ក្រុង​ញូវយ៉កៈ ក្រុមហ៊ុន Boeing កាល​ពី​ថ្ងៃ​សៅរ៍​បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​​​ត្រូវ​​កែ​តម្រូវ​បញ្ហា​ខ្វះខាត​ខាង​ផ្នែក​​​សូហ្វវែរ​ក្នុង​ទូរ​បណ្តុះបណ្តាល​ការ​​ហោះហើរ​ (flight simulator) សម្រាប់​​យន្តហោះ​ 737 MAX របស់​ខ្លួន បន្ទាប់​ពី​ការ​ធ្លាក់​​យន្តហោះ ​២ ​គ្រឿង ​ដែល​​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់ ៣៤៦ ​នាក់​។​

ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​​ប្រកាស​ព័ត៌មាន​មួយ​ថា៖ «​​ក្រុមហ៊ុន​ Boeing បាន​ធ្វើ​ការ​កែ​តម្រូវ​សូហ្វវែរ​ក្នុង​ទូរ​ flight simulator សម្រាប់​យន្តហោះ​ 737 MAX និង​បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​ដល់​ក្រុម​​ប្រតិបត្តិករ flight simulator ដើម្បី​ធានា​ថា បទ​ពិសោធ​ក្នុង​​ទូរ​បណ្តុះបណ្តាល​ការ​ហោះហើរ​នេះ​ឆ្លុះ​បញ្ចាំង​ពី​​ក្នុង​ស្ថានការណ៍​ហោះហើរ​ផ្សេងៗ»។​

ក្រុមហ៊ុន Boeing ​​មិន​បាន​ចង្អុល​បង្ហាញ​ទេ​ថា តើ​ពេល​ណា​​ដែល​ក្រុមហ៊ុន​បាន​ដឹង​ពី​បញ្ហា​នេះ​ និង​ថា​តើ​ក្រុមហ៊ុន​បាន​​ជូន​ដំណឹង​ដល់​និយតករ​ដែរ​ឬ​យ៉ាងណា​?។​

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​​​​ក្រុមហ៊ុន​បាន​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះខាត​នេះ​​ដោយ​លើក​ឡើង​ថា មាន​កំហុស​​ផ្នែក​រចនា​ក្នុង​សូហ្វវែរ​ ដែល​ជាប់​ទាក់ទង​​នឹង​យន្តហោះ ​737 MAX។

យោង​តាម​ក្រុមហ៊ុន Boeing សូហ្វវែរ​របស់​ទូរ flight simulator គ្មាន​សមត្ថភាព​​​បង្កើត​ឡើង​​​វិញ​នូវ​​ស្ថានការណ៍​ហោះហើរ​មួយ​ចំនួន​ដែល​ស្រដៀង​​​នឹង​ស្ថានភាព​ហោះហើរ​នៅ​ពេល​​​ធ្លាក់​​យន្តហោះ​​ក្រុមហ៊ុន​ Ethiopian Airlines នៅ​ខែ​មីនា ឬ​ការ​ធ្លាក់ចុះ​យន្តហោះ​ក្រុមហ៊ុន Lion Air នៅ​​ខែ​តុលា​ទេ៕ AFP/LA