ក្រុងវ៉ាស៊ីនតោនៈ អាជ្ញាធរ​បានប្រកាស​ថា អាមេរិក​នឹង​បង្កើន​ពន្ធ​នាំចូល​លើ​យន្តហោះ​របស់​ក្រុមហ៊ុន Airbus ដែល​បាន​នាំចូល​ពី​អឺរ៉ុប​ដល់ ១៥ ភាគរយ ពោល​គឺជា​វិធានការ​មួយ​ដែល​ក្រុមហ៊ុន​ផលិត​យន្តហោះ​ឈានមុខ​គេ​មួយ​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា គួរ​ឲ្យ​សោកស្ដាយ «​យ៉ាងខ្លាំង​»​។

ក្រុមហ៊ុន​ផលិត​យន្តហោះ​ឈានមុខ​គេ​មួយ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា សេចក្ដី​សម្រេចចិត្ត​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ការបង្កើន​ពន្ធ​នាំចូល​ចាប់ពី​ថ្ងៃទី​ ១៨ ខែ​មីនា​ ទៅ​នេះ «​បង្កើន​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​កាន់តែខ្លាំង​បន្ថែម​ទៀត​រវាង​អាមេរិក​ និង​សហភាព​អឺរ៉ុប​»​។ ក្រុមហ៊ុន​នេះ​បន្ថែម​ថា ការដំឡើង​ពន្ធ​នេះ​បង្កើត​ឲ្យ​មាន «​អស្ថិរភាព​កាន់តែ​ខ្លាំង​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​រួចហើយ​ដោយសារ​តែ​កង្វះ​យន្តហោះ​»​។

សេចក្ដី​ប្រកាស​នេះ​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឲ្យ​ដឹងថា វា​ដល់​ពេល​ក្នុង​ការនិយាយ «​យ៉ាង​ហ្មត់ចត់​បំផុត​» អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​។

ពន្ធគយ​នេះ​មាន​អត្រា ១០ ​ភាគរយ​ចាប់តាំងពី​ខែតុលា​មក នៅពេល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ហូតពន្ធ​នាំចូល​លើ​ផលិតផល​របស់​អឺរ៉ុប​ដែល​មាន​តម្លៃ ៧,៥ ពាន់​លាន​ដុល្លារ​។

សំដៅ​ដល់​ផលិតផល​ជាច្រើន​ដែល​រួមមាន​ស្រា ឈីស កាហ្វេ និង​ប្រេង​អូលីវ ដែល​ត្រូវ​បាន​ដកហូត​ពន្ធ ២៥ ភាគរយ​ចាប់តាំងពី​ខែ​តុលា​មក​នោះ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន Airbus សោកស្ដាយ​យ៉ាងខ្លាំង​ដល់​ការសម្រេចចិត្ត​របស់​ការិយាល័យ USTR ក្នុងការ​បង្កើន​ពន្ធ​នាំចូល​លើ​យន្តហោះ​នាំចូល​ពី​សហភាព​អឺរ៉ុប ព្រមទាំង​សេចក្ដី​សម្រេចចិត្ត​ក្នុង​ការរក្សា​ពន្ធ​នាំចូល​លើ​ទំនិញ​មកពី​វិស័យ​ផ្សេងទៀត​»​។

ក្រុមហ៊ុន Airbus បាន​បន្ថែមថា សេចក្ដី​សម្រេចចិត្ត​ចុងក្រោយ​នេះ «​មិន​អើពើ​សំណើ​ជាច្រើន​ដែល​ដាក់​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ដែល​បញ្ជាក់​ពី​ការពិត​ដែល​ថា ក្រុមហ៊ុន​ទាំងនោះ និង​សាធារណជន​ដែល​ហោះហើរ​របស់​អាមេរិក ទីបំផុត​នឹងត្រូវ​តែ​ជា​អ្នក​បង់ពន្ធ​នាំចូល​ទាំងនេះ​»​។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​ផ្ញើ​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន AFP អំពី​សេចក្ដី​សម្រេចចិត្ត​របស់​អាមេរិក​លើ​ក្រុមហ៊ុន Airbus គណៈកម្មការ​អឺរ៉ុប​បាន​លើក​ឡើង​ដោយ​ប្រុងប្រយ័ត្ន​។

គណៈកម្មការ​នេះ​បាន​ឲ្យ​ដឹងថា «​តាម​ទស្សនៈ​របស់​យើង​» «​នៅពេល​នេះ​ការផ្ដោត​គួរតែ​លើ​ការស្វែងរក​ដំណោះស្រាយ​ចរចា​ចំពោះ​ជម្លោះ​ក្រុមហ៊ុន​យន្តហោះ​នេះ​ដោយ​ឈរលើ​មូលដ្ឋាន​ជាក់ស្ដែង​នៃ​សំណើ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ការឧបត្ថម្ភធន​ដែល​មាន​ស្រាប់ និង​ការពិន័យ​នៅពេល​អនាគត​នៅក្នុង​វិស័យនេះ​»​។

ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​បាន​ឲ្យ​ដឹងថា​៖ «​ជំហរ​ជា​មូលដ្ឋាន​របស់​យើង​គឺ​ច្បាស់លាស់ គឺ​យើង​បដិសេធ​រាល់​ការបង្កើន​ពន្ធគយ​ជា​ឯកតោភាគី​ណាមួយ​។ ពន្ធគយ​ទីបំផុត​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់គ្នា​ដែល​រួមទាំង​អាមេរិក​ផងដែរ​»៕ LA