ពាក្យ​ថា​ «​អំពើ​ប្រល័យ​ពូជសាសន៍​» ​កំពុង​ត្រូវ​បាន​គេ​និយាយ​ច្រើន​ឡើងៗ​ដោយ​សំដៅ​ទៅ​ដល់​ការប្រព្រឹត្ត​ដ៏ឃោរឃៅ​ពី​សំណាក់​រដ្ឋាភិបាល​របស់​មីយ៉ាន់ម៉ា​ទៅ​លើ​ជនជាតិ​ភាគតិច​មូស្លីម​រ៉ូហ៊ីងយ៉ា ហើយ​វា​អាច​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ដែល​គេ​និយាយ​ដូច្នេះ​ប្រសិន​បើ​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដទៃទៀត នៅ​តែ​ស្ងាត់ឈឹង​លើ​បញ្ហា​នេះនោះ​។

មាន​របាយការណ៍​ជាច្រើន​ដែល​បាន​រៀបរាប់​លម្អិត​អំពី​អំពើ​ដ៏ឃោរឃៅ​ដែល​បាន​កើតឡើង​នៅ​ទី​នោះ​ដែល​មាន​រួមទាំង​ការវិភាគ​របស់​អង្គការ​សហប្រជាជាតិ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផងដែរ​។ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​កំពុង​រីករាលដាល ការ​បោសសម្អាត​ជនជាតិ​ភាគតិច​កំពុង​កើតឡើង តើ​វា​មិនមែន​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ទេ​ឬ​?

របាយការណ៍​ទាំង​នោះ​បាន​រាយការណ៍​អំពី​ការដុត​បំផ្លាញ​ផ្ទះសំបែង ការធ្វើ​ទារុណកម្ម ការ​ចាប់​រំលោភ និង​ការសម្លាប់​រង្គាល​។ ភូមិ​ស្រុក​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រាប់រយ​ត្រូវ​បាន​ដុត​បំផ្លាញ​។ ជនជាតិ​រ៉ូហ៊ីងហ៉ា​នៅ​តែ​រស់នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​គេ​គំរាមកំហែង​ជាប្រចាំ​។ ប្រទេស​មីយ៉ាន់ម៉ា​ចង់​ឱ្យ​ប្រទេស​បង់ក្លាដែស​កាត់ផ្តាច់​ការផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​ជនភៀសខ្លួន​ជាង​ ៦០០០ ​នាក់​ដែល​កំពុង​ជាប់គាំង​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២​។

លោកស្រី Yanghee Lee អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ថ្លែង​ជាច្រើន​លើក​ច្រើនសា​មក​ហើយ​ថា​ស្ថានភាព​នេះ​ជា​សញ្ញា​នៃ​ «​អំពើ​ប្រល័យ​ពូជសាសន៍​»​។

លោកស្រី​មាន​អារម្មណ៍​ថា វា​ពិបាក​នឹង​និយាយ​ថា ជា​អំពើ​ប្រល័យពូជសាសន៍​ជាក់លាក់​ ប៉ុន្តែ​លោកស្រី​លើក​ឡើង​ថា​៖ «​យើង​កំពុង​មើល​ឃើញ​សញ្ញា​នេះ​ហើយ​វា​កំពុង​តែ​វិវឌ្ឍ​ឡើង​»​។

ការប្រុង​ប្រយ័ត្ន​របស់​លោកស្រី​ក្នុង​ការ​ប្រើ​ពាក្យ​នេះ​គឺ​មិន​អាច​យល់​បាន​ទេ​។ បញ្ហា​នេះ​ត្រូវ​តែ​យក​ទៅ​ដាក់​ពី​មុខ​សហគមន៍​អន្តរជាតិ​ឲ្យ​ពិចារណា​។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​បច្ចុប្បន្ន​នេះ​ពិភពលោក​អាច​បន្ត​នីតិវិធី​តាម​ប្រភេទ​តុលាការ​ផ្សេងៗ​គ្នា​។

វេទិកា​បើកចំហ​គួរតែ​ត្រូវ​បាន​រៀបចំ​ឡើង​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​វិបត្តិ​នេះ​រួមទាំង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ពួកយោធា​ផង​ដែរ​ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​ពន្យល់ និង​បង្ហាញ​អំពី​តួនាទី​របស់​ពួកគេ​ និង​ចែករំលែក​ការអង្កេត​របស់​ពួកគេ ហើយ​អាស៊ាន គឺជា​ភ្នាក់ងារ​​ដ៏សំខាន់​មួយ​ក្នុង​ការរៀបចំ​វេទិកា​បែប​នេះ​។ រហូត​មក​ដល់​ពេល​នេះ​ប្លុក​អាស៊ាន​ហាក់​បាន​ការពារ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជា​សមាជិក​អាស៊ាន​មួយ​ដែរ​នោះ​ដោយ​បាន​បដិសេធ​មិន​ធ្វើការ​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​នេះ​ផ្ទុយ​មក​វិញ​គេ​គ្រាន់​តែ​សម្តែង​ការ​ព្រួយបារម្ភ​តាមរយៈ​ពាក្យ​សម្តី​ការទូត​តិចតួច​ប៉ុណ្ណោះ​។

ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ

លោកស្រី​ អ៊ុងសាន ស៊ូជី ​ដែល​ជា​ប្រធាន​រដ្ឋ​ដ៏សំខាន់​មួយ​រូប​នោះ​បាន​តែងតាំង​លោកស្រី Surakiart Sathirathai ដែល​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ ឲ្យ​ផ្តល់​ប្រឹក្សា​ដល់​លោកស្រី​អំពី​របៀប​អនុវត្ត​អនុសាសន៍​ដែល​ធ្វើ​ឡើង​ដោយ​បេសកកម្ម​រ៉ាក់ឃីន​ (Rakhine) ដែល​ដឹកនាំ​ដោយ​លោក​កូហ្វី​អាណាន់ អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​អនុសាសន៍​នោះ​ត្រូវ​បាន​លោកស្រី​មិន​អើពើ​ជា​យូរ​មក​ហើយ​។

ដោយសារ​តែ​ភាពស្មុគស្មាញ​នៃ​វិបត្ដិ​នេះ​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​ស្គាល់​បាន​ថា លោកស្រី Surakiart ច្បាស់​ជា​ប្រឈមមុខ​នឹង​ការងារ​មួយ​ដ៏លំបាក​មិន​ខាន​។ វា​មាន​ការ​លំបាក​ក្នុង​ការ​ឈាន​ទៅ​ដល់​ដំណោះស្រាយ​មួយ​ដែល​មាន​ការពេញចិត្ត ហើយ​វា​អាច​សម្រេច​ទៅ​បាន​លុះត្រា​តែ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូល​មក​អង្គុយ​ចរចា​ជាមួយ​គ្នា និង​ស្តាប់​ទស្សនៈ​ផ្ទុយ​គ្នា​ទៅវិញ​ទៅមក​ដោយ​បើកចំហ​។

កិច្ចខិតខំ​ប្រឹងប្រែង​ពី​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​ដល់​លោកស្រី​ អ៊ុងសាន ស៊ូជី ដើម្បី​ឲ្យ​បញ្ចប់​នូវ​អំពើ​ឃោរឃៅ​នេះ​គឺ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​អាស៊ាន​ក៏​មិន​មាន​ការទទូច​សុំ​អ្វី​ដែរ ដោយ​គិត​ដល់​បញ្ហា​មុខមាត់​។ វិធីសាស្ត្រ​ថ្មី​គឺ​ត្រូវ​ការ​ចាំបាច់​បំផុត​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ហើយ​អាស៊ាន​អាច​ដើរ​តួនាទី​ឈាន​មុខ​គេ​ក្នុង​ការជួយ​កាត់បន្ថយ​គម្លាត និង​ដើម្បី​សម្រប​សម្រួល ការឆ្លើយតប​ពី​អន្តរជាតិ ហើយ​វា​គួរ​តែ​ត្រូវ​បាន​ចាប់ផ្តើម​ភ្លាមៗ​៕ NS

កាសែត The nation