«​សូម​អ្នក​បើកបរ​បញ្ឈប់​យានយន្ត​ទាំងអស់​គ្នា​ភ្លាមៗ ប្រសិន​បើ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​នឹង​កន្លែង​ និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​»​។ ​នេះ​គឺជា​ការចង់​បាន​ជា​រួម​របស់​មតិ​មហាជន​ និង​យោបល់​ផ្សេងៗ​​តាមរយៈ​បណ្តាញ​សង្គម និង​ការផ្សព្វផ្សាយ​តាម​សារព័ត៌មាន​នានា បន្ទាប់ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​សប្តាហ៍​កន្លង​ទៅ​ដែល​ជនសង្ស័យ​ល្មើស​ច្បាប់​ចរាចរណ៍​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ធ្ងន់​ទៅវិញ​។

ម្នាក់ៗ​បាន​បញ្ចេញ​យោបល់​​ និង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​គ្នា​ដោយ​ខ្លះ​សុទ្ធតែ​ថា​​នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌ​ឫស្សីកែវ​​ដែល​មាន​ជន​បង្ក​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​លោក​បណ្ឌិត ស៊ុយ សារ៉េត និង​អះអាង​ថា​ដោយ​មាន​ការភ័យខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន​គាត់​ក៏​បើក​គេច​ចេញ​ពី​ហេតុការណ៍​រហូត​ដល់​ជិត​ពេទ្យ​ព្រះសង្ឃ​ទើប​ត្រូវ​បាន​បញ្ឈប់​ដោយ​ហ្វូង​មនុស្ស​មួយ​ក្រុម​ដែល​បាន​ដេញ​តាម​រួច​ប្រើ​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ​មក​លើ​​គាត់​។ ​

មតិ​ដែល​​គាំទ្រ​ខ្លះ​ថា ចំពោះ​ការបើកបរ​បុក​គេ​ហើយ​បើក​រត់​ចោល​កន្លែង​កើតហេតុ​នេះ​គឺ​សម​នឹង​ទទួល​ទោស​ដោយ​ការ​ព្រួត​គ្នា​ប៉ុនប៉ង​សម្លាប់​ (Mob Killing) រីឯ​ មតិ​មិន​គាំទ្រ​បាន​ហៅ​អំពើ​ហិង្សា​បែប​នេះ​ថា​ជា​ការ​ខុសឆ្គង​ទាំង​ស្រុង ព្រោះ​អ្នកប្រព្រឹត្ត​ទាំង​នោះ​មិន​ពាក់ព័ន្ធ​ ឬ​ក៏​ត្រូវ​ជា​សាច់ញាតិ​ជនរងគ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ​។ ជាង​នេះ​ទៅ​ទៀត​គឺ​ហ្វូង​មនុស្ស​ទាំងនោះ​ពោរពេញ​ដោយ​កំហឹង​ និង​បន្លំ​ប៉ង​សម្លាប់​ផង និង​បន្លំ​លួច​ទ្រព្យ​ពី​ជនសង្ស័យ​ផង​។

មួយ​ថ្ងៃ​បន្ទាប់មក​ទើប​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​ប្រកាស​ចាប់​ខ្លូន​ហ្វូង​មនុស្ស​​ដែល​ជា​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មក​លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត ដែល​ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​។ សំណួរ​​សាមញ្ញ​នៅ​លើ​បណ្តាញ​សង្គម​មួយ​បាន​សួរ​ថា នេះ​មកពី​​លោក​បណ្ឌិត​ជា​គ្រូ​នៅ​សាកលវិទ្យាល័យ​ផង និង​ជា​សមាជិក​ស្នូល​របស់​បក្ស​កាន់​អំណាច​ចុះ​ពង្រឹង​មូលដ្ឋាន​នៅ​ឃុំ​ផង​?

ទើប​បាន​ជា​សមត្ថកិច្ច​ខ្វែងដៃ​ខ្វែងជើង​ចេញ​ប្រកាស​ចាប់​ខ្លួន​បែប​នេះ​ចុះ​ជនរងគ្រោះ​អ្នកដទៃ​ដែល​គ្មាន​ខ្សែស្រឡាយ​អ្នកធំ ត្រូវ​គេ​បុក​ស្លាប់ ហើយ​រក​អ្នក​បុក​មិន​ឃើញ​តើ​លោក​ស្នងការ​ ឬ​សមត្ថកិច្ច​គិត​យ៉ាង​ម៉េច​ទៅ​វិញ​? ​ទោះ​ជា​យ៉ាងណា​ក៏ដោយ មក​ទល់​ពេល​នេះ​ឃើញ​មាន​ពន្លឺ​ខ្លះៗ និង​បង្ហាញ​លទ្ធផល​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​គឺ​សមត្ថកិច្ច​ចាប់​ជនល្មើស​ដែល​ប្រើ​ហិង្សា​លើ​លោក​បណ្ឌិត​បាន​ ៣ ​នាក់ ហើយ​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ជា​អតីត​សន្តិសុខ​ខណ្ឌដូនពេញ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ ភ្នំពេញ​ប៉ុស្តិ៍​ បាន​សម្ភាស​ជាមួយ​នឹង​កូនស្រី​របស់​ជនរងគ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​នេះ​ថា​៖ «​គ្រួសារ​លោក ស៊ុយ សារ៉េត ក៏​បាន​ធានា​ចេញ​សង​ការ​ខូចខាត​ និង​របួស​បាក់ជើង​ ២ ​កំណាត់​នោះ​។ ​

អ្នកស្រី​បន្ត​ថា​៖ «​គាត់​ខុស​ហើយ​គាត់​មិន​គួរ​រត់​ទេ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​បាន​វាយដំ​គាត់​គឺ​នៅពេល​ពួកគេ​ខឹង​...​នេះ​គឺ​ពិតជា​ឃោរឃៅ​ណាស់​ពួកគេ​ចង់​វាយ​គាត់​ដល់​ស្លាប់​»​។

ជា​ផលវិបាក​ដោយសារ​ការសម្រេច​ចិត្ត​តែ​មួយ​ប៉ប្រិច​ភ្នែក​ធ្វើឲ្យ​ទាំង​ជនរងគ្រោះ​ទាំង​ជនសង្ស័យ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដែល​កក្រើក​មួយ​រាជធានី​ភ្នំពេញ​នេះ រងរបួស​ធ្ងន់​ទាំង​សង​ខាង​។ ​បើ​និយាយ​ពី​ការសិក្សា​ពិតប្រាកដ ទម្រាំ​តែ​​បាន​បណ្ឌិត​ពិត​នោះ​គឺ​ចំណាយ​​ពេល​ច្រើន​ណាស់ ដូច​បណ្ឌិត ស៊ុយ សារ៉េត បាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ពាណិជ្ជសាស្ត្រ​ពី​ប្រទេស​ស្វ៊ីស ហើយ​ធ្លាប់​បង្រៀន​សិស្ស​រាប់រយ​នាក់ សុទ្ធ​តែ​ជា​ធនធាន​មនុស្ស​។

ចុះ​ប្រសិន​បើ​​របួស​របស់​គាត់​មិន​អាច​ជា​សះស្បើយ​ដូច​ដើម​ ឬ​ក៏​ពិការ​មិន​អាច​ធ្វើ​ការកើត​នោះ​ គឺជា​ការបាត់បង់​ធនធាន​មនុស្ស​ដ៏ធំធេង​សម្រាប់​សង្គមជាតិ​។ ហេតុការណ៍​នេះ​អាច​បណ្តាល​មកពី​ជនសង្ស័យ​ខ្លាចរអា ចំពោះ​ហេតុការណ៍​ដែល​ធ្លាប់​ឃើញ​កាលពី​អតីតកាល​ដោយ​អ្នក​បើក​បុក​គេ​ខ្លះ គេច​មិន​រួច​ក៏​ត្រូវ​បាន​តុលាការ​មហាជន​កាត់ក្តី​ដោយ​ហិង្សា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ខ្លះ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៀត​ទើប​សម្រេច​ចិត្ត​មិន​ឈប់​រថយន្ត​រួម​ផ្សំ​ហ្នឹង​សំឡេង​គំរាម​កំហែង​ដោយ​ហ្វូង​ម៉ូតូ​ខាង​ក្រោយ​ផង​។

ជាពិសេស​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់​ផង​នោះ​គឺ​ដើម្បី​ឲ្យ​គេ​នាំ​គ្នា​មើល​ទៅ​លើ​វេបសាយ​ ឬ​​ក៏​ Facebook page របស់​ខ្លួន​គឺ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទេ តែ​ហាក់បី​ដូចជា​ពន្យុះ​កំហឹង​បន្ថែម​មក​លើ​ជន​ដៃដល់​ថា បាន​បុក​គេ​ស្លាប់​បន្តបន្ទាប់​តាម​ផ្លូវ​ជា​ហូរហែ​មក ហើយ​ថា​ក្រុម​ម៉ូតូ​មាន​ដល់​ទៅ​ ២ ​រយ​គ្រឿង​។ ​

សរុប​មក​វិញ​ រឿង​នេះ​គ្មាន​នរណា​ម្នាក់​ស្លាប់​នោះ​ទេ ហើយ​ការពិត​មាន​តែ​ម៉ូតូ​ ៤-១០ ​គ្រឿង​ប៉ុណ្ណោះ​ដែល​ដេញ​តាម​ប្រើ​អំពើហិង្សា​នោះ​។

ព័ត៌មាន​ក្នុង​ស្រុក​ដែល​បំពុល​បរិយាកាស​សង្គម​បែប​នេះ រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ទេ រីឯ​បណ្តាញ​សង្គម​ដែល​មិនមែន​ជា​អ្នក​ឃើញ​ហេតុការណ៍​តាំងពី​ដំបូង​ផង​ក៏​នាំ​គេ​កោក​កាកៗ ខ្លះ​ទៀត​ថា សួររក​ជនសង្ស័យ​បុក​គេ​ហ្នឹង​ជា​ជន​ជាតិ​ចិន​ ឬ​ក៏​ខ្មែរ​? ​បើ​ខ្មែរ​ទទួល​ប៉ុណ្ណឹង តែ​​បើ​ចិន​វិញ​ដឹង​តែ​មិន​រស់​ហើយ​។ ចុះ​ហេតុអ្វី​បាន​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​សោះ សួររក​ជន​ចិន​ ឬ​ក៏​ខ្មែរ​នោះ​? ​បើ​ចិន​យ៉ាង​ម៉េច​? ​ចុះ​បើ​ខ្មែរ​យ៉ាង​ម៉េច​?

នេះ​បង្ហាញ​ពី​ការ​ពន្យុះ​ឲ្យ​ស្អប់​គ្នា​រវាង​ជាតិ​សាសន៍​ ឬ​បែងចែក​គ្នា​រវាង​អ្នក​មាន​អ្នកធំ និង​អ្នកក្រ​ហើយ ព្រោះ​គ្រាន់​តែ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អចេតនា​សោះ មក​បកស្រាយ​ខុសៗ​គ្នា​បង្ក​ឲ្យ​មាន​ការ​រើសអើង​។ នេះ​បង្ហាញ​ពី​ចរិត​ដើម​ខ្លះៗ​ដែល​ពន្យុះ​អំពើ​ហិង្សា​ដោយ​មហាជន​ដូចជា​ករណី​រឿង​បុគ្គល​ ២ ​នាក់​ឈ្លោះ​គ្នា​សោះ មាន​ម្នាក់​រត់ ម្នាក់​ដេញ​តាម ហើយ​អ្នក​ដេញ​ស្រែក​ថា​អ្នក​រត់​មុខ​នោះ​គឺជា​ចោរៗ ភ្លាម​នោះ​មហាជន​ចេញ​មក​ព្រួត​វ៉ៃ​គូបដិបក្ខ​ឡើង​ទក់​សាច់​បាត់​ក៏​​មាន​។ ​បញ្ហា​នេះ​ដូច​ស្រមោល​នៅ​តែ​អន្ទោល​តាម​ប្រាណ​ក្នុង​បេះដូង​ខ្មែរ​នៅ​ឡើយ​។

សំណួរ​សួរថា បើ​បើក​បុក​គេ តើ​គួរ​បើក​រត់​យក​រួច​ខ្លួន​ ឬ​ក៏​ឈប់​នៅ​នឹង​កន្លែង​? តើ​បើក​រត់​មាន​អ្វី​កើតឡើង​? ​ហើយ​បើ​មិន​រត់​តើ​មាន​អ្វី​កើតឡើង​? ​សំណួរ​នេះ បើ​ផ្អែក​លើ​គ្រោះថ្នាក់​ចរាចរណ៍​កន្លង​មក​គឺ​ប្រៀប​ដូច​មេមាន់ និង​កូន​មាន់ មួយ​ណា​កើត​មុន​អ៊ីចឹង​។ ករណី​នេះ​អ្នក​បើក​បុក​គេ មិន​ថា​អ្នកធំ​ ឬ​អ្នកតូច​នោះ​ទេ​គឺ​មាន​កូន​ចិត្ត​មួយ​ថា ឲ្យ​តែ​បើក​បុក​គេ​ដឹង​តែ​ពី​រត់​យក​រួច​ខ្លួន​ពោល​គឺ​គ្មាន​ធម៌​មេត្តា​ ឬ​ភាព​ជា​មនុស្ស​ទេ បើ​ទោះបី​មិន​ទាន់​ដឹង​ថា​តើ​ជនរងគ្រោះ​ស្លាប់​ ឬ​ក៏​របួស​ធ្ងន់​ ឬ​ស្រាល​ ឬ​ក៏​អាច​ជួយ​អាយុជីវិត​ក៏ដោយ​។

ដូចជា​ករណី​តំណាងរាស្ត្រ​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ក៏​ក្លាយ​ទៅ​ជា​បណ្ឌិត​រត់​ [​រដ្ឋ​] ​បន្ទាប់ពី​អ្នក​បើកបរ​រថយន្ត​គាត់​បុក​ពលរដ្ឋ​ស្លាប់​នៅ​ស្រុក​កៀនស្វាយ​កាលពី​ឆ្នាំ​ ២០១៤ គឺ​ឯកឧត្តម​មិន​បាន​ឲ្យ​ឈប់​ជួយ​លើក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ក្នុង​នាម​ជា​តំណាងរាស្ត្រ​ទេ​។ ​ចុង​បញ្ចប់​គឺ​ជនរងគ្រោះ​បាន​ត្រឹម​ទទួល សំណង​ជា​លុយ​ប៉ុណ្ណោះ​គឺ​គ្មាន​ដាក់​ទោសទណ្ឌ​ឯកឧត្តម​ឡើយ ដែល​នេះ​គឺជា​គំរូ​អាក្រក់​មួយ​​ចំពោះ​អ្នក​បើក​បុក​គេ​ហើយ​មាន​បំណង​រត់​នោះ​។

រីឯ​ ករណី​យុវតី​និស្សិត​សាលាពេទ្យ​ឆ្នាំ​ទី​ ៤ បាន​បើក​បុក​គេ​ហើយ បើក​រត់​ក៏​បុក​គេ​បន្ត​ស្លាប់​តាម​ផ្លូវ​រដូករណែល​នៅ​ក្បែរ​ក្រសួងមហាផ្ទៃ ហើយ​ពេល​ប៉ូលិស​ចាប់​បាន​គាត់​គឺ​លទ្ធផល​ចេញ​​មក​ថា គាត់​វិកលចរិត​ទៅ​វិញ​។ វប្បធម៌​និទ្ទណ្ឌភាព​នេះ​ក៏​ដក់​ជាប់​នឹង​កំហឹង​អ្នក​ដំណើរ​ផ្សេង​ទៀត​គឺថា ឲ្យ​តែ​មាន​គ្រោះថ្នាក់​បើក​រត់​គឺ​ដឹង​តែ​ពី​ដង្ហើម​ចង្រិត​តែ​ម្តង​។ ​ជាក់ស្តែង​ពេល​ខ្លះ​គឺ​ប៉ូលិស​ជួយ​មិន​ទាន់​ផង​គឺ​ស្លាប់​តែ​ម្តង​ដូចជា​ជនសង្ស័យ​បើក​រត់​បុក​គេ​រះ​បញ្ច្រាស​ផ្លូវ​ខ្ទាត​ស្លាប់​ព្រោងព្រាត​នៅ​មុខ​សាលា​បឹងត្របែក​ជាដើម​។

សរុប​មក​វិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​ឃោរឃៅ​នេះ​គឺ​អាច​​កាត់​បន្ថយ​បាន​តាមរយៈ ៖

១) អ្នក​បើកបរ​ត្រូវ​គោរព​ច្បាប់​គឺ​ពិនិត្យ​លើ​ល្បឿន​របស់​ខ្លួន​ជាមុន​សិន ហើយ​បើ​មាន​គ្រោះថ្នាក់​ភ្លាមៗ​គួរ​បញ្ឈប់​យានយន្ត ដោយ​ងាក​មក​ជួយ​​ជនរងគ្រោះ​ភ្លាមៗ​បើ​អាច​ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​សិន​​រួច​សឹម​ដោះស្រាយ​សំណង​ជា​ក្រោយ​។

២) ​បើ​ដឹង​ថា ខ្លួន​បើក​ខុស​ហើយ ចុះ​មក​សុំទោស​ជនរងគ្រោះ​ទៅ​ ហើយ​ដោះស្រាយ​សំណង​ភ្លាមៗ​ក៏​បាន​។

៣) ​បើ​ទោះបី​ជា​ជនរងគ្រោះ​មាន​របួស​ដែល​មាន​យានយន្ត​តូច​ជាង តែ​បើ​គាត់​បើកបរ​ខុស​ច្បាប់​ទាំង​ស្រុង​គឺ​ទុក​ឲ្យ​ច្បាប់​ដោះស្រាយ ចៀសវាង​ការ​វាយតប់​ទៅ​ជនរងគ្រោះ​ ឬ​ក៏​ជនសង្ស័យ​ដែល​ពេល​ខ្លះ​គឺ​ជនសង្ស័យ​តែងតែ​ត្រូវ​បាន​ចោទប្រកាន់​ថា មាន​យានយន្ត​ធំ និង​អាច​ក្លាយ​ជា​ជនរងគ្រោះ​ក៏​ថា​បាន​បើ​ទោះ​ជា​គាត់​បើក​ត្រូវ​ក៏ដោយ​។

៤) ​អួត​គ្នា​រឿង​រថយន្ត​ល្អ​ទំនើប​បាន តែ​កុំ​អួត​ពី​ការបើក​លើស​ល្បឿន​តាម​បែប​ប្រមាថ​ជីវិត​អ្នក​ដទៃ​ទៀត​អី ដូចជា​នៅ​លើ​មហាវិថី​ព្រះនរោត្តម​គេ​អាច​បើក​បាន​ល្បឿន​ ១០០ ​ទៅ​ ១២០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​នោះ​។

៥) បើ​ដឹង​ខ្លួន​ជា​អ្នកបើកបរ​ហើយ កុំ​ពិសា​គ្រឿង​ស្រវឹង​ឲ្យ​លើស​កំណត់​នៃ​ច្បាប់ ហើយ​ត្រូវ​ពិនិត្យ​ល្បឿន​ខ្លួនឯង​ឲ្យ​បាន​យឺត​បំផុត​។

៦) ដាក់​ទោស​ទណ្ឌ​ឲ្យ​បាន​ធ្ងន់​ចំពោះ​ជន​ណា​ដែល​បុក​ហើយ​បើកបរ​រត់​ពី​កន្លែង​កើតហេតុ​នោះ​។

៧) ផ្ទុយ​ទៅវិញ​ដាក់ទោស​ទណ្ឌ​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើ​អំពើ​ហិង្សា​ទាំងឡាយ​ដែល​បង្ក​ឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អចេតនា​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com