ក្រុងឡុងដ៍ៈ ការ​ស្ទង់មតិ​ដ៏​សំខាន់​មួយ​បាន​បង្ហាញ​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ Amazon ជា​ក្រុមហ៊ុន​លក់​រាយ​ឈាន​​​មុខ​គេ​របស់​​អាមេរិក​ បាន​វ៉ា​ដាច់​​ក្រុមហ៊ុន Apple និង​ Google ​ដែល​​ជា​​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ខ្ពស់​ឈាន​មុខ​គេ​ ក្នុង​ការ​ក្លាយ​ជា​យីហោ​មាន​តម្លៃ​បំផុត​របស់​ពិភព​លោក។​

Kantar ទីភ្នាក់ងារ​ស្រាវជ្រាវ​ទីផ្សារ​ពិភព​លោក​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍ ​100 ​Top ​BrandZ​ ឆ្នាំ ​២០១៩ ​របស់​ខ្លួន​ថា ​តម្លៃ​យីហោ​​ក្រុមហ៊ុន ​Amazon ​បាន​កើន​ឡើង ​៥២ ​ភាគរយ ​​ដល់​ ៣១៥ ​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន ​Amazon ​បាន​កើន​ឡើង​ពី​ចំណាត់​ថ្នាក់​ទី​៣​ ដល់​ចំណាត់​ថ្នាក់​ទី១​ លើ​​ក្រុមហ៊ុន Google ដែល​បាន​ធ្លាក់​ចុះ​ពី​ចំណាត់​ថ្នាក់​ទី១ ​មក​នៅ​ត្រឹម​​ចំណាត់​ថ្នាក់​ទី៣​ ដោយ​​ក្រុមហ៊ុន ​Apple​ ទទួល​បាន​ចំណាត់​ថ្នាក់​ទី២។​

Kantar បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​ថា ក្រុមហ៊ុន​លក់​រាយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ Seattle ​ដែល​​​បង្កើត​ឡើង​ដោយ​​លោក​ Jeff Bezos នៅ​ក្នុង​កន្លែង​ជួសជុល​រថយន្ត​​របស់​លោក​កាល​ពី​ឆ្នាំ ​១៩៩៤​ បាន​ឡើង​លើ​កំពូល​តារាង​ដោយសារ​តែ​ការ​ទិញ​ភាគហ៊ុន​សំខាន់ៗ​ សេវា​បម្រើ​​​អតិថិជន​កាន់​តែ​ប្រសើរ​ និង​គំរូ​ពាណិជ្ជកម្ម​នវានុវត្តន៍​។

Kantar ​បាន​ឲ្យ​​ដឹង​​ទៀត​ថា៖ «​​ការ​ទិញ​ភាគហ៊ុន​ដ៏​វៃ​ឆ្លាត​របស់​ក្រុមហ៊ុន​ Amazon ដែល​បាន​ឈាន​ទៅ​រក​លំហូរ​​ប្រាក់​ចំណូល​ថ្មី​ ការ​ផ្ដល់​សេវា​បម្រើ​អតិថិជន​ប្រសើរ​បំផុត ​និង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​នាំមុខ​​ដៃគូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ តាមរយៈ​ការ​ផ្ដល់​​ប្រព័ន្ធ​​អេកូ​ចម្រុះ​នៃ​ផលិតផល និង​សេវា​អាច​​ឲ្យ​​ក្រុមហ៊ុន​ Amazon បង្កើន​ល្បឿន​កំណើន​តម្លៃ​យីហោ​របស់​ខ្លួន​ជា​បន្តបន្ទាប់​»។​

ទីភ្នាក់ងារ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​​ WPP ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស​ បាន​​បន្ថែម​ថា ​ក្រុមហ៊ុន Amazon ​បាន​​បង្ហាញ​ សញ្ញា​​ធ្លាក់ចុះ​បន្តិចបន្តួច​ក្នុង​កំណើន​របស់​ខ្លួន​។​

ក្រុមហ៊ុន​ឈាន​មុខ​គេ​ទាំង ​១០ សុទ្ធ​​តែ​ជា​ក្រុមហ៊ុន​របស់​អាមេរិក ដោយ​ក្រុមហ៊ុន​ Apple មាន​តម្លៃ​​ ៣០៩,៥ ​ពាន់​​លាន​ដុល្លារ ​ក្រុមហ៊ុន​ Google មាន​​តម្លៃ​ ៣០៩​ ពាន់​លាន​ដុល្លារ និង​ក្រុមហ៊ុន​ Microsoft មាន​តម្លៃ ២៥១ ​ពាន់​លាន​ដុល្លារ​។​

Visa ​ឯកទេស​ខាង​ទូទាត់ មាន​តម្លៃ​ធំ​ជាង​គេ​ទី៥ មាន​ចំនួន​ជិត​ ១៧៨​ ពាន់​​លាន​ដុល្លារ ខណៈ​ Facebook ជា​​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ គឺ​ជា​​ក្រុមហ៊ុន​ឈាន​មុខ​គេ​ទី៦​ មាន​តម្លៃ​​ជិត​ ​១៥៩ ​ពាន់​លាន​ដុល្លារ​។​

ជា​លើក​ដំបូង​​ក្រុមហ៊ុន​ Alibaba បាន​ឈ្នះ​លើ​​ក្រុមហ៊ុន Tencent ក្នុង​ការ​ក្លាយជា​យីហោ​របស់​ប្រទេស ​ចិន ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​។​

Alibaba ជា​​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក គឺ​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​ទី៧ មាន​តម្លៃ​ ​១៣១,​២ ​ពាន់​លាន​ដុល្លារ កើន​ឡើង​ចំណាត់​ថ្នាក់ ​២ លេខ​កាល​​ពី​ឆ្នាំ ​២០១៨។​

ចំណាត់​ថ្នាក់​ទី​២៣ ក្នុង​ចំណោម​យីហោ​ឈាន​មុខ គេ​ទាំង ​១០០ គឺ​អាស៊ី ដែល​រួម​ទាំង​យីហោ​ ១៥ ​មក​ពី​ប្រទេស ​ចិន​។​ ​យីហោ​ឈាន​មុខ​គេ​ជា​ច្រើន​បាន​ចាប់​យក​គំរូ​អាជីវកម្ម​«​នវានុវត្តន៍​» ដើម្បី​យក​ឈ្នះ​លើ​ដៃគូ​ប្រកួត​​ប្រជែង​ពី​មុន​ លើ​វិស័យ​​បច្ចេកវិទ្យា ​ហិរញ្ញវត្ថុ និង​លក់​រាយ​។

លោក​ស្រី​ Doreen Wang ប្រធាន​ទទួល​បន្ទុក BrandZ ពិភព​លោក​របស់​ Kantar បាន​និយាយ​ថា៖ «កំណើន​​ជិត​ ១០៨ ​ពាន់​លាន​ដុល្លារ ​នៃ​តម្លៃ​យីហោ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ Amazon ​កាល​ពី​ឆ្នាំ​មុន បង្ហាញ​ពី​របៀប​ដែល​យីហោ​នៅ​ពេល​​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ចំពោះ​ប្រភេទ​បុគ្គល និង​តំបន់​»៕ AFP/​LA​