ក្រុងស៊ីដនីៈ ក្រុមហ៊ុន BHP នឹង​ផ្តល់​ជូន​ភាគលាភ​ពិសេស​ដល់​​ភាគហ៊ុនិក​ បន្ទាប់​ពី​លក់​​អាជីវកម្ម​រ៉ែ​​ថ្ម​សែល​នៅ​អាមេរិក​របស់​ខ្លួន ខណៈ​ដែល​ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​ការ​ទិញ​ភាគ​ហ៊ុន​​​ត្រលប់​មក​វិញ​ក្នុង​ទឹក​ប្រាក់​ ៧,៣ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​រ៉ែ​ធំ​បំផុត​ក្នុង​ពិភព​លោក​​មួយ​នេះ​ នា​ពេល​ថ្មី​ៗ​​នេះ​​បាន​លក់​ប្រតិបត្តិ​ការ​ប្រេង​និង​​ឧស្ម័ន​ពី​ថ្ម​សែល​នៅ​អាមេរិក​​​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​របស់​ចក្រភព​អង់គ្លេស BP ក្នុង​តម្លៃ ១០,៥ ពាន់​​លាន​ដុល្លារ ហើយ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ផ្ទេរ​ប្រាក់​នេះ​ទៅ​ឲ្យ​ភាគហ៊ុនិក។

ភាគលាភ​ពិសេស​ ១,០២ ដុល្លារ​​ក្នុង​មួយ​ហ៊ុន នឹង​ត្រូវ​បាន​​ផ្តល់​ទៅ​ឲ្យ​ភាគហ៊ុនិក​នៅ​ពាក់​កណ្តាល​ខែ​មករា ហើយ​ការ​ទិញ​យក​ភាគហ៊ុន​ត្រឡប់​មក​វិញ​ត្រូវ​បាន​កំណត់​​ថ្លៃ ២​៧,​៦៤ ដុល្លារ​ក្នុង ១ ​ហ៊ុន។

លោក Peter Beaven ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន BHP បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ការ​​បញ្ចប់​កម្មវិធី​នេះ នឹង​នាំ​មក​នូវ​​ប្រាក់​សរុប​ដែល​នឹង​ផ្ទេរ​ទៅ​ឲ្យ​ភាគហ៊ុនិក​មាន​ចំនួន​ ២១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ»។

ការ​លក់​ទ្រព្យ​សកម្ម​​​នៅ​អាមេរិក​របស់​ក្រុមហ៊ុន BHP បាន​រង​ការ​ខាត​បង់​ខ្លាំង បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ទិញ​ប្រតិបត្តិ​ការ​​នេះ​ក្នុង​ឆ្នាំ ២០១១ ក្នុង​តម្លៃ ២០ ពាន់​លាន​ដុល្លារ។

ការ​ខាតបង់​ពី​ការ​លក់​​ទ្រព្យ​​សកម្ម​នេះ បាន​បង្ក​ឲ្យ​ក្រុម​ហ៊ុន BHP ទទួល​រង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ​ចំនួន ៣៧ ភាគរយ​មក​​នៅ​ត្រឹម ៣,៧ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ ១ ​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ទី​ ៣០ ខែ​មិថុនា។

ក្រុមហ៊ុន​ BHP ​បាន​បញ្ចប់​​ការ​ដក​ការ​វិនិយោគ​​​ក្នុង​ទឹកប្រាក់​ជាង ១៨ ពាន់​លាន​ដុល្លារ​​ក្នុង​រយៈពេល ៦ ឆ្នាំ​ចុងក្រោយ​​នេះ ដើម្បី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រតិបត្តិការ​ស្នូល រ៉ែដែក ទង់ដែក ប្រេង ធ្យូង​​ថ្ម និង​ប៉ូតាស​ ​ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​បំផុត​របស់​ខ្លួន​វិញ៕ AFP/KC