ក្រុងគុភើទីណូៈ ក្រុមហ៊ុន Apple បានដាក់បង្ហាញទូរស័ព្ទ iPhone ថ្មីចំនួន ៣ ម៉ូដែលកាលពីយប់ថ្ងៃពុធ ក្នុងគោលបំណងបង្កើនចំណាប់អារម្មណ៍របស់ខ្លួនក្នុងទីផ្សារទូរស័ព្ទទំនើបតម្លៃថ្លៃ និងនាឡិកាទំនើបដែលត្រូវបានកែលម្អថ្មី និងមានកម្មវិធីទំនើប។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមលក់ទូរស័ព្ទ iPhone XS ដែលមានអេក្រង់ទំហំ ៥,៨ អិុញ និង iPhone XS Max ដែលមានទំហំ ៦,៥ អិុញក្នុងខែនេះ ដោយមានតម្លៃចាប់ផ្តើម ៩៩៩ ដុល្លារ ប៉ុន្តែមានតម្លៃខ្ពស់ជាងនេះសម្រាប់ iPhone XS ដែលមានអេក្រង់ធំជាង។

ក្រុមហ៊ុន Apple ក៏ដាក់បង្ហាញទូរស័ព្ទ iPhone XR ថ្មីមួយផ្សេងទៀតផងដែរដែលមានតម្លៃ ៧៤៩ ដុល្លារនៅខែតុលា ដែលមានអេក្រង់ទំហំ ៦,១ អិុញ ដើម្បីពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន។

ទូរស័ព្ទទាំងនេះជាទូរស័ព្ទសេរីថ្មីរបស់ទូរស័ព្ទ iPhone X ឬហៅថា iPhone 10 ដែលបានដាក់លក់កាលពីឆ្នាំមុនក្នុងគ្រាខួបទី ១០ ឆ្នាំរបស់ទូរស័ព្ទនេះ។

ក្រុមហ៊ុនអ្នកវិភាគរំពឹងថា ទូរស័ព្ទទាំងនេះនឹងលក់ដាច់ដែលជំរុញតម្លៃលក់មធ្យមរបស់ទូរស័ព្ទទំនើបរបស់ Apple។

ទូរស័ព្ទ iPhone ថ្មីទាំងនេះមានឧបករណ៍ដំណើរការទិន្នន័យខ្លាំងជាងមុន និងម៉ាស៊ីនថតល្អជាងមុន និងមានស៊ីម ២ សម្រាប់ទូរស័ព្ទ iPhone XS និង iPhone XS Max។ ប៊ូតុង Home ត្រូវបានជំនួសដោយការអូសលើអេក្រង់ ចុច និងសមត្ថភាពសម្គាល់មុខ។

លោក Tim Cook បានថ្លែងថា៖ «យើងកំពុងនាំយកទូរស័ព្ទ iPhone X ទៅកាន់កម្រិតថ្មីមួយ»។

ក្រុមហ៊ុន Apple បានឲ្យដឹងថា ទូរស័ព្ទ iPhone XS និង iPhone XS Max នឹងដាក់លក់ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ទៅ ហើយទូរស័ព្ទ iPhone XR ដាក់លក់ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា។

ក្រុមហ៊ុន Apple ក៏បានដាក់បង្ហាញនាឡិកាទំនើបជំនាន់ថ្មីផងដែរ ដែលមានការរចនាម៉ូដឡើងវិញច្រើន និងមានកម្មវិធីច្រើនដែលត្រូវបានផលិតឡើងដើម្បីកែលម្អដំណើរការរបស់នាឡិកានេះដើម្បីធ្វើជាឧបករណ៍វេជ្ជសាស្រ្ត និងសុខភាព។

នាឡិកានេះត្រូវបានលក់នៅអាមេរិកក្នុងតម្លៃចាប់ពី ៣៩៩ ដុល្លារឡើងទៅចាប់ពីថ្ងៃទី ២១ ខែកញ្ញានេះ។

លោក Jeff Williams ប្រធានមន្ត្រីប្រតិបត្តិការ Apple ថ្លែងថា៖ «នាឡិកា Apple Watch បានក្លាយជាអ្នកតាមដានដ៏ឆ្លាតវៃសម្រាប់សុខភាពរបស់អ្នក»៕ AFP/KC