ឡុងដ៍ៈ ក្រុមហ៊ុន British American Tobacco (BAT) កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិក ២ ៣០០ នាក់ នៅទូទាំងពិភពលោកត្រឹមខែ មករា ឆ្នាំ ២០២០ ខណៈដែលម្ចាស់ក្រុមហ៊ុនថ្មីកំពុងជំរុញការស្វែងរកប្រាក់ចំណូលពីបារីអេឡិចត្រូនិកដ៏ចម្រូងចម្រាស។
លោក Jack Bowles នាយកប្រតិបត្តិក្រុមហ៊ុន BAT បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «គោលបំណងរបស់ខ្ញុំនឹងត្រួតពិនិត្យជំហានផ្លាស់ប្តូរនៅក្នុងកំណើនប្រភេទថ្មី និងធ្វើឲ្យមានភាពងាយស្រួល ជាពិសេសសម្រាប់មធ្យោបាយរបស់យើង និងដំណើរការពាណិជ្ជកម្មដើម្បីផ្ដល់ប្រាក់ចំណេញប្រកបដោយស្ថិរភាពរយៈពេលវែងដល់ភាគទុនិក។ នេះគឺជាវិធានការដំបូងដ៏សំខាន់មួយ»។
សេចក្ដីប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងថា ក្នុងពេលឆាប់ៗរដ្ឋបាលនេះនឹងហាមឃាត់ផលិតផលបារីអេឡិចត្រូនិកដ៏មានរសជាតិដើម្បីបញ្ចប់ការកើនឡើងនៃអ្នកប្រើប្រាស់ជាយុវវ័យ បន្ទាប់ពីកើនឡើងការស្លាប់ដែលទាក់ទងនឹងការស្រូប និងបឺតផ្សែង។
ក្រុមហ៊ុនជាច្រើនដូចជា BAT កំពុងស្វែងរកចរន្ដប្រាក់ចំណូលរឹងមាំពីបារីអេឡិចត្រូនិកក្នុងគ្រាដែលធ្លាក់ចុះតម្រូវការសម្រាប់ផលិតផលថ្នាំជក់ធម្មតា ពិសេសនៅលើទីផ្សារប្រទេសលោកខាងលិចដែលរួមមាន ការយកពន្ធខ្ពស់ ការហាមឃាត់ការជក់តាមទីសាធារណៈ និងការបារម្ភផ្នែកសុខភាពបានជំរុញឲ្យអតិថិជនងាកទៅរកជម្រើសដ៏ចម្រូងចម្រាស់នេះ។
លោក Bowles បានឲ្យដឹងថាការកាត់បន្ថយការងារដែលមានជាង ២០ ភាគរយ នឹងធ្វើឲ្យ BAT បង្កើនចំណូល ៥ ពាន់លានផោន (៦,២ ពាន់លានដុល្លារ) នៅក្នុងប្រាក់ចំណូលប្រភេទថ្មីត្រឹមឆ្នាំ ២០២៤។
BAT ផ្ដល់ការងារដល់បុគ្គលប្រហែល ៥៥ ០០០ នាក់ នៅទូទាំងពិភពលោក ហើយមិនបានបញ្ជាក់តំបន់មួយណានឹងទទួលរងការកាត់បន្ថយការងារនេះទេ។
ស្ទើរតែ ៣ ឆ្នាំកន្លងមក BAT បានគ្រប់គ្រងក្រុមហ៊ុនដៃគូអាមេរិក Reynolds American ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៥០ ពាន់លានដុល្លារ ជាវិធានការមួយដែលកំណត់គោលដៅជាក់លាក់ទីផ្សារអាមេរិកដែលផ្ដល់ប្រាក់ចំណេញ និងវិស័យបារីអេឡិចត្រូនិកដែលកំពុងរីកចម្រើន។
BAT កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ នឹងធានាក្រុមហ៊ុនឲ្យកាន់តែប្រសើរដើម្បីឆ្លើយតបតម្រូវការអតិថិជនដែលវិវត្តន៍ជាប្រចាំ និងការផ្ដល់ប្រាក់សន្សំដែលអាចត្រូវបានវិនិយោគជាថ្មីក្នុងកំណើនផលបត្រនៃប្រភេទថ្មីៗដូចជាផលិតផលចំហាយ ផលិតផលកម្ដៅ និងថ្នាំជក់សម្រាប់បៀម»។
ប៉ុន្តែការអភិវឌ្ឍរបស់អាមេរិកកាលពីថ្ងៃពុធត្រូវបានមើលឃើញថាជាការវាយប្រហារដ៏សំខាន់មួយដល់ឧស្សាហកម្មស្រូប និងបញ្ចេញផ្សែងដែលរីកចម្រើនមានតម្លៃ ១០,២ ពាន់លានដុល្លារទូទាំងពិភពលោកកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមក្រុមហ៊ុន Grand View Research។
បារីអេឡិចត្រូនិកមាននៅអាមេរិកចាប់តាំងពីឆ្នាំ ២០០៦ និងត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយជាជម្រើសប្រកបដោយសុវត្ថិភាព។
បារីអេឡិចត្រូនិកមិនមានសារធាតុគីមីដែលគេបានប៉ាន់ប្រមាណថាមានចំនួន ៧ ០០០ នៅក្នុងបារីធម្មតា។ នេះបើតាមការសិក្សា ឆ្នាំ ២០១៨ ដែលបានរៀបចំសម្រាប់សភា។
នៅសប្ដាហ៍នេះលោក Michael Bloomberg ជាមហាសេដ្ឋី និងជាអតីតអភិបាលក្រុងញូវយ៉កបានប្រកាសយុទ្ធនាការតម្លៃ ១៦០ លានដុល្លារក្នុងការហាមឃាត់បារីអេឡិចត្រូនិកដែលមានរសជាតិនៅអាមេរិកផងដែរ៕ LA