ក្រុង​ហ្សិន​ចិនៈ ក្រុម​ហ៊ុន​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក Alibaba កាល​ពី​ថ្ងៃ​ពុធ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​រដ្ឋា​ភិ​បាល​ បែល​ហ្ស៊ិក ដើ​ម្បី​បើក​​ដំ​ណើរ​ការ​គេ​ហ​ទំព័រ​ពា​ណិ​ជ្ជ​កម្ម​ពិ​ភព​លោក​អេ​ឡិច​ត្រូ​និក (eWTP) នៅ​អឺ​រ៉ុប ក្នុង​គោល​បំ​ណង​លើក​កម្ពស់​ពា​ណិជ្ជ​កម្ម​ឆ្លង​ព្រំ​ដែន​រយៈ​ពេល​វែង។

កិ​ច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​ដោយ​ឧប​នា​យក​រដ្ឋ​មន្ត្រី​បែល​ហ្ស៊ិក Kris Peeters និង​នា​យក​ជាន់​ខ្ពស់​របស់​​ក្រុម​ហ៊ុន Alibaba Group លោក James Song។

លោក​​នា​យក​រ​ដ្ឋ​មន្ត្រី Michel បាន​ប្រ​កាស​ថា៖ «ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ប្រ​វត្តិ​សាស្រ្ត​មួយ។ កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ នឹង​ពង្រឹង​ការ​ប្រ​កួត​ប្រ​ជែង​របស់​ក្រុម​ហ៊ុន​បែល​ហ្ស៊ិក និង​អឺរ៉ុប​នៅ​លើ​ពិភព​លោក»។

លោក Cao Zhongming ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ទើប​តែង​តាំង​ថ្មី​ប្រ​ចាំ​ប្រ​ទេស​បែល​ហ្ស៊ិក​បាន​​ថ្លែង​ក្នុង​បទ​សម្ភាស​ផ្តាច់​មុខ​មួយ​​​ជា​មួ​យ​ទី​ភ្នាក់​ងារ​ព័ត៌​មាន Xinhua របស់​ចិន​ថា​ កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​បំ​ផុត​នេះ​គឺ​ជា​សញ្ញា​នៃ​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​ ដែល​កំ​ពុង​ស្ទុះ​ងើប​ឡើង​​រវាង​ប្រ​ទេស​ បែល​ហ្ស៊ិក និង​ចិន ប៉ុន្តែ​លោក​បាន​បង្ហើប​ថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​អាច​ត្រូវ​បាន ពង្រីក​បន្ថែម​​ទៀត។

សមាស​ធាតុ​ធំ​បំ​ផុត​នៃ​កិច្ច​ព្រម​ព្រៀង eWTP ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​នេះ គឺ​ការ​បង្កើត​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឡូ​ជី​ស្ទីក​មួយ ដើ​ម្បី​គាំ​ទ្រ​ដល់​ពា​ណិជ្ជ​កម្ម​ឆ្លង​ព្រំ​ដែន។

ក្រុម​ហ៊ុន Cainiao Smart Logistics Network ដែល​ជា​​ក្រុម​ហ៊ុន​ឡូ​ជី​ស្ទីក​របស់​ក្រុម​ហ៊ុន Alibaba Group និង​ក្រុម​ហ៊ុន Liege Airport របស់​​បែល​ហ្ស៊ិក​ ក៏​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សន្យា​មួយ​ដើ​ម្បី​ជួល​ទី​តាំង​ទំ​ហំ ២២០,០០០ ម៉ែត្រ​កា​រ៉េ​ផង​ដែរ ដើ​ម្បី​សាង​សង់​មជ្ឈ​មណ្ឌល​ឡូ​ជី​ស្ទីក​ឆ្លាត​វៃ​លំ​ដាប់​ថ្នាក់​ពិ​ភព​លោក​​នៅ​ព្រ​លាន​យន្ត​ហោះ។

ការ​វិ​និ​យោគ​ដំ​បូង​នឹង​មាន​ទំ​ហំ ៧៥ លាន​​អឺ​រ៉ូ ដោយ​នៅ​ដំ​ណាក់​កាល​ដំ​បូង​នៃ​មជ្ឈ​មណ្ឌល​នេះ​នឹង​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​នៅ​ដើម​ឆ្នាំ​ ២០២១។

មជ្ឈ​មណ្ឌល​ឡូ​ជី​ស្ទីក​ឆ្លាត​វៃ​ Liege នេះ ត្រូវ​បាន​រំ​ពឹង​ថា​នឹង​ពង្រឹង​ប្រ​សិទ្ធ​ភាព​ឡូ​ជី​ស្ទីក​រួម និង​ជួយ​​ស​ហ​គ្រាស​ធុន​តូច និង​​មធ្យម​ឲ្យ​គ្រប់​គ្រង​កាន់​តែ​ប្រ​សើរ​​នូវ​ការ​នាំ​ចេញ​របស់​ខ្លួន។

ក្រុម​ហ៊ុន Alibaba និង​ទី​ភ្នាក់​ងារ​ពា​ណិជ្ជ​កម្ម និង​វិ​និ​យោគ​នា​នា​របស់​បែល​ហ្ស៊ិក ក៏​នឹង​ស​ហ​ប្រតិ​បត្តិ​ការ​ ដើម្បី​បង្កើន​ការ​លក់​ផលិ​ត​ផល​របស់​បែល​ហ្ស៊ិក​​ នៅ​លើ​គេហ​ទំ​ព័រ​ពា​ណិជ្ជ​កម្ម​អន​ឡាញ​ស្ថិត​ក្នុង​ប្រ​ព័ន្ធ​របស់​ក្រុម​ហ៊ុន Alibaba ផង​ដែរ។

ក្រុម​ហ៊ុន Alibaba ក៏​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួ​យ​រដ្ឋា​ភិ​បាល​បែល​ហ្ស៊ិក​​ផង​ដែរ​ ដើ​ម្បី​ផ្សព្វ​ផ្សាយ​ប្រ​ទេស​​នេះ​ឲ្យ​ក្លាយ​ជា​ទិស​ដៅ​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​​មួយ ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ចិន៕

People''s Daily/KC