ក្រុងបាងកកៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកាត់បន្ថយការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេស ថៃ មកនៅត្រឹម ៤,៣ ភាគរយនៅឆ្នាំនេះ និង ៤,១ ភាគរយនៅឆ្នាំក្រោយ ដោយសារតែការចុះខ្សោយសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចុប្បន្នភាពស្តីពីចក្ខុវិស័យធនាគារអភិវឌ្ឍន៍អាស៊ីថា ការព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៨ ត្រូវបានកាត់បន្ថយពី ៤,៥ ភាគរយដែលបានព្យាករកាលពីខែកញ្ញាមកនៅត្រឹម ៤,៣ ភាគរយ បន្ទាប់ពីកំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣ បានធ្លាក់ចុះពី ៤,៦ ភាគរយ មកនៅត្រឹម ៣,៣ ភាគរយដែលសម្រេចបានកាលពីត្រីមាសទី ២។
យោងតាមរបាយការណ៍នេះ កំណើនការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគឯកជនត្រូវបានប៉ះប៉ូវដោយការធ្លាក់ចុះការនាំចេញនៅត្រីមាសទី៣។ ខាងផ្នែកការផលិតវិញ កំណើនផលិតកម្មបានបន្ថយល្បឿនពាក់កណ្ដាល មកនៅត្រឹម ១,៦ ភាគរយ នៅក្នុងរយៈពេល ៣ ខែនេះគិតត្រឹមខែកញ្ញា ធៀបនឹងកំណើន ៣,១ ភាគរយកាលពីត្រីមាសទី ២ ដែលភាគច្រើនឆ្លុះបញ្ចាំងកំណើនយឺតក្នុងការផលិតរថយន្ត។
ទំហំនាំចេញបានធ្លាក់ចុះនៅត្រីមាសទី ៣ ខណៈដែលទំហំការនាំចេញផលិតផលកសិកម្មបានធ្លាក់ចុះ ដោយសារតែមូលដ្ឋានប្រៀបធៀបខ្ពស់ ប៉ុន្តែក៏ដោយសារសម្ពាធពីភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេស ចិន និងអាមេរិកផងដែរ។
ការធ្លាក់ចុះការនាំចេញក៏បណ្តាលមកពីការធ្លាក់ចុះការផលិតកសិកម្មក្នុងស្រុក និងកំណើនកាន់តែខ្សោយក្នុងទំហំនាំចេញផលិតកម្មផងដែរ ខណៈដែលកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះក្នុងប្រទេសជាដៃគូពាណិជ្ជកម្មមួយចំនួន និងភាពតានតឹងបានកើនឡើងដោយសារតែវិធានការពាណិជ្ជកម្មគាំពារនិយម៕ LA