ម្តង​ឮ​ថា ក្រុមហ៊ុន​អ៊ែបផល​របស់​ទូរស័ព្ទ​ iPhone ​ឈ្នះ​ក្តី​នៅ​តុលាការ​លើ​ក្រុមហ៊ុន​ Samsung ​ម្តង​ក៏​ឮ​ថា​ Samsung ឈ្នះ​ក្តី​លើ​ iPhone ​វិញ​នៅ​រដ្ឋ​នេះ រដ្ឋ​នោះ ប្រទេស​នេះ ប្រទេស​នោះ ហើយ​ស៊ីសង​គ្នា​រាប់​លាន​ដុល្លារ​ដែល​ព័ត៌មាន​ទាំង​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅ​លើ​ពិភពលោក​ចុះ​ផ្សាយ​ជា​សាធារណៈ​ផង​ដែរ​។

រីឯ​ទំនាស់​ផលប្រយោជន៍​នៅ​ក្នុង​ក្រុមហ៊ុន​ក៏​កើត​មាន​ដែរ​ហើយ​ក៏​ត្រូវ​បាន​តុលាការ​ពាណិជ្ជកម្ម​កាត់ក្តី​ទៀត​ផង​ដូចជា​ករណី​អ្នក​រាយការណ៍ (Whistle-Blower) ​ដែល​រាយការណ៍​អំពី​ទង្វើ​គៃបន្លំ​របស់​ក្រុមហ៊ុន​ ឬ​ក៏​ការ​រំលោភ​លើ​ច្បាប់​ជាដើម​ និង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ព្រោងព្រាត​។ ​

អ្នក​រាយការណ៍​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ដឹង​ហើយ​បណ្តេញ​ចេញ​ពី​ក្រុមហ៊ុន​ដែល​នៅ​ពេល​នោះ​គឺ​មាន​ការ​ប្តឹងប្ដល់​គ្នា​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម ដូច​ករណី​កាលពី​ឆ្នាំ​មុន​លោក Johnny Burris ដែល​ជា​អ្នក​ផ្តល់​សេវា​ភ្ជាប់​គ្នា​រវាង​អ្នក​លក់​ហ៊ុន និង​អ្នក​ទិញ​ហ៊ុន​ (Broker) ​បាន​ឈ្នះ​ក្តី​លើ​ក្រុមហ៊ុន​ធនាគារ​ JPMorgan ​នៅ​សហរដ្ឋ​អាមេរិក​។

រីឯ​​ ករណី​ទំនាស់​គ្នា​រវាង​ភាគី​ពាណិជ្ជកម្ម​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ចងក្រង​ជា​ឯកសារ​ធ្វើ​ជា​មេរៀន​ទាក់ទង​ទៅ​នឹង​ពាណិជ្ជកម្ម​ ឬ​ការ​រកស៊ី​ជួញដូរ​តែ​ម្តង​ដើម្បី​កុំ​ឲ្យ​អ្នក​ក្រោយៗ​ទៀត​អនុវត្ត​ជាន់​ដាន​ករណី​គៃបន្លំ​ទិន្នន័យ​ខុស​ច្បាប់​ ឬ​ក៏​កែប្រែ​របាយការណ៍​ហិរញ្ញវត្ថុ​​ជាដើម​ដើម្បី​ឲ្យ​ដៃគូ​ក្រុមហ៊ុន​​ ឬ​ក៏​ម្ចាស់​ភាគហ៊ុន​គាំទ្រ​នោះ​បាន​ដឹង​ពី​ព័ត៌មាន​ទាំង​នេះ​។

ដូច​កាលពី​ឆ្នាំ​មុន​មាន​រឿង​អាស្រូវ​របស់​ក្រុមហ៊ុន​ Toshiba ​នៅ​ប្រទេស​ជប៉ុន​ទាក់ទង​នឹង​​ផ្សារហ៊ុន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ដោយ​មិន​មាន​ចុះ​ហត្ថលេខា​ពី​ក្រុមហ៊ុន​សវនកម្ម​ត្រឹមត្រូវ​ហើយ​ពន្យារ​ការ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ធ្វើឲ្យ​ប៉ះពាល់​ផ្សារ​មូលបត្រ​ខាតបង់​ដល់​ទៅ​ជាង​ ៨ ​ពាន់​លាន​ដុល្លារ ហើយ​ប្រឈម​មុខ​នឹង​ការ​ខាតបង់​នៅ​តុលាការ​ក្នុង​ករណី​ការ​លក់​តម្លៃ​ហ៊ុន​នៃ​ការ​រកស៊ី​ប្រមាណ​ជា​ ១៨ ​ពាន់​លាន​ដុល្លារ​​បន្ថែម​ទៀត​។

​រឿង​អាស្រូវ​មួយ​ទៀត​របស់​ Toshiba ​គឺ​ការ​ចូលរួម​បង្កើត​ផលិតផល​ថ្មី ​(Joint Venture) ​ជាមួយ​នឹង​ក្រុមហ៊ុន​ Panasonic នៅ​អឺរ៉ុប​ក៏​​ត្រូវ​បាន​តុលាការ​សហភាព​អឺរ៉ុប​ពិន័យ​ក្រុមហ៊ុន​ Toshiba ​ហ្នឹង​ជា​ទឹកប្រាក់​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ដែរ​កាលពី​ឆ្នាំ​មុន​។

ករណី​ប្រព្រឹត្ត​របរ​រកស៊ី​មាន​លក្ខណៈ​ខុស​ច្បាប់ និង​ការ​គៃបន្លំ​ត្រូវ​បាន​អនុវត្ត​ដោយ​តុលាការ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កំពុង​ប្រតិបត្តិការ​ទាំងអស់​ដែល​ជា​ស្ថាប័ន​យល់​ច្បាស់​អំពី​ការ​ប្រព្រឹត្ត​ខុស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហើយ​រាល់​វិវាទ​ និង​រឿង​អាស្រូវ​មិន​អាច​លាក់បាំង​ ឬ​ក៏​ទិញ​បំបិទ​មាត់​បណ្ដាញ​សារព័ត៌មាន​ធំៗ​បាន​នោះ​ទេ​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​ស្រុក​ខ្មែរ​យើង​ករណី​វិវាទ​ពាណិជ្ជកម្ម​គឺ​ហាក់បី​ដូចជា​ក្រុមហ៊ុន​គ្រប់គ្រង​លើ​សារព័ត៌មាន​បាន​ច្រើន​ទោះបី​ជា​មាន​ករណី​កើត​ហើយ​ក៏ដោយ តែ​ដូច​ជា​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ​ ឬ​ក៏​ទិញ​សារព័ត៌មាន​បំបិទ​មាត់​តែ​ម្តង​។

ក្រុមហ៊ុន​ព្យាយាម​លាក់​កុំ​ឲ្យ​ខូច​ឈ្មោះ​រៀងៗ​ខ្លួន ពេល​ខ្លះ​ចេញ​បាន​លុះត្រា​តែ​ក្រុមហ៊ុន​ដៃគូ​ទំនាស់​នោះ​បញ្ចេញ​ជា​សាធារណៈ​ទើប​ដឹង​បាន​។ ​

ដូច​កាលពី​ឆ្នាំ​ ២០១៥ ​មាន​ករណី​ទំនាស់​គ្នា​រវាង​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់​មុខ ​Attwood និង​ក្រុមហ៊ុន Cambodia Brewery Limited រឿង​ទីផ្សារ​លក់​ស្រាបៀរ​ Heineken ​នៅ​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​ទាំង​ ២ ​ចុះ​បញ្ជី​ត្រឹមត្រូវ​ពី​ក្រសួង​ពាណិជ្ជកម្ម​ដូច​គ្នា​ហើយ​ផ្សព្វផ្សាយ​នូវ​ភាព​ស្រប​ច្បាប់​ដូច​គ្នា​នៅ​លើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​មាន​អត្ថបទ​ចេញ​ផ្សាយ​ទៀត​។ ​

តែ​ក្រោយ​មក​ ដៃគូ​ទំនាស់​គ្នា​នេះ​ត្រូវ​បាន​ស្ងប់ស្ងាត់​ទាំង​សង​ខាង​បិទ​ជិត​មិន​ដឹង​ហេតុផល​ ឬ​ក៏​ស្ថាប័ន​ណា​ជា​អ្នក​កាត់​ក្តី​ ឬ​ក៏​នាំ​គ្នា​ទៅ​កាត់​ក្តី​នៅ​តុលាការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ក៏​មិន​ដឹង​ព្រោះ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​តុលាការ​ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ​។ ​

បច្ចុប្បន្ន​នេះ ​យើង​គ្រាន់​តែ​ដឹង​ថា​ក្រុមហ៊ុន​ CBL ​ផលិត​ស្រាបៀរ​ Heineken នៅ​ព្រែកឯង រីឯ​ក្រុមហ៊ុន​ Attwood លែង​លក់​ស្រាបៀរ​ Heineken ​ផ្តាច់​មុខ​ទៀត​ហើយ តែ​យើង​មិន​ដឹង​ថា​សង​ជំងឺ​ចិត្ត​ប៉ុន្មាន​នោះ​ទេ​។

ករណី​ទំនាស់​ផលប្រយោជន៍​ធំៗ​បែប​នេះ​ជាទូទៅ​ក្រុមហ៊ុន​ដែល​វិវាទ​គ្នា​ ឬ​ក៏​ទំនាស់​ដៃគូ​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​អន្តរជាតិ​គឺ​គេ​នាំ​គ្នា​ទៅ​តុលាការ​ពាណិជ្ជកម្ម​នៅ​ក្រៅ​ប្រទេស​ដូចជា​នៅ​ហុងកុង សិង្ហបុរី និង​ម៉ាឡេស៊ី​ជាដើម​។ តែ​ករណី​ទំនាស់​ទៅ​តុលាការ​នៅ​ក្រៅ​ប្រទេស​នេះ​ត្រូវ​បាន​លាក់​ជិត​ឈឹង​ព្រោះ​ខ្លាច​ខូច​ឈ្មោះ​ក្រុមហ៊ុន​របស់​ពួកគេ​ដោយ​អ្នក​អាច​ដឹង​មាន​តែ​មេធាវី​របស់​ពួកគេ​ដែល​តម្រូវ​ឲ្យ​រក្សា​ការ​សម្ងាត់​ហើយ​ក៏​មិន​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ករណី​សិក្សា​នៅ​ក្នុង​មេរៀន​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ​។ ​

នេះ​ក៏​ដោយសារ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​តុលាការ​ពាណិជ្ជកម្ម​ដើម្បី​ឲ្យ​អ្នក​វិនិយោគទុន​បរទេស​មាន​ទំនុក​ចិត្ត​នៅ​ឡើយ បើ​ទោះបី​ជា​នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​រៀបចំ​អង្គការ​តុលាការ​ដែល​រដ្ឋសភា​ជាតិ​អនុម័ត​ឲ្យ​ប្រើ​តាំងពី​ឆ្នាំ​ ២០១៤ ​មក​ក្ដី​គឺ​មាន​តែ​តុលាការ​ផ្នែក​ស៊ីវិល​មាន​តែ​ ៤ ​ទេ​គឺ​តុលាការ​រដ្ឋប្បវេណី តុលាការ​ព្រហ្មទណ្ឌ តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​។

ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​មាន​តែ​ ២ ​ទេ​គឺ​តុលាការ​រដ្ឋប្បវេណី​ និង​តុលាការ​ព្រហ្មទណ្ឌ បើ​ទោះបី​ជា​មាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​មួយ​ចំនួន​ដូចជា ច្បាប់​ស្តីពី​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​ច្បាប់​ស្តីពី​មាក​ពាណិជ្ជ​នាម​ និង​អំពើ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់​...​។​ល​។

បើ​មាន​ករណី​វិវាទ​តូចតាច​រឿង​ពាណិជ្ជកម្ម​គឺ​អាច​ដោះស្រាយ​ត្រឹម​ស្ថាប័ន​ឯករាជ្យ​មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ២០១៣ ​មក​ម្ល៉េះ​ក្នុង​ករណី​ភាគី​ទំនាស់​ទាំង​ ២ ​យល់​ព្រម​ឲ្យ​កាត់ក្តី​។

អ៊ីចឹង​ហើយ​បាន​ជា​តុលាការ​យើង​សព្វ​ថ្ងៃ​នេះ​នៅ​មាន​កម្រិត​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​លើ​វិនិយោគ​ល្អៗ​នៅ​ឡើយ​នោះ​។

តុលាការ​ហ៊ាន​កាត់​ក្តី​ដោយ​មាន​ការ​ញញើត​ញញើម​នៅ​ឡើយ​ទេ​ចំពោះ​បញ្ហា​វិវាទ​ពាណិជ្ជកម្ម​ដ៏ស្មុគស្មាញ​នេះ​កន្លង​មក​សាលា​ដំបូង​រាជធានី​ធ្លាប់​កាត់ក្តី​វិវាទ​ជា​លើក​ដំបូង​ហើយ​លើ​បញ្ហា​កម្មសិទ្ធិ​បញ្ញា​រវាង​ថៅកែ​រោងពុម្ព គីម ឡុង និង​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​​ជាតិ​គ្រប់គ្រង​បាន​ប្តឹង​រឿង​បោះពុម្ព​សៀវភៅ​លើស​យក​ទៅ​លក់​លើ​ទីផ្សារ​។ ​

ករណី​នោះ​ត្រូវ​បាន​តុលាការ​ចេញ​សាលក្រម​ឲ្យ​សង​សាស្ត្រាចារ្យ​តែ​ជំងឺ​ចិត្ត តែ​ត្រូវ​បាន​ភ្ជួរ​ទោស​ម្ចាស់​រោងពុម្ព​មិន​ឲ្យ​ជាប់​ពន្ធនាគារ​ដូច​ក្នុង​ច្បាប់​ចែង​នោះ​ទេ​។ ករណី​នេះ​ប្រសិន​បើ​មាន​តុលាការ​ពាណិជ្ជកម្ម​វិញ​គឺ​ចៅក្រម​មាន​សមត្ថភាព​វិភាគ​ស៊ីជម្រៅ​ទៅ​លើ​ស្ថាន​ទម្ងន់​ទោស​នៃ​ការ​លួច​ចម្លង​ស្រាប់ៗ​បែប​នេះ កាត់​ឲ្យ​មាន​លក្ខណៈ​វិនិច្ឆ័យ​ត្រឹមត្រូវ​។

កន្លង​មក​ថ្មីៗ​នេះ​ ចៅក្រម​មួយ​ចំនួន​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អំពី​នីតិវិធី​កាត់ក្តី​តាម​ច្បាប់​ពាណិជ្ជកម្ម​ ២ ​វគ្គ​រួច​មក​ហើយ​ដែរ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​។

ជា​សរុប​មក​វិញ​ ការ​ដែល​មិន​ទាន់​មាន​តុលាការ​ពាណិជ្ជកម្ម​នេះ​គឺ​កម្ពុជា​មិន​ទាន់​បាន​ឆ្លើយតប​ទៅ​តាម​ស្តង់ដារ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចុះ​បញ្ជី​តាំងពី​ឆ្នាំ​ ២០០៣ ​ដោយ​មាន​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មាន​តុលាការ​ពាណិជ្ជកម្ម​នេះ​នោះ​ទេ​។

ជាង​នេះ​ទៅ​ទៀត​ ប្រសិន​បើ​មាន​តុលាការ​ពាណិជ្ជកម្ម​ក្នុង​ស្រុក​វិញ​គឺ​ប្រាកដ​ជា​អាច​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​ និង​ពេលវេលា​បាន​ច្រើន​ទៅ​លើ​ដៃគូ​វិវាទ​ពាណិជ្ជកម្ម​ទាំង​សងខាង​ក្នុង​ការ​ប្តឹងប្តល់​គ្នា​នៅ​ក្រៅ​សង្វៀន​។ ​

ម្យ៉ាង​វិញ​ទៀត​តុលាការ​នេះ​អាច​ជួយ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​ដែល​កំពុង​តែ​មាន​​ទំនាស់​កើត​ឡើង​ញឹកញាប់​ និង​ជួយ​ពង្រឹង​ផ្សារ​មូលបត្រ​កម្ពុជា​ទៀត​ផង​។ បើ​ធ្វើការ​ប្រៀបធៀប​សកម្មភាព​រវាង​តុលាការ​ពាណិជ្ជកម្ម​ និង​តុលាការ​យោធា​វិញ​គឺ​ហាក់បី​ដូចជា​ខុស​គ្នា​ច្រើន​នាពេល​បច្ចុប្បន្ន​បើ​ទោះ​ជា​បញ្ហា​ប្តឹងប្តល់​ទាក់​ទិន​នឹង​យោធា​មាន​តិចតួច​បំផុត​ក៏ដោយ​តែ​ស្រុក​យើង​ចាំបាច់​ត្រូវ​មាន​តុលាការ​មួយ​នេះ ខណៈ​ដែល​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​មាន​ច្រើន​តែ​គ្មាន​តុលាការ​សម្រាប់​ស្វែងរក​យុត្តិធម៌​ឲ្យ​ត្រូវ​ទៅ​តាម​ជំនាញ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com