឹង​គ្នា​។

ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គួរ​តែ​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រជាពលរដ្ឋ​យល់​ដឹង មិន​ត្រឹម​តែ​ទៅ​លើ​រឿងរ៉ាវ​ទូទៅ​ដែល​កើតឡើង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គេ​ប៉ុណ្ណោះ​ទេ លើស​​ពីនេះ​គេ​ត្រូវ​តែ​មាន​ការយល់ដឹង​អំពី​រឿង​នយោបាយ​ដែល​ទោះ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល វា​បាន​ជះឥទ្ធិពល​មក​​លើ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​សង្គម​។ ពួកគេ​ត្រូវ​តែ​ចូលរួម​យ៉ាង​សកម្ម​ដោយ​ឆន្ទៈ ដោយ​ត្រឹមត្រូវ​ស្រប​ច្បាប់ និង​ដោយ​ការទទួល​ខុសត្រូវ​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​ជាតិ​។

ខ) ​ចង់​ចេះ ចង់ដឹង​ពី​បញ្ហា​នានា​ដែល​កើត​មាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ដោយ​ការអាន ស្ដាប់​និង​ពិភាក្សា​។ ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ហាក់​ដូចជា កាន់​ជាប់​នូវ​គំនិត​អសកម្ម​នានា​ថា រឿង​នយោបាយ​ទុក​ឲ្យ​អ្នក​នយោបាយ​ដោះស្រាយ​ចុះ​,​មិន​បាច់​ធ្វើ​ដឹងឮ​រឿង​អ្នកដទៃ​ទេ​,​សក់​នរណា​ក្បាល​អ្នក​នោះ​,​ គេ​រំលោភ​បំពាន​យក​ដីធ្លី​ផ្ទះ​នរណា​ក៏​យក​ចុះ កុំ​ឲ្យ​តែ​យក​ជណ្ដើរ​ផ្ទះ​ខ្លួន​ជាដើម ដែល​វា​សុទ្ធតែ​ជា​គំនិត​ដែល​នាំ​ដល់​ការមិន​ខ្វល់​គិត​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​រួម​សង្គម​ដទៃ​ជា​ហេតុ​នាំ​ឲ្យ​សង្គម​ខ្មែរ​កាន់​តែ​រហែក​ចេញ​ពី​គ្នា​។ ខ្មែរ​ច្រើន​ណាស់​ដែល​មិន​ចូលចិត្ដ​អាន​មិន​ចូលចិត្ដ​ស្ដាប់ តែ​ឱប​ជាប់​គំនិត​ថា​ចូល​ស្ទឹង​តាម​បត់​,​ខុស​ពី​គេ​គឺ​មិន​ដែល​ល្អ​,​ទូល​ផែនដី​ម្នាក់ឯង​មិន​រួច​ទេ​,​ដាំ​ដើម​គ​ទើប​រស់​បាន​ជាដើម​ដែល​យូរៗ​ទៅ​បង្កើត​កាន់តែ​ច្រើន​ឡើងៗ​នូវ​ប្រភេទ​មនុស្ស​ដែល​ឈឺ​ខ្នង​ចុក​ពោះ​ដើរ ឱន​ត្រុនៗ ចាំ​តែ​បាទ​មេៗ​!​ និង​ខ្លះ​ទៀត​បែរ​ជា​កើត​អាការ​ឡើង​បូស​ក្លៀក ក្អេងក្អាង ទាំង​ប្រជាពលរដ្ឋ​ធម្មតា​ក៏​មាន​ព្រះសង្ឃ​ក៏​មាន និង​មិន​លើកលែង​ទាំង​បណ្ឌិត​មួយ​ចំនួន​។

គ) ចេះ​គិត​ត្រិះរិះ​ពិចារណា​ក្រៅ​ពី​ការទទួល​បាន​ព័ត៌មាន​នានា ប្រជាពលរដ្ឋ​ត្រូវ​តែ​យល់​ពី​អត្ថន័យ​វា​ពីព្រោះ​ថា​ការទទួល​បាន​ព័ត៌មាន​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ​។ ប្រជាពលរដ្ឋ​យល់​ដឹង​ចេះ​វិភាគ ចេះ​បូក​ហេតុ​បូក​ផល ចេះ​ធ្វើការ​សម្រេច​ចិត្ដ​យ៉ាង​ល្អិតល្អន់​ដោយ​ការទទួល​ខុសត្រូវ​ចំពោះ​ព័ត៌មាន​ដែល​បាន​ទទួល​ដែល​លទ្ធផល​នៃ​ការសម្រេច​ចិត្ដ​នោះ​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ ប្រជាពលរដ្ឋ​យល់​ដឹង​ដែល​មាន​ចំណង់​ធ្វើ​សកម្មភាព​ចូលរួម​ក្នុង​សកម្មភាព​សង្គម ហើយ​មាន​ទំនោរ​ទទួល​ខុសត្រូវ​​ចំពោះ​កាតព្វកិច្ច​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​ចាប់​បង្ខំ​ដោយ​ច្បាប់​ឲ្យ​ចូលរួម​ឡើយ ប៉ុន្ដែ​​អាស្រ័យ​លើ​មនសិការ​ទទួល​ខុសត្រូវ​ផ្ទាល់​របស់​បុគ្គល​។

បើ​ខ្វះ​ការចូលរួម ខ្វះ​ការសហការ​ពី​ប្រជាពលរដ្ឋ​ដោយ​ការ​យល់ដឹង​នោះ​នឹង​នាំ​ឲ្យ​រដ្ឋាភិបាល​លំបាក​អនុវត្ដ​ដោយ​មាន​ប្រសិទ្ធភាព​នូវ​គោលនយោបាយ​របស់​ខ្លួន ហើយ​ប្រជាធិបតេយ្យ​នឹង​ប្រែ​ទៅ​ជា​លំបាក​​ក្នុង​ការ​គ្រប់គ្រង លើស​ពី​នេះ​​វា​អាច​គ្មាន​ស្ថិរភាព​ថែម​ទៀត​ព្រោះ​ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​លើស​ព្រំដែន​ (​អនាធិបតេយ្យ​) ដែល​កាល​ណា​មាន​កម្លាំង​ប្រឆាំង​ណា​មក​អុជអាល ប្រជាពលរដ្ឋ​មុខ​ជា​ងាយ​ផ្ទុះ​កំហឹង​ណាស់​។ ​ស្ថានភាព​បែប​នោះ​ប្រៀប​ដូចជា ចាប់​ក្ដាម​ដាក់​ចង្អេរ​ដែល​បើ​ទោះបី​រដ្ឋាភិបាល​មាន​បំណង​ល្អ​ក៏ប្រជាពលរដ្ឋ​មិន​ខ្ចី​ជឿ​ដែរ​។

ដោយសារ​តែ​ខ្វះ​ការចូលរួម​យល់​ដឹង​រឿង​នយោបាយ​ដោយ​ត្រឹមត្រូវ​នេះ​ហើយ ទើប​ខ្មែរ​ទូទៅ​ហាក់​ដូចជា ខ្លាច​ពាក្យ​នយោបាយ​យ៉ាង​ខ្លាំង​។ រឿង​អ្វី​ក៏​ត្រូវ​បាន​ទាញ​ភ្ជាប់​នឹង​រឿង​នយោបាយ​តែ​ទាំងអស់ ហើយ​គេ​ក៏​ដោះស្រាយ​តាម​តែ​យន្ដការ​នយោបាយ​ដែល​កាន់​តែ​យូរ​វា​កាន់​តែ​បង្កើត​អរិយភាព និង​ការ​ភាន់ច្រឡំ​កាន់តែ​ខ្លាំង​រវាង​រដ្ឋាភិបាល និង​ប្រជាពល​រដ្ឋ​។

នៅពេល​ដែល​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​សម្លឹង​មើល​គ្នា​ដោយ​ក្រសែ​ភ្នែក​ជា​សត្រូវ​បែប​នេះ នោះ​វិបត្ដិ​សង្គម​គ្មាន​ថ្ងៃ​ដោះស្រាយ​ចប់​ដោយ​សន្ដិវិធី​ឡើយ​។ បើ​មិន​យល់​ចិត្ដ​គ្នា​ផង តើ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ដោយ​ស្រុះស្រួល​ពេញ​ដៃ​ពេញជើង​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាមួយ​រដ្ឋាភិបាល​ដោយ​របៀប​ណា​ទៅ​រួច​?

ដូច្នេះ​ ការបណ្ដុះ​ជំនាញ​គិត​ពិចារណា​បែប​ហេតុផល​ដល់​ប្រជាពលរដ្ឋ​គឺជា​រឿង​សំខាន់​ចាំបាច់​ដែល​មិន​គួរ​ទុក​ចោល​ក្រោយ​ខ្នង​ឡើយ​។ វៀរលែង​តែ​គេ​មិន​មាន​បំណង​ពិតប្រាកដ​ក្នុង​ការកសាង​សង្គម​ប្រជាធិបតេយ្យ ទើប​គេ​មិន​អើពើ​ជំរុញ​ឲ្យ​មាន​យន្ដការ​បណ្ដុះ​ឲ្យ​កាន់តែ​ច្រើន​នូវ​ប្រជាពលរដ្ឋ​ដែល​មាន​ការយល់ដឹង​។

ជារួម​ដើម្បី​ទទួល​បាន​នូវ​អំណាច​ក្នុង​ការប្រើ​សិទ្ធិ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​ជាក់លាក់​ណា​មួយ​ដោយ​សេរី​ទៅ​បាន​ប្រជាពលរដ្ឋ​ត្រូវ​តែ​បំពេញ​នូវ​កាតព្វកិច្ច​នានា​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ជា​មុន​សិន​។ ជា​ជាង​គ្រាន់​តែ​សប្បាយ​រីករាយ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ដែល​រួម​មាន​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ធ្វើ​បាតុកម្ម​អហិង្សា​ជាដើម ប្រជាពលរដ្ឋ​គួរ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​យល់ដឹង​ឲ្យ​បាន​ច្បាស់​ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​រឿង​នយោបាយ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស​។

ប្រជាពលរដ្ឋ​យល់​ដឹង​មិន​ត្រូវ​បាន​វាស់​ដោយ​កម្រិត​នៃ​ការសិក្សា​នៅ​សាលា​ឡើយ តែ​ជា​ប្រជាពលរដ្ឋ​ដែល​ដឹង​យ៉ាងច្បាស់​ថា​ប្រជាពលរដ្ឋ​ម្នាក់ៗ​នៃ​ប្រទេស​មួយ​អាច​ទទួល​ផល​ទាំង​ផល​ឯកជន និង​ផល​ចំពោះ​សង្គមជាតិ​ទាំង​មូល​ពី​ប្រជាធិបតេយ្យ​ទៅ​បាន លុះត្រា​​តែ​ប្រជាពលរដ្ឋ​ម្នាក់ៗ​គឺជា​ម្ចាស់​នៃ​ការរីកចម្រើន និង​ការអភិវឌ្ឍ​នៃ​ប្រទេស​ខ្លួន​តាមរយៈ​ដំណើរការ​នៃ​ការចូលរួម​ដឹងឮ​ពី​រឿង​នយោបាយ​របស់​ប្រជាពលរដ្ឋ​។ បែប​នោះ​ទើប​យើង​អាច​រួម​គ្នា​កសាង​បាន​នូវ​មាតុភូមិ​មួយ​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​អាច​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុង​ភាព​​ជា​ម្ចាស់​ប្រទេស​ទៅ​បាន​៕

ប៉ាង វ៉ាន់ថោន

អ៊ីមែលៈ vanthownpang@yahoo.com