ភ្នំពេញ: ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​នឹងដាក់​ឲ្យ​ដំណើរការ​បញ្ជរ​តែមួយ​ជាតិ​ដើម្បី​សម្រួល​ដល់​ការស្នើសុំ​នាំចូល​ទំនិញ​សម្រាប់​បម្រើ​ឲ្យ​ការអនុវត្ត​គម្រោង​វិនិយោគ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់ CDC ចេញផ្សាយ​ពី​ថ្ងៃ​ចន្ទ​។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នឹង​ចាប់ផ្តើម​អនុវត្ត​ការពិនិត្យ​រាល់​សំណើសុំ​នាំចេញ​ចូល​ទាំងអស់​ចាប់​អនុវត្តន៍​ពី​ពេលនេះ​តទៅ​តាម​ថ្នាល​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​។ សេចក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹងថា​៖ «​ការដាក់​ដំណើរការ​បញ្ជរ​នេះ ដើម្បី​សម្រួល​ដល់​ការស្នើសុំ​នាំចូល​ប្រភេទ​ទំនិញ​ពាក់ព័ន្ធ​សម្រាប់​បម្រើ​ឲ្យ​ការអនុវត្ត​គម្រោង​វិនិយោគ​»​។

អ្នកវិនិយោគ​អាចបំពេញ​សំណើសុំ​នាំចូល​ទំនិញ​នេះ​តាមរយៈ​គេហទំព័រ https://live.nsw.gov.kh​។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ដំណឹង​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការដាក់​ឲ្យ​ដំណើរការ​បញ្ជរ​តែមួយ​ជាតិ​នេះ​នឹង​មាន​តម្លាភាព​ដល់​ការគ្រប់គ្រង​ទិន្នន័យ​នាំ​ទំ​ទិញ​ចូលមក​កម្ពុជា​។ លោក​បន្តថា​ប្រព័ន្ធ​នេះ​នឹង​ជួយ​ទប់ស្កាត់​ការ​នាំចូល​ទំនិញ​មិន​ប្រើប្រាស់​ចំ​គោលដៅ​ផង​ដែរ​។

លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​នេះ​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកស្នើ​សុំ​នាំចូល​ទំនិញ​មក​ប្រើប្រាស់​ក្នុង​គម្រោង​វិនិយោគ​»​។

លោក​បាន​បន្ថែមថា​៖ «​ជាទូទៅ​ការស្នើសុំ​នាំចូល​ទំនិញ​បម្រើ​ឲ្យ​គម្រោង​វិនិយោគ​គឺ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​នាំចូល​នោះទេ ដូច្នេះ​វា​នឹង​អាច​ទប់ស្កាត់​ការនាំ​ចូល​សម្រាប់​គោលបំណង​មក​ធ្វើ​អាជីវកម្ម​»​។

របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញថា ឆ្នាំ​ ២០១៩ កម្ពុជា​នាំចូល​សម្ភារ​សំណង់​មាន​តម្លៃ ១,៥ ពាន់​លាន​ដុល្លារ​កើនឡើង​ ៥០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ក្នុងនោះ​ប្រមាណ​ ៥០០ ​លាន​ដុល្លារ ​គឺ​ទៅ​លើ​ការនាំចូល​ដែកថែប​៕