ហ្វ្រេងហ្វឺតៈ​ BMW ​ជា​​ក្រុមហ៊ុន​រថយន្ត​ប្រណីត​​របស់​ប្រទេស ​អាល្លឺម៉ង់​ បាន​ឲ្យ​ដឹង​កាល​​ពី​សប្តាហ៍​មុន​ថា​ ខ្លួន​បាន​ទម្លាក់​ចោល​ផែនការ​ឧបត្ថម្ភ​ដល់​ក្លិប​បាល់ទាត់​ Bayern Munich​ ដោយសារ​តែ​​ Audi ជា​ក្រុមហ៊ុន​ប្រកួត​ប្រជែង​បាន​ឈ្នះ​ការ​ដេញ​ថ្លៃ​ដោយ​ជោគជ័យ ​ដើម្បី​រុញ​​ក្រុមហ៊ុន BMW ចេញ​។​

អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​កាសែត​ប្រចាំ​សប្ដាហ៍ ​Frankfurter Allgemeine Sonntagszeitung (FAS) ​ថា៖ ​«យើង​បាន​បញ្ចប់​ការ​ចរចា​នេះ ​ហើយ​យើង​នឹង​មិន​​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​របស់​​ក្រុម​បាល់ទាត់ FC​ Bayern​ នោះ​ទេ​»។

ព័ត៌មាន​នៃ​កិច្ច​ព្រមព្រៀង​នេះ​កើត​ឡើង​ភ្លាមៗ ​មុន​ពេល​ក្រុម​បាល់ទាត់ ​Bayern បាន​រក្សា​តំណែង​ជើងឯក​​ក្នុង​ក្របខ័ណ្ឌ ​Bundesliga ​៧ ​ដង​ជាប់​គ្នា​របស់​​ពួក​គេ​។

លោក​ Uli Hoeness ​ប្រធាន​ក្រុម​បាល់​ទាត់ ​Bayern​ បាន​ឲ្យ​ដឹង​កាល​ពី​​ខែ​មីនា​ថា ​ក្រុមហ៊ុន​រថយន្ត​របស់​ប្រទេស ​អាល្លឺម៉ង់ ​មួយ​នេះ ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ជា​មួយ​ក្រុមហ៊ុន​ BMW សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​ក្នុង​ការ​ឧបត្ថម្ភ ដល់​ក្រុម​បាល់ទាត់ និង​​ក្រុម​បាល់​បោះ​របស់​ពួក​គេ​។​

ប៉ុន្តែ​កាសែត​នេះ​បាន​​​បង្ហាញ​ថា ​លោក ​Bram Schot ដែល​ជា​ប្រធាន​ក្រុមហ៊ុន Audi នឹង​​​មិន​ទទួល​បាន​​ថវិកា​ពី​កិច្ច​ព្រមព្រៀង​​របស់​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Volkswagen ដើម្បី​ឧបត្ថម្ភ​ដល់​​ក្រុម​បាល់ទាត់​ Bayern ទេ​រហូត​ដល់​ឆ្នាំ ​២០២៥ ​ ដោយ​​ផ្ដល់​​ដល់​ក្លិប​បាល់​ទាត់​នេះ​​នូវ​លក្ខខណ្ឌ​ដែល​កែ​លម្អ​ជា​ច្រើន​​។​

FAS បាន​​រាយការណ៍​ថា ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​ ៦០ ​លាន​​អឺរ៉ុប (​៦៧ ​លាន​ដុល្លារ​) ក្នុង ​១ ឆ្នាំ​ រួម​នឹង​ផ្នែក​​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង​នេះ ​បាន​បន្ថែម​ឲ្យ​ការ​ឧបត្ថម្ភ​នេះ​កើន​ដល់​ជាង ​១ ​ពាន់​លាន​​អឺរ៉ូ​ក្នុង​រយៈពេល ១២ ​ឆ្នាំ។

ក្រុមហ៊ុន ​BMW ​​ដែល​ផលិត​រថយន្ត​ប្រណីត​ធុន​តូច ​និង​រថយន្ត​ Rolls ​Royce រួម​ជាមួយ​នឹង​យីហោ​ប្រណីត​របស់​ខ្លួន ​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ ​៧៤,២ ​ភាគរយ ​មក​នៅ​ត្រឹម ​៥៨៨ ​លាន​អឺរ៉ូ នៅ​ត្រីមាស​ទី​១ ​ឆ្នាំ ​២០១៩​។​

ក្រុមហ៊ុន ​BMW ក៏​ត្រូវ​តែ​​លៃ​ទុក​ប្រាក់​ ១,៤ ​ពាន់​លាន​អឺរ៉ូ សម្រាប់​ការ​ផាក​ពិន័យ​​ដែល​អាច​កើត​ឡើង ​និង​ការ​​​វិនិយោគ​លើ​បច្ចេកវិទ្យា​ពេល​អនាគត​ ដូចជា​រថយន្ត​ស្វ័យ​បើកបរ​ ​និង​រថយន្ត​អគ្គិសនី​ផង​ដែរ។​

ប្រាក់​ចំណេញ​នៅ​ក្នុង​ក្រុមហ៊ុន​ Audi ​ក៏​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៅ​ចន្លោះ​ខែ​មករា ​និង​ខែ​មីនា ​ផង​ដែរ ​បើ​ទោះបី​ជា​នៅ​ក្នុង​ចំនួន​មួយ​​តិចតួច​ក៏​ដោយ​៕​ AFP/LA​